ភ្នំពេញ ៖ អតីតប្រធាន នៃអតីតគណបក្សសង្គ្រោះជាតិ លោកកឹម សុខា ត្រូវបាននាំខ្លួនពីពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ មក កាន់សាលាឧទ្ធរណ៍ ចូលរួមក្នុងសវនាការលើ បណ្តឹងសុំនៅក្រៅឃុំ កាលពីព្រឹកថ្ងៃទី០១ ខែ កុម្ភៈ ឆ្នាំ២០១៨ តែជាលទ្ធផល សាលាឧទ្ធរណ៍ សម្រេចមិនដោះលែងឱ្យនៅក្រៅឃុំ ខណៈ ដែលភរិយានិងម្តាយរបស់លោកបានទ្រហោយំ សំពះអង្វរសុំតុលាការដោះលែងប្តី និងកូន។
សវនាការសាលាឧទ្ធរណ៍ លើសំណើសុំ នៅក្រៅឃុំរបស់លោកកឹម សុខា បានធ្វើឡើង កាលពីព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៧ ដោយ មានវត្តមានលោកកឹម សុខា និងក្រុមមេធាវី របស់លោក នៅក្នុងសវនាការ។ រីឯនៅខាងក្រៅ បន្ទប់សវនាការ ភរិយា និងម្តាយលោកកឹម សុខា ទ្រហោយំនៅមុខសាលាឧទ្ធរណ៍ ព្រមទាំង លើកដៃសំពះសុំឱ្យដោះលែងកូនរបស់គាត់ ដោយ អះអាងថា ស្វាមី កូនគាត់មិនបានធ្វើសកម្មភាព ក្បត់ជាតិដូចការចោទប្រកាន់នោះទេ។
ជាមួយគ្នានោះដែរ ក៏មានវត្តមានក្រុម គ្រួសារលោកកឹម សុខា អតីតមន្ត្រីនៃអតីត គណបក្សសង្គ្រោះជាតិ មន្ត្រីអង្គការសង្គមស៊ីវិល អង្គការជាតិ អន្តរជាតិ និងមន្ត្រីស្ថានទូតផង ដែរ បានរង់ចាំលទ្ធផល ដោយមួយចំនួនសង្ឃឹម ថា លទ្ធផលនឹងចេញជាវិជ្ជមាន ឬតុលាការ នឹង សម្រេចឱ្យលោកកឹម សុខា បាននៅក្រៅឃុំ តាមការស្នើសុំ។
ទោះយ៉ាងណា ជាលទ្ធផល ចៅក្រម សាលាឧទ្ធរណ៍ បានសម្រេចបដិសេធសំណើសុំ នៅក្រៅឃុំរបស់លោកកឹម សុខា។ មានន័យ ថា សម្រេចឱ្យលោកកឹម សុខា នៅបន្តជាប់ឃុំ ដដែល ហើយសមត្ថកិច្ចក៏បាននាំខ្លូនលោកកឹម សុខា ទៅកាន់ពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ វិញ។
ការដែលសាលាឧទ្ធរណ៍ សម្រេចច្រានចោលសំណើសុំនៅក្រៅឃុំរបស់លោកកឹម សុខា ដោយសារសំអាងលើហេតុផលថា ដើម្បីងាយស្រួលក្នុងការបន្តនីតិវិធីរបស់តុលាការ និងគិត ពីសុវត្ថិភាពរបស់លោកកឹម សុខា។
លោកជូង ជូងី មេធាវីមួយរូបរបស់លោក កឹម សុខា បានសម្តែងការសោកស្តាយយ៉ាងខ្លាំង ដែលសាលាឧទ្ធរណ៍ មិនយល់ព្រមឱ្យលោក កឹម សុខា បាននៅក្រៅឃុំបណ្តោះអាសន្ននេះ។ ដូច្នេះក្រុមមេធាវីនឹងពិភាក្សាជាមួយលោកកឹម សុខា ដើម្បីសម្រេចថាត្រូវធ្វើអ្វីបន្តទៀត។
លោកជូង ជូងី ក៏បានបញ្ជាក់ប្រាប់អ្នកយកព័ត៌មានថា ស្ថានភាពសុខភាពលោកកឹម សុខា ធ្លាក់ចុះខ្លាំង ដោយសារតែជំងឺទឹកនោមផ្អែម គឺកម្រិតជាតិស្ករឡើងដល់ជាង៣០០ ដែលត្រូវ ការព្យាបាលនៅខាងក្រៅពន្ធនាគារ ប៉ុន្តែគួរ ឱ្យសោកស្តាយដែលតុលាការមិនអនុញ្ញាតឱ្យ កូនក្តីរបស់លោកបាននៅក្រៅឃុំ។
លោកផេង ហេង មេធាវី១រូបទៀត របស់ លោកកឹម សុខា បញ្ជាក់ប្រាប់ “នគរធំ” នៅ ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៨ ថា ក្នុងនាម អ្នកការពារក្តីឱ្យកូនក្តី កាលណាមិនបានជោគជ័យតាមការចង់បានរបស់កូនក្តី ធ្វើឱ្យលោក មានការសោកស្តាយ ពិសេសអ្វីដែលក្តុកក្តួល ផងដែរនោះ គឺទិដ្ឋភាពភរិយា និងម្តាយរបស់ លោកកឹម សុខា បានទ្រហោយំនៅមុខតុលាការ សំពះអង្វរសុំឱ្យតុលាការដោះលែងលោកកឹម សុខា។
លោកផែង ហេង បានមានប្រសាសន៍ថា “ក្នុងការសម្រេចរបស់សាលាឧទ្ធរណ៍នោះ គាត់ សំអាងអង្គហេតុប្រហាក់ប្រហែលនឹងចៅក្រម ស៊ើបសួរនៅភ្នំពេញដែរ គឺគាត់យល់ថា រក្សា ជនត្រូវចោទ ឃុំខ្លួនបណ្តោះអាសន្ន ដើម្បីទុក ឱ្យចៅក្រមស៊ើបសួរបន្តនីតិវិធីស៊ើបសួរទៀត។ នៅក្នុងនីតិវិធី ធម្មតាការឃុំខ្លួន វាត្រូវស្ថិត រយៈពេលមួយពី៤ខែ ទៅ៦ខែ ប៉ុន្តែនៅក្នុង ករណីរបស់គាត់នេះ ការលើករបស់មេធាវី វាមានហេតុផលត្រឹមត្រូវតាមនីតិវិធីហើយៗ មេធាវី និងកូនក្តីបានធានាអះអាងថា នឹងចូលរួម សហការជាមួយតុលាការ គ្រប់នីតិវិធី ប៉ុន្តែសាលាឧទ្ធរណ៍នៅតែមិនព្រមតាមការស្នើសុំ។ ដូច្នេះ នីតិវិធីបន្ត យើងនឹងព្យាយាមដាក់ពាក្យស្នើសុំ ទៅតុលាការកំពូល ថែមទៀត។ ប្រហែលជា យើងនឹងដាក់នៅពេលឆាប់ៗហ្នឹង នៅក្នុងសប្តាហ៍ ហ្នឹង។ ចំពោះសុខភាព គាត់បានប្រាប់តុលាការ ហើយថា គាត់ធ្លាប់បានគ្រូពេទ្យសិង្ហបុរី ឱ្យធ្វើការ វះកាត់ស្មារបស់គាត់ដែលឈឺ។ កាលមុន គាត់ អត់បានវះកាត់ ហើយថាចាំបន្តិច គាត់មានពេល ហើយបន្ទាប់មក ក៏ត្រូវបានគេឃុំខ្លួន ហើយ ឥឡូវហ្នឹងគាត់ថា គាត់មានអារម្មណ៍ឈឺស្មា អ៊ីចឹងគាត់ចង់ឱ្យតុលាការសម្រេចនៅក្រៅឃុំ ដើម្បីគាត់ព្យាបាលតាមការណែនាំរបស់ពេទ្យ។ គាត់ក៏មានសម្ពាធឈាមខ្ពស់ ហើយនិងជាតិស្ករ ឡើង គាត់ថា ពីមុន គាត់មិនធ្លាប់ឡើងស្ករឡើង អីទេ”។
លោកផែង ហេង បានមានប្រសាសន៍បន្ត ថា “ចំពោះទិដ្ឋភាពម្តាយនិងភរិយាគាត់ទៅ តុលាការ ជួបប្តីនិងកូននោះ ខ្ញុំបានចេញមក ទទួលគាត់ពីខ្លោងទ្វារទៅ ណែនាំទៅជួបបាន ប្រហែលពីរបីនាទី ម្តាយគាត់ ហើយយើងក៏ មានការក្តុកក្តួលដែរមែនទែន ព្រោះម្តាយគាត់ អាយុ១០០ឆ្នាំទៅហើយ គាត់ថា នៅប៉ុន្មានថ្ងៃ ទៀត គាត់ចូលបាន១០១ឆ្នាំហើយៗគាត់ថា ដេកនឹកកូន យំស្ទើររាល់យប់។ ពេលហ្នឹង គាត់ បានជួបកូនគាត់ ពេលដែលប្រកាសសាលដីកា គាត់បានជួបមួយភ្លែត ហើយធម្មតាម្តាយគាត់ ទឹកភ្នែករហូត។ ចំណែកភរិយារបស់គាត់ ធម្មតា ប្តីប្រពន្ធរាប់សិបឆ្នាំ ហើយមនោសញ្ចោតនាវា ជ្រាលជ្រៅណាស់។ ដូច្នេះមេធាវីនៅតែតស៊ូ តាមផ្លូវច្បាប់ ដើម្បីរកយុត្តិធម៌ឱ្យកូនក្តី ទោះបី ដំណាក់កាលណាក៏ដោយ។ ចំពោះការដាក់ទៅ តុលាការកំពូល យើងយល់ថា តុលាការកំពូល ការជំនុំជម្រះច្រើនគ្នា អ៊ីចឹងអាចមានការពិនិត្យ ពិច័យហ្មត់ចត់ជាង ហើយអាចមានការប្រើឆន្ទានុសិទ្ធិរបស់គាត់បានច្រើន ប្រហែលជាអាចរក យុត្តិធម៌បានច្រើនជាងតុលាការថ្នាក់ក្រោម”។
ជាមួយគ្នានេះដែរ លោកស្រីម៉េង សុភារី មេធាវីការពារក្តីលោកកឹម សុខា មួយរូបទៀត បានបញ្ជាក់ប្រាប់ក្រោយពេលចេញពីបន្ទប់ សវនាការសាលាឧទ្ធរណ៍ នៅព្រឹកថ្ងៃទី០១ ខែ កុម្ភៈ ឆ្នាំ២០១៨ នោះដែរថា “សភាស៊ើបសួរ នៃសាលាឧទ្ធរណ៍បានធ្វើការសម្រេចជុំវិញបណ្តឹង សុំនៅក្រៅឃុំរបស់លោកកឹម សុខា ដោយតម្កល់ សេចក្តីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ មានន័យថា សភាស៊ើបសួរមិនអនុញ្ញាតឱ្យឯកឧត្តមកឹម សុខា បាននៅក្រៅឃុំជាបណ្តោះអាសន្ន នោះទេ។ បញ្ហាដែលយើងស្នើសុំឱ្យឯកឧត្តម កឹម សុខា បាននៅក្រៅឃុំជាបណ្តោះអាសន្ន នេះ ទី១ គឺរឿងបញ្ហាសុខភាពរបស់គាត់ ទី២ ទាក់ទងទៅនឹងបើសិនជាគាត់នៅក្នុងពន្ធនាគារ ស្ថានភាពនៃការរកដំណោះស្រាយនយោបាយ ហ្នឹងវាអត់មាន ហើយទី៣ គឺគាត់អត់បានប្រព្រឹត្ត បទល្មើស ហើយគាត់ធានាថានឹងចូលខ្លួនគ្រប់ នីតិវិធីនៃការកោះហៅរបស់តុលាការដោយ មិនមានការគេចវេះទេ ក៏ប៉ុន្តែសេចក្តីសម្រេច របស់សភាស៊ើបសួរនៅតែមិនអនុញ្ញាតឱ្យឯកឧត្តមកឹម សុខា បាននៅក្រៅឃុំជាបណ្តោះអាសន្ន”។
លោកស្រីម៉េង សុភារី បន្តថា “យើងខ្ញុំ ដែលជាក្រុមមេធាវី យល់ឃើញថា សេចក្តី សម្រេចនេះមិនមានលក្ខណៈត្រឹមត្រូវទេ ដោយសារថា បទល្មើសអត់មានកើតឡើងទេ ហើយ ផ្អែកទៅលើមាត្រា២០៥ ស្តីពីការឃុំខ្លួន គឺទាក់ទងទៅនឹងការបង្ការបទល្មើស ដោយសារកូនក្តី របស់យើងហ្នឹង គឺអត់បានប្រព្រឹត្តបទល្មើសទេ ហើយបើរឿងបង្កឱ្យមានភាពច្របូកច្របល់ ហ្នឹងក៏អត់មានដែរ ហើយកូនក្តីយើងខ្ញុំហ្នឹង មាន មុខរបរមានការងារ តួនាទីរបស់គាត់ ត្រឹមត្រូវ មានប្រពន្ធ មានកូន មានផ្ទះសម្បែងអីត្រឹមត្រូវ ហើយគាត់ធានាថា នឹងចូលខ្លួនគ្រប់នីតិវិធីនៃ ការកោះហៅរបស់តុលាការទាំងអស់ ឱ្យតែ តុលាការកោះហៅដោយមិនមានការគេចវេះ ទេ។ ចំណុចមួយទៀត បើយើងគិតដល់មនុស្ស ធម៌វិញ គឺដោយសារគាត់មានជំងឺសរសៃកៀប នៅស្មាហ្នឹង វាមានបញ្ហាធ្វើឱ្យគាត់មិនអាច សម្រាន្តលក់បានមួយយប់ៗធ្វើឱ្យគាត់ភ្ញាក់ ច្រើនដងហ្នឹង ធ្វើឱ្យគាត់ឡើងជាតិស្ករឡើង ឈាមឡើងអីអ៊ីចឹងវាប៉ះពាល់ដល់រាងកាយ ផ្សេងៗទៀត និងធ្វើឱ្យមានជំងឺផ្សេងៗទៀត ហើយបញ្ហាកៀបសរសៃឈាមនេះ ក្រុមគ្រូពេទ្យ នៅប្រទេសសិង្ហបុរី បានឱ្យគាត់ទៅធ្វើការវះកាត់ តែដោយសារគាត់ជាប់រវល់ ហើយអីឡូវគាត់ ជាប់ពន្ធនាគារច្រើនខែទៀតធ្វើឱ្យស្មាគាត់ឡើង ហើមអ៊ីចឹងគាត់ទាមទារសុំដើម្បីទៅព្យាបាល ជំងឺហ្នឹងតែផ្ទុយទៅវិញតុលាការមិនអនុញ្ញាត”។
គួរបញ្ជាក់ថា នេះជាលើកទីមួយហើយ ដែលលោកកឹម សុខា បានអនុញ្ញាតឱ្យចូលរួម ក្នុងសវនាការ ដើម្បីតតាំងក្តីតាមផ្លូវច្បាប់។ កន្លងមក តុលាការតែងបើកសវនាការ ដោយ គ្មានវត្តមានរបស់លោកកឹម សុខា។ មកដល់ ពេលនេះ សំណុំរឿងរបស់លោកកឹម សុខា កំពុង ស្ថិតក្នុងដំណាក់កាលនៃការស៊ើបសួរ។ លោក គី ឫទ្ធី ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានទៅជួបលោកកឹម សុខា ដោយ ផ្ទាល់ នៅក្នុងពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ ចំនួន៣លើករួចមកហើយ ដើម្បីសាកសួរពីបទ “សន្ទិដ្ឋភាពជាមួយបរទេស” ដែលជាបទល្មើស ក្បត់ជាតិ៕
កុលបុត្រ