ខេត្តកំពត ៖ ស្ត្រីម្នាក់នេះមានវាសនាអភ័ព្វខុសគេ ជួបតែស្នេហ៍មិនសមបំណង បានប្តីម្តងជាពីរដង ប៉ះចំសុទ្ធតែជាប្រុសព្រានបោកប្រាស់ បានប្រាណឆ្អែតឆ្អន់ ក៏បោះបង់ចោលទៅទាក់ទងមានស្រីថ្មីបាត់ លុះប៉ះប្តីទី៣ វ័យចំណាស់ នឹកថាអាចពឹងផ្អែកជីវិតរួមរស់ក្នុងសុភមង្គលបាន ដឹងអី! ប៉ះលើប្តីគេ ហើយគ្រាន់តែដឹងថា នាងមានផ្ទៃពោះ ក៏រកលេសដោះដៃដេញនាងចុះចេញពីផ្ទះ។
នាងនឹម អេម អាយុ៣៥ឆ្នាំ សព្វថ្ងៃរស់នៅភូមិព្រៃបែន ឃុំសត្វពង ស្រុកឈូក បានរៀបរាប់ប្រាប់ថា នាងគឺជាកូនពៅ ក្នុងចំណោមបងប្អូន២នាក់ (ស្រីទាំង២) មានម្តាយឈ្មោះអ៊ុំ ណាំ អាយុ៧៤ឆ្នាំ ឪពុកស្លាប់។ កាលពីក្មេង នាងរៀនសូត្របានតិចណាស់ ព្រោះតែជីវភាពមិនអំណោយផល ក៏ឈប់រៀនទៅជួយធ្វើការងារស្រែចម្ការ និងការងារផ្ទះម្តាយវិញ។
នាងនឹម អេម បន្តថា និយាយដល់រឿងស្នេហាវិញ នាងហាក់មិនសមប្រកបដូចគេសោះ ព្រោះក្នុងមួយជាតិនេះ នាងបានធ្លាក់ខ្លួនជាស្រីមេម៉ាយ៣ភ្លើងមកហើយ និងសល់ត្រឹមតែកូនប្រុស៣នាក់ ដែលគ្មានឪពុកហៅនឹងគេសោះ។ កាលពីវ័យក្រមុំ នាងមានរូបឆោមល្អស្រស់សមរម្យ មិនចាញ់ក្រមុំក្នុងភូមិឡើយ ជាហេតុធ្វើឱ្យប្រុសៗក្នុងភូមិជ្រួលជ្រើមតាមញ៉ែរាប់មិនអស់ តែនាងហាក់គ្មាននិស្ស័យសោះ។ លុះចូលដល់អាយុ២០ឆ្នាំ បែរជាទៅធ្លាក់អន្លង់ផុងស្នេហ៍ជាមួយបុរសពោះម៉ាយកូន៥ អាយុដល់ទៅ៥០ឆ្នាំប្លាយ ធ្វើឱ្យកំលោះក្នុងភូមិសើចចំអកគ្រប់គ្នា ព្រោះមានប្រុសកំលោះទាក់ទងសុំស្នេហ៍ ចូលស្តីដណ្តឹងរៀបការត្រឹមត្រូវ នាងមិនព្រម បែរជាមកលង់ខ្លួនសែនព្រេនមួយព្រឹក ដោយមានតែមាន់ស្ងោរ១ក្បាល បន្ទន់ចិត្តខ្មោចមេបាប៉ុណ្ណោះ។
នាងនឹម អេម បានឱ្យដឹងទៀតថា ក្រោយពីរួមរស់នឹងប្តីចំណាស់ឈ្មោះថា បានរយៈពេលប្រមាណជាង១ឆ្នាំ បង្កើតបានកូនប្រុសមួយ ស្រាប់តែប្តីជើងល្អបានចុះចោលនាងទៅរកស្រីថ្មីបាត់ ទុកឱ្យនាងធ្លាក់ខ្លួនមេម៉ាយកូន១ទាំងវ័យក្មេង។ បន្ទាប់មក ដោយសារតែរស់នៅក្នុងជីវភាពជាស្ត្រីមេម៉ាយចិញ្ចឹមកូនតែម្នាក់ឯង លំបាកវេទនាខ្លាំងពេក ទើបនៅពេលដែលមានបុរសពោះម៉ាយម្នាក់ ឈ្មោះផា អាយុ៤០ឆ្នាំ បានតាមមកចែចង់ នាងក៏ស្ម័គ្រព្រមផ្ញើវាសនា ដោយមិនបានគិតវែងឆ្ងាយប៉ុន្មានទេ។ ពេលនោះ នាងនិងប្តីទី២ បានត្រឹមសែនដូចគ្នា ដោយសារតែជីវភាពក្រីក្រពេក។ តាំងពីចាប់ដៃជាមួយប្តីទី២មក ឃើញថា ប្តីនេះស្រលាញ់ថ្នាក់ថ្នមនាងល្អណាស់ មិនសូវធ្វើឱ្យនាងទាស់ចិត្តឡើយ គ្រាន់តែថា លុយកាក់រកមិនសូវបានប៉ុណ្ណោះ។ លុះពេលរួមស្នេហ៍នឹងគ្នាបានជាង២ឆ្នាំ មានកូនប្រុសម្នាក់ជាចំណងនិស្ស័យ ស្រាប់តែប្តីទី២នេះ បែកគំនិតអស់ចិត្តពីនាង រួចក៏ចុះចោលទៅយកប្រពន្ធថ្មីបាត់ទៀត ជាហេតុធ្វើឱ្យនាងឈឺចិត្តស្អិតទ្រូង ចំពោះវាសនាខ្លួនឯងដែលប៉ះតែប្រុសបោកមិនឈប់ឈរសោះ។
នាងនឹម អេម បានបន្ថែមថា នៅពេលជួបប្តី២ដង សុទ្ធតែខកបំណងស្ទើរក្អួតឈាមបែបនេះ បនាធ្វើឱ្យនាងស្ទើរតែលែងហ៊ានជឿ ទុកចិត្តលើមនុស្សប្រុសទៀតហើយ និងធ្លាប់សច្ចាថា នឹងមិនយកប្តីទៀតទេ។ ដឹងអី! នៅពេលធ្លាក់ខ្លួនមេម៉ាយកាយកំព្រាជាច្រើនឆ្នាំរួចមក ស្រាប់តែថ្ងៃមួយ ទូរស័ព្ទរបស់នាងបានរោទិ៍ឡើង ហើយនាងក៏លើកចុចទទួល ក៏ឮសំឡេងមនុស្សប្រុសម្នាក់ឆ្លើយឆ្លងមក ទើបដឹងថា ខលមកច្រឡំលេខ តែពេលនោះបុរសនោះបែរជាសុំរាប់អាននាងទៅវិញ ដោយប្រាប់ថា គាត់មានឈ្មោះរ៉ាន់ អាយុជាង៥០ប្លាយហើយ និងមានស្រុកកំណើតនៅស្រុកត្រាំកក់ ខេត្តតាកែវ តែសព្វថ្ងៃបានចេញទៅរកស៊ីនៅខេត្តរតនៈគិរី ឯណោះ។ បុរសឈ្មោះរ៉ាន់នោះ បានប្រាប់ទៀតថា គាត់ជាពោះម៉ាយគ្មានជាប់ពាក់ព័ន្ធនឹងប្រពន្ធកូនទេ និងកំពុងតែសម្លឹងរកមើលគូគាប់ គ្រាន់មើលថែគ្នាទៅវិញទៅមកទៀតផង។ តាំងពីថ្ងៃនោះមក បុរសពោះម៉ាយឈ្មោះ រ៉ាន់ តែងខលទូរស័ព្ទមករកនាងរាល់ថ្ងៃ និងចេះតែផ្តោះផ្តងលែបខាយពាក្យស្នេហារាប់មិនអស់ រហូតដល់នាងបាក់ចិត្តលង់ស្នេហ៍ ស្កាត់តាមទៅរកប្រុសដល់ខេត្តរតនៈគិរី ហើយក៏បានរួមរស់នឹងគ្នាជាប្តីប្រពន្ធដោយគ្មានខាន់ស្លាអ្វីទាំងអស់។
នាងនឹម អេម បញ្ជាក់ថា អំឡុងពេលរួមស្នេហ៍នឹងប្តីទី៣នេះ នាងគិតរំពឹងក្នុងចិត្តថា ចំណងស្នេហ៍មួយនេះ អាចឱ្យនាងផ្ញើវាសនាទៅអនាគតបានហើយ ហើយនាងក៏មិនប្រាថ្នាអ្វីគ្រាន់តែចង់រស់នៅដោយសុភមង្គល និងមានប្តីចេះស្រលាញ់ថ្នាក់ថ្នមចិត្តនោះឡើយ។ ដឹងអី! ក្រោយពីដឹងថា នាងចាប់ផ្តើមមានផ្ទៃពោះមក ស្រាប់តែប្តីកំហូចបានសារភាពប្រាប់នាងតាមត្រង់ថា តាមពិតគាត់មានប្រពន្ធកូនរួចទៅហើយ និងមិនបានលែងលះគ្នាអ្វីទេ។ គ្រាន់តែស្តាប់ឮបែបនេះ ធ្វើឱ្យនាងស្ទើរគាំងបេះដូងស្លាប់ភ្លាមៗ ប៉ុន្តែស៊ូទ្រាំកាត់ចិត្តទ្រាំរួមរស់បែបនេះទៅ ព្រោះថាបំណាច់ជ្រុលក្បាលក្រពើទៅហើយ។
នាងនឹម អេម បានបញ្ជាក់ឱ្យដឹងទៀតថា តាមពិតគំនិតប្តីទី៣នេះ គឺមិនខុសពីប្តីមុនៗរបស់នាងឡើយ ទុកនាងដូចក្របីគ្រាន់ជិះចម្លងភក់តែប៉ុណ្ណោះ លុះនាងបម្រើគេបានស្កប់ស្កល់តណ្ហាហើយ ក៏រកលេសដោះដៃបណ្តេញនាងចេញពីផ្ទះ ធ្វើឱ្យនាងត្រូវស្ពាយពោះវិលមកស្រុកកំណើតវិញ និងស៊ូទ្រាំរស់នៅយ៉ាងលំបាកវេទនា សម្រាលកូនដោយគ្មានលុយ១រៀលជាប់ខ្លួន។ មកដល់សព្វថ្ងៃនេះ នាងបានធ្លាក់ខ្លួនមេម៉ាយ៣ដងហើយ និងមានកូនប្រុសដល់ទៅ៣នាក់ ដែលមិនបានស្គាល់មុខឪពុកទាល់តែសោះ ហើយមិនដឹងថាជាតិមុននាងសាងបាបកម្មអ្វី បានជាជាតិនេះរកប្រុសស្មោះម្នាក់មិនបាន ជួបតែប្តីហេងស៊យ បោកយកតែប្រាណ រួចដោះដៃចោលអស់៕