Thursday, January 16, 2025
Homeព័ត៌មានជាតិខ្លោចផ្សាខ្លាំងបំផុត!!! ភរិយាសពលោកតើន សុខណៃ យំរៀបរាប់ប្រាប់ពីឆាកជិីវិតស្វាមីថា "មួយជីវិតប្តី ស្រឡាញ់ចូលចិត្តការពារព្រៃឈើ"

ខ្លោចផ្សាខ្លាំងបំផុត!!! ភរិយាសពលោកតើន សុខណៃ យំរៀបរាប់ប្រាប់ពីឆាកជិីវិតស្វាមីថា “មួយជីវិតប្តី ស្រឡាញ់ចូលចិត្តការពារព្រៃឈើ”

ខេត្តមណ្ឌលគិរី ៖ ក្រោយពេលខ្មាន់កាំភ្លើងបានបាញ់សម្លាប់មន្ត្រីការពារព្រៃឈើ នៅខេត្តមណ្ឌលគិរី ចំនួន៣នាក់ យ៉ាងព្រៃផ្សៃ ភរិយារបស់សពមន្ត្រីបរិស្ថាន ដែលរងគ្រោះក្នុងការបាញ់ប្រហារនោះ បានយំរៀបរាប់ថា មួយជីវិត ប្តីរបស់គាត់ស្រឡាញ់ធម្មជាតិ និងចូលចិត្តការពារព្រៃឈើណាស់ តែទីបំផុត ត្រូវឃាតករបាញ់ស្លាប់ចោលប្រពន្ធកូនយ៉ាងអាណោចអាធ័មបំផុត។

តាមប្រភពមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានឱ្យដឹងថា ជនរងគ្រោះតើន សុខណៃ ជាមន្ត្រីឧទ្យានុរក្សរបស់មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី នៃក្រសួងបរិស្ថាន គឺជាមន្ត្រីដែលមានឆន្ទៈ និងមនសិការខ្ពស់ក្នុងការស្រឡាញ់ និងការពារព្រៃឈើ លោកសុខណៃ តែងតែស្លៀកពាក់ជាប់ជានិច្ចនូវឯកសណ្ឋានជាឧទ្យានុរក្ស។ មុនពេលស្លាប់ លោកតើន សុខណៃ ឧស្សាហ៍និយាយប្រាប់មិត្តភក្តិ និងក្រុមគ្រួសារថា “មួយជីវិតរបស់ខ្ញុំ ឱ្យតែធ្វើដើម្បីជាតិ ខ្ញុំចូលចិត្ត”។

ជាមួយនេះ អ្នកស្រីទូច ណារ៉ាន់ ភរិយារបស់លោកតើន សុខណៃ បានអះអាងថា មួយជីវិតប្តីរបស់គាត់ ស្រឡាញ់ធម្មជាតិ និងចូលចិត្តការពារព្រៃឈើណាស់។

 

ប្រភពដដែលបានឱ្យដឹងបន្តថា កើតក្នុងត្រកូលគ្រួសារមានជីវភាពលំបាក និងជាជនជាតិដើមភាគតិចព្នង លោកសុខណៃ បានខិតខំរៀនសូត្របញ្ចប់ថ្នាក់មធ្យមសិក្សានៅក្នុងខេត្តមណ្ឌលគិរី។ ដោយសារការតស៊ូជម្នះការលំបាក និងក្រេបយកចំណេះដឹងបន្ថែមរហូតបានបញ្ចប់ដោយជោគជ័យថ្នាក់បរិញ្ញាបត្រ នៅសាកលវិទ្យាល័យជាតិគ្រប់គ្រងលើជំនាញឯកទេសគ្រប់គ្រង។ លោកតើន សុខណៃ កើតនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ១៩៨១ មានបងប្អូនបង្កើតចំនួន៨នាក់ (ស្រី៣នាក់ និងប្រុស៥នាក់) ហើយសុខណៃ ជាកូនទី៥។ ឪពុករបស់សុខណៃ ឈ្មោះតើន ម្យើប បានស្លាប់តាំងពីសុខណៃ នៅតូចម៉្លេះ។ រីឯម្តាយសុខណៃ ឈ្មោះកៃ ព្លូស បច្ចុប្បន្នមានវ័យជរា និងរស់នៅជុំគ្នាជាមួយនឹងប្រពន្ធកូនរបស់សុខណៃ។

ក្នុងសម្លៀកបំពាក់ពណ៌សកាន់ទុក្ខក្នុងពិធីបុណ្យសពប្តី អ្នកស្រីទូច ណារ៉ាន់ ជាភរិយារបស់លោកសុខណៃ មានវ័យ៣២ឆ្នាំ មានស្រុកកំណើតនៅភូមិទួលរី ឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពងចាម បាននិយាយទាំងរលេងរលោងទឹកភ្នែក រៀបរាប់ពីថា ប្តីរបស់គាត់ (សុខណៃ) ជាមនុស្សស្រឡាញ់ធនធានធម្មជាតិ និងចូលចិត្តការពារព្រៃឈើ។ អ្នកស្រីបានរម្លឹកពីប្រវត្តិជីវិតរបស់លោកតើន សុខណៃ ថា ប្តីរបស់គាត់កាលនៅរស់ គឺជាមនុស្សដែលត្រូវបងប្អូន សាច់ញាតិ និងមិត្តភក្តិស្រឡាញ់ កោតសរសើរចំពោះទង្វើរបស់គាត់ ថាជាមនុស្សស្លូតបូត ស្មោះត្រង់ និងក្លាហាន។

 

សុខណៃ ធ្លាប់ធ្វើជាបុគ្គលិករបស់ក្រុមហ៊ុនទូរស័ព្ទចល័ត ក្នុងខេត្តមណ្ឌលគិរី មុនពេលធ្វើជាមន្ត្រីអភិរក្សបរិស្ថាន។ ក្រោយមក សុខណៃ ក៏បានវិវឌ្ឍខ្លួនតាមរយៈការប្រើប្រាស់ភាសាអង់គ្លេសរបស់ខ្លួន ចូលបម្រើការងារជាមួយអង្គការ WCS ក្នុងតួនាទីជាជំនួយការ និងជាអ្នកបកប្រែភាសាអង់គ្លេស ក្នុងក្រុមអភិវឌ្ឍន៍សហគមន៍អណ្តូងក្រឡឹង ដែនជម្រកសត្វព្រៃកែវសីមា នៅឆ្នាំ២០១៤។ ជាមនុស្សដែលពោរពេញដោយធនធានចំណេះដឹង ជាពិសេស សុខណៃ អាចប្រើប្រាស់ភាសាអង់គ្លេស បានយ៉ាងស្ទាត់ជំនាញ។ សុខណៃ ត្រូវបានក្រុមល្បាតសហគមន៍អណ្តូងក្រឡឹង និងភ្ញៀវទេសចរដែលចូលមកកម្សាន្ត ស្រឡាញ់និងចូលចិត្តយ៉ាងខ្លាំងជាមួយនឹងប្រជាប្រិយភាព និងភាពប៉ិនប្រសប់ក្រមិចក្រមើមរបស់សុខណៃ។ នៅឆ្នាំ២០១៧ សុខណៃ បានប្រឡងជាប់ជាមន្ត្រីឧទ្យានុរក្សរបស់មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី នៃក្រសួងបរិស្ថាន។ ជាមនុស្សដែលស្រឡាញ់ការងារ និងមានសាមគ្គីភាព សុខណៃ បម្រើការងារដោយពុំខ្លាចពីការនឿយហត់ ព្រោះអ្វីដែលសុខណៃ ធ្វើ គឺដើម្បីបុព្វហេតុការពារ និងអភិរក្សធនធានធម្មជាតិ។ ជាជនជាតិភាគតិច ព្នង សុខណៃ ស្រឡាញ់សត្វព្រៃ និងតែងតែដើរដោះអន្ទាក់របស់ពួកព្រាន។

មនុស្សជាច្រើនដែលធ្លាប់ស្គាល់សុខណៃ បានដឹងយ៉ាងច្បាស់ថា សុខណៃ ជាឧទ្យានុរក្សដែលគួរឱ្យគោរព និងស្ញប់ស្ញែងជាទីបំផុតនូវវីរភាពរបស់សុខណៃ។ ទង្វើរបស់សុខណៃ គឺមួយជីវិតរបស់គាត់ ឱ្យតែធ្វើដើម្បីជាតិ គឺគាត់ចូលចិត្ត។ វីរភាពដែលមិនអាចកាត់ថ្លៃបានរបស់សុខណៃ ត្រូវជនអគតិដែលគិតពីផលប្រយោជន៍ផ្ទាល់ខ្លួន បានផ្តាច់ជីវិតរបស់សុខណៃ បន្សល់នូវភាពសោកស្តាយ និងក្តីសោកសង្វេគបំផុត ចំពោះការបាត់បង់ឧទ្យានុរក្ស តើន សុខណៃ ក្នុងបុព្វហេតុការពារនិងអភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះ។

សុខណៃ បានប្តេជ្ញាតស៊ូលះបង់ មិនថាយប់ មិនថាថ្ងៃ មិនថាភ្លៀងក្តៅរងា ធ្វើយ៉ាងណាឱ្យសម្បត្តិធនធានធម្មជាតិនៅគង់វង្ស និងចុះបំពេញការងារយ៉ាងស្វិតស្វាញបំផុតជាមួយមន្ត្រីឧទ្យានុរក្សដទៃទៀត ក្នុងដែនជម្រកសត្វព្រៃកែវសីមា ដោយដើរកាត់វាលកាត់ព្រៃព្រឹក្សា ជ្រលងដងអូរ ដើម្បីល្បាតក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី។ តើន សុខណៃ មន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃកែវសីមា និងមន្ត្រីកងរាជអាវុធហត្ថ រួមទាំងមន្ត្រីអង្គការ WCS ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ កាលពី៣០ ខែមករា ឆ្នាំ២០១៨ នៅក្បែរព្រំដែន ហើយវីរភាពរបស់សុខណៃ នឹងស្ថិតក្នុងចិត្តរបស់យើងគ្រប់គ្នាមិនអាចបំភ្លេចបាន។

គួររំលឹកថា កាលពី៣០ ខែមករា ឆ្នាំ២០១៨ មានករណីការបាញ់សម្លាប់មន្ត្រីការពារព្រៃឈើ ចំនួន៣នាក់ នៅចំណុចភូមិពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ។

ជនរងគ្រោះទាំង៣នាក់ រួមមាន ៖

១-ឈ្មោះសេក វឌ្ឍនា នាយអាវុធហត្ថលើផ្ទៃប្រទេស

២-ឈ្មោះតើន សុខណៃ មន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃកែវសីមា

៣-ឈ្មោះធុល ខ្នា បុគ្គលិកអង្គការសមាគមអភិរក្សសត្វព្រៃ (WCS) ។

 

ក្រោយកើតហេតុ ឃាតកម្មខាងលើនេះ សមត្ថកិច្ចបានធ្វើការស្រាវជ្រាវចាប់ខ្លួនជនសង្ស័យបានចំនួន ៦នាក់ ក្នុងនោះរួមមាន ៖

១-ឈ្មោះផល ពេញ មេប៉ុស្តិ៍នគរបាលអូរលែ វរៈនគរបាលការពារព្រំដែន ៦២១ (ជាជនដៃដល់)

២-ឈ្មោះកើត វេហា មេប៉ុស្តិ៍យោធាដាក់ការ វរៈយោធាការពារព្រំដែន១០៣។

៣-ឈ្មោះកើត វេត្តា វរៈយោធាការពារព្រំដែន១០៣។

៤-ឈ្មោះទន ធារ៉ា នគរបាលប៉ុស្តិ៍អូរលែ

៥-ឈ្មោះឡាយ សាវី វរៈយោធាការពារព្រំដែន១០៣។

៦-ឈ្មោះឈាង វ៉ាន់និត ជាជនស៊ីវិល ត្រូវជាប្អូនថ្លៃរបស់ឈ្មោះផល ពេញ។

ជនសង្ស័យទាំង៦នាក់ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្តមណ្ឌលគីរី ដើម្បីផ្តន្ទាទោសតាមច្បាប់ រកយុត្តិធម៌ឱ្យជនរងគ្រោះដែលបានស្លាប់ក្នុងពេលបំពេញភារកិច្ច៕

RELATED ARTICLES