Thursday, January 16, 2025
Homeព័ត៌មានជាតិឪបង្កើតរំលោភកូនស្រីច្រើនដង ម៉ែដឹងប្តឹងប៉ូលិសចាប់

ឪបង្កើតរំលោភកូនស្រីច្រើនដង ម៉ែដឹងប្តឹងប៉ូលិសចាប់

ខេត្តបន្ទាយមានជ័យ ៖ បុរសល្មោភកាមម្នាក់ បានប្រលែងលេងជាមួយនឹងកូនស្រីបង្កើតរបស់ខ្លួនដែលទើបនឹងមានអាយុ១២ឆ្នាំ លុះប្រលែងចុះឡើង ស្រាប់តែកើតមានអារម្មណ៍តណ្ហា បែកគំនិតចាប់រំលោភកូនស្រីបង្កើតជាញឹកញាប់ រហូតដល់រឿងរ៉ាវបែកធ្លាយដឹងដល់ស្ត្រីជាប្រពន្ធ ក៏ដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ច ចាប់ខ្លួនជនសង្ស័យនាំយកមកចាត់ការតាមច្បាប់។

ករណីឪពុកបង្កើតរំលោភកូនស្រីនេះ បានកើតឡើងតាំងពីអំឡុងខែឧសភា ឆ្នាំ២០១៧ មកម៉្លេះ នៅចំណុចភូមិព្រីងកោង ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ។ លុះក្រោយពីស្ត្រីជាម្តាយក្មេងស្រីរងគ្រោះ បានដឹងរឿងរ៉ាវ ក៏ដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចចាប់ខ្លួនជនសង្ស័យបាន កាលពីវេលាម៉ោង៩ និង១៥នាទីយប់ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨ នៅចំណុចភូមិសាស្ត្រក្រុងប៉ោយប៉ែត ខណៈដែលជនសង្ស័យទើបនឹងឆ្លងដែន ពីទឹកដីថៃ ចូលមកដីខ្មែរ។

ជនសង្ស័យល្មោភកាមដែលចាប់រំលោភកូនស្រីបង្កើតរាប់ភ្លេច មានឈ្មោះឈុន សារុំ អាយុ៣៤ឆ្នាំ មុខរបរលក់ដូរនៅក្នុងផ្សារថៃ មានលំនៅក្នុងភូមិព្រីងកោង ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ។ ចំណែកក្មេងស្រីរងគ្រោះ ទើបនឹងមានអាយុ១២ឆ្នាំប៉ុណ្ណោះ។

លោកវរសេនីយ៍ទោ ភឿង ម៉ាន់ នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានឱ្យដឹងថា នៅមុនពេលកើតហេតុ សមត្ថកិច្ចបានទទួលពាក្យបណ្តឹងពីស្ត្រីជាម្តាយក្មេងស្រីរងគ្រោះ និងជាប្រពន្ធរបស់ជនសង្ស័យ ដោយបានប្តឹងចោទប្រកាន់ថា ជនសង្ស័យត្រូវជាប្តីបានចាប់រំលោភ កូនស្រីបង្កើតខ្លួនឯងរហូតដល់បានសម្រេចជាច្រើនលើកច្រើនសារមកហើយ ទាំងនៅក្នុងដីខ្មែរ និងលើទឹកដីថៃ។

លោកភឿង ម៉ាន់ បន្តថា ក្រោយពីទទួលបានពាក្យបណ្តឹងខាងលើរួចមក លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្ត និងមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ គឺលោក មាស ចាន់ពិសិដ្ឋ កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយកម្លាំងនគរបាលក្រុងប៉ោយប៉ែត និងអាជ្ញាធរមូលដ្ឋាន បានធ្វើការចាំស្ទាក់ចាប់ជនល្មើសជាឪពុកល្មោភកាម ខាងលើ តាំងពីវេលាម៉ោង២និង៣០នាទីរសៀល ដល់ម៉ោង៩និង១៥នាទីយប់ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨ ទើបចាប់ជនល្មោភកាមនេះបាន ខណៈពេលដែលអាជ្ញាធរថៃចាប់បញ្ជូនពលករខ្មែរដែលឆ្លងដែនខុសច្បាប់ត្រលប់មកវិញ តាមច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត។

លោកឧត្តមសេនីយ៍ត្រី សិទ្ធ ឡោះ ស្នងការរង ទទួលផែននគរបាលព្រហ្មទណ្ឌ បានឱ្យដឹងថា នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានចាប់បង្ខំកូនស្រីបង្កើតរបស់ខ្លួនរំលោភពិតប្រាកដមែន ទាំងនៅស្រុកខ្មែរ និងនៅថៃ ក្នុងអំឡុងខែឧសភា រហូតមកដល់ ដើមខែធ្នូ ឆ្នាំ២០១៧មកម៉្លេះ គឺបានសម្រេចជាច្រើនដង ខណៈពេលប្រពន្ធមិននៅផ្ទះ ក្រោកទៅលក់ដូរនៅផ្សារថៃ ហើយខ្លួនបានដេកប្រឡែងលេងជាមួយកូនស្រីរហូតមានចំណង់អារម្មណ៍ផ្លូវភេទ។

ដោយផ្អែកទៅលើម្តាយជនរងគ្រោះ និងចម្លើយសារភាពរបស់ជនសង្ស័យខាងលើ កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌកម្រិតធ្ងន់ បានសម្រេចរៀបចំកសាងសំណុំរឿងបញ្ជូនខ្លួន ជនសង្ស័យរូបនេះ ទៅកាន់សាលាដំបូងខេត្ត នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៨ ដើម្បីចាត់ការបន្ត តាមនីតិវិធី៕

RELATED ARTICLES