ភ្នំពេញ ៖ យុវជនម្នាក់ បន្ទាប់ពីផឹកស្រាស្រវឹងជោកជាំ និងមានអាការៈមិនសូវស្រួលខ្លួន ចេះតែររើរវាយផង ក៏ត្រូវមិត្តភក្តិដឹក យកមកទម្លាក់ចោល នៅផ្ទះជួលបងប្អូនតាំងពីយប់ លុះបងប្អូនរៀបចំកន្លែងឱ្យដេកសម្រាកនៅលើគ្រែត្រឹមត្រូវ ស្រាប់តែទៀបភ្លឺឡើង ក៏ប្រទះ ឃើញជនរងគ្រោះដេកស្លាប់ផ្កាប់មុខលើដី បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៤និង៥០នាទីទៀបភ្លឺ ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។
យុវជនរងគ្រោះ ដែលដេកស្លាប់ មានឈ្មោះថៅ សុខជា ហៅប៉ោង អាយុ២៤ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅ ម្តុំព្រែកព្នៅ ខណ្ឌព្រែក ព្នៅ និងមានស្រុកកំណើតនៅភូមិត្នោត ឃុំរោងដំរី ស្រុកបាភ្នំ ខេត្តព្រៃវែង។ ជនរងគ្រោះគឺជាកូនពៅក្នុងចំណោមបងប្អូន៤នាក់សុទ្ធតែប្រុស។
តាមសម្តីស្ត្រីឈ្មោះជា ណាំ អាយុ៥៣ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅផ្ទះជួលកើតហេតុខាងលើ និងមានស្រុកកំណើត នៅភូមិឃុំ ជាមួយជនរងគ្រោះ និងត្រូវជាសាច់ញាតិរបស់ជនរងគ្រោះ បានរៀបរាប់ប្រាប់ថា កន្លងមកជនរងគ្រោះធ្លាប់មកស្នាក់នៅផ្ទះជួលកន្លែងកើតហេតុ ដែរ ប៉ុន្តែបច្ចុប្បន្នឈប់ស្នាក់នៅហើយ ដោយបានចេញទៅធ្វើការ និងស្នាក់នៅម្តុំព្រែកព្នៅ រយៈពេលប្រមាណ៥-៦ថ្ងៃមកហើយ។
ប្រភពដដែលបន្តថា លុះមកដល់វេលាម៉ោង៦ព្រលប់ ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៨ ក៏ស្រាប់តែមានមិត្តភក្តិរបស់ជនរងគ្រោះម្នាក់ បានដឹកជនរងគ្រោះមកដាក់ក្បែរផ្ទះជួលរបស់គាត់ បន្ទាប់មកក៏ ឃើញជនរងគ្រោះស្ថិតក្នុង អាការៈស្រវឹងស្រាផង រវើរវាយ និងមិនសូវស្រួល ខ្លួនផង បានដើរចូលមករកផ្ទះជួលរបស់គាត់។ លុះយប់ឡើង គាត់ក៏បានរៀបចំក្រាលកន្ទេលឱ្យជនរងគ្រោះដេកនៅលើគ្រែក្រោមផ្ទះ រួចក៏នាំគ្នា ចូលសម្រាកអស់ទៅ ដោយមិនចាប់អារម្មណ៍អ្វីឡើយ។ រហូតដល់វេលា៤ និង៥០នាទីទៀបភ្លឺ ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៨ ខណៈដែលគាត់ភ្ញាក់ ពីដំណេក ចុះមករៀបចំដាំបាយទុកយកទៅហូបនៅរោងចក្រ ស្រាប់តែប្រទះឃើញជនរងគ្រោះ ធ្លាក់ពីលើគ្រែ ដេកផ្កាប់មុខនៅលើដី ស្លាប់បាត់ ទៅហើយ។
ក្រោយពេលកើតហេតុខាងលើ សមត្ថកិច្ចជំនាញបានចុះមកពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះបានស្លាប់ ដោយសារអាការៈខ្យល់គរ ពោលគឺមិនពាក់ព័ន្ធទៅនឹងករណីអ្វីផ្សេងនោះឡើយ។
សាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យបងប្អូន ដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត៕