Sunday, November 24, 2024
Homeបរិយាយវង្វេងសួរវង្វេង កាន់តែវង្វេង

វង្វេងសួរវង្វេង កាន់តែវង្វេង

ករណីពួកប្រឆាំងបង្កើត “ចលនាសង្គ្រោះជាតិ” បែកចេញពី “អតីតគណបក្សសង្គ្រោះជាតិ” ដែលរលំរលាយទៅហើយ នោះ ក៏​ស្រាប់តែ “គណបក្សសិទ្ធិមនុស្ស” រំលាយខ្លួនឯងឱ្យក្សិណក្ស័យទៅតាមគ្នា បណ្តាលឱ្យប្រជាពលរដ្ឋ “វង្វេងស៊ុង” តែម្តង ក៏សួរគ្នាទៅវិញទៅមកថា ពួកប្រឆាំងបែកបាក់គ្នាឬយ៉ាងម៉េច? ប៉ុន្តែ អ្នកសួរក៏វង្វេង អ្នកឆ្លើយក៏វង្វេង ដល់អ៊ីចឹង ទៅ “វង្វេងសួរវង្វេង កាន់តែវង្វេង” ដែល “នគរធំ” សូមលើករឿង “វង្វេង” មកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។

អ្នកចូលព្រៃកាប់ឈើពីរនាក់ បានចូលព្រៃនៅតំបន់ភ្នំក្រវាញ ជ្រៅទៅៗ ស្រាប់តែវង្វេងមិនដឹងឯលិចឯកើត ព្រោះ មេឃស្រទំ មើលថ្ងៃមិនឃើញ។ រឿងវង្វេងនេះ ពួកគាត់ជឿថា មកពី “ម្រេញគង្វាល” ធ្វើឱ្យវង្វេង ព្រោះភ្លេចថ្វាយសំណែន មុនចូលព្រៃ ក៏សួរគ្នាទៅវិញទៅមក ប៉ុន្តែ “អ្នកវង្វេងសួរអ្នកវង្វេង បានត្រឹមវង្វេង” ៣យប់៣ថ្ងៃ ស៊ីតែផ្លែសិរមាន់ ផ្លែគុយ រហូតដល់ថ្ងៃទី៤ ទើបរកផ្លូវចេញមកវិញរួច។

យ៉ាងណាមិញ រឿងនយោបាយសព្វថ្ងៃ បានធ្វើឱ្យប្រជាពលរដ្ឋដែលមួយចំនួន វង្វេងគ្រប់គ្នា ពាក់ព័ន្ធដល់ការរំលាយ អតីត “គណបក្សសង្គ្រោះជាតិ” ស្រាប់តែចេញ “ចលនាសង្គ្រោះជាតិ” ហើយ “គណបក្សសិទ្ធិមនុស្ស” ក៏រំលាយខ្លួនឯងឱ្យ សូន្យជីវិតទៅតាមគ្នា។

បន្ទាប់ពីលោកសម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ ផ្តើមគំនិតបង្កើត “ចលនាសង្គ្រោះជាតិ” មក ស្រាប់តែ លោកពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា សរសេរក្នុងទំព័រហ្វេសប៊ុករបស់លោកថា “លោកសម រង្ស៊ី ជារនុកក្នុង របស់សម្តេចហ៊ុន សែន” ជាហេតុនាំឱ្យពួកប្រឆាំងខ្លះកើតមន្ទិលសង្ស័យថា អតីតប្រធានបក្សប្រឆាំងនោះ ធ្វើនយោបាយ ជាង ២០ឆ្នាំ កន្លងមក គឺ “ស៊ីឈ្នួលចាញ់”។ ស្របពេលនោះដែរ ខ្សែខាងលោកកឹម សុខា មានលោកយ៉ែម បុញ្ញប្ញទ្ធិ លោក មុត ចន្ថា ជាដើម បានប្រកាសមិនចូលរួមក្នុង “ចលនាសង្គ្រោះជាតិ” ដោយសង្ស័យថា លោកសម រង្ស៊ី បង្កើតចលនានេះ “ដើម្បីចរចាជាមួយបក្សកាន់អំណាច” ឯអ្នកខ្លះទៀតថា លោកសម រង្ស៊ី ធ្វើឱ្យបែកបាក់គ្នា រុញលោកកឹម សុខា ឱ្យជាប់គុក បានយូរ ជាក់ស្តែងសាលដីកាសាលាឧទ្ធរណ៍ បានសម្រេចឱ្យបន្តឃុំខ្លួនលោកកឹម សុខា ដោយមិនអាចដោះលែងឱ្យនៅក្រៅឃុំបានឡើយ។ ចំណែកសឺន សូប៊ែរ្ត៍ ប្រធានបក្សសិទ្ធិមនុស្សបានថ្លែងថា ការដែលលោកសម្រេចចិត្តរំលាយគណបក្សសិទ្ធិ មនុស្ស គឺចង់ចូលរួមជាមួយគណបក្សសង្គ្រោះជាតិ ដែលសហគមន៍អន្តរជាតិ នៅតែទទួលស្គាល់ ប៉ុន្តែ មន្ត្រីបក្សកាន់អំណាច លើកឡើងថា មកពីពួកប្រឆាំងបែកបាក់គ្នា បានជាបក្សសិទ្ធិមនុស្ស រំលាយខ្លួនឯងឱ្យវាសាបសូន្យតែម្តងទៅ។

សម្រេចទៅ រឿងនយោបាយពេលនេះស្មុគស្មាញសម្បើម ព្រោះវារញ៉េរញ៉ៃមែនទែន ដែលមន្ត្រីបក្សកាន់អំណាច និយាយ អ៊ីចេះ ឯពួកប្រឆាំង និយាយអ៊ីចុះ កាច់កុងគ្នា ពិបាកវេទនាជាងកាលមិនទាន់រំលាយបក្សសង្គ្រោះជាតិ ទៅទៀត។

មានបុរសម្នាក់ ក្នុងពេលជួបមិត្តភក្តិធ្វើការក្រុមហ៊ុន បានសួរថា “តើចលនាសង្គ្រោះជាតិ” បង្កើតឡើង ដើម្បីបំបែកបំបាក់ពួកប្រឆាំងដែលអស់សិទ្ធិធ្វើនយោបាយ ឬយ៉ាងណា? ភ្លាមនោះ បុរសធ្វើការក្រុមហ៊ុន ឆ្លើយថា “ខ្ញុំមិនយល់ដែរ មិន ដឹងថា ពួកប្រឆាំងគិតគូរគ្នាយ៉ាងម៉េចទេ!”។ បន្ទាប់ពីឆ្លើយរួច បុរសធ្វើការក្រុមហ៊ុន ក៏សួរទៅមិត្តធ្វើការរោងចក្រថា “តើ បក្សកាន់អំណាច ត្រូវធ្វើយ៉ាងណាទៀត បើបក្សប្រឆាំងរលំរលាយទៅហើយ នៅតែងើបច្រូងបែបនេះ?” បុរសធ្វើការ រោងចក្រ ឬកម្មករជំនាញឆ្លើយថា “ខ្ញុំមិនដឹងដែរ កំពុងតែតាមដានរាល់ថ្ងៃហ្នឹង!”។ សួរចុះសួរឡើង មិនហួសពី “ខ្ញុំមិនដឹង ដែរ” ដែលបង្ហាញថា “វង្វេងសួរវង្វេង កាន់តែវង្វេង”។

កាលពីរាត្រីពេញបូណ៌មី បុណ្យមាឃបូជា មានចន្ទគ្រាសកើតឡើង ក៏មានអ្នកស្រុកខ្លះផ្អើលថា “រាហូចាប់ចន្ទ ចំថ្ងៃ មាឃបូជា ប្រផ្នូលមិនល្អទេ” និងសួរគ្នាទៅវិញទៅមកពី “ជំនឿអរូបី” ប៉ុន្តែ សួរចុះសួរឡើង សុទ្ធតែវង្វេងដូចគ្នា ភ្លេចគិតពី រឿងផែនដីវិល ចូលគន្លងព្រះចន្ទ ឬព្រះចន្ទគោចរចូលគន្លងផែនដី បំភ្លៃទៅជារឿង “រាហូចាប់ព្រះចន្ទជាប្អូន លេបខ្ជាក់ ចេញតាមឆ្អឹងជំនីរ” ទៅវិញ។ ត្រឹមតែបាតុភូតធម្មជាតិ វង្វេងទៅហើយ ចុះទម្រាំរឿងនយោបាយ ទោះជាបណ្ឌិតក៏វង្វេងដែរ ព្រោះមិនដឹងគំនិតរបស់អ្នកនយោបាយដែលកំពុងដើរ។ លោកសម រង្ស៊ី ថា “ឡានជាប់ផុង ត្រូវយកឡានមិនផុងទៅអូស” ប៉ុន្តែ លោកសុខ ឥសាន អ្នកនាំពាក្យបក្សកាន់អំណាចថា “សម រង្ស៊ី កាន់តែធ្ងន់ក” ខណៈដែលលោកពេជ្រ ស្រស់ ថា “លោក សម រង្ស៊ី ជារនុកក្នុងរបស់សម្តេចហ៊ុន សែន” ប៉ុន្តែ សម្តេចនាយករដ្ឋមន្ត្រី ថ្លែងថា “បើសម រង្ស៊ី ជាភេរវករហ៊ានចូលទ្វីបអាស៊ី នឹងត្រូវចាប់ខ្លួន”។

ដូច្នេះឃើញថា ក្រឡាអុករបស់អ្នកនយោបាយ សូម្បីតែបណ្ឌិតរៀនផុតសាលាក៏សន្និដ្ឋានមិនត្រូវដែរ កុំថាឡើយត្រឹម បុគ្គលិកក្រុមហ៊ុន កម្មកររោងចក្រ ឬតាៗញៀនកាហ្វេ ដែលពូកែតាមដាននយោបាយ។ ឥឡូវពួកប្រឆាំងដែលកំពុងបែក សម្បុកនោះ មានការងារធ្វើរៀងខ្លួន ដូចជាលោកអ៊ូ ច័ន្ទរ័ត្ន ទទួលបន្ទុកយកពាក្យបណ្តឹងទៅដាក់នៅតុលាការកំពូលប្រឆាំង ការរំលាយគណបក្សសង្គ្រោះជាតិ ខណៈដែលកញ្ញាកឹម មនោវិទ្យា កញ្ញាកឹម សម្មាធីតា ចេញពីប្រទេសមួយ ចូលប្រទេស មួយ សុំអន្តរាគមន៍ពីបណ្តាប្រទេសទាំងនោះ​ ឱ្យគាបសង្កត់រាជរដ្ឋាភិបាលកម្ពុជា ដោះលែងលោកកឹម សុខា។ ចំណែកកញ្ញា ស៊ិន រ៉ូហ្ស៊េត អតីតចៅសង្កាត់អូរចារ កំពុងរៀបជើងព្រួលកុំឱ្យ ជភភ ចាប់កំហុសបាន បន្ទាប់ពីមានការសង្ស័យថា ហាងលក់ នំបញ្ចុករបស់នាង ជាកន្លែងប្រមូលផ្តុំពួកឧទ្ទាម…។

សកម្មភាពនេះ “ដូចចាប់ក្តាមដាក់ចង្អេរ” លេចចេញជាសំណួរយ៉ាងនេះយ៉ាងនោះ ពីជោគវាសនាអតីតមេដឹកនាំបក្ស ប្រឆាំង ដែលខ្លះឆ្លើយអ៊ីចេះ ខ្លះឆ្លើយអ៊ីចុះ តាមតែការយល់ឃើញ។ ជារឿងធម្មតាទេ កាលណាមានក្របីចុះទឹកត្រពាំង បណ្តាលឱ្យទឹកនោះល្អក់ ច្បាស់ជាមានត្រីកំភ្លាញ ត្រីកំភ្លង ងើបច្រូងច្រាង ធ្វើមាត់ជីបអូចៗ ប៉ុន្តែ នៅពេលត្រីឆ្តោផ្លៀកក្ទូង! ក៏ស្ងាត់អស់ទៅ។ យ៉ាងណាមិញ ស្ថានការណ៍នយោបាយពេលនោះ បក្សកាន់អំណាច ត្រូវប្រើដៃម្ខាងទប់ទល់ពួកប្រឆាំង ដែលកំពុងបង្កភាពរញ៉េរញ៉ៃដូចត្រីកំភ្លាញ ឯដៃម្ខាងទៀត ទប់ភាពអនាធិបតេយ្យ ចោរកម្ម ល្បែងស៊ីសង គ្រឿងញៀន សូម្បីតែការបាញ់ប្រហារគ្នា បណ្តាលឱ្យមន្ត្រីប៉េអឹម មន្ត្រីបរិស្ថាន និងមន្ត្រីការពារសត្វព្រៃ ៣នាក់ ត្រូវស្លាប់ ព្រោះរឿងបទល្មើស ព្រៃឈើ ក៏ជាបន្ទុករបស់រាជរដ្ឋាភិបាលដែរ។ អ្វីដែលសំខាន់ នៅលើរបត់នយោបាយដែលគ្មានអ្នកណាមើលធ្លុះ ក៏សួរគ្នាទៅ វិញទៅមក ប៉ុន្តែអ្នកសួរបានត្រឹមតែសួរ ដោយរកចម្លើយប្រាកដប្រជាមិនឃើញ ព្រោះម្នាក់ៗសុទ្ធតែវង្វេងដូចគ្នា។

សរុបទៅ “វង្វេងសួរវង្វេង កាន់តែវង្វេង” ពោលគឺ របត់នយោបាយមានតែអ្នកដឹកនាំប្រទេស និងមេដឹកនាំពួកប្រឆាំង ទើបដឹង ព្រោះឥស្សរជនទាំងនោះ ប្រើល្បិចមើលមិនធ្លុះ។ តើមានអ្នកណាឆ្លើយត្រូវទេ ដែលសុខៗស្រាប់តែគណបក្សហ៊្វុនស៊ិនប៉ិច ទទួលបានកៅអីតំណាងរាស្ត្រ ៤១ ចែកគ្នាអង្គុយ ដោយមិនជាប់ឆ្នោតអ្វីសោះ។ ដូច្នេះគ្មានបណ្ឌិតណាឆ្លើយត្រូវទេ កុំថាឡើយរាស្ត្រសាមញ្ញ ដែលមានចំណេះដឹងទាប ព្រោះពេលនេះអ្នកណាក៏វង្វេងដែរ មិនខុសពីអាប៉ោងកំពុងវិលត្រិលៗ ក្នុងគម្រប ទោះជាអ្នកលេងជោកយ៉ាងណាក៏ចាក់ខុសដែរ កុំអាងថាខ្លួនប៉ិនប្រសប់…៕

RELATED ARTICLES