Tuesday, October 7, 2025
Homeព័ត៌មានជាតិកូនអាយុ៦ខែយំឃ្លានបៅស្ទើររឹងពោះស្លាប់ ខណៈម្តាយត្រូវឃាតកររំលោភអារកសម្លាប់

កូនអាយុ៦ខែយំឃ្លានបៅស្ទើររឹងពោះស្លាប់ ខណៈម្តាយត្រូវឃាតកររំលោភអារកសម្លាប់

ខេត្តកំពង់ឆ្នាំង ៖ ជារឿងគួរឱ្យរន្ធត់ចិត្តបំផុតមួយ ដែលស្ត្រីម្នាក់ទើបនឹងសម្រាលកូនខ្ចីបាន៦ខែ បែរជាត្រូវជនដៃដល់ជាឃាតករដៃឆៅ ចិត្តកំណាច ធ្វើសកម្មភាពចាប់រំលោភ រួចអារកសម្លាប់យ៉ាងឃោរឃៅ និងថែមទាំងបានប្លន់យកគ្រឿងអលង្ការជាប់ខ្លួនអស់ ទុកឱ្យកូនតូចស្រែកយំមិនឈប់ ទើបផ្អើលដល់ក្រុមគ្រួសារនឹកឆ្ងល់បាត់ម្តាយទៅណា បណ្តោយឱ្យកូនយំឃ្លានបៅស្ទើររឹងពោះស្លាប់ លុះពេលដើររក ក៏ស្រាប់តែប្រទះឃើញសាកសពស្ត្រីរងគ្រោះត្រូវឃាតករប្លុងចោល នៅក្នុងព្រៃត្រែងបន្លាយួនយ៉ាងគួរឱ្យសង្វេគ។

ករណីឃាតកម្មដ៏ព្រៃផ្សៃខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៧យប់ ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចក្នុងព្រៃត្រែងបន្លាយួន ក្នុងដីរបស់ឈ្មោះហុន ហេ ស្ថិតក្នុងភូមិក្បាលកន្លង់ ឃុំពាមឆ្កោក ស្រុកជលគិរី។

ស្ត្រីរងគ្រោះដែលត្រូវឃាតករដៃឆៅរំលោភសម្លាប់យ៉ាងឃោរឃៅ មានឈ្មោះហ៊ន ណាវី អាយុ២១ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិ-ឃុំកើតហេតុខាងលើ។

តាមប្រភពពីក្រុមគ្រួសារស្ត្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា ស្ត្រីរងគ្រោះទើបនឹងសម្រាលកូនបានប្រមាណជាង៦ខែប៉ុណ្ណោះ លុះមកដល់ថ្ងៃកើតហេតុ កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ត្រីរងគ្រោះស្រាប់តែបាត់ពីផ្ទះដោយមិនដឹងមូលហេតុ ដោយទុកឱ្យកូនតូចយំនៅលើផ្ទះតែម្នាក់ឯង ស្ទើររឹងពោះស្លាប់។ ក្រោយមក ឪពុកម្តាយនឹកឆ្ងល់ មិនដឹងជាស្ត្រីរងគ្រោះដើរបាត់ទៅណា ហេតុអ្វីក៏ទុកកូនចោលឱ្យយំស្ទើរគាំងស្លាប់បែបនេះ ក៏នាំគ្នាដើរតាមរកពេញភូមិ តែរកមិនឃើញសោះ ទើបធ្វើឱ្យកើតមានការភ្ញាក់ផ្អើលដល់អ្នកភូមិ នាំគ្នាចេញដើរតាមរកគ្រប់គ្នា គ្រប់ច្រកល្ហកសព្វកន្លែង រហូតដល់វេលាម៉ោងប្រមាណ៧យប់ថ្ងៃដដែល ទើបប្រទះឃើញសាកសពស្ត្រីរងគ្រោះដេកស្លាប់ក្នុងថ្លុកឈាមនៅក្នុងព្រៃត្រែងបន្លាយួនក្នុងដីរបស់ឈ្មោះហុន ហេ រស់នៅភូមិជាមួយគ្នា និងស្ថិតនៅចម្ងាយពីផ្លូវប្រមាណ២៥ម៉ែត្រ ទើបធ្វើឱ្យកើតមានការផ្អើលឆោឡោ ប្រញាប់រាយការណ៍សុំអន្តរាគមន៍ពីសមត្ថកិច្ចភ្លាមៗតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះដល់ទីតាំងកើតហេតុ ដើម្បីពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា សភាពសពត្រូវបានសម្រាតខោមកត្រឹមភ្លៅ ចំណែកនៅលើបំពង់កសព មានស្លាកស្នាមមុតជិតដាច់បំពង់ក (ស្នាមអារក) ថែមទាំងបាត់គ្រឿងអលង្ការ ជាប់នឹងខ្លួនសពមួយចំនួនទៀតផង។

តាមការសន្និដ្ឋានជាជំហានដំបូងរបស់សមត្ថកិច្ច ស្ត្រីរងគ្រោះត្រូវបានឃាតករដៃឆៅចាប់រំលោភ រួចអារកសម្លាប់ ប្លន់យកគ្រឿងអលង្ការ។

ជុំវិញករណីឃាតកម្មដ៏ព្រៃផ្សៃខាងលើនេះ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវយ៉ាងក្តៅគគុក ដើម្បីកំណត់មុខសញ្ញាជនដៃដល់ជាឃាតករ និងតាមចាប់ខ្លួន នាំយកមកផ្តន្ទាទោសតាមច្បាប់។

សាកសពស្ត្រីរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES