Thursday, January 16, 2025
Homeសង្គម និងជីវិតប្តីកំណាច វ៉ៃដំធ្វើទារុណកម្មប្រពន្ធរហូតដល់ស្លាប់

ប្តីកំណាច វ៉ៃដំធ្វើទារុណកម្មប្រពន្ធរហូតដល់ស្លាប់

ខេត្តបាត់ដំបង ៖ បុរសម្នាក់ ក្រោយពីផឹកស៊ីស្រវឹងធ្លាក់ភ្នែកចូលមកដល់ផ្ទះ ក៏រករឿងឈ្លោះប្រកែកជាមួយប្រពន្ធ រួចក៏ស្ទុះទៅវាយដំប្រពន្ធយ៉ាងចាស់ដៃ និងបានកាប់ខ្សែអង្រឹងប្រពន្ធកំពុងដេក បណ្តាលឱ្យធ្លាក់ដី រួចយកដងកាំបិតវាយខ្នងប្រពន្ធ បណ្តាលឱ្យហើមជាំពេញខ្នង បន្ទាប់មកក៏ស្ទុះទៅដាល់ប្រពន្ធចំភ្នែកនិងផ្ទៃមុខ បណ្តាលឱ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ចំណែកស្ត្រីរងគ្រោះជាប្រពន្ធ ក៏ចេះតែទ្រាំដេកឈឺចាប់ ដោយមិនទៅមន្ទីរពេទ្យព្យាបាលនោះទេ រហូតដល់យប់ឡើង ដាច់ខ្យល់ស្លាប់យ៉ាងអាណោចអធ័ម។

ករណីបុរសជាប្តីកំណាច់ ប្រើអំពើហិង្សាវាយធ្វើទារុណកម្មប្រពន្ធយ៉ាងឃោរឃៅនេះ បានកើតឡើង កាលពីវេលាម៉ោង២ និង៣០នាទីរសៀល ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨ នៅចំណុចភូមិគំនរបេង ឃុំសិរីមានជ័យ ស្រុកសំពៅលូន។ លុះដល់វេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ ស្ត្រីរងគ្រោះជាប្រពន្ធក៏ដាច់ខ្យល់ស្លាប់នៅក្នុងផ្ទះគួរឱ្យសង្វេគ។ បន្ទាប់មក នៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ ទើបរឿងរ៉ាវបែកធ្លាយដឹងដល់សមត្ថកិច្ចចុះឃាត់ខ្លួនបុរសជាប្តីនាំយកមកចាត់ការតាមច្បាប់។

ជនដៃដល់ដែលវាយដំធ្វើទារុណកម្មលើប្រពន្ធរហូតដល់ស្លាប់នេះ មានឈ្មោះហ៊ឺ ញ៉ាញ់ អាយុ៥៨ឆ្នាំ មុខរបរកម្មករ។ ចំណែកស្ត្រីរង គ្រោះជាប្រពន្ធមានឈ្មោះជ្រុន ហ៊ន អាយុ៤២ឆ្នាំ។ ប្តីប្រពន្ធអ្នកទាំង២ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមប្រភពពីអ្នកជិតខាងបានឱ្យដឹងថា ប្តីប្រពន្ធខាងលើនេះ រស់នៅមិនសូវចុះសម្រុងនឹងគ្នាប៉ុន្មានទេ ព្រោះតែបុរសជាប្តីគឺជាមនុស្សប្រមឹក និងមានចិត្តកាចសហាវឃោរឃៅខ្លាំងណាស់ ពោលគឺឱ្យតែស្រវឹងស្រា តែងរករឿងឈ្លោះប្រកែក វាយដំ ធ្វើទារុណកម្មប្រពន្ធមិនឈប់ឈរ ចំណែកស្ត្រីជាប្រពន្ធចិត្តធ្ងន់ខ្លាំងណាស់ មិនសូវមាត់កអ្វីទេ ទោះជាត្រូវប្តីវាយដំធ្វើបាបយ៉ាងណា ក៏មិនដែលប្តឹងផ្តល់អ្វីដែរ។

ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨ ជនដៃដល់ជាប្តី បានចេញទៅផឹកស៊ីជាមួយបនភឿន រហូតដល់ស្រវឹងជោកជាំ ទើបត្រឡប់មកផ្ទះវិញ។ លុះពេលមកដល់ ក៏បានរករឿងឈ្លោះប្រកែកជាមួយប្រពន្ធ និងបានយកកាំបិតផ្គាក់ទៅកាប់ខ្សែអង្រឹងប្រពន្ធដែលកំពុងតែដេក បណ្តាលឱ្យធ្លាក់ចុះដី រួចហើយបុរសជាប្តីកំណាចបានយកដងកាំបិតវ៉ៃខ្នងប្រពន្ធធ្វើឱ្យជាំហើមពេញខ្នង បន្ទាប់ មកបុរសជាប្តីបានចាប់ក្រៀកប្រពន្ធដាល់ចំភ្នែកខាងឆ្វេងបណ្តាលឱ្យជាំខ្មៅ និងវ៉ៃចំគល់ដៃខាងឆ្វេងប្រពន្ធ បណ្តាលឱ្យមានស្នាមជាំទៀតផង។

ប្រភពខាងលើបញ្ជាក់ថា ក្រោយពីទទួលរងទារុណកម្មយ៉ាងឃោរឃៅពីសំណាក់បុរសជាប្តីរួចហើយ ស្ត្រីរងគ្រោះជាប្រពន្ធ មិនបានឱ្យទៅមន្ទីរពេទ្យដើម្បីពិនិត្យព្យាបាលនោះទេ គឺសុខចិត្តដេកសម្រាកនៅផ្ទះ ទាំងឈឺចុកចាប់ពេញខ្លួន រហូតដល់វេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ ដោយសារតែស្ថានភាពរបួសគ្រាំក្នុងធ្ងន់ធ្ងរពេក ទើបបណ្តាលឱ្យស្ត្រីរងគ្រោះដាច់ខ្យល់ស្លាប់យ៉ាងអាណោច អាធ័មនៅលើផ្ទះតែម្តង។

លោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងនគរបាលខេត្តបាត់ដំបង បានបញ្ជាក់ប្រាប់ថា បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ថា មានករណីហិង្សាក្នុងគ្រួសារ រហូតបណ្តាលឱ្យស្ត្រីម្នាក់ស្លាប់រួចមក សមត្ថកិច្ចបានចុះអន្តរាគមន៍ ឃាត់ខ្លួនជនដៃដល់ជាប្តីនោះតែម្តង។ បន្ទាប់ពីស៊ើបអង្កេត និងសួរនាំសាក្សី ទើបដឹងថា បុរសជាប្តីបានកាត់ខ្សែអង្រឹងប្រពន្ធកំពុងតែដេក និងប្រើដងកាំបិតខ្វែវវាយទៅលើប្រពន្ធ ព្រមទាំងវាយដំយ៉ាងឃោរឃៅ។ ចំណែកស្ត្រីរងគ្រោះជាប្រពន្ធ បានសម្ងំដេកនៅលើផ្ទះដោយមិនបានទៅពេទ្យទេ រីឯបុរសជាប្តីវិញក៏មិនរវល់នឹងប្រពន្ធដែរ រហូតទាល់តែប្រពន្ធដាច់ខ្យល់ស្លាប់កណ្តាលយប់។ លុះពេលដឹងថាប្រពន្ធស្លាប់ហើយ ជនដៃដល់ជាប្តី ក៏មិនបានរត់គេចខ្លួនទៅណាដែរ គឺនៅអង្គុយចាប់ដៃសពប្រពន្ធ រហូតដល់ពេលសមត្ថកិច្ចចុះទៅដល់ហើយចាប់ឃាត់ខ្លួន។

ជនដៃដល់ជាប្តី ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿងបញ្ជួនខ្លនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES