Sunday, November 24, 2024
Homeនយោបាយសម្តេចហ៊ុន សែន ប្រកាសធ្វើតាមលោកសម រង្ស៊ី “មានសែន អត់ស៊ី មានស៊ី អត់សែន”

សម្តេចហ៊ុន សែន ប្រកាសធ្វើតាមលោកសម រង្ស៊ី “មានសែន អត់ស៊ី មានស៊ី អត់សែន”

ខេត្តកំពង់ចាម ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បាន ប្រកាសថា សម្តេចនឹងធ្វើរឿងមួយឱ្យលោក សម រង្ស៊ី ភ្លឺភ្នែកច្បាស់ គឺកាលពី១៥ឆ្នាំមុន លោកសម រង្ស៊ី ធ្លាប់និយាយថា “មានសែន អត់ស៊ី មានស៊ី អត់សែន” ដូច្នេះពេលនេះ សម្តេចនឹងធ្វើតាមគោលនយោបាយរបស់លោក សម រង្ស៊ី នោះ ពោលគឺមានសម្តេច គឺអត់ សម រង្ស៊ី មានសម រង្ស៊ី គឺអត់សម្តេច ហើយ សម្តេចនឹងធ្វើតាមនេះរហូតអស់មួយជីវិត។

ជាមួយនេះ សម្តេចនាយករដ្ឋមន្ត្រី ក៏បានបញ្ជាឱ្យអាជ្ញាធរដែនដីគ្រប់រាជធានី-ខេត្ត ទូទាំងប្រទេស ចាប់ឃាត់ទុកនូវរថយន្តទាំងឡាយណាដែលកែច្នៃតទ្រុងបន្ថែម ចាប់ពីថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ២០១៨ តទៅ ព្រោះរថយន្ត ទាំងនោះហើយដែលដឹកទំនិញលើសចំណុះ បណ្តាលឱ្យខូចផ្លូវ ស្ពាន ហើយបើអាជ្ញាធរខេត្ត- ស្រុកណាមិនចាត់វិធានការទេ នឹងប្រឈមការ ដកតំណែង។

សម្តេចហ៊ុន សែន បានថ្លែងបែបនេះនៅ ក្នុងពិធីសម្ពោធបើកការដ្ឋានសាងសង់ស្ពាន បេតុងសរសៃដែក ប្រវែងសរុប១១៣១ម៉ែត្រ និងទទឹង១៣,៥០ម៉ែត្រ ឆ្លងកាត់ទន្លេមេគង្គ ត្រង់ចំណុចភូមិបឹងដែង ឃុំព្រែកកក់ ស្រុក ស្ទឹងត្រង់ ខេត្តកំពង់ចាម ទៅត្រើយខាងកើត ត្រង់ចំណុចភូមិក្តុលលើ ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ ២០១៨។

សម្តេចហ៊ុន សែន បានថ្លែងនៅពេលនោះ ថា “មានអាអន្ទិតមួយនោះ វាធ្វើអីវាមិនបាន ស្រាប់តែម្សិលម៉្ងៃ វាស្រែកថា ឥឡូវដាក់កំណត់ ទៅ ដាក់កំណត់ជាមួយគ្នាថា អាយុ៦៥ឆ្នាំ ត្រូវ ឈប់ធ្វើនយោបាយទាំងអស់គ្នា អុញ ! អ្ហែង អ្នកជាប់គុកសោះ មកបបួលអញធ្វើនាយករដ្ឋមន្ត្រីចុះតំណែង ទៅជាប់គុកជាមួយអ្ហែង អ្ហែង ជាប់គុកតែអ្ហែង អ្ហែងជាប់គុកទៅ គ្មានច្បាប់ ឯណាមកហាមឃាត់អារឿងហ្នឹងទេ សិទ្ធិធ្វើ នយោបាយ អ្នកឯងមើលទៅក្នុងរដ្ឋធម្មនុញ្ញ មើល ហើយគេចង់ដាក់ក្នុងរដ្ឋធម្មនុញ្ញថា ធ្វើ នាយករដ្ឋមន្ត្រីត្រឹមអាយុ៦៥ឆ្នាំបានហើយ បើ ថាឆ្កួតៗតែម្នាក់ឯងទៅ ឡប់ៗតែម្នាក់ឯងទៅ ខ្ញុំមិនចង់និយាយតជាមួយអាមនុស្សធុនអស់ ហ្នឹងទេ ! ប៉ុន្តែត្រង់ពេលខ្ញុំនិយាយត្រង់ពាក្យថា មានអាអ្នកចង់ធ្វើនាយករដ្ឋមន្ត្រីអាយុច្រើន ជាងខ្ញុំទៀត អ៊ីចឹងវាបបួលៗ អានេះចេះយក កាឡៃមកដូរមាសសុទ្ធ បើថាឯងឆ្លាតជ្រុល ឯងឆ្លាតតែម្នាក់ឯងទៅ ដោយសារឯងឆ្លាត មិនគ្រប់គ្រាន់ហ្នឹងហើយ បានជាចាញ់អញរហូត ហ្នឹង ! រឿងវាអ៊ីចឹងតែប៉ុណ្ណឹងទេ បញ្ហាស្ថិតនៅ ត្រង់ថា អ្នកឯងមានកម្រិត ឆ្លាតវៃគ្រប់គ្រាន់ ដើម្បីដឹកនាំប្រទេសនេះឬអត់? មានសមត្ថភាព ឬអត់? តែប៉ុណ្ណឹងទេ ត្រង់អ្នកឯងមកពីត្រង់ ណាអីត្រង់ណា គឺជារឿងមួយផ្សេង ប៉ុន្តែណ្ហើយ បើវាឆ្កួតទៅហើយ ឆ្កែព្រុស យើងព្រុសដាក់ ឆ្កែក៏វាពិបាក ឆ្កែខាំជើង យើងយកមាត់យើង ទៅខាំជើងឆ្កែ ក៏វាពិបាកដែរ ប៉ុន្តែពេលខ្លះ ក៏ គួរតែត្រូវនិយាយបន្តិចដែរ ឱ្យវាដឹង គេមិន ល្ងង់ដូចអ្ហែងនឹងហើយ បានជាកាន់អំណាចរហូត ដល់ទៅជិត៤០ឆ្នាំនោះ កុំទៅឆ្ងល់ពេក ហើយ បើគិតតាំងពីដំណាក់កាលតស៊ូរំដោះប្រទេស ហ្នឹង គឺ៤០ឆ្នាំជាងទៅហើយ អ៊ីចឹងទេ គួរតែ ព្រមយល់ហើយ”។

សម្តេចហ៊ុន សែន បានបន្តថា “ប៉ុន្តែរឿង មួយដែលខ្ញុំធ្វើឱ្យច្បាស់ ឱ្យអ្នកឯងភ្លឺភ្នែកឱ្យ ច្បាស់ កាលពី ១៥ឆ្នាំមុន អ្នកឯងនិយាយពីអី អ្នកឯងនិយាយថា “មានស៊ី អត់សែន មានសែន អត់ស៊ី” មានន័យថា បើមានគេ អត់ខ្ញុំ មានខ្ញុំ អត់គេ ឥឡូវខ្ញុំធ្វើឱ្យដូច ខ្ញុំធ្វើអាហ្នឹងឱ្យដូច ធ្វើឱ្យដូចមួយជីវិត ទាល់តែងាប់រៀងខ្លួន មាន ឯង អត់អញ មានអញ អត់ឯង ខ្ញុំធ្វើតាមអ្នកឯង ទេ ខ្ញុំអត់មានធ្វើតាមអ្នកណា ធ្វើតាមអ្នកឯង ទេ ព្រោះអ្នកឯងដាក់ចេញនូវគោលនយោបាយឃោសនា “មានស៊ី អត់សែន មានសែន អត់ស៊ី” ហើយអ្នកឯងអនុវត្តជារៀងរហូតមក បើចឹងចាប់បង្ខំឱ្យខ្ញុំមិនអាចអត់ធ្មត់បានទេ ហើយអនុវត្តផ្លូវច្បាប់ ខ្ញុំអត់ធ្វើអីទេ ខ្ញុំអនុវត្ត ផ្លូវច្បាប់តែប៉ុណ្ណឹង…”។

សម្តេចហ៊ុន សែន បានថ្លែងបន្តថា “ធ្មេច បើកៗ ស្ពាននេះនឹងបានរួចរាល់ ប៉ុន្តែ ខ្ញុំក៏សូម បញ្ជាក់ ហើយក៏សុំអភ័យទោសពីសំណាក់អ្នក នៅក្រចេះ អ្នកនៅភ្នំពេញ សុំកុំចាត់ទុកថា នេះ ជាតំបន់និយម លោកហ៊ុន សែន ធ្វើតាមរបៀប តំបន់និយម មកធ្វើតែស្រុកកំណើតគាត់។ ការ ពិត ស្ពាននេះជាស្ពានទី៨ ហើយបើបូកទាំងស្ពាន ដទៃទៀត ស្ពាននេះជាស្ពានទី១២ បើស្ពានលីយ៉ុងផាត់ ១ទៀត ដែលយើងទិញ ដូចយើងធ្វើ ខ្លួនឯង ស្ពានព្រះមុនីវង្ស ស្ពានជប៉ុនធ្វើ២ ហើយ ស្ពានឆ្លងដៃសមុទ្រ ដែលមានប្រវែងជាង២ គីឡូម៉ែត្រ យើងនៅមានគំនិតធ្វើស្ពានច្រើន ទៀត ហើយតាមគំនិតខ្ញុំ ចង់ធ្វើស្ពានច្រើនណាស់ ឆ្លងកាត់ទន្លេ ដើម្បីកុំឱ្យប្រជាជនពិបាកធ្វើដំណើរវែងឆ្ងាយ បើនៅតាមព្រែកមួយៗ គឺចង់ ធ្វើស្ពាន១គីឡូ ឱ្យមានស្ពាន១ៗ ឱ្យបានច្រើន ហើយបើនៅម្តុំទីប្រជុំជន ៣០០-៤០០ម៉ែត្រ ស្ពាន១ៗ ចង់បានបែបហ្នឹង ក៏ប៉ុន្តែលទ្ធភាព ទុនរបស់យើង ត្រូវរកទុនពីត្រង់ណា…”។

សម្តេចហ៊ុន សែន បានលើកឡើងថា “មានរឿងមួយដែលថ្ងៃនេះ ខ្ញុំសូមនិយាយ រឿងនេះវារឿងច្រំដែលទេ ប៉ុន្តែរឿងវាហាក់ ដូចជាមិនស្ងប់សោះ ប្រទេសកម្ពុជាបច្ចុប្បន្ន មនុស្សស្លាប់ច្រើនជាងសម័យសង្គ្រាម ហេតុអី ទៅ? គ្រោះថ្នាក់ចរាចរណ៍មួយថ្ងៃៗ បានកើតឡើង បំផ្លាញជីវិតមនុស្ស ធ្វើឱ្យមនុស្សស្លាប់ របួស ហើយក៏ធ្វើឱ្យខូចខាតទ្រព្យសម្បត្តិយ៉ាង ច្រើន ក្នុងពេលមានសង្គ្រាម ក្នុងឋានៈខ្ញុំជាអ្នក ដឹកនាំប្រទេសក្នុងរយៈពេលជាង៣៩ឆ្នាំ ថ្ងៃខ្លះ អត់មានមនុស្សស្លាប់របួសទេ នៅក្នុងកាលៈទេសៈដែលមានសង្គ្រាមផង ប៉ុន្តែឥឡូវនេះ ថ្ងៃណាក៏មានមនុស្សស្លាប់ដែរ គ្រាន់តែច្រើន និងតិចប៉ុណ្ណោះ មន្ទីរពេទ្យមួយៗ ពោរពេញ ទៅដោយអ្នករបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ បញ្ហានេះ ទាមទារឱ្យមានការគោរព ទាំងអស់គ្នាទើបបាន ហើយរឿងនេះ មិនមែន ជាការទទួលខុសត្រូវរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ដូចជាគណៈកម្មការសុវត្ថិភាព ផ្លូវគោក តែមួយមុខនោះទេ តែវាជាភារកិច្ច ទូទៅរបស់យើងទាំងអស់គ្នា សំខាន់ជាងគេ គឺ អ្នកបើកបរខ្លួនឯងតែម្តង ដែលត្រូវមានការ ប្រុងប្រយ័ត្ន បើគ្មានការប្រុងប្រយ័ត្នទេ គឺវា នឹងបង្កើតបញ្ហាច្រើនណាស់ ឥឡូវជិតចូលឆ្នាំ ចិនហើយ ក្រែងលោទៅជួបជីដូនជីតាពិតប្រាកដ នោះ ត្រឹមតែសែនបានហើយ សែនទៅដល់ហើយ កុំទៅខ្លួនឯងអី។ នៅស្រុកខ្មែរគេថា ចូលឆ្នាំ ចិន ស្រវឹងខ្មែរ ខ្មែរអ្នកផឹកស្រា ចិនផឹកតិចៗ ណាស់ កែវគាត់តូចៗណាស់ លើកតិចៗ អត់ សូវស្រវឹងទេ ខ្មែរតែលើកឡើងអត់ទេ ដាក់ទាំង ដបយកតែម្តង រួចហើយទៅហើយ អាហ្នឹងគេ ហៅចូលឆ្នាំចិន ស្រវឹងខ្មែរ ខ្មែរចូលឆ្នាំ មួយឆ្នាំ ៣ដង ចូលឆ្នាំសកល ក៏ចូល ចូលឆ្នាំចិន-វៀតណាម ក៏ចូល ឆ្នាំខ្មែរ ក៏ចូល ហើយតែចូលហើយ ដាក់ហើយ។ គ្រោះថ្នាក់ចរាចរណ៍នៅប្រទេស យើង ពិតជាច្រើនណាស់ ហើយម៉្យាងទៀត អារឿងបញ្ហារថយន្តដឹកលើសទម្ងន់នេះ ខ្ញុំសុំ ដាក់ចេញនូវបទបញ្ជាអនុវត្តឱ្យបានម៉ឺងម៉ាត់ បំផុត មើលក្រុមហ៊ុនណាដែលដឹកជញ្ជូនលើស ទម្ងន់ យើងនិយាយប្រជុំក្រុមហ៊ុនទាំងអស់ ហៅមកនិយាយគ្នា បើសិនជាមាន យើងអាច ចាប់រថយន្តហ្នឹង ហើយយើងបិទក្រុមហ៊ុនទៀត ព្រោះអ្នកឯងសម្លាប់មនុស្សអស់ប៉ុន្មាន? អ្នកឯង បំផ្លាញផ្លូវអស់ប៉ុន្មាន? បើអ្នកឯងមិនកែ ខ្ញុំបិទ ក្រុមហ៊ុនចោល ត្រូវនិយាយគ្នារឿងហ្នឹងឱ្យ ច្បាស់ៗ។ រឿងទី២ រឿងកាត់ឡានត ខ្ញុំសុំបញ្ចាក់ ចាប់ពីម៉ោង០០នាទីយប់នេះទៅ ឡានតទាំង ប៉ុន្មាន មិនត្រូវមានវត្តមានលើផ្លូវទេ បើមាន វត្តមានលើផ្លូវនៅក្នុងខេត្តណា ស្រុកណា ចៅហ្វាយខេត្តនោះ ចៅហ្វាយស្រុកនោះ ត្រូវទទួល ខុសត្រូវ ចាប់ទុកទាំងអស់ ចាប់កាត់ទាំងអស់ អត់មានលែង ! ឥឡូវខេត្តមួយៗ ស្រុកមួយៗ ពង្រាយគ្នាទទួលខុសត្រូវ មើលៗខ្ញុំនឹងតាម មើល ហើយអស់លោកកុំភ្លេចដឹងដៃហ៊ុន សែន ហើយ បើចង់ដកចៅហ្វាយខេត្ត ដកត្រឹមតែ២៤ ម៉ោង យូរពេកផង បើចង់ដកចៅហ្វាយស្រុក ត្រឹមតែ១៥នាទីទេ ព្រោះអនុក្រឹត្យ សរសេរ នៅហ្នឹង ប៉ុន្តែនៅពេលដែលដកចៅហ្វាយខេត្ត ត្រូវឡាយព្រះហស្តលេខាដោយព្រះមហាក្សត្រ ត្រូវចំណាយពេលយូរបន្តិច ខ្ញុំថា២៤ម៉ោងទៅ ចុះ! ឥឡូវចាប់ពី០០ម៉ោងយប់នេះ ថ្ងៃនេះអាច ថា គេស្តាប់ឮ គេបញ្ជាឱ្យចូលកន្លែង បើចាប់ ឥឡូវអាក្រក់មើល អ៊ីចឹងទុកពេលឱ្យប៉ុន្មានម៉ោង ទៀត នៅដល់ម៉ោង ១២យប់ នៅមានពេលវេលា ប៉ុន្តែចាប់ពីក្រោយហ្នឹងទៅ ឱ្យតែមាន ឡានតខុសទំនង ចាប់បញ្ចូលទ្រុងទាំងអស់ ចង់ថាអីថាទៅ ហើយចាំឱ្យគេលើកគ្នាមកតវ៉ា ដល់មុខផ្ទះហ៊ុន សែន មកដល់ត្រង់ហ្នឹង ចាប់ បញ្ចូលព្រៃស ទាំងអស់ទៀត អត់មានអីរញ៉េរញ៉ៃទេ ព្រោះបំផ្លាញជីវិតមនុស្ស បំផ្លាញផ្លូវ ថ្នល់ ដែលយើងរកលុយទាំងលំបាក លុយខ្លួន ឯងផង លុយទៅខ្ចីគេផង យកមកធ្វើផ្លូវ ហេតុអី មកបំផ្លាញ? ចំណេញក្រុមហ៊ុនមួយ ចំណេញ ឡានមួយ ហើយខ្លួនបំផ្លាញបែបនេះ ខ្ញុំសុំដាក់ បទបញ្ជានេះ មិនត្រូវបានលើកលែង ពីមុន ធ្លាប់ដាក់ម្តងហើយ​ ប៉ុន្តែវារើឡើងវិញ តែឥឡូវ អត់ទេ អត់រើទេ រដ្ឋមន្ត្រីក៏ត្រូវអស់តំណែង ចៅហ្វាយខេត្ត ចៅហ្វាយស្រុក ចាប់នៅកន្លែង ណា យកបញ្ចូល អ្នកណាដោះលែង គឺអ្នកហ្នឹង មានទោស និយាយគ្នាអ៊ីចេះបានឆាប់ចប់ ព្រោះ បើមិនអ៊ីចឹង មិនចប់ទេ។ ផ្តាំទៅអ្នកដែលរកស៊ី តឡានទាំងឡាយ សុំយកឡានទៅកន្លែងណា ដែលកាត់ ហើយបើកាត់មិនទាន់ទេ កុំឡើង លើផ្លូវ ឡើងលើផ្លូវចាប់ហើយ ហើយតែចាប់ បានហើយ អ្នកណាហ៊ានលែង គឺខ្ញុំនឹងរករឿង អាហ្នឹងហើយ ហើយសូមបងប្អូនទាំងឡាយ ចូល មក ជៀមមនេត ក្នុងផេកហ្វេសប៊ុករបស់ហ៊ុន សែន ចូលមកប្រាប់ ប្រាប់ថា ចៅហ្វាយស្រុកនេះ ប៉ូលិសនៅនេះ ដោះលែង អាហ្នឹងខ្ញុំនឹងតាមធ្វើ អាហ្នឹងម្តង ព្រោះមើលទៅបែបគណៈកម្មការ សុវត្ថិភាពចរាចរណ៍ផ្លូវគោក ដាក់បញ្ជាទៅ អានោះអត់ស្តាប់ ឥឡូវដាក់បញ្ជាហ៊ុន សែន ម្តង យកកណ្តាប់ដៃដែកដាក់ម្តងទៀត ឱ្យវាទៅជាអី? វាអត់ងាប់ទេ ការពិតចាប់អាហ្នឹងដាក់ក្នុងឃ្លាំង វាបាត់ការងារតែតៃកុងឡានមួយ និងអ្នករកស៊ី តែប៉ុន្មាននាក់ហ្នឹងទេ តែវាសុវត្ថិភាពសម្រាប់ ប្រជាជនដែលរស់នៅតាមផ្លូវ និងវាធានាដល់ ផ្លូវរបស់យើង កុំឱ្យវាលើសចំណុះ អាដឹកលើស ចំណុះ អាឡានកាត់ត ត្រូវកុំឱ្យមានវត្តមាននៅ លើផ្លូវ អានេះគ្រោះថ្នាក់ខ្លាំងណាស់ បើកបុកៗ គ្រោះថ្នាក់យកមែនទែនៗ ហើយចាំបាច់អី ឡានគេធ្វើត្រូវស្តង់ដារគេហើយ ឯងយកមកត ២ម៉ែត្រ ៣ម៉ែត្រទៀត រួចចុះបត់ទៅ វាមិន ខុសក្បួនៗ ចឹងទេ បានជាចំណុចនេះ ជាចំណុច ដែលត្រូវធ្វើឱ្យបានម៉ឺងម៉ាត់ ហាក់ដូចជាប្រសិទ្ធភាពនៅទាបពេកៗ អ៊ីចឹងមានតែវិធីបញ្ជាបែប ហ្នឹងតែម្តង។ ឯរឿងតុលាការ មិនតុលាការ កុំទៅ ខ្វល់ពេក យកវាទៅទុកសិនទៅ ហើយបើចង់ តុលាការ បើតុលាការមានកន្លែង ដឹកយកទៅ ទុកនៅកន្លែងតុលាការទៅ បើសិនតុលាការ គាត់ចង់រករឿង យកទៅដាក់ឱ្យពេញកន្លែង តុលាការទៅ ហើយកាត់រឹបៗ មើលច្បាប់រឹប ធ្វើឱ្យវាត្រូវតាមស្តង់ដារទៅចប់ហើយ កុំទៅ តទៅអីវា ហើយអាហ្នឹងច្រើនតែដឹកស៊ីម៉ងត៍ ដឹកដែក ដឹកគោ ដឹកដំឡូងមី ឥឡូវចាប់ផ្តើម ហើយដាក់ទៅ ! វាខូចផ្លូវ១ខ្សែៗ អស់លុយតិច ណាស់អី ច្រើនណាស់ មិនមែនអស់តិចទេ អ៊ីចឹង ទេ ខ្ញុំសុំដាក់បទបញ្ជាសាជាថ្មីម្តងទៀត សង្ឃឹម ថា បទបញ្ជានេះនឹងអនុវត្តបាន បើសិនជាអស់ លោកនាំគ្នាធ្វើឡាន វាមិនដែលឆ្លងកាត់តែមុខ ផ្ទះហ៊ុន សែន ឯណា វាកាត់តាមស្រុកស្ទឹងត្រង់ ហ្នឹង វាកាត់តាមស្រុកក្រូចឆ្មារ វាកាត់តាមស្រុក នេះ ស្រុកនោះ តែអស់លោកហ្នឹងវាអត់ធ្វើ! ពីដើម ខ្ញុំឃើញគេធ្វើចៅហ្វាយស្រុក ចាត់ទុក គេអ្នកមានបុណ្យស្រាប់ ដល់ឯងធ្វើនាយករដ្ឋមន្ត្រី តែងតាំងអាចៅហ្វាយស្រុកហ្នឹងទៀត។ ពី ដើមអត់មានប៉ងប្រាថ្នាអីទេ ទៅធ្វើនាយករដ្ឋមន្ត្រីហ្នឹង ហើយស្រុកស្ទឹងត្រង់នេះ បង្កើត នាយករដ្ឋមន្ត្រីច្រើនជាងគេ ៣នាយករដ្ឋមន្ត្រី ដែលកើតនៅស្រុកស្ទឹងត្រង់ ទី១-អ៊ិន តាំ ទី២-ហង់ ធុនហាក់ តែ២នាក់ហ្នឹង គឺសុទ្ធតែពួក សាធារណរដ្ឋ ហើយផ្តួលរំលំសម្តេចសីហនុ អ៊ីចឹង ទេ ២នាក់ហ្នឹងគឺផ្សេង ឯនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺផ្សឹង។ ស្រុកស្ទឹងត្រង់នេះ គឺស្រុកដែល ផលិតនាយករដ្ឋមន្ត្រី បានច្រើនជាងគេ បើ ប្រៀបធៀបទៅនឹងស្រុកទូទាំងប្រទេស ប៉ុន្តែ នាយករដ្ឋមន្ត្រីមុន នាយករដ្ឋមន្ត្រី អ៊ិន តាំ ធ្វើ បានដូចជា២ឆ្នាំ ហើយបន្ទាប់ទៅ ហង់ ធុនហាក់ ត្រូវប៉ុល ពត សម្លាប់ ឯអ៊ិន តាំ ទៅស្លាប់ នៅអាមេរិកនោះ ហ្នឹងហើយ កុំជួញអារឿង សុខៗធ្វើការជាមួយព្រះករុណា ទៅរួមដៃគ្នា ស្តាប់បរទេស ធ្វើរដ្ឋប្រហារទម្លាក់ព្រះករុណា អ៊ីចឹងកម្មពៀរវាដល់អ៊ីចឹង ឯរឿងរបស់ខ្ញុំ គឺ ផ្សេង…”។

សម្តេចហ៊ុន សែន បានបញ្ជាក់បន្ថែមថា “ហើយខ្ញុំនៅមានឱកាស ២០២១ នឹងច្បាស់ជា មកសម្ពោធហើយ ព្រោះច្បាស់ណាស់ថា ខ្ញុំ នឹងបន្តរយៈពេល១០ឆ្នាំតទៅទៀត ដើម្បីធ្វើ នាយករដ្ឋមន្ត្រី ហើយអាម្សៀឯង ដែលបបួល ថា ៦៥ឆ្នាំ ឈប់ធ្វើ អាម្សៀឯងធ្វើខ្លួនឯងទៅ កុំមកបបួលអាគេកំពុងកាន់អំណាច ឯឯងកំពុង ជាប់គុក មកបបួលស្មើគ្នាម៉េច! អ្ហែងលេងខូច អ៊ីចឹង បានមិនដែលឈ្នះ ហើយតែងតែជាប់គុក ជានិច្ច ជាប់តាំងពីឪ ឪពីដើមគេហៅ អាសារី សម ឆ្កែខ្ញុំ មិនតូចមិនធំ ខ្លួនធំជាងឆ្មា…ដល់ឥឡូវ តទៀត តត្រកូលតែម្តង អានេះក្បត់ ហើយ ក្បត់ជាតិសោះ មកបបួលឯងដោះដូរគ្នាឱ្យស្មើ គ្នា ថា ៦៥ ឈប់ទាំងអស់គ្នា ចិត្តបាននេះគួរ សម នេះគេហៅអ្នកឆ្លាត…”។

គួររំលឹកដែរថា ពាក់ព័ន្ធបញ្ហារថយន្តដឹក ទំនិញលើសចំណុះ និងរថយន្តកែច្នៃតទ្រុងនេះ ដែរ ក្នុងឆ្នាំ២០១៧ រដ្ឋាភិបាល បានត្រួតពិនិត្យ រថយន្តធ្វើចរាចរណ៍ ចំនួន៩២ ៣៦៥៧គ្រឿង (មួយគ្រឿង អាចពិនិត្យច្រើនជាងមួយដង) ក្នុងនោះមាន ២៩៥៣គ្រឿង ដឹកលើសទម្ងន់ ចាប់ពី៤តោន រហូតដល់៤៣តោន និងបាន ផាកពិន័យជាទឹកប្រាក់ចំនួន ៥ ៧៧៨ ៨២០ ០០០រៀល។ ត្រួតពិនិត្យរថយន្តកែច្នៃ កាត់ត ទ្រុង ខុសបច្ចេកទេស ចំនួន២៣៦៧៨គ្រឿង បានកាត់ទ្រុងចេញ ១២១៥គ្រឿង បានអប់រំ ណែនាំ ៥៤៥គ្រឿង និងដោះរានត ខាងក្រោយ ៤៧៣គ្រឿង។ ត្រួតពិនិត្យរថយន្តកែច្នៃ កាត់ ទ្រុងឡាន យានដ្ឋានជួសជុល មានយានដ្ឋាន សរុប ៣០៦០ (១៨១៩មានច្បាប់) យានដ្ឋាន កែច្នៃ ដំឡើង មាន ១៧៧យានដ្ឋាន (មាន ច្បាប់ ១២៩)៕

ដារិទ្ធ

RELATED ARTICLES