Thursday, January 16, 2025
Homeព័ត៌មានជាតិប្អូនស្រវឹងខឹងបងប្រុសដៀល ចាប់បោកក្បាលនឹងជញ្ជាំងបែកឈាម

ប្អូនស្រវឹងខឹងបងប្រុសដៀល ចាប់បោកក្បាលនឹងជញ្ជាំងបែកឈាម

ភ្នំពេញ ៖ បុរស២នាក់ត្រូវជាបងប្អូនជីដូនមួយនឹងគ្នា បានជួបជុំមិត្តភក្តិ២នាក់ទៀតផឹកស៊ី រហូតដល់ស្រវឹងធ្លាក់ភ្នែក ស្រាប់តែបុរសជាបងជីដូនមួយចេះតែនិយាយឌឺដង ដៀលប្អូនជីដូនមួយរបស់ខ្លួនថា “ពីមុនរស់ដោយសារអញទេ កុំមានបានបន្តិចបន្តួចមើលអញមិនឃើញ” ជាហេតុធ្វើឱ្យប្អូនជីដូនមួយដែលកំពុងស្រវឹងធ្លាក់ភ្នែក ផ្ទុះកំហឹងក៏ចាប់ក្បាលបងប្រុសបោកផ្ទប់នឹងជញ្ជាំងថ្ម បណ្តាលឱ្យបែកក្បាលហូរឈាមស្រោចខ្លួន បង្កឱ្យមានភ្ញាក់ផ្អើលឡើងកាលពី វេលាម៉ោង៩និង៥០នាទីយប់ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ នៅចំណុចផ្ទះជួលក្នុងភូមិឬស្សី សង្កាត់ ស្ទឹងមានជ៍យ៣ ខណ្ឌមានជ័យ។

បុរសរងគ្រោះ ដែលត្រូវប្អូនជីដូនមួយវ៉ៃបែកក្បាល មានឈ្មោះពៅ វុទ្ធី អាយុ៣៩ឆ្នាំ មុខរបររត់កង់បី មានប្រពន្ធឈ្មោះទីង ផល្លា អាយុ៤២ឆ្នាំ មុខរបរកម្មការិនី ស្នាក់នៅផ្ទះជួលកន្លែងហេតុកើតហេតុខាងលើ និងមានស្រុកកំណើតនៅស្រុកល្វាឯម ខេត្តកណ្តល។ ចំណែកជនបង្កត្រូវជាប្អូនជីដូនមួយរបស់ជនរងគ្រោះ។

តាមសម្តីស្ត្រីជាប្រពន្ធជនរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ ប្តីរបស់គាត់ជាជនរងគ្រោះ បានផឹកស្រាសជាមួយប្អូនជីដូនមួយ (ជនបង្ក) រួមនឹងមិត្តភក្តិ២នាក់ទៀត សរុប៤នាក់។ លុះក្រោយពីផឹកស្រាអស់៣លីត្រចាប់ផ្តើមស្រវឹងជោកជាំ ស្រាប់តែប្តីរបស់គាត់ បាននិយាយទៅកាន់ជនបង្កជាប្អូនជីដូនមួយថា “កាលពីមុនអាឯងរស់នៅបានផឹកស៊ីដោយសារអញទេ លុះពេលមានបានបន្តិចបន្តួច មិនដែលមើលឃើញអញទេ”។

ស្ត្រីជាប្រពន្ធជនរងគ្រោះបន្តថា ដោយសារតែប្តីរបស់គាត់ស្រវឹងខ្លាំងពេក ទើបចេះតែនិយាយពាក្យខាងលើនេះដដែលៗ រហូតដល់ធ្វើឱ្យជនបង្កខឹងក្រោកដើរចេញ ដោយមិនបានឆ្លើយតបអ្វីទេ ស្រាប់តែប្តីគាត់នៅតែបន្តនិយាយដដែលៗទៀត ទើបធ្វើឱ្យជនបង្កផ្ទុះកំហឹង ស្ទុះទៅចាប់បោកក្បាលប្តីរបស់គាត់ ផ្ទប់នឹងជញ្ជាំងថ្ម បណ្តាលបែកក្បាលហូរឈាមតែម្តង។

ក្រោយកើតហេតុ ជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចមូលដ្ឋាន ជួយណែនាំជនបង្កកុំឱ្យប្រើហិង្សាក្នុងគ្រួសារបងប្អូន ទៅថ្ងៃខាងមុខទៀត ជាពិសេសទាមទារសំណងថ្លៃព្យាបាលមុខរបួស និងធ្វើកិច្ចសន្យាកុំឱ្យមានលើកក្រោយទៀត៕

RELATED ARTICLES