Thursday, January 16, 2025
Homeព័ត៌មានជាតិជេរប្រពន្ធគេតាមហ្វេសប៊ុក ជួបមុខប្តីវ៉ៃ១ដបស្រារយះក្បាល

ជេរប្រពន្ធគេតាមហ្វេសប៊ុក ជួបមុខប្តីវ៉ៃ១ដបស្រារយះក្បាល

ភ្នំពេញ ៖ យុវជនម្នាក់កំពុងរាំលេងផឹកស៊ីជុំមិត្តភក្តិប្រុសស្រីរបស់ខ្លួននៅក្នុងក្លឹប ស្រាប់តែត្រូវបុរសម្នាក់ ទាញដបស្រាមកវាយចំក្បាល បណ្តាលឱ្យរយះក្បាលហូរឈាមស្រោចខ្លួន ដោយចោទប្រកាន់ថា យុវជនរូបនេះបានជេរប្រមាថប្រពន្ធរបស់គេតាមឆាតហ្វេសប៊ុក បង្កឱ្យមានការ ភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១១និង១០នាទីយប់ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨ នៅចំណុចក្លឹបមិតណាយ តាមបណ្តោយផ្លូវវេងស្រេង ស្ថិតក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។

យុវជនរងគ្រោះ ដែលត្រូវប្តីគេវាយ១ដបស្រាបែកក្បាល ចោទថាបានឆាតជេរប្រពន្ធគេតាមហ្វេសប៊ុកនោះ មានឈ្មោះឆាយ រតនៈ អាយុ២៤ឆ្នាំ មុខរបរជាងជួសជុលទូរស័ព្ទ ស្នាក់នៅបុរីពិភពថ្មី ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើត នៅភូមិ៨ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក។ ចំណែកជនសង្ស័យដៃដល់ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ក្រោយកើតហេតុ បានរត់គេចខ្លួនបាត់ស្រមោល។

តាមសម្តីយុវជនរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ ពួកគេមានគ្នា៥នាក់ (ប្រុស៣ ស្រី២) បាននាំគ្នាចូលក្លឹបខាងលើ ដើម្បីផឹកស៊ីរាំលេង។ ខណៈពេលចូលទៅផឹកស៊ីនិងរាំលេងបានជាង១ម៉ោង ក៏មានមិត្តភក្តិប្រុស២នាក់បានចេញទៅផ្ទះមុនបាត់ ដោយទុកឱ្យរូបគេ រួមនឹងមិត្តស្រី២នាក់ទៀត បន្តរាំលេងក្នុងក្លឹបទៀត។

លុះមួយសន្ទុះក្រោយមក ក៏មានជនសង្ស័យ១ក្រុម មានគ្នាជាង១០នាក់ បានហៅរូបគេចេញទៅខាងក្រៅក្លឹប ដោយប្រាប់ថា មានរឿងចង់សួរនាំបន្តិច។

ពេលចេញមកខាងក្រៅក្លឹប ជនសង្ស័យបានសួររូបគេថា ម៉េចបានជាឯងប្រើអាខោនហ្វេសប៊ុកឆាតមកជេរប្រពន្ធរបស់អញ។ ភ្លាមនោះ រូបគេបានឆ្លើយតបថា ទេខ្ញុំមិនដឹងទេ ព្រោះទូរស័ព្ទខ្ញុំបានលក់ឱ្យគេបាត់ហើយ និងមិនទាន់ទិញទូរស័ព្ទថ្មីប្រើនៅឡើទេ កុំចេះតែចោទខ្ញុំ។ ស្រាប់តែភ្លាមនោះ ជនសង្ស័យបានទាញដបស្រាមកវាយចំក្បាលរបស់គេពីក្រោយ បណ្តាលឱ្យបែកក្បាលហូរឈាមស្រោចពេញខ្លួន។

យុវជនរងគ្រោះបន្តថា បន្ទាប់ពីវាយរូបគេ១ដបស្រារយះក្បាលហើយជនបង្កនិងបក្ខពួកបាននាំគ្នារត់ចូលក្លឹបវិញបាត់អស់។ បន្ទាប់មក រូបគេជាជនរងគ្រោះ ត្រូវបានមិត្តភក្តិនាំទៅព្យាបាលនៅមន្ទីរពេទ្យមូលមិត្តភ្លាមៗដែរ ហើយភ្លាមៗនោះសមត្ថកិច្ចបានចុះមកពិនិត្យនៅកន្លែងកើតហេតុដែរ តែរកជនសង្ស័យមិនឃើញជនសោះ។

បន្ទាប់ពីព្យាបាលរបួសហើយ ជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅ១ ដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ តាមចាប់ជនបង្ក និងបក្សពួកមកផ្តន្ទាទោសតាមច្បាប់ និងបានបញ្ជាក់ប្រាប់សមត្ថកិច្ចថា រវាងរូបគេ និងជនសង្ស័យ គឺជាមិត្តភក្តិនឹងគ្នា ក្នុងហ្វេសប៊ុកផងដែរ៕

RELATED ARTICLES