ខេត្តកំពង់ឆ្នាំង ៖ ជនជាឃាតករចិត្តកំណាចឃោរឃៅ ដែលបានធ្វើសកម្មភាពរំលោភ រួចអាករសម្លាប់ស្ត្រីដែលទើបនឹងសម្រាលកូនខ្ចីបាន៦ខែ នៅចំណុចព្រៃបន្លាយួន ស្ថិតក្នុងភូមិក្បាលកន្លង់ ឃុំពាមឆ្កោក ស្រុកជលគីរី កាលពីយប់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨ ត្រូវបានសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនបានហើយ កាលពីព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨ ហើយតាមពិត ឃាតករដៃឆៅនេះ គឺជាប្តីរបស់ស្ត្រីរងគ្រាះ ចំណែកមូលហេតុ គឺបណ្តាលមកពីជនសង្ស័យជាឃាតករ បានផ្ទុះជំលោះជាមួយឪពុកក្មេក បែរជាអារកសម្លាប់ប្រពន្ធរបស់ខ្លួនទៅវិញ។
ស្ត្រីរងគ្រោះ ដែលត្រូវឃាតករដៃឆៅរំលោភសម្លាប់យ៉ាងឃោរឃៅ មានឈ្មោះហ៊ន ណាវី អាយុ២១ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។ ចំណែកជនដៃដល់ជាឃាតករ ដែលត្រូវសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួន មានឈ្មោះជា ធីម៉ារ៉ាត់ អាយុ២២ឆ្នាំ មានលំនៅ ភូមិព្រៃគ្រី ឃុំព្រៃគ្រី ស្រុកជលគីរី។
តាមសម្តីបុរសឈ្មោះហង្ស ស្រុង អាយុ៤៤ឆ្នាំ ត្រូវជាឪពុកបង្កើតស្ត្រីរងគ្រោះ បានរៀបរាប់ប្រាប់សមត្ថកិច្ចថា កូនស្រីរបស់គាត់ឈ្មោះហ៊ន ណាវី បានរៀបការជាមួយជនសង្ស័យជាឃាតករឈ្មោះជា ធីម៉ារ៉ាត់ កាលពីឆ្នាំកន្លងទៅ ហើយទើបនឹងបង្កើតបានកូនម្នាក់ ដែលពេលនេះមានអាយុ៦ខែ។
បុរសជាឪពុកស្ត្រីរងគ្រោះបានបន្តថា កាលពីមួយសប្តាហ៍មុន កូនប្រសាគាត់ឈ្មោះជា ធីម៉ារ៉ាត់ (ឃាតករ) បានទាស់សម្តីជាមួយគាត់ជាឪពុកក្មេក ហើយក៏រត់ទៅផ្ទះរបស់គេវិញ នៅភូមិព្រៃគ្រីបាត់ទៅ។ លុះមកដល់ម៉ោងប្រមាណ៩ព្រឹក ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨ កូនស្រីរបស់គាត់ (ស្ត្រីរងគ្រោះ) បានទុកកូនតូច៦ខែឱ្យក្មួយមើល ដោយប្រាប់ថា ទៅផ្ទះយាយមួយភ្លែត ហើយក៏ជិះម៉ូតូទៅផ្ទះយាយ ដែលមានចម្ងាយជាង ១គីឡូម៉ែត្រពីផ្ទះគាត់ ពេលទៅដល់ផ្ទះយាយ កូនស្រីគាត់ ក៏បានផ្ញើម៉ូតូនឹងគេ រួចក៏ជិះទូកឆ្លងទន្លេមកត្រើយម្ខាង ហើយក៏បាត់ខ្លួនរហូត។
ឪពុកស្ត្រីរងគ្រោះ បានឱ្យដឹងទៀតថា រហូតមកដល់ម៉ោង១១ព្រឹក ពេលគាត់មកពីស្រែវិញ មិនឃើញកូនស្រីនៅផ្ទះ ឃើញតែចៅយំពេញផ្ទះ លុះពេលសួរក្មួយប្រាប់ថា កូនស្រីគាត់ជិះម៉ូតូទៅផ្ទះយាយ ក្រោយពីមានគេទូរសព្ទ័មកហៅគាត់ ភ្លាមនោះគាត់ក៏បានទៅរកនៅផ្ទះយាយ តែរកមិនឃើញ ឃើញតែម៉ូតូ លុះពេលទូរសព្ទ័ចូល ក៏គ្មានអ្នកលើកទៀត ទើបមានការសង្ស័យ នាំគ្នាដើររកពេញមួយថ្ងៃ រហូតដល់ម៉ោង៧យប់ ទើបប្រទះឃើញកូនស្រីរបស់គាត់ត្រូវគេអារកស្លាប់បាត់ទៅហើយ។
បុរសជាឪពុកស្ត្រីរងគ្រោះ បានបញ្ជាក់ថា នៅជាប់ខ្លួនកូនស្រីគាត់មានខ្សែកមាស៥ជី កងដៃផ្លាកទីន១តម្លឹង ក្រវិលផ្លាកទីន១ជី ចិញ្ចៀន១ជី និងប្រាក់២០ម៉ឺនរៀលផងដែរ។ នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨ ខណៈដែលសមត្ថកិច្ចបានចុះទៅពិនិត្យធ្វើកោសល្យវិច័យសពរួច បានបញ្ជាក់ប្រាប់ថា នៅជិតសព ស្ត្រីរងគ្រោះមានទូរស័ព្ទរបស់ស្ត្រីរងគ្រោះ១គ្រឿង កូនកាំបិតដងលឿង១។ ចំណែកសពត្រូវជនដៃដល់ អារកសម្លាប់ និងមានស្នាមឈាមនៅក្នុង ប្រដាប់ភេទថែមទៀតផង។
ក្រោយមក សមត្ថកិច្ចជំនាញ បានធ្វើការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនដៃដល់ជាប្តីរបស់ស្ត្រីរងគ្រោះ នាំយកមកសាកសួរ និងត្រូវជនសង្ស័យបានឆ្លើយសារភាពថា រូបគេពិតជាបានសម្លាប់អារកសម្លាប់ប្រពន្ធមែន មូលហេតុដោយសារតែរូបគេផ្ទុះជំលោះជាមួយឪពុកក្មេក។
បច្ចុប្បន្នឃាតករដែលសម្លាប់ប្រពន្ធខ្លួនឯង ត្រូវសមត្ថកិច្ចស្រុកជលគិរីកសាងសំណុំរឿងបញ្ជូនបន្តមកស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដើម្បីចាត់ការបន្តតាមនីតិវិធី៕