Sunday, November 24, 2024
Homeបរិយាយតួកាច មិនងាយរកបាន

តួកាច មិនងាយរកបាន

នៅក្នុងសិល្បៈល្ខោន ឬខ្សែភាពយន្ត ចំពោះតួឯក មិនពិបាករកប៉ុន្មានទេ ប៉ុន្តែ សម្រាប់ “តួកាច មិនងាយរកបានឡើយ”។ នៅក្នុងឆាកនយោបាយក៏យ៉ាងនេះដែរ ពោលគឺគណបក្សស្របតាមរដ្ឋាភិបាល មិនពិបាករកនោះទេ ប៉ុន្តែ គណបក្សប្រឆាំង មិនងាយរកបានឡើយ ព្រោះចរិតខ្មែរ បើប្រឆាំង ទាល់តែហ៊ានជាប់គុកច្រវាក់ ឬរត់ចោលស្រុក ទើបគេជឿ។ យ៉ាងណាមិញ បន្ទាប់ពីស្ងប់ស្ងាត់មួយរយៈ គ្មានបក្សប្រឆាំងស្របច្បាប់ចូលប្រកួតប្រជែងក្នុងការបោះឆ្នោតព្រឹទ្ធសភា ហើយស្រាប់តែគណបក្សមួយប្រកាសថា ជាបក្សប្រឆាំងនោះ លុះត្រាតែធ្វើដូចតួកាចដែលមិនងាយរកបាន ទើបរាស្ត្រជឿ ដែល “នគរធំ” សូម លើករឿង “តួកាច” មកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។

អ្នកទស្សនាខ្សែភាពយន្ត កាលពីសម័យមុន ស្គាល់ “លោកឱ ឌុំ” ច្បាស់ណាស់ គាត់មានទម្រង់មុខកាចពីកំណើត ដោយ មានថ្គាមខ្លា ដុះពុកមាត់ខ្សែដួន សក់ក្រញាញ់ ភ្នែកក្រឡោត មាឌធំដំបង។ តាមពិត ចរិតខាងក្រៅរបស់លោកឱ ឌុំ ស្លូតបូត សុភាពរាបសាណាស់ គាត់ស្មោះត្រង់នឹងប្រពន្ធកូន ស្គាល់បុណ្យបាប គោរពចាស់ព្រឹទ្ធាចារ្យ ប៉ុន្តែ ពេលគាត់ “ចូលតួមេចោរ” កាចនោះមហាសែនកាច។ ភាពកាចសាហាវរបស់គាត់ មិនអាចពណ៌នាឱ្យអស់បានទេ ប៉ុន្តែ ស្តែងចេញតាមសម្អប់របស់ ទស្សនិកជន ពោលគឺក្នុងពេលកំពុងទស្សនាខ្សែភាពយន្តរឿង “បំណុលឈាមឪពុក” ដែលដាក់បញ្ចាំងក្នុង “រោងភាពយន្ត ហេមជាតិ” ខាងកើតផ្សារធំថ្មី កាលពីឆ្នាំ១៩៧១ នៅពេលឃើញតួកាចនោះសាហាវព្រៃផ្សៃពេក អត់ទ្រាំមិនបាន ក៏មាន ទស្សនិកជនខ្លះស្រែកជេរថា “អាងាប់! អីក៏សាហាវម៉្លេះ!”។

ដោយឡែក តួកាចម្នាក់ទៀត (ភ្លេចឈ្មោះ) ជាជនជាតិចិនហុងកុង សម្តែងជាមួយឈិន ឡុង ក៏កាចសម្បើមដែរ ធ្វើឱ្យ ទស្សនិកជនស្អប់គាត់ពេញពិភពលោក។ កាលពីជាង១០ឆ្នាំមុន មានសារព័ត៌មានបរទេសផ្សាយថា តួកាចនោះបានទៅកម្សាន្ត នៅសិង្ហបុរី ពេលគាត់កំពុងដើរតាមសួនច្បារ ស្រាប់តែមានបុរសសិង្ហបុរីម្នាក់ គប់ពងមាន់ស្អុយទៅលើគាត់ ប្រឡាក់អាវអស់។ ពេលប៉ូលិសចាប់ជនបង្កហេតុទៅសាកសួរ បុរសគប់ពងមាន់នោះ ក៏ឆ្លើយថា មកពី “ស្អប់អាតួកាចហ្នឹងពេក!”។ ចម្លើយពិតៗ នេះ ធ្វើឱ្យតារាភាពយន្តហុងកុង ហួសចិត្ត មិនប្តឹងផ្តល់អ្វីទេ ដោយយល់ថា មកពីខ្លួន “ចូលតួបានល្អ” ទើបទស្សនិកជនចោម ស្អប់បែបនេះ ព្រោះខ្សែភាពយន្តហុងកុង ចល័តពេញពិភពលោក សូម្បីតែកម្ពុជា ក៏យកកុនហុងកុង មកបញ្ចាំងដែរ។

ដូច្នេះយើងឃើញថា “តួកាចមិនងាយរកបានទេ” ជាក់ស្តែង អស់ពីលោកឱ ឌុំ ទៅ តួកាចសម័យឥឡូវធ្វើមិនបានប្រហែល រៀមច្បងនោះទេ ប៉ុន្តែ បើផលិតកម្មជ្រើសរើស “តារាទឹកភ្នែក” ឬ “តារាកម្សត់ព្រាត់ស្នេហ៍” មិនពិបាករកនោះទេ ព្រោះ ខ្វះអីប្រុសសង្ហា ស្រីស្អាត។

ចំពោះឆាកនយោបាយវិញ “បក្សប្រឆាំង ពិបាករក” ដោយហេតុថា បើមិនហ៊ានប្រឈមនឹងគុកច្រវាក់ រត់ចោលស្រុក ព្រាត់ប្រាសកូនប្រពន្ធ កុំចង់ធ្វើបក្សប្រឆាំង។ អ្នកនយោបាយខ្មែរ តាំងពីលាលួតមក មានចរិតខុសពីអ្នកនយោបាយបរទេស ត្រង់ “ប្រឆាំងខ្លាំង ឬប្រឆាំងផ្កាប់មុខ” នេះឯង តែបើប្រឆាំងលំៗ ខ្លាចៗនោះ រាស្ត្រមិនសូវជឿទេ។ ជាក់ស្តែង អតីតគណបក្ស សង្គ្រោះជាតិ ព្រោះតែ “ប្រឆាំងផ្កាប់មុខ” នោះហើយ បានជារាស្ត្របោះឆ្នោតឱ្យជិតកន្លះប្រទេស ខណៈដែលបក្សខ្លះទៀត ក៏ប្រឆាំងដែរ តែប្រឆាំងស្រាលៗ គ្មានបានកៅអីមួយនឹងគេនៅរដ្ឋសភា។

លោកសឺង ង៉ុកថាញ់ អ្នកនយោបាយជំនាន់មុនក៏ “ប្រឆាំងផ្កាប់មុខ” ដែរ គាត់ធ្វើនយោបាយប្រឆាំងបារាំង ប្រឆាំង រដ្ឋាភិបាលសង្គមរាស្ត្រនិយម យ៉ាងក្រពុលមុខ ដោយបង្កើត “ចលនាខ្មែរសេរី” ស្និទ្ធប្រទេសជប៉ុន។ លោកប៊ុន ច័ន្ទម៉ុល អតីត អ្នកទោសគុកកោះត្រឡាច បានសរសេរនៅក្នុងសៀវភៅ “ចរិតខ្មែរ” ពាក់ព័ន្ធនឹងប្រវត្តិលោកសឺង ង៉ុកថាញ់ ថា “លោកសឺង ង៉ុកថាញ់ ជាមនុស្សនយោបាយតាំងពីឆ្នាំ១៩៣០ ធ្លាប់ចោលស្រុកចោលស្រែ ចោលម៉ែចោលឪ ធ្លាប់ជាប់គុកច្រវាក់ ធ្លាប់ ទៅនៅព្រៃ ស៊ីអត់ស៊ីឃ្លាន ធ្លាប់ត្រូវគេជេរតាមវិទ្យុ យ៉ាងចាស់ដៃ កាលពីឆ្នាំ១៩៦៣ ថា ក្បត់ជាតិ។ លោកទើបតែបាន អើតក្បាលមកជាន់ស្រុកខ្មែរ ក្រោយព្រឹត្តិការណ៍ ១៨ មីនា ឆ្នាំ១៩៧០ ស្រាប់តែត្រូវកូនសិស្សជេរពេញមេឃទៀត”។ បាន សេចក្តីថា អ្នកនយោបាយប្រឆាំងអ៊ីចឹងហើយ ប៉ុន្តែ លោកសឺង ង៉ុកថាញ់ មានសំណាងបានធ្វើនាយករដ្ឋមន្ត្រី ២ដងឯណោះ គឺកាលពីឆ្នាំ១៩៦៣ បានជប៉ុន ជួយជ្រោមជ្រែងបានធ្វើម្តង លុះដល់ឆ្នាំ១៩៧២ បានធ្វើម្តងទៀត ក្នុងរបបលន់ នល់ ប៉ុន្តែ ទីបំផុត គាត់រត់គេចពីរបបប៉ុល ពត ទៅជ្រកកោននៅស្រុកកំណើត ទឹកដីកម្ពុជាក្រោម ក៏ត្រូវអាជ្ញាធរវៀតណាម ចាប់ដាក់ គុក និងស្លាប់ក្នុងគុកនោះទៅ។

ក្រឡេកមើលបច្ចុប្បន្ន បន្ទាប់ពីគណបក្សសង្គ្រោះជាតិ ឬបក្សប្រឆាំង ត្រូវរំលាយចោលមក មិនទាន់ឃើញបក្សប្រឆាំង ស្របច្បាប់ណាមួយធ្វើសកម្មភាពនៅឡើយ ដោយមិននិយាយពីពួកប្រឆាំងក្នុងអតីតបក្សសង្គ្រោះជាតិ នោះទេ។ ឥឡូវ ស្រាប់តែលោកពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា អះអាងថា គណបក្សរបស់លោក នឹងក្លាយជាបក្សប្រឆាំង តែមានរបៀបប្រឆាំង មិនដូចអតីតបក្សសង្គ្រោះជាតិ ដែលប្រឆាំងផ្កាប់មុខនោះទេ។ លោកស្រស់ ថ្លែងជាអាទិ៍ថា “ចំពោះ ពាក្យគេថា បក្សប្រឆាំងថ្មី មិនអាចប្រៀបបាននឹងបក្សប្រឆាំងចាស់នោះ យើងប្រៀបអត់បានពិតមែន។ យើងទទួលស្គាល់ ការពិតត្រង់ថា យើងអត់ចេះមួលបង្កាច់ដូចគណបក្សប្រឆាំង ហើយយើងប្រៀបមិនបានត្រង់ថា យើងបង្រៀនឱ្យល្មើសច្បាប់ ទៅអត់រួចទេ ប្រឆាំងដូចគណបក្សសង្គ្រោះជាតិហ្នឹង យើងធ្វើអត់ដូចទេ…”។

ការលើកឡើងនេះបញ្ជាក់ថា “តួកាច មិនងាយរកបាន” ឬថា អស់ពីលោកឱ ឌុំ ទៅ គ្មានឱ ឌុំ ទី២ គ្មានទស្សនិកជនស្រែក ជេរតួកាចក្នុងរោងកុនដូចមុន។ ខ្មែរយើងមានចរិតខុសគេត្រង់ “ប្រឆាំងផ្កាប់មុខ” នេះឯង ព្រោះបើប្រឆាំងលំៗដូចអ្វីដែល ប្រធានគណបក្សយុវជនកម្ពុជា លើកឡើងនោះ “មិនសូវចំតួកាច”។ នៅអាមេរិក បារាំង ជប៉ុន និងបណ្តាប្រទេសកាន់លទ្ធិប្រជាធិបតេយ្យឯទៀត សុទ្ធតែមានបក្សប្រឆាំង ប៉ុន្តែ គេប្រឆាំងស្រាលៗ មើលមុខគ្នា ចាប់ដៃគ្នាធម្មតា មិនដែលធ្វើពហិការ រដ្ឋសភានោះទេ។ ដូចនៅអាមេរិក បក្សប្រឆាំង បានបោះឆ្នោតមិនយល់ព្រមតាមប្រធានាធិបតី ពីរឿងថវិការដ្ឋសហព័ន្ធ ជាហេតុនាំឱ្យរដ្ឋាភិបាលជាប់គាំង ទីបំផុត គេស្រុះស្រួលគ្នាបោះឆ្នោតអនុលោម ដើម្បីឱ្យរដ្ឋាភិបាលដើរទៅមុខទៀត។ ផ្ទុយ ទៅវិញ កម្ពុជា ធ្វើមិនដូចគេទេ បើប្រឆាំងនឹងសេចក្តីព្រាងច្បាប់អ្វីមួយ តំណាងរាស្ត្រប្រឆាំង ដើរចេញអស់ ឱ្យបក្សកាន់ អំណាចអនុម័តច្បាប់ជាឯកបក្ស។ នេះមកពី “ចរិតខ្មែរ” វាអ៊ីចឹង ធ្លាប់មានមកតាំងពីដូនតាលាលួត ដូចអ្វីដែលលោកប៊ុន ច័ន្ទម៉ុល សរសេរថា “អ្នកនយោបាយប្រឆាំង ទាល់តែហ៊ានប្រឈមគុកច្រវាក់ ចោលស្រុកចោលស្រែ ចោលម៉ែចោលឪ ទើបហៅថាប្រឆាំង”។

ដូច្នេះបើបក្សប្រឆាំងកើតថ្មី “កាចមិនចំកាច” ដូចវង់ល្ខោនមួយនោះ តួកាចមានជំងឺ ចូលសម្តែងមិនកើត គ្រូល្ខោនក៏រើស តួបម្រុងម្នាក់ទៀត ឱ្យដើរតួកាច តែតួថ្មីនោះធ្វើមិនដូចតួចាស់ បណ្តាលឱ្យល្ខោនមិនសូវល្អមើល។ យ៉ាងណាមិញ កម្ពុជា កំពុងដើរលើផ្លូវប្រជាធិបតេយ្យ លុះត្រាតែអ្នកនយោបាយ ដែលតាំងខ្លួនថា ប្រឆាំងនោះ ឱ្យចំជាប្រឆាំង ទើបសង្ឃឹមបាន សន្លឹកឆ្នោត។ បក្សប្រឆាំងថ្មីនោះ ត្រូវតែហ៊ានប្រឈមនឹងគុកច្រវាក់ ឬប្រឈមនឹងការប្តឹងផ្តល់ឡើងតុលាការ ទើបប្រជាពលរដ្ឋដែលមាននិន្នាការប្រឆាំង ជឿទុកចិត្ត ដោយហេតុថា សព្វថ្ងៃ មាននិន្នាការ២ គឺ “ប្រឆាំង និងមិនប្រឆាំង” ទោះជា អតីតបក្សសង្គ្រោះជាតិ ត្រូវរំលាយចោល ក៏និន្នាការប្រឆាំង មិនទាន់រលាយ។

សរុបទៅ “តួកាចមិនងាយរកបាន” សំដៅដល់គណបក្សថ្មីដែលតាំងខ្លួនជាបក្សប្រឆាំង លុះត្រាតែកុំខ្លាចគេជេរពេញ រោងកុន ដូចលោកឱ ឌុំ ឬដូចតួកាចហុងកុង ដែលត្រូវគេគប់ពងមាន់ស្អុយដាក់ ទើបចំជាតួកាច។ ដូចយើងបពាក្ជា់រួចហើយ ថា ចរិតខ្មែរវាអ៊ីចឹង បើប្រឆាំងស្រាលៗ គេមិនជឿ ទាល់តែប្រឆាំងផ្កាប់មុខ ជាប់គុកច្រវាក់ ទើបបាន។ ទោះយ៉ាងណា ការ ប្រឆាំងជ្រុលហួសហេតុពេក គេធ្វើល្អក៏ប្រឆាំងដែរនោះ ក៏មិនល្អដែរ ព្រោះវានាំឱ្យបាត់បង់សណ្តាប់ធ្នាប់សង្គម និងឯកភាពជាតិ ដូចមេរៀនប្រវត្តិសាស្ត្រចង្អុលបង្ហាញស្រាប់៕

ដោយ អាចារ្យថាំ

RELATED ARTICLES