Sunday, November 24, 2024
Homeព័ត៌មានជាតិបុរសជួបបញ្ហាចាក់ស្រែះ ដោះស្រាយមិនចេញ ខូចចិត្តលោតទឹកស្ពានសម្លាប់ខ្លួន

បុរសជួបបញ្ហាចាក់ស្រែះ ដោះស្រាយមិនចេញ ខូចចិត្តលោតទឹកស្ពានសម្លាប់ខ្លួន

ខេត្តកំពង់ចាម ៖ បុរសម្នាក់ ព្រោះតែកើតមានវិបត្តិផ្លូវចិត្តរឿងគ្រួសារ មានបញ្ហាចាក់ស្រែះដោះស្រាយមិនចេញ បែរជាបែកគំនិតគិតខ្លី ដោយលោតពីលើស្ពានគីហ្សូណា ប៉ងសម្លាប់ខ្លួន តែសំណាងល្អត្រូវបានប្រជានេសាទប្រទះឃើញជួយសង្គ្រោះទាន់ពេល បង្កឱ្យមានការភ្ញាក់ផ្អើល ឡើងកាលពីវេលាម៉ោង៥ និង៤០នាទីល្ងាច ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចលើស្ពានគីហ្សូណា ចន្លោះបង្គោលទី៧ និងទី៨ ស្ថិតក្នុង ភូមិទី៣ សង្កាត់វាលវង់ ក្រុងកំពង់ចាម។

បុរសគំនិតខ្លី ដែលចង់ប្រល័យជីវិតខ្លួនឯង តាមរយៈការលោតទឹកសម្លាប់ខ្លួន មានឈ្មោះញឹម ឡាដា អាយុ៣២ឆ្នាំ មុខរបរលក់ដូរ មានលំនៅក្នុងភូមិគគីរ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

លោកម៉ៅ ទ្បុក នាយនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់វាលវង់ បានបញ្ជាក់ប្រាប់ថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះខាងលើ បានធ្វើដំណើរឡើងទៅលើស្ពានគីហ្សូណា ទាំងអារម្មណ៍មិននឹងនរ និងមានទឹកមុខស្រងូតស្រងាត់ខ្លាំង។ លុះពេលទៅដល់ពាក់កណ្តាលស្ពាន ត្រង់ ចន្លោះបង្គោលទី៧ និងទី៨ ស្រាប់តែបុរសរូបនោះ បានស្ទុះឡើងតោងបង្កាន់ដៃស្ពាន រួចលោតទម្លាក់ខ្លួនចូលទឹកទន្លេ ដើម្បីសម្លាប់ខ្លួនតែម្តង។

លោកនាយនគរបាលប៉ុស្តិ៍វាលវង់ បន្តថា នៅពេលដែលបុរសរូបនោះលោតចូលទឹកភ្លាមៗ ត្រូវបានប្រជានេសាទនៅក្បែរនោះប្រទះ ឃើញ ក៏ចេញទូកទៅជួយស្រង់ឡើងមកលើគោក រួចប្រគល់ឱ្យសមត្ថកិច្ចជួយសង្គ្រោះ និងបញ្ជូនទៅមន្ទីពេទ្យខេត្តកំពង់ចាម។

តាមសម្តីបុរសរងគ្រោះ បានបញ្ជាក់ប្រាប់យ៉ាងខ្លីថា មូលហេតុ ដែលខ្លួនមកធ្វើលោតទឹកសម្លាប់ខ្លួនពីលើស្ពានគីហ្សូណានេះ គឺបណ្តាល មកពីខ្លួនបានកើតមានវិបត្តិក្នុងគ្រួសារ តែមិនបានបញ្ជាក់ច្បាស់លាស់ថាមានវិបត្តិរឿងអ្វីនោះទេ។

ជុំវិញករណីខាងលើនេះ សមត្ថកិច្ចបាននិងកំពុងទាក់ទងផ្តល់ដំណឹងទៅក្រុមគ្រួសារជនរងគ្រោះ ដើម្បីឱ្យមកទទួលយកជនរងគ្រោះ ត្រឡប់ទៅផ្ទះវិញ៕

RELATED ARTICLES