ខេត្តកោះកុង ៖ បុរសម្នាក់ ក្រោយពីផឹកស្រាស្រវឹងជោកជាំ ត្រឡប់មកដល់ផ្ទះវិញ ក៏ចាប់ផ្តើមរករឿងឈ្លោះប្រកែកជាមួយប្រពន្ធ ដោយចោទថាប្រពន្ធក្បត់ចិត្ត រួចក៏ស្ទុះទៅទាញដំបង សំពងក្បាលប្រពន្ធពីក្រោយ បណ្តាលឱ្យបែកក្បាលហូរឈាមស្រោចពេញខ្លួន បង្កឱ្យមានការ ភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១០និង៤០នាទីយប់ ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ។
ជនដៃដល់ដែលផឹកស្រាស្រវឹង កើតចិត្តប្រចណ្ឌប្រពន្ធ រហូតដល់ផ្ទុះហិង្សាវាយប្រពន្ធនឹងដំបងបណ្តាលឱ្យបែកក្បាលរងរបួសធ្ងន់ មាន ឈ្មោះលី ហាច អាយុ៤២ឆ្នាំ មុខរបរជាកម្មករសំណង។ ចំណែកស្ត្រីរងគ្រោះជាប្រពន្ធ មានឈ្មោះថោះ ស្រី អាយុ៣៩ឆ្នាំ មុខរបរកម្មករសំណង់ និងមានលំនៅក្នុងភូមិសង្កាត់កើតហេតុខាងលើ។
តាមសម្តីស្ត្រីរងគ្រោះជាប្រពន្ធ បានរៀបរាប់ប្រាប់ថា ប្តីប្រពន្ធគាត់រស់នៅមិនសូវចុះសម្រុងនឹងគ្នាប៉ុន្មានទេ ដោយសារតែប្តីគឺជាមនុស្ស ប្រមឹកស្រាផង និងមានចិត្តប្រចណ្ឌខ្លាំងផង ហេតុនេះ ចេះតែរករឿងឈ្លោះប្រកែកជាមួយគាត់ជាប្រពន្ធមិនឈប់ និងថែមទាំងប្រើហិង្សាញឹក ញាប់ទៀតផង ពិសេសនៅពេលផឹកស្រាស្រវឹង។
ស្ត្រីរងគ្រោះជាប្រពន្ធ បន្តថា នៅមុនពេលកើតហេតុ កាលពីព្រលប់ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៨ ប្តីរបស់គាត់ បានចេញទៅផឹកស្រា រហូតដល់កណ្តាលយប់ ស្រវឹងធ្លាក់ភ្នែក ទើបត្រឡប់មកដល់ផ្ទះវិញ លុះមកដល់ ឃើញគាត់កំពុងតែដេក ក៏ស្រាប់តែរករឿងឈ្លោះប្រកែក ចោទ ថាគាត់ក្បត់ចិត្តប្តី ហើយទោះជាគាត់មិនតបតយ៉ាងណា ក៏ប្តីនៅតែមួម៉ៅក្តៅចិត្ត រហូតផ្ទុះជាហិង្សា ស្ទុះទៅទាញដំបង មកវាយសំពងក្បាលគាត់ចំ ពីក្រោយ បណ្តាលឱ្យបែកក្បាលហូរឈាមជោកខ្លួនតែម្តង។
ក្រោយកើតហេតុ ស្ត្រីរងគ្រោះត្រូវបានគេដឹកបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត។ ចំណែក ជនដៃដល់ជាប្តីត្រូវបានសមត្ថកិច្ច ចុះឃាត់ខ្លួននាំយកទៅសាកសួរ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា មូលហេតុដែលបណ្តាលឱ្យមានអំពើហិង្សានេះ គឺដោយសារតែគាត់ផឹកស្រា ស្រវឹងខ្លាំងផង និងមានចិត្តប្រចណ្ឌនឹងប្រពន្ធផង ទើបផ្ទុះហិង្សាបែបនេះតែម្តង។
បច្ចុប្បន្នកម្លាំងសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅសាលាដំបូងខេត្តដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕