Tuesday, October 7, 2025
Homeព័ត៌មានជាតិប្រុសចាប់បោចសក់ រួចចាប់អារក ខឹងស្រីស្នេហ៍ច្រៀងខារ៉ាអូខឱបកៀកកើយប្រុសថ្មី

ប្រុសចាប់បោចសក់ រួចចាប់អារក ខឹងស្រីស្នេហ៍ច្រៀងខារ៉ាអូខឱបកៀកកើយប្រុសថ្មី

ភ្នំពេញ ៖ បុរសម្នាក់ ព្រោះតែផ្ទុះកំហឹងនឹងស្រីស្នេហ៍របស់ខ្លួនផឹកស៊ីច្រៀងខារ៉ាអូខេ កៀកកើយជាមួយនឹងប្រុសថ្មី ក៏ទាញកាំបិតស្ទុះចូលទៅចាប់បោចសក់នារីជាស្រីស្នេហ៍ រួចអារកប៉ុនប៉ងសម្លាប់ បណ្តាលឱ្យរងរបួសធ្ងន់ ចំណែកជនដៃដល់បានព្យាយាមរត់គេចខ្លួន តែត្រូវប្រជាពលរដ្ឋបើករថយន្តដេញបុក រហូតដល់ឃាត់ខ្លួនបាន និងផ្ទុះកំហឹងព្រួតគ្នាវាយម្នាក់មួយដៃមួយជើង បណ្តាលឱ្យប៉ោងមុខមាត់រងរបួសធ្ងន់។

ហេតុការណ៍ប្រុសស្នេហ៍ចាប់សង្សារអារកប៉ងសម្លាប់ចោលនេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវចូលវត្តអង្គតាមិញ ចំណុចមុខសណ្ឋាគារបាលី ស្ថិតក្នុងភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។

នារីរងគ្រោះដែលត្រូវប្រុសស្នេហ៍ចាប់អារកប៉ងសម្លាប់ មានឈ្មោះហាត់ សុខជា អាយុ២៧ឆ្នាំ មុខរបរកម្មការិនីរោងចក្រតុងហ្វាង ស្នាក់នៅបន្ទប់ជួល ស្ថិតក្នុងភូមិសង្កាត់កើតហេតុខាងលើ និងមានស្រុកកំណើតនៅភូមិត្នោតរលើង ឃុំវត្តអង្គខាងជើង ស្រុកបន្ទាយមាស ខេត្តកំពត។ ចំណែកជនសង្ស័យមានឈ្មោះភាព ម៉ក់ អាយុ២៤ឆ្នាំ មុខរបរជាងសំណង់ ស្នាក់នៅម្តុំផ្លូវអង្គតាមិញ និងមានស្រុកកំណើតនៅស្រុកពាមជរ ខេត្តព្រៃវែង។

តាមសម្តីនារីរងគ្រោះ បានរៀបរាប់ប្រាប់ថា តាមពិតរវាងនាង និងជនសង្ស័យមិនមានទំនាក់ទំនងជាសង្សារអ្វីនឹងគ្នានោះទេ គ្រាន់តែជនសង្ស័យបានព្យាយាមតាមសុំស្នេហ៍នាងអស់រយៈពេលជាងកន្លះខែមកហើយ និងទើបហ៊ានដាច់ចិត្តនិយាយពាក្យថា “ស្រលាញ់” ប្រាប់នាងបាន៣ទៅ៤ថ្ងៃប៉ុណ្ណោះ ប៉ុន្តែនាងមិនព្រមស្នេហ៍ឡើយ។ រហូតមកដល់វេលាម៉ោង១០ព្រឹក ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៨ ខណៈដែលរូបនាងអង្គុយមុខបន្ទប់ជួលតែម្នាក់ឯង ដោយបន្ទប់ខាងលើមិនបានបិទទ្វារ ស្រាប់តែជនសង្ស័យខាងលើបានលួចចូលបន្ទប់ ហើយយកប័ណ្ណ (ប.ស.ស) មកគំរាមនាងថា ចាំមើលអញបានប័ណ្ណ (ប.ស.ស) អញធ្វើឯងម្តង។ ភ្លាមនោះ នាងក៏បានប្រតាយប្រតប់ជាមួយនឹងជនសង្ស័យ ធ្វើឱ្យកើតជាការឈ្លោះប្រកែកគ្នា ហើយជនសង្ស័យក៏បានដើរចេញវិញទៅបាត់។ លុះដល់វេលាម៉ោងកើតហេតុ ខណៈដែលរូបនាងនិងបងប្អូនមានស្រីមានប្រុសសរុប៦នាក់ កំពុងផឹកស៊ីនៅក្នុងបន្ទប់ ព្រមទាំងច្រៀងខារ៉ាអូខេលេងផងនោះ ក៏ស្រាប់តែលេចមុខជនសង្ស័យខាងលើ ចូលក្នុងបន្ទប់របស់នាង បន្ទាប់មកក៏យកកាំបិតមកចាប់បោចសក់របស់នាងអារកប៉ងសម្លាប់តែម្តង តែសំណាងល្អគ្រាន់តែរងរបួសធ្ងន់។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ បាននិយាយថា ក្រោយធ្វើសកម្មភាពចាប់អារកនារីរងគ្រោះរួច ជនសង្ស័យខាងលើបានកាន់កាំបិត រត់គេចខ្លួន តែត្រូវប្រជាពលរដ្ឋឃើញហេតុការណ៍បាននាំគ្នាដេញចាប់ ប៉ុន្តែដោយសារជនសង្ស័យមានកាំបិតជាប់នឹងដៃ ទើបមិនមាននរណាម្នាក់ហ៊ានចូលឃាត់ខ្លួនឡើយ លុះពេលដែលជនសង្ស័យកំពុងរត់មកដល់ចំណុចកើតហេតុខាងលើ ក៏មានរថយន្តមួយគ្រឿង ដែលគេដឹងថា ជារថយន្តរបស់មន្ត្រីកងរាជអាវុធហត្ថមួយរូប បានដេញបំបុកជនសង្ស័យផ្ទប់នឹងដើមឈើនៅចំណុចមុខសណ្ឋាគារបាលីរីស៊ត និងត្រូវបានប្រជាពលរដ្ឋឃាត់ ខ្លួនជនសង្ស័យភ្លាមៗ ប៉ុន្តែដោយសារប្រជាពលរដ្ឋផ្ទុះកំហឹងទប់មិនជាប់ ក៏ព្រួតគ្នាវាយទៅលើជនសង្ស័យម្នាក់មួយដៃមួយជើង បណ្តាលឱ្យរងរបួសធ្ងន់ហើមប៉ោងមុខមាត់។

ខណៈពេលដែលប្រជាពលរដ្ឋ និងសមត្ថកិច្ចឃាត់ខ្លួនបានភ្លាមៗ ជនសង្ស័យបានឆ្លើយសារភាពថា រវាងរូបគេនិងនារីរងគ្រោះត្រូវជាសង្សារនឹងគ្នាអស់រយៈពេលជិត១ខែមកហើយ តែទើបនឹងមានទំនាក់ទំនងជិតស្និទ្ធនឹងគ្នារយៈពេលជិត១អាទិត្យចុងក្រោយនេះប៉ុណ្ណោះ។ នៅមុនពេលកើតហេតុ នៅរសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៨ នារីរងគ្រោះដែលជាសង្សាររបស់ខ្លួនបាននាំមិត្តប្រុសមកច្រៀងខារ៉ាអូខេនៅបន្ទប់ជួល ធ្វើឱ្យរូបគេខឹងខ្លាំងពេក ណាមួយមិត្តស្រីខាងលើច្រៀងខារ៉ាអូខេឌឺរូបគេពេក ទើបបណ្តាលឱ្យរូបគេទប់កំហឹងមិនបាន ក៏ទាញកាំបិតទៅអារកនាងតែម្តង។

ក្រោយកើតហេតុ គេឃើញសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ បានចុះមកដល់ និងឃាត់ខ្លួនជនសង្ស័យ តែដោយកន្លែងកើតហេតុ ស្ថិតក្នុងទឹកដីខណ្ឌសែនសុខ ទើបនគរបាលខណ្ឌពោធិ៍សែនជ័យ រាយការណ៍ទៅនគរបាលខណ្ឌសែនសុខ មកពិនិត្យ និងទទួលយកជនសង្ស័យទៅសួរនាំ លុះមួយសន្ទុះក្រោយមក ក៏មាននគរបាលមូលដ្ធានម្នាក់នៅប៉ុស្តិ៍អូរបែកក្អម មកដល់ ស្រាប់តែមានប៉េអឹមស្លៀកស៊ីវិល ២នាក់ មកចាប់យកជនសង្ស័យវាយខ្នោះ ដណ្តើមពីនគរបាល ដោយនិយាយថា ពួកគេជាអ្នកទទួលបានមុន ព្រោះមេគេជាអ្នកឱ្យមកយក ធ្វើឱ្យកើតមានការប្រកែកគ្នានៅចំពោះមុខមហាជនរាប់រយនាក់។

ទីបំផុត ជនសង្ស័យខាងលើត្រូវបានកំលាំងកងរាជអាវុធហត្ថខណ្ឌសែនសុខ នាំយកទៅសាកសួរ និងចាត់ការតាមនីតិវិធី៕

RELATED ARTICLES