ទំនាក់ទំនងស្នេហ៍រវាងស្រីស្អាតសុផា លីនដា ជាមួយតារាចម្រៀងរស្មីហង្សមាស លោកនៅ ស៊ីនឿន បានសាយភាយរយៈពេលជាង២ឆ្នាំមកហើយ ប៉ុន្តែពួកគេតែងតែព្យាយាមលាក់បាំងរហូតមក។ ប៉ុន្តែទើបតែនៅថ្ងៃទី៧ ខែកុម្ភះ កន្លងទៅនេះ ខណៈដែលលោកនៅ ស៊ីនឿន ចេញទៅសម្ដែងនៅសហរដ្ឋអាមេរិក លីនដា បានបង្ហោះសារបង្ហាញពីក្ដីបារម្ភចំពោះពីស៊ីនឿន មិនខុសពីលាតត្រដាងរឿងស្នេហ៍របស់ខ្លួននោះទេ។
សម្ព័ន្ធស្នេហ៍រវាងតារាបង្ហាញម៉ូដរូបស្រស់ កញ្ញាសុផា លីនដា ជាមួយលោកនៅ ស៊ីនឿន ត្រូវបានអ្នកនៅក្នុងចង្កោមសិល្បៈជាច្រើនដឹងថា ពួកគេគឺជាគូសង្សារនឹងគ្នាជាយូរមកហើយ គឺចាប់តាំងពីស៊ីនឿន បែកស្នេហ៍ពីកុល ដាវី ម្លេះ ហើយចាស់ទុំទាំងសងខាងក៏បានដឹងឮពីទំនាក់ទំនងរបស់ពួកគេផងដែរ ខណៈដែលអ្នកទាំង២ក៏ឧស្សាហ៍បែកធ្លាយរូបភាពកៀកកើយនៅលើបណ្ដាញសង្គមជាបន្តបន្ទាប់ផងដែរ។ យ៉ាងណា កន្លងមកទាំងនៅ ស៊ីនឿន និងលីនដា តែងតែបដិសេធថា ពួកគេគ្រាន់តែរាប់អានគ្នាជាមិត្តភក្ដិនៅក្នុងសិល្បៈធម្មតាៗតែប៉ុណ្ណោះ។ ប៉ុន្តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនៅនោះ ខណៈដែលលោកនៅស៊ីនឿន ចេញទៅសម្ដែងនៅសហរដ្ឋអាមេរិក លីនដា បានដាច់ចិត្តទម្លាយពីចំណងស្នេហ៍របស់ខ្លួន។
កញ្ញាសុផា លីនដា បានបង្ហោះរូបភាពនៅក្នុងបណ្តាញសង្គម ជាមួយលោកនៅ ស៊ីនឿន នៅពេលជូនដំណើរលោកទៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ។ អ្នកទាំងពីរបានបង្ហាញពីសកម្មភាពផ្អែមល្ហែមខុសពីធម្មតា សឹងតែធ្វើឲ្យអ្នកគាំទ្រជាច្រើនច្រណែន ដោយលីនដា បានបង្ហោះសំណេរថា «មកជូនដំណើរ my.. Nov Sinoeun ឡើងទៅ USA ជូនពរបងសុវត្ថិភាពទាំងទៅមកណា ត្រឡប់មកជាមួយភាពជោគជ័យ ហើយបាន Money ច្រើនមកវិញ ឆាប់ជាក្អកណាបង ថែរក្សាសុខភាពផង»។
តាមដំណឹងថា ស៊ីនឿន និងលីនដា ធ្លាប់ផ្ទុះរឿងមិនចុះសម្រុងនឹងគ្នា និងបានបែកគ្នាមួយរយៈទៀតផង គឺទើបត្រូវរូវគ្នាវិញ ថ្មីៗនេះ ដោយសារតែក្ដីស្រលាញ់ជ្រាលជ្រៅមិនអាចកាត់ផ្ដាច់បាន ហើយពួកគេក៏ចង់ចូលរោងការដែរ ដើម្បីឲ្យចំណងមនោសញ្ចេតនាកាន់តែរឹងមាំ។ ប៉ុន្តែស៊ីនឿន តែងតែបារម្ភខ្លាចប៉ះពាល់អាជីពចម្រៀងនៅទ្រនំហង្សមាស ទើបព្យាយាមលាក់បាំងរហូតមក។
ខណៈដែលលីនដា ដាច់ចិត្តទម្លាយរឿងស្នេហ៍ជាមួយស៊ីនឿន មិត្តភក្ដិនៅក្នុងហ្វេសប៊ុក ក៏ដូចជានៅក្នុងសង្គមសិល្បៈជាច្រើនបានជូនពរដល់ចំណងស្នេហ៍របស់ពួកគេ ហើយក៏ចង់ឲ្យអ្នកទាំងពីរចូលរោងការក្នុងពេលឆាប់ៗផងដែរ៕