ភ្នំពេញ ៖ គូស្នេហ៍មួយគូ ឆ្លៀតពេលទំនេរពីការងារ យប់ថ្ងៃអាទិត្យក៏ជិះម៉ូតូដឹកគ្នាទៅដើរកម្សាន្ត ហូបចុក សាសងបង្កើនភាពផ្អែមល្ហែម ដឹងអីពេលជូននារីជាគូស្នេហ៍មកដល់ផ្ទះវិញ ស្រាប់តែប្រទះឃើញផ្ទះស្រីស្នេហ៍ត្រូវជនសង្ស័យធ្វើសកម្មភាពលួចគាស់យកម៉ូតូ១គ្រឿងទៅបាត់ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចបន្ទប់ជួលរបស់នារីរងគ្រោះ ស្ថិតក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។
នារីរងគ្រោះជាម្ចាស់ម៉ូតូ មានឈ្មោះឡេង ចន្ថា ហៅស្រីម៉ៅ អាយុ៣០ឆ្នាំ ស្នាក់នៅបន្ទប់ជួលក្នុងភូមិសង្កាត់កើតហេតុខាងលើ និងមាន ស្រុកកំណើតនៅភូមិព្រៃ បឹងឃុំថ្មពូន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ ចំណែកម៉ូតូដែលជនសង្ស័យលួចគាស់យកទៅបាត់ ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០០៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1A- 3254។
តាមសម្តីនារីពីជនរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ រូបនាងត្រូវបានប្រុសស្នេហ៍ហៅទៅហូបអីនៅម្តុំរង្វង់មូលចោមចៅ ហើយមុនពេលចេញទៅ នាងបានយកម៉ូតូទុកនៅក្នុងបន្ទប់ជួលរបស់នាង ហើយចាក់សោម៉ូតូ និងចាក់សោបន្ទប់ជួលត្រឹមត្រូវ ទើបឡើងជិះម៉ូតូចេញទៅជាមួយប្រុសស្នេហ៍។ លុះដល់កន្លែងលក់អាហារហូបចុក នាងនិងមិត្តប្រុសបានហៅបាយឆាហូប លុះពេលហូបបាយឆារួចក៏ហៅបង្អែមមកហូប រួចក៏អង្គុយជជែកសាសងគ្នាជាមួយប្រុសស្នេហ៍ប្រមាណកន្លះម៉ោង ទើបនាំគ្នាត្រឡប់ទៅបន្ទប់ជួលវិញ ស្រាប់តែពេលទៅដល់ជិតមុខបន្ទប់ ក៏ប្រទះឃើញបន្ទប់ជួលរបស់នាងចំហទ្វារ លុះមានការសង្ស័យក៏បានចូលទៅមើលក្នុងបន្ទប់ ទើបដឹងថា ម៉ូតូរបស់នាងដែលចាក់សោទុកក្នុងបន្ទប់ត្រូវចោរលួចយកទៅបាត់ហើយ ចំណែករបស់របរក្នុងបន្ទប់ រួមមាន speaker សម្រាប់ស្តាប់បទចំរៀងមួយឈុត ព្រមទាំងរបស់របរមានតម្លៃមួយចំនួនទៀត ត្រូវបានជនសង្ស័យលួចយកទៅអស់ដែរ ធ្វើឱ្យនាងសោកស្តាយយ៉ាងខ្លាំង ដោយខឹងខ្លួនឯង ទាំងញ័រដៃទទ្រើក នាងក៏បានយកដៃនាង វាយទៅលើម៉ូតូមិត្តប្រុសនាង ធ្វើឱ្យឈឺដៃយ៉ាងខ្លាំង។
នារីរងគ្រោះជាម្ចាស់ម៉ូតូបានបញ្ជាក់ថា ជារៀងរាល់ថ្ងៃចុងសប្តាហ៍សៅរ៍-អាទិត្យ រូបនាង និងប្រុសស្នេហ៍ តែងនាំគ្នាទៅហូបចុកនៅខាងក្រៅជាញឹកញាប់ តែសព្វដង នាងតែងយកម៉ូតូទៅផ្ញើរនៅកន្លែងផ្ញើរម៉ូតូ តែនៅថ្ងៃកើតហេតុនេះ នាងពុំបានយកម៉ូតូទៅផ្ញើរទេ ដោយនឹកថា ចេញទៅហូបអីតែមួយភ្លែតប៉ុណ្ណោះ ព្រោះយប់ណាស់ទៅហើយ។
ក្រោយពេលកើតហេតុ នារីរងគ្រោះជាម្ចាស់ម៉ូតូ ត្រូវបានប្រុសស្នេហ៍ដឹកទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅ៣ ដើម្បីឱ្យសមត្ថកិច្ចជួយស្រាវជ្រាវតាមចាប់ជនសង្ស័យនាំយកមកផ្តន្ទាទោសតាមច្បាប់៕