ខេត្តមណ្ឌលគិរី ៖ ជនដៃដល់ចំនួន៤នាក់ ក្នុងនោះ មានម្នាក់ជានាយប៉ុស្តិ៍អូររលែ ដែល សង្ស័យជាប់ទាក់ទងនឹងការបាញ់សម្លាប់មន្ត្រី អាវុធហត្ថ មន្ត្រីបរិស្ថាន និងមន្ត្រីអង្គការ WCS នៅចំណុចដែនជម្រកសត្វព្រៃ កែវសីមា ក្បែរ ប៉ុស្តិ៍នគរបាលការពារព្រំដែនគោក អូររលែ ស្ថិតក្នុងភូមិពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូររាំង ត្រូវបានចាប់សមត្ថកិច្ចជំនាញស្រាវជ្រាវ ចាប់ឃាត់ខ្លួនបានជាបន្តបន្ទាប់។
លោកឧត្តមសេនីយ៍ត្រីសូ សុវណ្ណ ស្នងការរងទទួលផែនព្រហ្មទណ្ឌ ខេត្តមណ្ឌលគិរី បាន បញ្ជាក់ប្រាប់ថា ជនដៃដល់ ជានាយនគរបាល ប៉ុស្តិ៍អូររលែ ដែលជាអ្នកសម្លាប់ជនរងគ្រោះ ទាំង៣នាក់នោះ ត្រូវបានចាប់ខ្លួនហើយ កាល ពីព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៨ នៅក្នុង ភូមិសាស្ត្រស្រុកមេមត់ ខេត្តត្បូងឃ្មុំ ខណៈជនដៃដល់រូបនេះ បម្រុងរត់គេចខ្លួនទៅស្រុកកំណើត នៅខេត្តព្រៃវែង។
លោកស្នងការរង សូ សុវណ្ណ បានបញ្ជាក់ បន្ថែមថា នាយនគរបាលប៉ុស្តិ៍អូររលែ ឈ្មោះ ផល ពេញ បានសារភាពប្រាប់សមត្ថកិច្ច ហើយ ថ រូបគេគឺជាអ្នកបាញ់សម្លាប់ជនរងគ្រោះទាំង ៣នាក់ ពិតប្រាកដមែន ដោយផ្តើមចេញពីការទាស់ទែងគ្នា។ យ៉ាងណាក៏ដោយ លោកស្នងការរង នៅមិនទាន់អាចបញ្ជាក់លម្អិត ចំពោះ ដំណើររឿងពាក់ព័ន្ធការទាស់ទែងគ្នានោះឡើយ ពោលគឺត្រូវរង់ចាំការសាកសួរ និងស្រាវជ្រាវបន្តទៀតសិន។
តាមសម្តីរបស់ជនសង្ស័យឈ្មោះផល ពេញ បានឱ្យដឹងថា នៅមុនពេលត្រូវសមត្ថកិច្ចចាប់ខ្លួន រូបគេបានគេចខ្លួនចូលខេត្តស្ទឹងត្រែង រហូតមកដល់វេលាម៉ោង៦ព្រឹក ថ្ងៃទី០២ ខែ កុម្ភៈ ឆ្នាំ២០១៨ រូបគេបានជិះម៉ូតូចេញពីខេត្តស្ទឹងត្រែង សំដៅទៅស្រុកកំណើតឯខេត្តព្រៃវែង តែពេលមកដល់ភូមិសាស្ត្រស្រុកមេមត់ បានចូលហូបគុយទាវនៅហាងមួយ ក៏ត្រូវសមត្ថកិច្ចចាប់ ខ្លួនបានតែម្តង។
លោកឧត្តមសេនីយ៍ទោបែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានបញ្ជាក់ប្រាប់ថា ជនដៃដល់ឈ្មោះផល ពេញ ជានាយប៉ុស្តិ៍អូររលែ ត្រូវបានកម្លាំងនគរបាលស្រុកមេមត់ សហការជាមួយនគរបាលខេត្តមណ្ឌលគិរី ចាប់ខ្លួនបាននៅពេលកំពុងចូលហូបគុយទាវ នៅហាងឥន្ទ្រី ក្នុងចំណុចស្រុកមេមត់ ខេត្តត្បូងឃ្មុំ កាលពីព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៨។
ក្រោយឃាត់ខ្លួនបាន ជនសង្ស័យឈ្មោះ ផល ពេញ អតីតនាយប៉ុស្តិ៍អូររលែ ត្រូវបានបញ្ជូនខ្លួនមកកាន់ក្រសួងមហាផ្ទៃ នៅឯរាជធានីភ្នំពេញ ដើម្បីសាកសួរជាមុនសិន ទើបបញ្ជូនត្រឡប់ទៅកាន់ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី វិញ។
លោកឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាសមាជិកគណៈកម្មការដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើថ្នាក់ជាតិ ដែលកំពុងដឹកនាំកម្លាំងចុះស្រាវជ្រាវករណីបាញ់សម្លាប់មន្ត្រីការពារព្រៃឈើ ដល់ទៅ៣នាក់នេះ បានថ្លែងប្រាប់ថា គិតត្រឹមព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៨ មន្ត្រីយោធាការពារព្រំដែន ៣នាក់ និងមន្ត្រីនគរបាលការពារព្រំដែនម្នាក់ រួមនិងជនដៃដល់ជានាយប៉ុស្តិ៍អូររលែ ម្នាក់ទៀត សរុបចំនួន៥នាក់ ត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់ ពាក់ព័ន្ធការបាញ់សម្លាប់មនុស្ស៣នាក់ នៅស្រុកអូររាំង។
បើតាមលោកឧត្តមសេនីយ៍ហុង វិណុល ជនសង្ស័យទាំងនេះ មានការជាប់ពាក់ព័ន្ធករណី ដែលអនុញ្ញាតឱ្យជនជាតិវៀតណាម ចូលមកប្រព្រឹត្តបទល្មើសព្រៃឈើ នៅក្នុងដីកម្ពុជា ហើយនៅពេលនេះ កម្លាំងជំនាញកំពុងបន្តសាកសួរ ព្រមទាំងបានសួរនាំសាក្សីមួយចំនួន ផងដែរ។
គួរបញ្ជាក់ថា ក្រោយកើតមានករណី បាញ់ប្រហារ បណ្តាលឱ្យមន្ត្រីការពារព្រៃឈើ ចំនួន៣នាក់ស្លាប់មក មន្ត្រីយោធាការពារព្រំដែនម្នាក់ ឈ្មោះកើត វេហា ត្រូវបានចាប់ខ្លួន មុនគេ កាលពីយប់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨ ជាមួយនេះ កម្លាំងសមត្ថកិច្ចជាច្រើននាក់ រួម មាននគរបាល អាវុធហត្ថ និងកម្លាំងយោធា ខេត្តមណ្ឌលគិរី សហការជាមួយគណៈកម្មការ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ ក្រោមការបញ្ជាផ្ទាល់ពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ សៅ សុខា ប្រធាន គណៈកម្មការ ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសព្រៃឈើ និងជាមេបញ្ជាការកងរាជអាវុធ ហត្ថលើផ្ទៃប្រទេសបានបើកប្រតិបត្តិការក្តៅ តាមរុករកដើម្បីចាប់ខ្លួនក្រុមជនជាខ្មាន់កាំភ្លើង ដៃដល់ ដែលបាញ់សម្លាប់មនុស្ស៣នាក់ នៅ ស្រុកអូររាំង។
គួររំលឹកថា កាលពីរសៀលថ្ងៃទី៣០ ខែ មករា ឆ្នាំ២០១៨ កន្លងទៅ មានហេតុការណ៍ បាញ់ប្រហារមួយ បានកើតឡើងនៅចំណុចដែន ជម្រកសត្វព្រៃកែវសីមា ក្បែរប៉ុស្តិ៍នគរបាល ការពារព្រំដែនគោកអូររលែ ស្ថិតក្នុងភូមិពូហ្យាម ឃុំសែន មនោរម្យ ស្រុកអូររាំង បណ្តាលឱ្យ មន្ត្រីការពារព្រៃឈើចំនួន៣នាក់ បានស្លាប់យ៉ាង អាណោចអាធ័ម ដែលក្នុងនោះ រួមមានទី១-ឈ្មោះតឿន សុខណៃ ជាមន្ត្រីឧទ្យានុរក្សដែន ជម្រកសត្វព្រៃកែវសីមា ប្រចាំនៅស្នាក់ការ អូររាំង ទី២-ឈ្មោះសេក វឌ្ឍនា ជាមន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលរួមសហការ និងទី៣-ឈ្មោះធួន ខ្នារ ជាមន្ត្រីអង្គការ សមាគមអភិរក្សសត្វព្រៃ WCS ផ្នែកផែនទី (GPS)។
ជុំវិញករណីឃាតកម្មលើមន្ត្រីការពារព្រៃ ឈើ៣នាក់ ខាងលើនេះដែរ អង្គការសមាគម អភិរក្សសត្វព្រៃ (WCS) បនាចេញសេចក្តី ថ្លែងការណ៍សម្តែងនូវក្តីព្រួយបារម្ភ សោកស្តាយ យ៉ាងខ្លាំងចំពោះការបាត់បង់វីរជនអភិរក្សព្រៃ ឈើទាំង៣រូបនេះ។
សេចក្តីថ្លែងការណ៍របស់អង្គការសមាគម អភិរក្សសត្វព្រៃ (Wildlife Conservation Society-WCS) ស្តីពីការបាញ់សម្លាប់វីរជន អភិរក្សព្រៃឈើ ចំនួន០៣រូប នៅក្នុងដែនជម្រក សត្វព្រៃកែវសីមា ចុះថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ ២០១៨ នោះ មានខ្លឹមសារថា “អង្គការ WCS សម្តែងនូវក្តីព្រួយបារម្ភយ៉ាងខ្លាំងចំពោះការបាញ់ សម្លាប់វីរជនអភិរក្សព្រៃឈើ ចំនួន០៣រូប កាល ពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ ដូចខាងក្រោម នេះ ៖
លោកកែន សេរីរដ្ឋា នាយកអង្គការ WCS មានប្រសាសន៍ដូចខាងក្រោម ៖ អង្គការ WCS សូមសម្តែងនូវការសោកស្តាយ និងសូមចូលរួម រំលែកទុក្ខដ៏មហាក្រៀមក្រំនេះជាមួយក្រុមគ្រួសារ និងសាច់ញាតិរបស់វីរជនអភិរក្សព្រៃ ឈើ ទាំង០៣រូប មានលោកតឺន សុខណៃ មន្ត្រី ឧទ្យានុរក្សរបស់ក្រសួងបរិស្ថាន លោកសេក វឌ្ឍនា មន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោកថុល ខ្នា មន្ត្រីផ្នែកព័ត៌មានភូមិសាស្ត្រ អង្គការ WCS ដែលត្រូវបានជនប្រដាប់អាវុធ មិនស្គាល់មុខ លួចបាញ់សម្លាប់នៅពេលពួក គាត់កំពុង ចុះបំពេញការងារដើរល្បាតព្រៃ ក្បែរ ព្រំប្រទល់កម្ពុជា និងវៀតណាម។
លោកសុខណៃ អាយុ៣៧ឆ្នាំ លោកវឌ្ឍនា អាយុ៣៤ឆ្នាំ និងលោកខ្នា អាយុ២៤ឆ្នាំ ត្រូវ បានជនល្មើសបាញ់សម្លាប់ ពេលពួកគាត់ត្រឡប់ ពីចំណុចអូរហុច ព្រំប្រទល់កម្ពុជា និងវៀតណាម បន្ទាប់ពីបានប្រទះឃើញជំរំ ស្នាក់នៅរបស់ជនល្មើសកាប់ឈើខុសច្បាប់ និងដកហូតរឹបអូស យករណារយន្ត និងម៉ូតូដែលប្រើប្រាស់សម្រាប់ សម្រាប់ដឹកជញ្ជូនឈើ។
លោកសុខណៃ គឺជាជនជាតិដើមភាគតិច ព្នង រស់នៅក្នុងភូមិពូចាម ស្រុកអូររាំង ខេត្ត មណ្ឌលគិរី។ គាត់ធំដឹងក្តីជាមួយធម្មជាតិ និង សត្វព្រៃ ហើយតាំងពីកុមារភាព គាត់បានយល់ ដឹងអំពីសារសំខាន់នៃព្រៃឈើ និងសត្វព្រៃ ជាពិសេស ការងារអភិរក្ស។ បន្ទាប់ពីទទួល បានបរិញ្ញាបត្រផ្នែកគ្រប់គ្រងធនធានមនុស្ស ពីសាកលវិទ្យាល័យជាតិគ្រប់គ្រងនៅរាជធានីភ្នំពេញ លោកសុខណៃ បានចាប់ផ្តើមការងារ ជាមួយអង្គការ WCS ជាជំនួយការគម្រោង ទេសចរណ៍ធម្មជាតិ នៅក្នុងដែនជម្រកសត្វព្រៃ កែវសីមា អស់រយៈពេល០៤ឆ្នាំ។ ក្នុងតួនាទីនេះ គាត់បានរៀបចំបង្កើតគម្រោងទេសចរណ៍ជំរំ សត្វទោច ដែលមានទីតាំងស្ថិតនៅក្បែរភូមិ អណ្តូងក្រឡឹង ក្នុងដែនជម្រកសត្វព្រៃ កែវសីមា ដែលភ្ញៀវទេសចរអាចមកកម្សាន្ត និងស្នាក់នៅ ហើយអាចឱ្យសហគមន៍អាចរកប្រាក់ចំណូល បានទៀតផង។ សម្រាប់ជនជាតិដើមភាគតិច ពាក្យ “ចាហូ” មានន័យថា សត្វទោចថ្ពាល់ លឿងញី ហើយត្រូវបានគេយកមកដាក់ជា ឈ្មោះឱ្យគម្រោងទេសចរណ៍នៅភូមិអណ្តូង ក្រឡឹងនេះ។ សត្វទោចថ្ពាល់លឿងនេះ គឺជា ប្រភេទសត្វមួយដែលលោកសុខណៃ ចង់ការពារ និងស្គាល់ច្បាស់អំពីពួកវា ពិសេសពេលមាន ភ្ញៀវ មកកម្សាន្តម្តងៗ គាត់តែងនិយាយរឿង ព្រេងអំពីប្រវត្តិសត្វទោចនេះ។ ក្រោយមក គាត់បានចូលបម្រើការងារជាមន្ត្រីឧទ្យានុរក្ស របស់ក្រសួងបរិស្ថាន និងក្លាយជាមន្ត្រីសមភាគី អង្គការ WCS នៅពាក់កណ្តាលឆ្នាំ២០១៧ ដោយហេតុថា គាត់បានឃើញនិងដឹងនូវអ្វីដែល បានកើតឡើងចំពោះធនធានព្រៃឈើដែល គាត់ស្រលាញ់ និងចង់ការពារទាំងអស់នោះ។ លោកសុខណៃ ទទួលបានការគោរពស្រលាញ់ ពីសហគមន៍ជនជាតិដើមភាគតិច ព្នង មិត្តភក្តិ រួមការងារ និងភ្ញៀវទេសចរដែលធ្លាប់បានទៅកម្សាន្តនៅជំរំសត្វទោច ពីព្រោះអ្នកគ្រប់គ្នា សុទ្ធតែបានដឹង និងទទួលស្គាល់ឆន្ទះ និងការខិតខំប្រឹងប្រែងរបស់លោក កន្លងមក ក្នុងការថែរក្សា និងការពារធនធានធម្មជាតិ។ គាត់ បានបន្សល់ទុកនូវភរិយា និងកូនស្រីតូចចំនួន ០២នាក់ ដែលមានអាយុ០១ឆ្នាំ និង០៤ឆ្នាំ។
លោកវឌ្ឍនា ដែលបន្សល់ទុកនូវភរិយា និងកូនស្រីតូចៗចំនួន ២នាក់ មានអាយុ២ឆ្នាំ និង៥ឆ្នាំ មានស្រុកកំណើតនៅរាជធានីភ្នំពេញ។ បន្ទាប់ពីបញ្ចប់បរិញ្ញាបត្រ គាត់បានចូលបម្រើ ការងារជាកងរាជអាវុធហត្ថលើផ្ទៃប្រទេស។ នៅក្នុងឆ្នាំ២០១៦ គាត់បានផ្លាស់មកកាន់កែវសីមា និងបានចូលបម្រើការងារជាមន្ត្រីសមភាគី កងរាជអាវុធហត្ថ និងជាសមាជិកក្រុមល្បាត។ លោក វឌ្ឍនា បានធ្វើការជាមួយមន្ត្រីឧទ្យានុរក្សរបស់ក្រសួងបរិស្ថាន និងក្រុមល្បាតសហគមន៍ ដើម្បីការពារដែនជម្រកសត្វព្រៃកែវសីមា នេះ។ គាត់គឺជាមន្ត្រីឧស្សាហ៍ព្យាយាម និង ទទួលបានការគោរពស្រលាញ់ពីសមាជិកក្រុម ហើយនឹងស្ថិតនៅក្នុងចិត្តមិត្តរួមការងាររបស់ គាត់ទាំងអស់។
លោកខ្នា ធំដឹងក្តីនៅក្នុងភូមិប៉ែនមាស ដែលជាភូមិដាច់ស្រយាលមួយ នៅក្នុងឃុំសំរោង ស្រុកត្រាំកក់ ខេត្តតាកែវ។ គាត់គឺជាកូនតែ ម្នាក់គត់នៅក្នុងក្រុមគ្រួសារដែលបានចូលរៀន នៅសាកលវិទ្យាល័យ ហើយបញ្ចប់បរិញ្ញាបត្រ ផ្នែកវិទ្យាសាស្ត្រព្រៃឈើ ពីសាកលវិទ្យាល័យ ភូមិន្ទកសិកម្ម “ចម្ការដូង” នៅឆ្នាំ២០១៦។ គាត់បានបន្តការសិក្សាអាហារូបករណ៍រយៈពេល ១០ខែ នៅក្នុងប្រទេសអ៊ីស្រាអែល ផ្នែកប្រព័ន្ធ ព័ត៌មានភូមិសាស្ត្រ។ លោកខ្នា បានចូលរួមជាមួយអង្គការ WCS នៅក្នុងឆ្នាំ២០១៧ ជាមួយ ក្រុមការងារ Geographic Information System (GIS) និង Spatial Monitoring And Report Tool (SMART)។ គាត់ពេញ ចិត្តនឹងធ្វើការងារជាក្រុម ដើម្បីស្វែងរកវិធីសាស្ត្រថ្មី ដោយប្រើប្រាស់ទិន្នន័យពីលើអាកាស សម្រាប់ការងារអភិរក្ស។ ផ្នែកមួយនៃការងារ របស់គាត់ គឺជួយពង្រឹងគុណភាពនៃការត្រួតពិនិត្យ និងការប្រមូលទិន្នន័យនៅទីវាល ដែល តម្រូវឱ្យគាត់ត្រូវចុះទៅក្នុងព្រៃ។ ទោះបីជា គាត់បានចូលរួមជាមួយអង្គការ WCS បានតិច ជាង១ឆ្នាំក្តី គាត់គឺជាសមាជិកដ៏មានប្រជាប្រិយភាពម្នាក់នៅក្នុងក្រុម និងមិនអាចបំភ្លេច បានជារៀងរហូត។ គាត់បន្សល់ទុកភរិយានិង កូនស្រីដ៏តូចម្នាក់ ដែលមានអាយុទើបតែ២ខែ កន្លះប៉ុណ្ណោះ”។
សេចក្តីថ្លែងការណ៍របស់អង្គការ WCS បានបន្តថា “អង្គការ WCS ពិតជាមានការរន្ធត់ និងសោកស្តាយយ៉ាងខ្លាំងចំពោះការបាត់បង់ វីរជនអភិរក្សទាំង ៣រូប ខាងលើនេះ។ ជាការ គោរព និងឆ្លើយតបចំពោះឆន្ទៈ និងការប្តេជ្ញា ចិត្តរបស់ពួកគាត់ និងមន្ត្រីអភិរក្សផ្សេងទៀត ដែលបានចំណាយពេលវេលាការការពារព្រៃឈើ និងសត្វព្រៃ នៅក្នុងប្រទេសកម្ពុជា អង្គការ WCS នឹងបន្តគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា និងសហគមន៍ដៃគូ ដើម្បីរួមគ្នាបញ្ឈប់ការកាប់ ឆ្ការដីព្រៃ ការកាប់ព្រៃឈើ និងបរបាញ់សត្វព្រៃ ខុសច្បាប់ព្រមទាំងស្វែងរកយុត្តិធម៌ជូនជនរងគ្រោះ និងក្រុមគ្រួសារ។
ជារៀងរាល់ថ្ងៃ មន្ត្រីឧទ្យានុរក្ស និងក្រុម អនុវត្តច្បាប់ បានប្រថុយជីវិតរបស់ខ្លួនដើម្បី ការពារសត្វព្រៃ និងព្រៃឈើ។ យើងមិនត្រូវ អនុញ្ញាតឱ្យឧក្រិដ្ឋជនកាប់បំផ្លាញព្រៃនៅកម្ពុជា គំរាមកំហែងនិងបាញ់សម្លាប់អ្នកការពារសម្បត្តិ ធម្មជាតិ កើតឡើងជាថ្មីម្តងទៀតឡើយ។ យើង ទាំងអស់គ្នា នឹងចងចាំ លោកសុខណៃ លោក វឌ្ឍនា និងលោកខ្នា ជាវីរជនអភិរក្សព្រៃឈើ ជារៀងរហូត”៕