Friday, January 31, 2025
Homeសន្ដិសុខសង្គមបងប្រុសស្រវឹងខឹងប្អូនប្រដៅ ទាញស្នចាក់ជាប់ឆ្កឹង

បងប្រុសស្រវឹងខឹងប្អូនប្រដៅ ទាញស្នចាក់ជាប់ឆ្កឹង

ខេត្តកណ្តាល ៖ បុរសម្នាក់ក្រោយពីផឹកស្រាស្រវឹងធ្លាក់ភ្នែក ខឹងនឹងប្អូនប្រុសរបស់ខ្លួនស្តីប្រដៅ ក៏ស្ទុះទៅទាញស្នមុខ២ ចាក់ទៅលើប្អូនប្រុស បណ្តាលឱ្យត្រូវចំផ្ទៃំមុខជាប់ឆ្កឹង រងរបួសធ្ងន់ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១០ និង៣០នាទីយប់ នៅចំណុចភូមិ ឃ្លាំងលិច ឃុំលើកដែក ស្រុកកោះធំ។

ជនដៃដល់ ដែលទាញស្នចាក់ប្អូនប្រុសបង្កើតរបស់ខ្លួនជាប់ឆ្កឹងលើផ្ទៃមុខ មានឈ្មោះអ៊ុយ រ៉េន អាយុ៥០ឆ្នាំ មុខរបរមិនពិតប្រាកដ ជាមនុស្សញៀនស្រា មានលំនៅក្នុងភូមិឃ្លាំងលិច ឃុំលើកដែក ស្រុកកោះធំ។ ចំណែកជនរងគ្រោះ មានឈ្មោះអ៊ុយ សំណាន អាយុ៤១ឆ្នាំ មុខរបរ នេសាទ មានលំនៅក្នុងភូមិឃ្លាំងលិច ឃុំលើកដែក ស្រុកកោះធំ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនដៃដល់បានមកលេងផ្ទះជនរងគ្រោះជាប្អូនប្រុសបង្កើតរយៈពេល១០ថ្ងៃមកហើយ និងតែងផឹកស្រាស្រវឹងរាល់ថ្ងៃ ហើយនៅពេលដែលផឹកស្រវឹងម្តងៗ ជនដៃដល់តែងស្រែកឡូឡា រំខានបងប្អូនអ្នកជិតខាងពុំបានដេកពួនឡើយ។

ប្រភពដដែលបន្តថា លុះមកដល់វេលាម៉ោងកើតហេតុខាងលើ ជនដៃដល់ បានផឹកស្រាស្រវឹងជោកជាំ បន្ទាប់មកក៏ស្រែកឡូឡា រករឿងអ្នកផ្ទះសារជាថ្មី ជាហេតុធ្វើឱ្យជនរងគ្រោះទ្រាំមិនបាន ក៏បាននិយាយណែនាំឱ្យជនដៃដល់ជាបងប្រុសបង្កើតឱ្យឈប់ផឹក និងកុំស្រែកឡូឡា រំខាន គេឯងតទៅទៀត បើពុំដូច្នោះទេ ខ្លួន (ជនរងគ្រោះ) នឹងមិនឱ្យស្នាក់នៅលេងផ្ទះរបស់គេ បន្តទៀតឡើយ និងដេញឱ្យត្រលប់ទៅផ្ទះវិញ។

ប្រភពខាងលើបញ្ជាក់ថា គ្រាន់តែស្តាប់ឮសម្តីជនរងគ្រោះជាប្អូនប្រុសបង្កើតបែបនេះ ស្រាប់តែជនដៃដល់ជាបងប្រុសផ្ទុះកំហឹង ស្ទុះទៅទាញយកស្នមុខពីរ ដែលសៀតជាប់ជញ្ជាំងផ្ទះរបស់ខ្លួន ចាក់ប្រហារទៅលើជនរងគ្រោះជាប្អូនបង្កើត ត្រូវចំផ្ទៃមុខខាងឆ្វេង បណ្តាលឱ្យជាប់ផ្លែស្ននៅលើផ្ទៃមុខឆ្កឹងតែម្តង។ បន្ទាប់ពីចាក់ប្រហារប្អូនប្រុសបង្កើត១ស្នហើយ ជនដៃដល់មិនបានរត់គេចទៅណានោះទេ ដោយបានដើរចុះដើរឡើង ស្រែកឡូឡាពេញភូមិទៀតផង។

ក្រោយកើតហេតុ សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលលើកដែក បានចុះធ្វើអន្តរាគមន៍ ចាប់ខ្លួនជនសង្ស័យ បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធី។

ចំណែកជនរងគ្រោះ ត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅឯមន្ទីពេទ្យបង្អែកស្រុកកោះធំ ទាំងជាប់ផ្លែស្ននៅលើផ្ទៃមុខ។ ដោយសារតែស្ថានភាពរបួសមានសភាពធ្ងន់ធ្ងរពេក ទើបក្រុមគ្រួសារសម្រេចបញ្ជូនបន្តទៅព្យាបាលនៅមន្ទីរពេទ្យរាជធានីភ្នំពេញ៕

RELATED ARTICLES