នៅថ្ងៃទី៥ កុម្ភះ ម្សិលមិញនេះលោកកែវ ពេជ្រករុណា ដែលជាសមាជិកគ្រួសារតារាកម្ពុជា បានចូលរួមរាំច្រៀងនៅក្នុងព្រឹត្តិការណ៍សប្បុរសធម៌ផ្ដល់ឈាមនៅសកលវិទ្យាល័យភូមិន្ទកសិកម្មចំការដូងខណៈដែលលោកអះអាងថា លោកនិងតស៊ូប្រឹងប្រែងច្បាមការគាំទ្រលើវិថីចម្រៀងតាមរយៈសមត្ថភាពរបស់ខ្លួន។
នៅក្នុងព្រឹត្តិការណ៍ផ្ដល់ឈាមដែលសហការដោយមជ្ឈមណ្ឌលជាតិផ្ដល់ឈាម សកលវិទ្យាល័យភូមិន្ទកសិកម្មចំការដូង និងក្រុមគ្រួសារតារាកម្ពុជា ផងនោះលោកកែវ ពេជ្រករុណា ក៏បានលេចវត្តមានរួមជាមួយសមាជិកក្រុមគ្រួសារតារាកម្ពុជាជាច្រើនអ្នកទៀតផងដែរ។
លោកពេជ្រករុណា បានថ្លែងឲ្យដឹងថា ជាលើកទី២ហើយដែលលោកបានចូលរួមកម្មវិធីសប្បុរសធម៌រួមជាមួយក្រុមគ្រួសារតារាកម្ពុជាហើយលោកនិងចូលរួមលើកក្រោយៗទៀតតាមរយៈលទ្ធភាពរបស់ខ្លួន។លោកថា ការប្រឡូកសិល្បៈជាងមួយឆ្នាំកន្លងមកនេះអាជីពសិល្បៈរបស់លោកចាប់ផ្ដើមស្ទុះឡើងជាបណ្ដើរហើយតាមរយៈអាជីពចម្រៀង បង្ហាញម៉ូត និងសម្ដែងជាដើម។បច្ចុប្បន្ននេះលោកជាតារាបង្ហាញម៉ូតនៅក្នុងក្រុមSun supermodel និងធ្លាប់សម្ដែងភាពយន្តជាតួកាចបាន២រឿងមកហើយដូចជារឿង«ម្ចាស់ព្រែក»និងរឿង«ឃុនឆាងឃុនផែន»ខណៈដែលលោកក៏ជាតារាចម្រៀងនៅក្នុងផលិតកម្មE Nation ផងដែរ។លោកថា លោកបានចេញបទចម្រៀងស្នាដៃថ្មីOriginal song នៅលើទីផ្សារបានចំនួន២បទហើយដែលទទួលបានការគាំទ្រគួរឲ្យកត់សម្គាល់ដូចជាបទ«បងមិនសង្ហាទេ»និងបទ«only oen»ជាដើម។
តារាចម្រៀងដែលមានដើមកំណើតនៅខេត្តកំពង់ចាម រូបនេះក៏បានឲ្យដឹងដែរថា ការហែលឆ្លងនៅលើវិថីសិល្បៈពុំមែនជាការងាយស្រួលនោះទេប៉ុន្តែលោកក៏មិនបោះបង់ក្ដីស្រម៉ៃចោលដែរហើយសម្រាប់អាជីពសិល្បៈលោកពេញចិត្តលើផ្នែកចម្រៀងជាងគេខណៈដែលផលិតកម្មកំពុងសម្រិតសម្រាំងធ្វើបទស្នាដៃថ្មីឲ្យលោកជាបន្តបន្ទាប់ទៀតមានទាំងបទមនោសញ្ចេតនានិងបទញ៉ាក់ជាដើម។មិនត្រឹមតែប៉ុណ្ណោះលោកក៏គ្រោងបង្កើតក្រុមរាំផងដែរដើម្បីប្រជែងទីផ្សារ។ដូច្នេះដើម្បីបំពេញក្ដីស្រលាញ់និងឈានឆ្ពោះទៅរកគោលដៅលោកនឹងប្រឹងប្រែងរិះរកនូវអ្វីដែលថ្មីប្លែកបន្តទៀតដើម្បីទាញយកប្រជាប្រិយភាពនៅលើវិថីចម្រៀងដោយមិនឲ្យអ្នកគាំទ្ររបស់លោកខកបំណងទេ៕