Thursday, January 16, 2025
Homeសង្គម និងជីវិតម៉ែចេញមុខបដិសេធ រឿងបង្ខំកូនស្រីឲ្យយកប្តីចិន

ម៉ែចេញមុខបដិសេធ រឿងបង្ខំកូនស្រីឲ្យយកប្តីចិន

ភ្នំពេញ ៖ រឿងរ៉ាវចម្រូងចម្រាស់របស់ស្ត្រីមេម៉ាយ៣ភ្លើង និងបុរសជនជាតិចិន រហូតផ្ទុះជាព័ត៌មានថា “កូនស្រីស្រលាញ់ប្តីខ្មែរ ម៉ែបង្ខំឱ្យយកប្តីចិន” នោះ ត្រូវបានស្ត្រីជាម្តាយ រួមនឹងបងស្រីបង្កើតរបស់ស្ត្រីមេម៉ាយ៣ភ្លើងរូបនោះ ចេញមុខបដិសេធ និងច្រានចោលព័ត៌មានខាងលើ ដោយអះអាងថា រឿងរ៉ាវនោះគឺផ្ទុយពីការពិតទាំងស្រុង។

ស្ត្រីមេម៉ាយ៣ភ្លើងខាងលើ មានឈ្មោះទាវ ស៊ាងហៃ អាយុ២១ឆ្នាំ មុខរបរគ្មាន ស្នាក់នៅផ្ទះជួលក្នុងភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ និងមានស្រុកកំណើតភូមិបុស្សស្បែង ឃុំជ្រលង ស្រុកបារាយណ៍ ខេត្តកំពង់ធំ មានប្តីឈ្មោះអ៊ួន រតនា អាយុ២៨ឆ្នាំ មុខរបរកម្មករសំណង់។ ដោយឡែកភាគីខាងបុរសជាជនជាតិចិន មានឈ្មោះឆៃលីម អាយុជាង៤០ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅផ្ទះជួល ភូមិប៉ប៉្រកត្បូង សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ។


កាលពីរសៀលថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៨ ការិយាល័យនិពន្ធសារព័ត៌មាន “នគរធំ” បានទទួលទូរស័ព្ទពីស្ត្រីឈ្មោះដូ ប៊ុនណា ត្រូវជាម្តាយ និងស្ត្រីឈ្មោះទាវ ស្រីមុំ ត្រូវជាបងស្រីបង្កើតរបស់ស្ត្រីមេម៉ាយកូន៣ ដោយបានបកស្រាយពីរឿងរ៉ាវទាំងមូលដូចខាងក្រោម ៖

តាមសម្តីស្ត្រីឈ្មោះទាវ ស្រីមុំ អាយុ៣១ឆ្នាំ ត្រូវជាបងស្រីបង្កើតរបស់នាង ទាវ ស៊ាងហៃ បានរៀបរាប់ប្រាប់ថា ដំបូងឡើយប្អូនស្រីរបស់នាង ដើមឡើយជានារីបម្រើការនៅក្នុងហាងខារ៉ាអូខេ និងធ្លាប់មានប្តី៣ដងមែន ក្រោយមកនាងក៏បានជួបស្គាល់ជាមួយនឹងបុរសឈ្មោះអ៊ួន រតនា (ប្តីសព្វថ្ងៃ) ដែលរស់នៅភូមិក្បែរគ្នា និងជាមនុស្សដែលមានប្រពន្ធកូនរួចទៅហើយ តែបែរជាលួចលាក់ស្រលាញ់គ្នាដោយចិត្តឯង។

ចំណែកនាងជាបងស្រី ដោយមិនចង់ឃើញប្អូនស្រីយកប្តីរបស់គេ ទើបធ្លាប់បាននិយាយជាមួយបុរសឈ្មោះរតនា ថា គិតឱ្យបានច្បាស់ ប្អូនស្រីរបស់នាង គឺជានារីខារ៉ាអូខេ ក្រែងមិនល្អ ហើយបើថាស្រលាញ់មែនគួរឱ្យចាស់ទុំមកនិយាយគ្នាត្រឹមត្រូវទៅ តែក្រោយមកពួកគេ បែរជាពង្រត់គ្នាចេញពីផ្ទះបាត់ និងត្រូវបាននាងជាបងស្រី ធ្លាប់បានបង្ហោះក្នុងហ្វេសប៊ុកថា ប្អូនស្រីរបស់នាងត្រូវបុរសឈ្មោះអ៊ួន រតនា ពង្រត់យកទៅ ហើយពេលនោះ ខាងប្រុសបានបោះពាក្យសម្តីដាក់នាងទៀតថា បើខ្លាំងទៅប្តឹងនៅប៉ុស្តិ៍ប៉ូលិសទៅ ប៉ុន្តែនាងខ្ជិលមានរឿងវែងឆ្ងាយ ទើបមិនបានប្តឹងផ្តល់អ្វីទេ។

នាងទាវ ស្រីមុំ បន្តថា ក្រោយមកប្អូនស្រីនេះ បានព្យាយាមលួចយកម៉ូតូរបស់នាងចំនួន៣ដង តែលួចមិនបាន ហើយបំណងដែលនាងលួច គឺចង់យកទៅជិះជាមួយនឹងប្តីឈ្មោះរតនា។ ចំណែករវាងប្អូនស្រីនេះ និងបុរសជនជាតិចិនឈ្មោះឆៃលីម គឺគ្មានទំនាក់ទំនងជាប្តីប្រពន្ធអ្វីទេ គ្រាន់តែជាអ្នកស្គាល់គ្នា ស្នាក់នៅបន្ទប់ជួលក្បែរគ្នាប៉ុណ្ណោះ ហើយជនជាតិចិននោះ ក៏មិនមែនជាអ្នកមានលុយកាក់អ្វីដែរ ពោលគឺជាកម្មករសំណង់នោះទេ។

ក្រោយមក ស្រាប់តែប្អូនស្រីជើងល្អរូបនេះ បែកគំនិតលួចទ្រព្យសម្បត្តិរបស់បុរសជនជាតិចិន ឈ្មោះឆៃលីម ដោយក្នុងនោះ រួមមានលុយចំនួន១១០ដុល្លារ ទូរស័ព្ទ១គ្រឿង កាតធនាគារ១ (ATM) លិខិតិឆ្លងដែន១ រួមនឹងអត្តសញ្ញាណប័ណ្ណ១សន្លឹកទៀតផង ហើយក៏គេចខ្លួនបាត់ស្រមោល។ ក្រោយពេលប្អូនស្រីជើងល្អរបស់នាងលួចទ្រព្យសម្បត្តិទៅអស់ បុរសជនជាតិចិននោះ ក៏បានតាមទៅរករឿងម្តាយរបស់នាង៣ថ្ងៃជាប់គ្នា តែដោយម្នាក់ៗមិនចេះភាសាចិន ទើបនិយាយស្តាប់គ្នាមិនបាន និងមិនដឹងថាមានរឿងអ្វី រហូតដល់មានអ្នកចេះចិន ម្នាក់ជួយបកប្រែ ទើបដឹងថា បុរសចិននេះ បានតាមមករកប្អូនស្រីរបស់នាងឈ្មោះទាវ ស៊ាងហៃ ដោយសារប្អូនស្រីនោះ បានលួចលុយ និងទ្រព្យ សម្បត្តិរបស់គេ។

ពេលនោះ នាងក៏បានពិភាក្សាជាមួយម្តាយថា មិនអាចសម្ងំស្ងៀមបានទេ ព្រោះខ្លាចមានទោសសមគំនិត ព្រោះត្បិតថាជាម្តាយកូននឹងគ្នា ប៉ុន្តែទង្វើលួចរបស់ទ្រព្យអ្នកដទៃ គឺមានទោសហេតុនេះ នាងនិងម្តាយក៏សម្រេចចិត្តនាំបុរសជនជាតិចិននោះទៅដាក់ពាក្យបណ្តឹង ហើយនៅមុនពេលដាក់ពាក្យប្តឹងនេះ នាងក៏បានទូរស័ព្ទទៅពិភាក្សាជាមួយប៉ូលិសទៀតផង។

នាងទាវ ស្រីមុំ បានឱ្យដឹងទៀតថា ដោយសារតែមិនអាចហៅប្អូនស្រីនេះមកដោះស្រាយដោយស្រួលៗបាន ហេតុនេះ ទើបនាង និងម្តាយបានប្រើល្បិច ដោយឱ្យម្តាយខលទៅប្រាប់ប្អូនស្រីនោះថា នាងជាបងស្រី បានរត់ចោលប្តី និងកូនបាត់ហើយ ហេតុនេះ ម្តាយនាងពឹងឱ្យប្អូនស្រី (ទាវ ស៊ាងហៃ) នេះ មកជួយយកម៉ូតូទៅលក់ យកលុយទុកទិញទឹកដោះគោឱ្យកូននាង ហើយម្តាយនឹងឱ្យប្អូនស្រីនេះ១០០ដុល្លារ។ គ្រាន់តែឮបែបនេះ ប្អូនស្រីនាងក៏ឱ្យប្តីឈ្មោះរតនា ជូនមកផ្ទះម្តាយនាងភ្លាម ចំណែកនាងបានហៅបុរសចិននោះមកដែរ និងប្រាប់ឱ្យសម្ងំលាក់ខ្លួននៅ បន្ទប់ទឹកសិន។ លុះពេលប្អូនស្រីជើងល្អនេះចូលមកដល់ នាងក៏បានបិទទ្វារ ដើម្បីហៅប្អូនស្រី និងប្តីឈ្មោះរតនា ឡើងទៅដោះស្រាយគ្នារឿងលួចលុយ និងប៉ាស្ព័រ បុរសចិន ហើយភ្លាមនោះ ឈ្មោះរតនា ខឹងយ៉ាងខ្លាំងនិងចង់ហែករបងចេញទៅវិញដែរ តែចេញមិនរួច។ ពេលនោះ នាងបានឆែកកាបូបប្អូនស្រី ក៏ឃើញកាតធនាគារ ទៅំ របស់ជនជាតិចិន លុយចិន២សន្លឹក និងទូរស័ព្ទ ហើយបុរសចិននោះក៏ឆក់យកទូរស័ព្ទរបស់គេទៅវិញ។

នាង ទាវ ស្រីមុំ បានបន្ថែមថា នាងជឿជាក់លើសម្តីបុរសជនជាតិចិននោះ និងជឿថាគេពិតជាបាត់ទ្រព្យសម្បត្តិពិសេសប៉ាស្ព័រ និងអត្តសញ្ញាណប័ណ្ណមែន ព្រោះកន្លងមក បរុសជនជាតិចិននេះ គឺជាមនុស្សទៀងត្រង់ណាស់ និងមិនដែលបង្កបញ្ហាជាមួយអ្នកស្នាក់នៅបន្ទប់ជួលជិតខាងណាម្នាក់ឡើយ ហើយមូលហេតុដែលនាងសម្រេចនាំបុរសចិននេះទៅប្តឹង ដោយសារតែនាងខ្លាច បុរសចិនប្តឹងទៅស្ថានទូតរបស់នាង នាំឱ្យមានរឿងវែងឆ្ងាយដល់ម្តាយរបស់នាង ដែលក្នុងនាមជាអាណាព្យាបាលប្អូនស្រីជើងល្អ។ លុះពេលផ្ទុះរឿងរ៉ាវ បែរជាមកចោទថា ម្តាយរបស់នាងបង្ខំកូនស្រីឱ្យយកប្តីចិនទៅវិញ និងថែមទាំងចោទម្តាយនាងទៀតថា តាមបំបែកបំបាក់ប្តីប្រពន្ធកូនស្រី តែតាមពិត គឺមិនមែនជាការពិតសោះ ហើយនាងនិងម្តាយ គ្រាន់តែចង់ដាក់ពាក្យបណ្តឹង និងឱ្យសមត្ថកិច្ចជួយដឹងឮថា ថ្ងៃក្រោយ ទោះជាប្អូនស្រីនេះ ទៅលួចប្លន់ទ្រព្យសម្បត្តិអ្នកណា ផ្សេងទៀត កុំឱ្យមកជាប់ពាក់ព័ន្ធជាមួយម្តាយ និងនាងជាបងស្រីទៀត ព្រោះនាងសុំមិនដឹងមិនឮនោះទេ ដោយសារប្អូនស្រីនេះ ធ្លាប់ខិលខូច លួចរបស់ទ្រព្យច្រើនលើកមកហើយ និងចេះតែនាំទុក្ខដល់ក្រុមគ្រួសារមិនឈប់។

នាងទាវ ស្រីមុំ បានបញ្ជាក់ថា មកដល់ពេលនេះដំណោះស្រាយរវាងប្អូនស្រីនាង និងបុរសចិននោះ នៅមិនទាន់ដោះស្រាយរួចនៅឡើយ ដោយជនជាតិចិននៅមិនទាន់រកឃើញប៉ាស្ព័រ អត្តសញ្ញាណប័ណ្ណ និងលុយ១១០ដុល្លារដដែល ហើយនាងបានណែនាំឱ្យជនជាតិចិននោះ ទៅប្តឹងផ្តល់ពីខាងស្ថានទូតមកវិញចុះ ព្រោះប៉ូលិសមិនទាន់អាចរកដំណោះស្រាយអ្វីឱ្យបុរសជនជាតិចិននេះ បាននៅឡើយ។ ជាចុងក្រោយ នាងគ្រាន់តែចង់បញ្ជាក់សារជាថ្មីថា គ្មានទេ រឿងដែលថាម្តាយរបស់នាងបង្ខំកូនស្រី (ទាវ ស៊ាងហៃ) ឱ្យយកប្តីចិន និងតាមបំបែកបំបាក់មិនឱ្យយកប្តីខ្មែរ (អ៊ួន រតនា) ហើយរឿងរ៉ាវដែលឈានដល់ការប្តឹងផ្តល់ផ្អើលពេញប៉ុស្តិ៍ប៉ូលិស កាលពីរសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨ នោះគឺជារឿង រវាងប្តីប្រពន្ធប្អូនស្រីជើងល្អ ជាមួយជនជាតិចិន ដែលពួកគេបានលួចលុយកាក់ និងទ្រព្យសម្បត្តិ ឯកសារបញ្ជាក់អត្តសញ្ញាណរបស់ជនជាតិចិន និងត្រូវជនជាតិចិន ចេះតែតាមមករករឿងម្តាយនាងមិនឈប់ ទើបពួកនាងសម្រេចនាំបុរសចិននោះទៅដាក់ពាក្យបណ្តឹងប៉ុណ្ណោះ និងសូមប្រកាសថា ចាប់ពីថ្ងៃនេះតទៅ ប្រសិនបើប្អូនស្រីឈ្មោះទាវ ស៊ាងហៃ ប្រព្រឹត្តរឿងមិនល្អ ឬអំពើខុសច្បាប់ទៀតនោះ ក្រុមគ្រួសារមិនទទួលដឹងឮជាមួយ ដាច់ខាត៕

RELATED ARTICLES