Sunday, November 24, 2024
Homeព័ត៌មានជាតិប្រុសសុំទោស “បងធ្វើខុសចំពោះអូន” ស្រីបាត់ខឹង ដកពាក្យបណ្តឹងវិញ

ប្រុសសុំទោស “បងធ្វើខុសចំពោះអូន” ស្រីបាត់ខឹង ដកពាក្យបណ្តឹងវិញ

ភ្នំពេញ ៖ នារីរូបស្រស់ម្នាក់ ព្រោះតែខឹងនឹងប្រុសស្នេហ៍ពូកែវាយធ្វើបាបពេក ក៏សុំបែកផ្លូវ ចំណែកខាងប្រុសមិនព្រម ក៏តាមលួងលោម សុំភ្ជាប់ចំណងស្នេហ៍វិញ លុះខឹងខាងស្រីបដិសេធ ក៏បែកគំនិតឆក់យកខ្សែក និងដណ្តើមយកទូរស័ព្ទស្រីស្នេហ៍ រត់គេចខ្លួនបាត់ ធ្វើឱ្យខាងស្រីខឹង រត់ទៅដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចតាមស្រាវជ្រាវចាប់ខ្លួនប្រុសស្នេហ៍កំហូចមកចាត់ការតាមច្បាប់ ស្រាប់តែ២ខែក្រោយមក ក៏តាមរកមុខប្រុស ស្នេហ៍ឃើញដោយខ្លួនឯង និងត្រូវប្រុសស្នេហ៍ប្រគល់ទ្រព្យសម្បត្តិឱ្យមកវិញទាំងអស់ និងថែមទាំងបានពោលពាក្យលួងលោមបន្ទន់ចិត្តខាងស្រីថា “ឱ្យបងសុំទោសដែលធ្វើខុសចំពោះអូន“ ជាហេតុធ្វើឱ្យខាងស្រីបាត់ខឹង សម្រេចចិត្តរត់មកដកពាក្យបណ្តឹងពីប៉ុស្តិ៍នគរបាលវិញ ដោយអះអាងថា នាងលែងប្រកាន់ខឹងនឹងប្រុសស្នេហ៍ហើយ ហើយកំពុងត្រូវរ៉ូវរួមរស់នឹងគ្នាជាថ្មីឡើងវិញ។

ករណីនារីរូបស្រស់ រត់មកស្នើសុំដកពាក្យបណ្តឹងរឿងប្រុសស្នេហ៍ឆក់ខ្សែក និងដណ្តើមទូរស័ព្ទពីនាងកាលពី២ខែមុននេះ បានធ្វើឱ្យកើត មានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៥និង៥០នាទីល្ងាច ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចប៉ុស្តិ៍នគរបាលចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។

នារីរូបស្រស់ដែលសុំដកពាក្យបណ្តឹងឈប់ប្តឹងប្រុសស្នេហ៍រូបនេះ មានឈ្មោះរឿន រ៉ាន អាយុ២៧ឆ្នាំ មុខរបរកម្មការិនីរោងចក្រសាន់តិច វេនថ្ងៃ  ស្នាក់នៅបន្ទប់ជួលស្ថិតក្នុងភូមិសង្កាត់កើតហេតុខាងលើ និងមានស្រុកកំណើតនៅភូមិស្វាយសុខោ ឃុំជើងទឹក ស្រុកកំពង់លាវ ខេត្តព្រៃ វែង។ ចំណែកភាគីខាងប្រុស មានឈ្មោះ ផុង ប៊ុនណារ៉ូ  អាយុ២៤ឆ្នាំ មុខរបរកម្មកររោងចក្រសាន់តិចជាមួយគ្នា វេនយប់ ស្នាក់នៅបន្ទប់ ជួលក្នុងភូមិសង្កាត់កើតហេតុខាងលើជាមួយគ្នា និងមានស្រុកកំណើតនៅភូមិស្វាយមីង ឃុំបាគូរ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

តាមសម្តីនារីរងគ្រោះខាងលើ បានរៀបរាប់ប្រាប់ថា រវាងនាង និងបុរសខាងលើ បានស្រឡាញ់គ្នាយ៉ាងស៊ីជម្រៅ រហូតដល់ ធ្លាប់រួមរស់ ជាមួយគ្នាអស់រយៈពេលជិត១ឆ្នាំមកហើយ តែមិនទាន់រៀបការ ឬសែនព្រេននៅឡើយទេ។ ក្រោយមក នាងបានមើលឃើញថា ការរស់នៅសាក ល្បងសាងជីវិតគូជាមួយប្រុសស្នេហ៍នេះ គឺមិនស្រួលនោះទេ ពោលគឺមិនដូចបំណងប្រាថ្នាសោះឡើយ ដោយសារតែប្រុសស្នេហ៍របស់នាងម្នាក់នេះ គឺជាមនុស្សប្រុសកំពូលប្រច័ណ្ឌ តែងរករឿងឈ្លោះប្រកែក ចោទប្រកាន់នាងមិនឈប់ ព្រោះតែភ្លើងប្រចណ្ឌដក់ជាប់ពេញទ្រូង ហើយអ្វីដែលធ្វើឱ្យ នាងខ្លាច រហូតលែងចង់រួមរស់ជាមួយប្រុសស្នេហ៍នេះតទៅទៀតនោះ គឺប្រុសស្នេហ៍រូបនេះ ធ្លាប់បានប្រើអំពើហិង្សា វាយដំច្រំធាក់នាងជាញឹក ញាប់ ទើបនាងសម្រេចដកចិត្តដកកាយឱ្យឃ្លាតគ្នា ពោលសុំបែកចែកផ្លូវគ្នាដើរជាមួយប្រុសស្នេហ៍នេះ តាំងពីអំឡុងខែវិច្ឆិកាមកម៉្លេះ។

នារីរងគ្រោះបន្តថា នៅពេលដែលនាងហាមាត់សុំបែកផ្លូវគ្នាមក ខាងប្រុសមិនព្រមដាច់ខាត និងចេះតែព្យាយាមតាមលួងលោម អង្វរ នាងឱ្យត្រូវរ៉ូវគ្នាវិញ ដោយគេបានសន្យាថានឹងកែប្រែនូវរាល់កំហុសឆ្គងរបស់គេទាំងប៉ុន្មានឱ្យអស់ និងសុំផ្តើមជីវិតថ្មីជាមួយនាងតទៅមុខទៀត ប៉ុន្តែតាមរយៈការរួមរស់អស់ពេល១ឆ្នាំមកនេះ នាងស្គាល់ចរិតរបស់ប្រុសស្នេហ៍នេះច្បាស់ណាស់ និងហ៊ានទាយទុកថា គេមិនអាចកែប្រែចរិត បានដាច់ខាត ហេតុនេះ ទើបនាងប្រកាន់ជំហរមិនព្រមជានាគ្នាវិញឡើយ តែយ៉ាងណា ខាងប្រុសចេះតែតាមអង្វរនាងសឹងរាល់ថ្ងៃ។

នារីរងគ្រោះ បានឱ្យដឹងទៀតថា លុះមកដល់ថ្ងៃកើតហេតុ ព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៧ ខណៈដែលនាងកំពុងរៀបចំចេញទៅធ្វើការ ស្រាប់តែលេចមុខអតីតប្រុសស្នេហ៍ ជិះម៉ូតូមកចាំមុខបន្ទប់ជួលនាងជាស្រេច លុះគ្រាន់តែនាងបើកទ្វារចេញពីបន្ទប់ ក៏ត្រូវប្រុសស្នេហ៍នេះ ហៅ នាងឱ្យឡើងជិះម៉ូតូជាមួយគេ ប៉ុន្តែនាងប្រកែកហើយប្រកែកទៀត និងបញ្ជាក់ជំហរយ៉ាងច្បាស់ថា នាងមិនអាចផ្តើមចំណងស្នេហ៍ហេងស៊យនេះ ឡើងវិញបានឡើយ។ នៅពេលឃើញនាងមិនព្រមទទួលយកសំណើរបស់គេ ទើបធ្វើឱ្យអតីតប្រុសស្នេហ៍នោះច្រឡោតខឹង ក៏ស្ទុះមករកនាង បំណងចាប់បីនាងដាក់លើម៉ូតូ តែត្រូវនាងរើបម្រះរួច ស្រាប់តែបុរសនោះ បានចាប់ស្រវាទាញឆក់យកខ្សែកប្លាទីនរបស់នាង១ខ្សែ ទម្ងន់៣,៥ជី និងទូរស័ព្ទសាំសុង១គ្រឿង រួចគំរាមសួរបញ្ជាក់នាងជាចុងក្រោយថា តើព្រមឡើងជិះម៉ូតូជាមួយគេ ឬក៏អត់? លុះពេលនាងឆ្លើយថា មិនព្រម ស្រាប់តែប្រុសស្នេហ៍ហេងស៊យនោះ បានជិះម៉ូតូចេញទៅបាត់ទៅ ដោយនាំយកខ្សែក និងទូរស័ព្ទរបស់នាង១គ្រឿងទៅជាមួយផង។

នារីរងគ្រោះ បញ្ជាក់ថា ក្រោយពីអតីតប្រុសស្នេហ៍ផ្តាច់យកខ្សែក និងទូរស័ព្ទដៃទៅបាត់ ធ្វើឱ្យនាងខឹងក៏រត់ទៅប្តឹងសមត្ថកិច្ចឱ្យជួយ អន្តរាគមន៍ ប៉ុន្តែនាងគ្រាន់តែចង់ឱ្យយកខ្សែក និងទូរស័ព្ទរបស់នាងពីប្រុសស្នេហ៍វិញប៉ុណ្ណោះ។ តាំងពីថ្ងៃកើតហេតុនោះមក ប្រុស្នេហ៍ជើងល្អរបស់ នាង ចេះតែគេចមុខរហូត អស់រយៈពេលជាង២ខែទៅហើយ ទើបតែក្នុងរយៈពេលថ្មីៗនេះ បែរជាខាងប្រុស បានចូលខ្លួនមកលួងលោមប្រគល់ ទ្រព្យសម្បត្តិឱ្យនាងវិញទាំងអស់ និងថែមទាំងបាននិយាយលួងលោមកុំឱ្យនាងប្រកាន់ខឹងនឹងគេទៀត ដោយបានពោលពាក្យថា “ឱ្យបងសុំទោស ដែលធ្វើខុសចំពោះអូន” និងសុំឱ្យនាងទៅរាយការណ៍ប្រាប់ប៉ូលិសថា ពួកយើងត្រូវគ្នាវិញហើយ រួចសុំដកពាក្យបណ្តឹងវិញផង ទើបនាងយល់ស្រប រត់មកទទូចស្នើសុំដកពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលវិញតែម្តង។

សមត្ថកិច្ចមូលដ្ឋាន បានបញ្ជាក់ប្រាប់ថា តាំងពីថ្ងៃដែលនារីរងគ្រោះខាងលើកើតមានរឿងទំនាស់វិវាទជាមួយគូសង្សារ រួចមកដាក់ពាក្យ បណ្តឹងសុំអន្តរាគមន៍ពីសមត្ថកិច្ចរួចមក សមត្ថកិច្ចបានតាមស្វែងរកបុរសជាប្រុសស្នេហ៍នោះដែរ តែរកមិនឃើញ សូម្បីសាមីខ្លួនខាងស្រីក៏ផ្តាំប៉ូលិស ដែរថា បើឃើញមុខសង្សារនាងនៅកន្លែងណា សូមផ្តល់ដំណឹង ឬទូរស័ព្ទប្រាប់នាងផង ដើម្បីហៅមកសាកសួរដោះស្រាយគ្នាឱ្យបានច្បាស់លាស់។ ផ្ទុយទៅវិញ បាត់ដំណឹងសូន្យឈឹង រហូតមកដល់ល្ងាចថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៨ ទើបលេចមុខនារីរងគ្រោះ មកស្នើសុំដកពាក្យបណ្តឹងវិញ ដោយអះអាងថាពួកគាត់ត្រូវគ្នាវិញហើយ ដោយខាងប្រុសព្រមប្រគល់ទ្រព្យសម្បត្តិឱ្យនាងវិញអស់ហើយ ទើបសមត្ថកិច្ចយល់ព្រមទៅតាម សំណូមពររបស់នារីខាងលើ ហើយថែមទាំងសរសើរនូវទឹកចិត្តនារីរូបនេះ ត្រង់ថា កើតមានជំលោះក៏មកប្រាប់ មកប្តឹងសមត្ថកិច្ច លុះពេលត្រូវរ៉ូវ គ្នាវិញក៏មកប្តឹងប្រាប់សមត្ថកិច្ចដែរ ខុសពីគូស្នេហ៍ខ្លះពេលមានបញ្ហារត់មកប្តឹងសមត្ថកិច្ច លុះពេលត្រូវរ៉ូវគ្នាវិញសម្ងំស្ងាត់មាត់ឈឹង។

យ៉ាងណា ចាត់ទុកថា ភាគីខាងប្រុសស្នេហ៍មានសំណាងល្អខ្លាំងណាស់ ដែលប៉ះចំសង្សារចិត្តល្អ ឆក់យកខ្សែក និងទូរស័ព្ទរត់បាត់រាប់ខែ ត្រឡប់មកវិញ គ្រាន់តែអង្វរក២-៣ម៉ាត់ ពិសេសចេះពោលពាក្យសុំទោសថា “ឱ្យបងសុំទោស ដែលធ្វើខុសចំពោះអូន” ក៏ធ្វើឱ្យខាងស្រីទន់ចិត្ត រត់ទៅដកពាក្យបណ្តឹងវិញ ពុំនោះទេច្បាស់ជាវ័ណ្ឌកនឹងផ្លូវច្បាប់មិនខាន៕

RELATED ARTICLES