Sunday, November 24, 2024
Homeព័ត៌មានជាតិប្រុសខ្មែរស្នេហ៍ប្រុសបារាំង រៀបការផ្អើលខេត្តក្រចេះ

ប្រុសខ្មែរស្នេហ៍ប្រុសបារាំង រៀបការផ្អើលខេត្តក្រចេះ

ខេត្តក្រចេះ ៖ ជារឿងគួរឱ្យភ្ញាក់ផ្អើលមួយ ដែលកំលោះជនជាតិខ្មែរម្នាក់នេះ បានលង់ស្នេហ៍ជាមួយនឹងកំលោះជនជាតិបារាំង ព្រមទាំង បានស្ម័គ្រចិត្តដឹកដៃគ្នាចូលរោងការតាមទំនៀមទម្លាប់ប្រពៃណីខ្មែរ ដែលធ្វើឱ្យមានការចាប់អារម្មណ៍ជាខ្លាំងពីសាធារណៈជន ពិសេសប្រជាពលរដ្ឋ ដែលរស់នៅខេត្តក្រចេះ។

ពិធីមង្គលការដ៏គួរឱ្យភ្ញាក់ផ្អើល រវាងកូនកំលោះខ្មែរ និងកូនកំលោះបារាំង ត្រូវបានរៀបចំឡើងកាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៨ នៅលើទឹកដីសង្កាត់រការកណ្តាល ក្រុងក្រចេះ។

កូនកម្លោះជនជាតិខ្មែរ ត្រូវបានគេស្គាល់ឈ្មោះលឹក ចន្ទរតនា អាយុ២៣ឆ្នាំ រស់នៅភូមិរការកណ្តាលទី២ សង្កាត់រការកណ្តាល ក្រុង ក្រចេះ ជាកូនទី២ក្នុងចំណោមបងប្អូន៣នាក់ មានឪពុកជាគ្រូបង្រៀន ម្តាយជាអ្នកលក់ដូរ។ ចំណែកភាកីកូនកំលោះ មិនត្រូវបានស្គាល់អត្ត សញ្ញាណនោះទេ គ្រាន់តែដឹងថាជាជនជាតិបារាំង និងមានពុកមាត់ ពុកចង្កាយ៉ាងក្រាស់ឃ្មឹក។

គួរបញ្ជាក់ថា ពិធីមង្គលការភេទដូចគ្នា រវាងកូនកំលោះខ្មែរ និងកូនកំលោះបារាំងនេះ បានរៀបចំឡើងតាមបែបប្រពៃណីខ្មែរ ក្រោម វត្តមានភ្ញៀវជនជាតិខ្មែរ និងភ្ញៀវជាជនបរទេសចូលរួមយ៉ាងច្រើនកុះករ ព្រមទាំងមានកម្មវិធីជប់លៀងពិធីពិសាភោជនាហារ យ៉ាងសប្បាយ ក្អាកក្អាយ ចាប់ពីថ្ងៃរសៀលរហូតត្រឹមម៉ោង៩យប់ទៀតផង។

ជុំវិញការរៀបអាពាហ៍ពិពាហ៍ដ៏ចម្លែកខាងលើនេះ អាជ្ញាធរសង្កាត់រការកណ្តាល បានចាត់ទុកថាពិធីមង្គលការនេះជាមង្គលការខុសច្បាប់ ព្រោះថាកន្លងមកអាណាព្យាបាលខាងកូនកម្លោះជនជាតិខ្មែរ ធ្លាប់បានមកសុំធ្វើច្បាប់អាពាហ៍ពិពាហ៍ដែរ តែខាងអាជ្ញាធរមិនបានផ្តល់ជូននោះទេ។ លុះពេលអាជ្ញាធរមិនអនុញ្ញាតិឱ្យមានការរៀបអាពាហ៍ពិពាហ៍ អាណាព្យាបាលបានស្នើរសុំមកអាជ្ញាធរធ្វើពិធីជប់លៀងតូចមួយទេ តែបែរជាលួច ធ្វើពិធីមង្គលការទៅវិញ ។

លោកឧត្តមសេនីយ៍ត្រី ព្រហ្ម ផានិត ស្នងការរងខេត្តក្រចេះ បានឱ្យដឹងទៀតថា នៅថ្ងៃមង្គលការនោះ គឺខាងនគរបាលអន្តោប្រវេសន៍ បានចុះមករារាំងមិនអនុញ្ញាតិឱ្យធ្វើតាមបែបប្រពៃណីនោះទេ ដោយតម្រូវឱ្យអាណាព្យាបាលខាងកូនកម្លោះជនជាតិខ្មែរធ្វើកិច្ចសន្យាជាមួយនឹង នគរបាល។

យ៉ាងណាលោកស្នងការរង បានចាត់ទុកថា ពិធីមង្គលការមួយនេះ គឺជាពិធីខុសច្បាប់ ព្រោះនៅប្រទេសកម្ពុជាមិនទាន់មានច្បាប់ អនុញ្ញាតិលើការរៀបការជាមួយភេទដូចគ្នានៅឡើយ ម៉្យាងទៀតកូនកម្លោះថែមទាំងជាជនបរទេសទៀតផង៕

RELATED ARTICLES