Sunday, November 24, 2024
Homeនយោបាយកូនស្រីទាំង២ ទៅ អ.ស.ប បន្តតវ៉ាការឃុំខ្លួនលោកកឹម សុខា ឡើងសាលាឧទ្ធរណ៍ថ្ងៃនេះ

កូនស្រីទាំង២ ទៅ អ.ស.ប បន្តតវ៉ាការឃុំខ្លួនលោកកឹម សុខា ឡើងសាលាឧទ្ធរណ៍ថ្ងៃនេះ

ភ្នំពេញ ៖ អតីតប្រធាននៃអតីតគណបក្សសង្គ្រោះជាតិ លោកកឹម សុខា ដែលជាប់ឃុំ ជិត៥ខែមកហើយនោះ ត្រូវបាននាំខ្លួនពីពន្ធនាគារ ត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ មកកាន់រាជធានីភ្នំពេញ ដើម្បីចូលរួមសវនាការនៃសាលាឧទ្ធរណ៍ នៅ ព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៨ នេះ លើបណ្តឹង សុំនៅក្រៅឃុំ ស្របពេលដែលកូនស្រីទាំង២ របស់លោកកំពុងបន្តការតវ៉ានៅអង្គការសហប្រជាជាតិ ចំពោះការឃុំខ្លួនលោកកឹម សុខា។

កាលពីរសៀល ថ្ងៃទី៣១ ខែមករា ឆ្នាំ ២០១៨ កញ្ញាកឹម មនោវិទ្យា កូនស្រីច្បងរបស់ លោកកឹម សុខា បានឱ្យដឹងថា លោកកឹម សុខា នឹងមកដល់សាលាឧទ្ធរណ៍ នៅព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៨ ដើម្បីចូលរួមសវនាការ” បណ្តឹងសុំនៅក្រៅឃុំ។

ដោយឡែក លោកផែង ហេង មេធាវី១ រូប ក្នុងចំណោមមេធាវីទាំង៨រូប ដែលការពារ ក្តីឱ្យលោកកឹម សុខា បានបញ្ជាក់ប្រាប់ “នគរធំ” នៅរសៀលថ្ងៃទី៣១ មករា ឆ្នាំ២០១៨ ថា ថ្វី ត្បិតតែលោក មិនបានឮផ្ទាល់ពីលោកកឹម សុខា ក៏ដោយ ក៏ព័ត៌មានដែលថា លោកកឹម សុខា នឹងមានវត្តមានលោកកឹម សុខា នៅសាលា ឧទ្ធរណ៍នៅថ្ងៃទី០១ កុម្ភៈ នេះ ជាការពិតហើយ ព្រោះលោកបានឮតាមភរិយារបស់គាត់ដែល បានចូលទៅសួរសុខទុក្ខនៅព្រឹកថ្ងៃទី៣១ ខែ មករា ឆ្នាំ២០១៧ថា គេនឹងនាំគាត់ទៅចូល រួមសវនាការ ហើយក្រុមមេធាវី ក៏នឹងចូលរួម សវនាការនោះដែរ។

ការបើកសវនាការរបស់សាលាឧទ្ធរណ៍ គឺធ្វើឡើងតាមសំណើរបស់ក្រុមមេធាវី ដែល សុំឱ្យលោកកឹម សុខា បាននៅក្រៅឃុំជាបណ្តោះអាសន្ន។ មុនឈានដល់សាលាឧទ្ធរណ៍ ក្រុមមេធាវី ធ្លាប់ស្នើនៅសាលាដំបូងរាជធានីភ្នំពេញ ម្តង រួចមកហើយ ប៉ុន្តែត្រូវបានច្រានចោល។

លោកផែង ហេង បានមានប្រសាសន៍ថា “បាទ! ខ្ញុំគ្រាន់តែបានទទួលព័ត៌មានដែរ មិនបាន ដឹងការជាក់ស្តែងយ៉ាងម៉េចដែរ ប៉ុន្តែព័ត៌មាន ហ្នឹងជាព័ត៌មានពិត។ ចំពោះសវនាការនៅថ្ងៃ ស្អែកនេះ ជាសវនាការសម្រេចរបស់ទៅលើ ពាក្យស្នើសុំរបស់សហមេធាវីក្នុងនាមកូនក្តីសុំ ឱ្យនៅក្រៅឃុំបណ្តោះអាសន្ន។ ធម្មតាជាគោលការណ៍ អ្វីៗវាស្ថិតនៅលើគោលការណ៍ចំពោះមុខ លើកលែងតែករណីខ្លះតុលាការសម្រេចផ្សេង ពីហ្នឹង។ អ៊ីចឹងគ្រប់សវនាការ វាត្រូវតែមាន វត្តមាន។ ប៉ុន្តែយើងមិនមានអីសម្គាល់ទេ ព្រោះ អ្វីដែលយើងធ្វើទៅតាមនីតិវិធីច្បាប់ដែលយើង ស្នើសុំលើកទី១ យើងស្នើសុំទម្លាក់បទចោទ ហើយលើកនេះ យើងស្នើសុំឱ្យនៅក្រៅឃុំ បណ្តោះអាសន្ន ដោយសារនីតិវិធីទម្លាក់ចោល បទចោទនោះ វាអស់ ហើយមេធាវីនឹងចូលរួមជាមួយកូនក្តីធម្មតា”។

លោកកឹម សុខា អតីតប្រធាននៃអតីតគណបក្សសង្គ្រោះជាតិ ពេលសមត្ថកិច្ចឃាត់ខ្លួន

លោកផែង ហេង ក៏បានបញ្ជាក់ដែរថា បើសិនជាសាលាឧទ្ធរណ៍ពិចារណា ហើយបាន ពិនិត្យពិច័យទៅតាមអង្គហេតុ និងអង្គច្បាប់ដែល ក្រុមមេធាវីបានលើក លោកជឿថា តុលាការ អាចដោះលែងលោកកឹម សុខា ឱ្យនៅក្រៅឃុំ បណ្តោះអាសន្នបាន មិនជាពិបាកធ្ងន់អីទេ ព្រោះ លោកកឹម សុខា មិនដែលមានចេតនាណាមួយ ដែលថា ត្រូវរត់ចោលស្រុក ឬក៏មិនសហការ ក្នុងការចូលរួមជាមួយតុលាការនោះទេ ប៉ុន្តែ ដោយសាររឿងនេះជារឿងនយោបាយ លោក ជឿថា ទាល់តែអ្នកនយោបាយជជែកគ្នា ទើប ឆាប់ចប់។

លោកផែង ហេង បន្តថា “វាជារឿងនយោបាយ បើអ្នកនយោបាយជជែកគ្នា វាឆាប់ចប់ បើឱ្យតុលាការ យើងដឹងទាំងអស់គ្នាហើយ តុលាការយ៉ាងម៉េច។ អ៊ីចឹង គ្នាក៏ពិបាកណាស់ អ្នកនយោបាយឈ្លោះគ្នាយកទៅឱ្យអ្នកបច្ចេកទេសសម្រេច វាពិបាកបន្តិចហើយ។ ដូច្នេះខ្ញុំ មិនមានអីបញ្ជាក់បន្ថែមទេ គ្រាន់តែថា ដូច លើកខាងដើមអ៊ីចឹង រឿងជម្លោះរបស់អ្ននយោបាយ បើអ្នកនយោបាយជជែកគ្នា អាហ្នឹងវា ឆាប់ចប់ ជាជាងមិនទទួលខុសត្រូវ រៀងខ្លួន ហើយចេះតែនាំគ្នារុញមកឱ្យអ្នកបច្ចេកទេស វល់ចុះវល់ឡើង ហើយយើងមើលទៅទាំង ចៅក្រម ទាំងព្រះរាជអាជ្ញា ទាំងមេធាវី គ្មាន អ្នកណាចង់ធ្វើរឿងជម្លោះនយោបាយទេ ព្រោះ វាសុទ្ធតែមិនមានផលល្អ សម្រាប់អ្នកកាន់រឿង ដូចគ្នាហ្នឹង។ អ៊ីចឹងបើថា អ្នកនយោបាយជជែក គ្នា អាហ្នឹងជជែកគ្នាតែកន្លះម៉ោង ១ម៉ោង ចប់ បណ្តោយ អាចដឹងលទ្ធផលផ្លូវការតែម្តង វា ប្រសើរជាងទុកឱ្យអ្នកបច្ចេកទេស”។

អតីតសមាជិកគណបក្សអចិន្ត្រៃយ៍គណបក្សសង្គ្រោះជាតិ និងជាអតីតតំណាងរាស្ត្រ គណបក្សសង្គ្រោះជាតិ លោកជាម ច័ន្ទនី បាន បញ្ជាក់ថា ជាការកត់សម្គាល់មួយតាមផ្លូវច្បាប់ ដែរ ដែលតុលាការអនុញ្ញាតឱ្យលោកកឹម សុខា បានមកចូលរួមនៅក្នុងសវនការ។

លោកជាម ច័ន្ទនី បានមានប្រសាសន៍ថា “នៅក្នុងសវនាការសាលាឧទ្ធរណ៍ ដែលមាន វត្តមានឯកឧត្តមប្រធាន កឹម សុខា នេះ ប្រហែល ជាមានអ្នកទៅចូលរួមដើម្បីស្តាប់សវនាការហ្នឹង ហើយប្រហែលខ្លាំងទៀត ទំនងជាខាងតុលាការ គេមិនឱ្យយើងទៅស្តាប់ទេ។ ប៉ុន្តែបើគិតពីផ្លូវ ច្បាប់ វាជាការគាប់ប្រសើរមួយដែរ ការដែល អនុញ្ញាតឱ្យឯកឧត្តមប្រធានកឹម សុខា ឡើង សវនាការនៅក្នុងសាលាឧទ្ធរណ៍ជាជាងទៅធ្វើ សវនាគាត់ ឬទៅសួរចម្លើយគាត់ នៅក្នុងពន្ធនាគារដែរ។ ឃើញថា បើគិតពីផ្លូវច្បាប់ មាន កម្រិតមួយថា គេបានយកច្បាប់មក អនុវត្ត និងពិចារណាខ្លះ។ ប៉ុន្តែយើងមិនទាន់ បានព័ត៌មានថា តុលាការនឹងសម្រេចថាយ៉ាងម៉េច ចំពោះ ឯកឧត្តមប្រធានកឹម សុខា ដោះលែងឱ្យនៅ ក្រៅឃុំ ឬក៏យ៉ាងណាទេ ប៉ុន្តែទន្ទឹមនឹងហ្នឹង យើងនៅតែអំពាវនាវ ហើយស្នើឱ្យតុលាការ ជាពិសេសថ្នាក់ដឹកនាំនយោបាយធំៗគណបក្ស កាន់អំណាច សុំមេត្តាពិចារណា ចំពោះបញ្ហា នេះ ធ្វើយ៉ាងណាឱ្យមានការបង្រួបបង្រួមជាតិ ផ្សះផ្សាជាតិ នៅក្នុងក្របខ័ណ្ឌនយោបាយនៃ ព្រះរាជាណាចក្រកម្ពុជានៃយើង”។

គួរបញ្ជាក់ថា នេះជាលើកទីមួយហើយ ដែលលោកកឹម សុខា ត្រូវឱ្យចូលរួមក្នុងសវនាការ ដើម្បីតតាំងក្តីតាមផ្លូវច្បាប់។ កន្លងមក តុលាការ តែងបើកសវនាការ ដោយគ្មានវត្តមានលោក កឹម សុខា។ មកដល់ពេលនេះ សំណុំរឿងរបស់ លោកកឹម សុខា កំពុងស្ថិតក្នុងដំណាក់កាលនៃ ការស៊ើបសួរ។ លោកគី ឫទ្ធី ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បានទៅជួប លោកកឹម សុខា ដោយផ្ទាល់នៅក្នុងពន្ធនាគារ ត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ ចំនួនបីលើករួចមកហើយ ដើម្បីសាកសួរពីបទ “សន្ទិដ្ឋភាពជាមួយ បរទេស” ដែលជាអំពើក្បត់ជាតិ។

គួររំលឹកថា លោកកឹម សុខា អតីតប្រធាន នៃអតីតគណបក្សសង្គ្រោះជាតិ ត្រូវបានឃាត់ ខ្លួននៅគេហដ្ឋានរបស់លោក ស្ថិតក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ ពី បទក្បត់ជាតិ “សន្ទិដ្ឋភាពជាមួយបរទេស” ហើយ តុលាការបានសម្រេចចោទប្រកាន់ និងឃុំខ្លួន បណ្តោះអាសន្ននៅពន្ធនាគារត្រពាំងផ្លុង ខេត្ត ត្បូងឃ្មុំ។

ក្នុងពេលដែលលោកកឹម សុខា ជាប់ឃុំ នៅពន្ធនាគារនោះ ភរិយាលោកតែងតែទៅសួរ សុខទុក្ខស្វាមីរាល់ពីរទៅបីដង ក្នុង១សប្តាហ៍។ ថ្មីៗនេះ កញ្ញាកឹម សម្មាធីតា កូនស្រីទី២របស់ កឹម សុខា បញ្ជាក់ថា ម្តាយនាងមិនហ៊ានទៅ ណាឆ្ងាយទេ ក្រែងមានការដោះលែងឪពុក នាងចេញពីពន្ធនាគារម្តាយនាងមកទទួលមិន ទាន់ ដែលពាក្យមួយឃ្លានេះបញ្ជាក់ថា ភរិយា លោកកឹម សុខា មានក្តីសង្ឃឹមខ្លាំងថា ស្វាមី ខ្លួននឹងត្រូវបានដោះលែងនៅថ្ងៃណាមួយក្នុង ពេលឆាប់ៗនេះមិនខាន។

ជាការកត់សម្គាល់ផងដែរ ស្របពេល ដែលលោកកឹម សុខា ត្រូវឡើងសវនាការជំនុំជម្រះនៃសាលាឧទ្ធរណ៍លើបណ្តឹងសុំនៅក្រៅ ឃុំនោះដែរ កូនស្រីទាំង២របស់លោកកឹម សុខា គឺកញ្ញាកឹម មនោវិទ្យា និងកឹម សម្មាធីតា កំពុង បន្តការការតស៊ូមតិនៅក្រៅប្រទេស ទាមទារ ឱ្យអាជ្ញាធរកម្ពុជា ដោះលែងឪពុករបស់ពួក នាង ក៏ដូចជាឱ្យអតីតគណបក្សសង្គ្រោះជាតិ ដំណើរការឡើងវិញ ដើម្បីបានចូលរួមការបោះឆ្នោតនៅពេលខាងមុខ។

ក្នុងនោះ កាលពីថ្ងៃ៣០ ខែមករា ឆ្នាំ ២០១៨ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស កញ្ញា កឹម មនោវិទ្យា និងកញ្ញាកឹម សម្មាធីតា បាន មកជួបជាមួយក្រុមការងារអង្គការសហប្រជាជាតិ ទទួលបន្ទុកដំណោះស្រាយការឃុំខ្លួនដោយ បំពាន 9ណូ ឺរៀកិនង អរៀផុ នៀ រៅបិតរារយ ឌតេនេតិនៀប ដើម្បីតាមដានបណ្តឹងរបស់ពួក នាងស្តីពីករណីឃុំខ្លួនលោកកឹម សុខា។

លោកមុត ចន្ថា ជំនួយលោកកឹម សុខា បានសរសេរនៅក្នុងគណនីហ្វេសប៊ុករបស់លោក នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨ ថា “ទោះបី គណបក្សសង្គ្រោះជាតិ ត្រូវបានរំលាយដោយ តុលាការកំពូល ក៏ដោយ ប៉ុន្តែខ្ញុំពលរដ្ឋខ្មែរជាង បីលាននាក់ និងសហគមន៍អន្តរជាតិ នៅតែចាត់ ទុកថា គណបក្សសង្គ្រោះជាតិ នៅតែរស់រាន មានជីវិត បន្តតំណាងឱ្យឆន្ទៈប្រជាពលរដ្ឋខ្មែរ ដែលបានបោះឆ្នោតជូនគណបក្សនេះ។ រីឯសហគមន៍អន្តរជាតិ ចាត់ទុកថា គណបក្សសង្គ្រោះជាតិ តំណាងឱ្យលទ្ធិប្រជាធិបតេយ្យ ដ៏សំខាន់មិន អាចខ្វះបាន។ សហគមន៍បានចេញសេចក្តីថ្លែងការណ៍សម្តែងការព្រួយបារម្ភថ្កោលទោស និង ដាក់ទណ្ឌកម្មប្រឆាំង ចំពោះវិធានការរដ្ឋាភិបាល កម្ពុជា ដែលបានចាប់ខ្លួនលោកកឹម សុខា ប្រធាន គណបក្សសង្គ្រោះជាតិ និងការរំលាយគណបក្សសង្គ្រោះជាតិ និងបានទាមទារជាដាច់ខាត ឱ្យ រដ្ឋាភិបាលខ្មែរផ្លាស់ប្តូរវិធានការរបស់ខ្លួនមក លើអ្នកនយោបាយ ប្រឆាំង និងស្តារនីតិសម្បទា គណបក្សសង្គ្រោះជាតិ ឡើងវិញ ឬត្រូវប្រឈម នឹងវិធានការធ្ងន់។ ដោយសារគណបក្សសង្គ្រោះជាតិ តំណាងឱ្យឆន្ទៈរបស់ប្រជាពលរដ្ឋខ្មែរ និង លទ្ធិប្រជាធិបតេយ្យដ៏សំខាន់នៅកម្ពុជា ដូច្នេះ សហគមន៍ អន្តរជាតិ មានមូលដ្ឋានគ្រប់គ្រាន់ ដើម្បីទាមទារឱ្យមានការកែប្រែវិធានការពី សំណាក់រដ្ឋាភិបាល ខ្មែរឡើងវិញ។ សហគមន៍ អន្តរជាតិ នៅតែទទួលស្គាល់វត្តមានគណបក្សសង្គ្រោះជាតិ និងទាមទារជាចាំបាច់ថា គណបក្ស នេះ ត្រូវតែមានវត្តមាននៅក្នុងការបោះឆ្នោត ដើម្បីទទួលបាននូវភាពស្របច្បាប់។ ឯកឧត្តម កឹម សុខា បានបញ្ជាក់គោលជំហររបស់លោក តាមរយៈក្រុមមេធាវីថា លោកនឹងបន្តនៅជាមួយ គណបក្សសង្គ្រោះជាតិ ដែលតំណាងឱ្យឆន្ទៈ របស់ប្រជាពលរដ្ឋខ្មែរដែលបានបោះឆ្នោតជូន។ សម្រាប់ខ្លួនខ្ញុំក៏នឹងបន្តនូវស្មារតីនេះ””

កុលបុត្រ

RELATED ARTICLES