តារាចម្រៀងដែលផលិតកម្មរស្មីហង្សមាស ធ្លាប់ផ្តល់រហស្សនាមថា “សំឡេង១ គ្មាន២” អ្នកនាងម៉េង កែវពេជ្ជតា នៅតែរក្សាទីផ្សារសិល្បៈបានល្អ ទោះជាបច្ចុប្បន្នមានតារារលកថ្មីៗមកក្រោយកាន់តែច្រើនក្តី តែកំពូលតារាចម្រៀងស្រីរូបនេះត្រូវប៉ាន់ធំតែម្តង នៅរដូវក្តៅឆ្នាំនេះ ពិសេស គឺការច្រៀងតាមកម្មវិធីមង្គលការធំៗ។ ដោយសារតែមិនទានអាចដកឃ្លាបានពីការងារក្នុងស្រុកបែបនេះហើយ ទើបអ្នកនាងម៉េង កែវពេជ្ជតា បានពន្យារពេលចេញទៅច្រៀងសម្តែងនៅក្រៅប្រទេស ស្របពេលដែលអ្នកនាងនៅតែបន្តថតសំឡេងឱ្យផលិតកម្មខាងក្រៅដដែល បើទោះជាមានផលិតកម្មផ្ទាល់ខ្លួនក្តី…។
ម៉េង កែវពជ្ជតា ច្រើនតែលេចមុខតាមកម្មវិធីមង្គលការធំៗទាំងឡាយក្នុងរាជធានីភ្នំពេញ នៅរដូវក្តៅនេះ ដែលធ្វើឱ្យតារាដែលល្បីជាង2ទសវត្សន៍រូបនេះ នៅតែរក្សាទីផ្សារចម្រៀងបានដដែល ថ្វីត្បិតតែពេលនេះ អ្នកចម្រៀងថ្មីៗបានរះមកព្រោងព្រាតដូចផ្សិតក៏ដោយ តែសម្រាប់អ្នកមានសមត្ថភាព គឺមិនមានអ្វីគួរឱ្យបារម្ភ ខ្លាចប្រឈមបាត់បង់ទីផ្សារឡើយ។
ក្នុងជំនួបតាមទូរស័ព្ទ កាលពីរសៀលថ្ងៃទី16 ខែ មករា ឆ្នាំ2018 អ្នកនាងម៉េង កែវពេជ្ជតា ឱ្យដឹងថា ឆ្នាំថ្មីនេះ អ្នកនាងរវល់ច្រើនជាងឆ្នាំចាស់ទៅទៀត តែទោះជារវល់យ៉ាងណាក៏តាមកម្មវិធីថ្នាក់ជាតិនានា គឺអ្នកនាងនៅតែបន្តសកម្មភាពជានិច្ច មិនដែលអាក់ខានឡើយ។
តារាចម្រៀងសំនៀងផ្អែមរូបនេះ បានឱ្យដឹងថា “សម្រាប់ខ្ញុំ គឺរវល់ខ្លាំងតាំងពីខែវិច្ឆិកា ឆ្នាំ2017 ម៉្លេះ ហើយខែ1ហ្នឹង គឺកំពុងតែរវល់ខ្លាំងតែម្តង រហូតដល់ ខែ6 ទៅខែ7ឯណោះ ទើបស្បើយបន្តិចវិញ។ ខ្ញុំចេញច្រៀងតាមការគេច្រើនទាំងនៅភ្នំពេញ និងតាមខេត្ត មិនទំនេរទេ តែទោះជារវល់យ៉ាងណា ក៏ខ្ញុំនៅតែឆ្លៀតច្រៀងតាមកម្មវិធីថ្នាក់ជាតិរហូតហ្នឹង មិនដែលអាក់ខានទេ”។
តាមព័ត៌មានថា អ្នកនាងម៉េង កែវពេជ្ជតា ដែលកំពុងតែជាប់ដៃច្រៀងក្នុងស្រុកនៅរដូវក្តៅនេះ ស្ទើរតែដកខ្លួនមិនរួចនោះ ក៏ត្រូវបានបណ្តា Sponsor នៅក្រៅប្រទេស បានទាក់ទងឱ្យទៅច្រៀងសម្តែងនៅក្រៅស្រុកដែរ តែពេជ្ជតា ត្រូវពន្យារពេល ដោយសារមិនអាចដកខ្លួនបានពីការកុងត្រាច្រៀងកម្មវិធីផ្សេងៗនៅក្នុងស្រុក។
ម្ចាស់បទ “ស្រលាញ់បងមិនស្តាយក្រោយ” រូបនេះ បន្ថែមថា “ចំពោះអ្នកនៅស្រុកក្រៅគេទាក់ទង ចង់ឱ្យខ្ញុំចេញទៅច្រៀងនៅបរទេស គឺមានសឹងតែគ្រប់ប្រទេសហ្នឹង តែធ្វើម៉េចពេលនេះ យើងជាប់រវល់នៅក្នុងស្រុកដែរ មិនទាន់អាចចេញទៅបានទេ។ ខ្ញុំនៅតែចេញទៅច្រៀងសម្តែងនៅក្រៅប្រទេសដូចមុនអ៊ីចឹង នៅពេលណាដែលខ្ញុំអាចទំនេរឆ្លៀតបានពីការងារនៅក្នុងស្រុកនេះ”។
អ្នកនាងម៉េង កែវពេជ្ជតា បានចេញបទចម្រៀងល្បីៗជាច្រើននៅលើថាសចម្រៀងផលិតកម្មរស្មីហង្សមាស តែរយៈពេលចុងក្រោយនេះ គេមិនសូវឃើញអ្នកនាងថតបទថ្មីៗឱ្យហង្សមាស ទៀតឡើយ ស្របពេលដែលផលិតកម្មធំនេះ មានសមាជិកថ្មីៗកាន់តែច្រើននោះ ហើយកំពូលតារាចម្រៀងរូបនេះក៏ងាកទៅបើកផលិតកម្មថ្មីផ្ទាល់ខ្លួនវិញ ដែលជាការច្របាច់គ្នាបញ្ចូលរវាងបងប្អូនក្រុមគ្រួសារអ្នកនាង ដែលមានឈាមជ័រសុទ្ធតែជាអ្នកសិល្បៈនោះ ដោយចេញបទចម្រៀងស្នាដៃថ្មី Original Songs វាយលុកទីផ្សារតែម្តង ខណៈដែលកន្លងមកតាមឆាកតន្ត្រីមួយចំនួន អ្នកនាងម៉េង កែវពេជ្ជតា បានយកទាំងក្រុមគ្រួសារឡើងសម្តែងជាក្រុមតែម្តង។
អ្នកនាងម៉េង កែវពេជ្ជតា អះអាងថា “បទចម្រៀងរបស់ខ្ញុំដែលយើងធ្វើខ្លួនឯងនោះ បានចេញបានខ្លះៗហើយ គឺគ្មានបញ្ហាអីទេ តែដោយសារតែការរវល់ អ៊ីចឹងខែហ្នឹង យើងមិនទាន់បានធ្វើបទថ្មីទៀតទេ តែយើងនឹងត្រៀមនាពេលខាងមុខនេះ។ បើទោះជាខ្ញុំមានផលិតកម្មផ្ទាល់ខ្លួនក្តី តែខ្ញុំនៅតែបន្តច្រៀងឱ្យផលិតកម្មខាងក្រៅដូចតែមុនអ៊ីចឹង ដូចជាប៉ុន្មានថ្ងៃមុននេះ ខ្ញុំបានថតឱ្យផលិតកម្មមួយចំនួនដែរ តែមិនបានថតឱ្យខាងហង្សមាស ទេ។ ខ្ញុំនៅតែធ្វើការឱ្យផលិតកម្មខាងក្រៅដូចមុនអ៊ីចឹង មិនមែនថា យើងមានផលិតកម្មខ្លួនឯង ហើយលែងច្រៀងឱ្យផលិតកម្មដទៃទៀតនោះទេ”។
ម៉េង កែវពេជ្ជតា បានទទួលបន្ទុកចិញ្ចឹមកូនប្រុសស្រីទាំង2នាក់ តែម្នាក់ឯង តាំងពីលែងលះប្តី លោកឧត្តមសេនីយ៍មួង ឃីម កាលពីឆ្នាំ2011 នោះ ហើយពេលនេះ អ្នកនាងមិនទាន់មានគម្រោងចូលរោងការជាថ្មីឡើយ បន្ទាប់ពីល្បីថា តារាចម្រៀងល្បីជាង2ទសវត្សន៍រូបនេះ មានបុរសអាណិកជនខ្មែរ នៅបារាំង លោកវ៉ាត និងតារាចម្រៀងរ័ត្ន មករា តាមស្នេហ៍ តែត្រូវបានអ្នកនាងពេជ្ជតា ច្រានចោលនោះ។
ដោយឡែកកាលពីចុងឆ្នាំ2017 អ្នកនាងម៉េង កែវពេជ្ជតា បានប៉ះ សម្តីគ្នាដោយចម្រូងចម្រាសយ៉ាងធ្ងន់ ជាមួយអ្នកនាងចន ច័ន្ទលក្ខិណា ផ្អើលអស់មហាជន តែពេលនេះ ទំនាស់នេះបានស្ងប់ស្ងាត់ទៅវិញមួយអន្លើ ក្រោយពីនាយកុយ និងអ្នកស្រីឌី សាវ៉េត បានចេញមុខសម្រុះសម្រួលឱ្យអ្នកទាំង2 បញ្ចប់ជម្លោះ និងជួបតទល់គ្នាដោយផ្ទាល់ ដើម្បីបញ្ចប់បញ្ហាខ្វែងគំនិតគ្នា៕