ខេត្តបន្ទាយមានជ័យ ៖ យុវជនម្នាក់ កំពុងបើកម៉ូតូតាមផ្លូវបណ្តើរនារីវ័យក្មេង២នាក់ តាមផ្លូវ ក៏ស្រាប់តែត្រូវជនសង្ស័យម្នាក់ ផ្ទុះកំហឹងចោទថា តាមទាក់ទងស្នេហាជាមួយសង្សារគេ ក៏បើកម៉ូតូប្រដេញតាមកាប់ប្រហារ បណ្តាល ឱ្យរយះក្បាលរងរបួសធ្ងន់ កាលពីវេលាម៉ោង ១០យប់ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ នៅ ចំណុចភូមិថ្នល់ដាច់ ឃុំភ្នំដី ស្រុកភ្នំស្រុក។
យុវជនរងគ្រោះដែលត្រូវជនដៃដល់កាប់ បណ្តាលឱ្យរយះក្បាលរងរបួសធ្ងន់នោះ មាន ឈ្មោះរឿន ស៊ីម៉ាក់ អាយុ២០ឆ្នាំ មានលំនៅ ក្នុងភូមិកំពីងពួយ ឃុំភ្នំដី ស្រុកភ្នំស្រុក។ ចំណែក ជនដៃដល់ មិនស្គាល់ឈ្មោះក្រោយកាប់ប្រហារ ជនរងគ្រោះរួច បានបើកម៉ូតូរត់គេចខ្លួនបាត់។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹង ថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះខាងលើ បានបើកម៉ូតូ១គ្រឿង បណ្តើរគ្នា ជាមួយនារីវ័យក្មេងចំនួន២នាក់ ដែលបើកម៉ូតូ ១គ្រឿងផ្សេងទៀត តែមិនដឹងឈ្មោះ គ្រាន់តែ ដឹងថា មានលំនៅក្នុងភូមិថ្នល់ដាច់ ឃុំភ្នំដី ស្រុក ភ្នំស្រុក។ លុះពេលកំពុងបើកម៉ូតូបណ្តើរគ្នា ចូលមកដល់ចំណុចផ្លូវបត់ចូលក្នុងភូមិថ្នល់ដាច់ ក៏ស្រាប់តែមានយុវជនមួយក្រុម មិនដឹងគ្នា ប៉ុន្មាននាក់ បានបើកម៉ូតូ១គ្រឿង តាមពីក្រោយ រួចក៏ធ្វើសកម្មភាពកាប់ប្រហារទៅលើជនរងគ្រោះទាំងកំរោល បណ្តាលឱ្យរបួសក្បាលផ្នែក ខាងក្រោយ១កន្លែង របួសក្បាលផ្នែកខាងមុខ ២កន្លែង និងត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ជប៉ុន នៅស្រុក មង្គលបុរី ដើម្បីសង្គ្រោះជីវិតទាំងយប់។
ជុំវិញករណីហិង្សាដោយចេតនាខាងលើ នេះ ប្រភពព័ត៌មានខ្លះបានលើកឡើងថា គឺជា រឿងគំនុំស្នេហ៍ត្រីកោណដោយសារតែជនដៃដល់ ឃើញជនរងគ្រោះបើកម៉ូតូបណ្តើរសង្សារគេ ទើបខឹងច្រឡោតដេញតាមកាប់ប្រហារឱ្យរង របួសធ្ងន់បែបនេះតែម្តង។
យ៉ាងណាក្តី សមត្ថកិច្ចនៅមិនទាន់អាច សន្និដ្ឋានថា ជាករណីគំនុំ ឬជារឿងស្នេហាត្រីកោណនោះទេ ព្រោះពេលនេះ កម្លាំងនគរបាល ជំនាញ កំពុងតែធ្វើការស្រាវជ្រាវរកមុខសញ្ញា ជនដៃដល់ ដើម្បីនាំខ្លួនមកសាកសួរ និងកសាង សំណុំរឿង តាមនិតិវិធី៕