សុភាសិតបារាំង ១ឃ្លាថា “គេត្រូវប្រើវិចារណញ្ញាណ ប្រយុទ្ធទប់ទល់នឹងមតិ” (On ne doit combattre l’opinion que par le raisonnement) មានខ្លឹមសារអប់រំមនុស្សគ្រប់ជាតិសាសន៍ ជាពិសេស អ្នកនយោបាយ ឱ្យចេះរបៀបវាយបក យ៉ាងណាឱ្យមានប្រសិទ្ធភាព ចៀសវាង “ឆ្លើយដដែលៗ” នៅពេលមានការរិះគន់ពីអន្តរជាតិ។ នៅសល់តែ៥ថ្ងៃទៀតទេដល់ ពេលបោះឆ្នោតព្រឹទ្ធសភា ហើយក៏មានការរិះគន់ជុំទិសថា “ស្ថាប័ន គ.ជ.ប មិនឯករាជ្យ” ខ្លះថាអ៊ីចេះអ៊ីចុះ រិះគន់បក្សកាន់អំណាច ថា “ធ្វើឡប់ឡែកាឡៃប្រជាធិបតេយ្យ”។ ដូច្នេះប្រឈមនឹងបញ្ហានេះ លុះត្រាតែមន្ត្រីរាជរដ្ឋាភិបាល និងមន្ត្រី គ.ជ.ប “ប្រើវិចារណញ្ញាណ ប្រយុទ្ធនឹងមតិ” ទើបបាន ដែល “នគរធំ” សូមលើកសុភាសិតខាងលើ មកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។
ខណៈដែលរាជរដ្ឋាភិបាលកម្ពុជា ដាក់កាលបរិច្ឆេទបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ ២០១៨ ខាងមុខនេះ ឃើញថា មានតែគណបក្សប្រជាជនកម្ពុជា មួយប៉ុណ្ណោះ ដែលមានអង្គបោះឆ្នោតស្ទើរតែទាំងអស់ រីឯ គណបក្ស ៣ទៀត មានតិចតួច។ ស្ថានភាពបែបនេះ ក៏ត្រូវពួកប្រឆាំងដែលរត់ទៅក្រៅប្រទេស ក៏ដូចជាអន្តរជាតិ ខ្លះរិះគន់ ថា សមាសភាព គ.ជ.ប ផ្ទុយពីស្មារតីរដ្ឋធម្មនុញ្ញ, អង្គបោះឆ្នោត មានសុទ្ធតែក្រុមប្រឹក្សាឃុំ-សង្កាត់ ស្រុក ខេត្ត រាជធានី តំណាងរាស្ត្រ របស់បក្សកាន់អំណាចស្ទើរទាំងអស់, អវត្តមានគណបក្សសង្គ្រោះជាតិ ដែលត្រូវរំលាយចោលនោះ ធ្វើឱ្យបក្ស កាន់អំណាច ឈ្នះដាច់ ព្រោះអស់គូប្រកួតស្មើទម្ងន់គ្នា។ មតិរិះគន់ខ្លះទៀតថា បក្សកាន់អំណាច មិនចាំបាច់ហែក្បួនឃោសនា បង្ហិនលុយធ្វើអីទេ គង់តែឈ្នះដាច់គេ ខ្លះទៀតថា បក្ស៣ទៀត គ្រាន់តែធ្វើអាយ៉ងឱ្យបក្សកាន់អំណាចតែប៉ុណ្ណោះ ក្រែងគេ ចែកកៅអីឱ្យខ្លះ៘
ការរិះគន់នៅមានច្រើនទៀត ចេញតាមវិទ្យុក្រៅស្រុកនិងហ្វេសប៊ុក ពីក្រៅប្រទេស ចំណែកអ្នកនៅក្នុងស្រុក មិនហ៊ាន រិះគន់ឮទេ ប៉ុន្តែ អ្នកមាននិន្នាការប្រឆាំង បានរិះគន់តាមវិធី “ខ្សឹបខ្សៀវ” មានន័យតែមួយ។ ជិតដល់ពេលបោះឆ្នោតទៅហើយ បើមានការរិះគន់មិនឈប់បែបនេះ លុះត្រាតែមន្ត្រីបក្សកាន់អំណាច និងមន្ត្រី គ.ជ.ប “ប្រើវិចារណញ្ញាណ ប្រយុទ្ធនឹងមតិ” ទើបទទួលបានលទ្ធផលល្អ។ បើមានការឆ្លើយតបដដែលៗ ថា “គ.ជ.ប ជាស្ថាប័នឯករាជ្យ” ឬថា “អន្តរជាតិគ្មានសិទ្ធិលូកដៃ ចូលកិច្ចការផ្ទៃក្នុងកម្ពុជាបានឡើយ” បើឆ្លើយដដែលៗបែបនេះ មិនហៅថា “ប្រើវិចារណញ្ញាណប្រយុទ្ធនឹងមតិ” នោះទេ ព្រោះ “វិចារណញ្ញាណ” មានន័យថា “ប្រាជ្ញាជាគ្រឿងត្រិះរិះរាវរកហេតុផលឱ្យឃើញច្បាស់ ឱ្យស្គាល់ខុសត្រូវ”។
ឥឡូវមានការរិះគន់ថា គណបក្សហ៊្វុនស៊ិនប៉ិច មានអង្គបោះឆ្នោតតិចតួចណាស់ ចំណែកគណបក្សយុវជនកម្ពុជា របស់ លោកពេជ្រ ស្រស់ មានអង្គបោះឆ្នោត តែ៣ ឬមានអ្នកបោះឆ្នោតឱ្យបក្សយុវជនកម្ពុជា តែ៣នាក់ប៉ុណ្ណោះ ហើយនៅពេល ប្រកាសលទ្ធផល ស្រាប់តែគណបក្សមានអ្នកបោះឆ្នោតតិចតួច បែរជាបានកៅអីពីរបីនឹងគេដែរ អាចធ្វើឱ្យអ្នកតាមដាន “មិនជឿ” ព្រោះអ្នកគូសសន្លឹកឆ្នោត ជាក្រុមប្រឹក្សា មិនអាចគូសច្រឡំបានឡើយ។ ការរិះគន់ខ្លះទៀតថា “គណបក្សប្រជាជន កម្ពុជា នឹងឈ្នះ១០០ភាគរយ” ឬឈ្នះកៅអីទាំងអស់ ព្រោះមានអង្គបោះឆ្នោតច្រើនជាងគេ។ បើសិនជាឈ្នះទាំងអស់ បែបនេះ ក៏គេ “មិនជឿ” ដែរ ព្រោះធម្មតាការប្រកួតកីឡាបាល់ទះ អ្នកចាញ់ក៏បានពិន្ទុខ្លះដែរ មិនមែនសូន្យនោះទេ។ ប្រឈមនឹងបញ្ហានេះ ស្រាប់តែបក្សកាន់អំណាច បានកៅអី៩០ភាគរយ រីឯបក្សឯទៀតបូកបញ្ចូលគ្នាបាន១០ភាគរយ ក៏គេ “មិនជឿ” ដែរ ព្រោះអត់អង្គបោះឆ្នោតផង ហេតុអ្វីបានជាជាប់១០ភាគរយ?
ឧទាហរណ៍ដកស្រង់ពីមតិរិះគន់ខាងលើនេះ ជាតួនាទីរបស់អ្នកនាំពាក្យត្រូវឆ្លើយយ៉ាងណាឱ្យ “គេស្តាប់បាន ងាយយល់” ដោយរកវិធីសាស្ត្រ ឬចំណេះជំនាញខាង “វិទ្យាសាស្ត្រនយោបាយ” មកពន្យល់ ទើបមានប្រសិទ្ធភាព។ ប្រសិនបើប្រកាស លទ្ធផលចេញដូចអ្វីដែលគេរិះគន់នោះ បែរជាអ្នកនាំពាក្យនាំគ្នាឆ្លើយថា “ពួកប្រឆាំងនិងជនបរទេស គ្មានសិទ្ធិលូកដៃ ចូលកិច្ចការ គ.ជ.ប” ឬឆ្លើយថា “ការបោះឆ្នោតនេះសេរី យុត្តិធម៌ តម្លាភាព” ចាត់ទុកជាចម្លើយចាស់ “គួរដូរបទថ្មី ឬចម្លើយថ្មីវិញ”។
សម្រាប់ “នគរធំ” មានទស្សនៈថា “គ.ជ.ប ធ្វើអ្វីៗស្របតាមច្បាប់ មិនអាចបន្លំបានឡើយ” ប៉ុន្តែ អាមេរិក អឺរ៉ុប និង អ្នកមាននិន្នាការប្រឆាំង មិនយល់ឃើញយ៉ាងនេះទេ គឺចៀសមិនផុតពីការរិះគន់ថា “ការបោះឆ្នោតធ្វើឡើងបង្គ្រប់កិច្ច” តែប៉ុណ្ណោះ។ ពីមុន កាលដែលមិនទាន់រំលាយអតីតគណបក្សសង្គ្រោះជាតិ ពួកប្រឆាំង តែងនិយាយថា “បើមានការបោះឆ្នោត ព្រឹទ្ធសភា រដ្ឋសភា ឆ្នាំ២០១៨ CNRP នឹងឈ្នះដាច់” ប៉ុន្តែពេលនេះ ពួកប្រឆាំងនិយាយថា “CPP នឹងឈ្នះកៅអីទាំងអស់ ប៉ុន្តែ បើសិនជាបក្ស៣ទៀត បានកៅអីដែរ គឺមកពី គ.ជ.ប មិនឯករាជ្យ ព្រោះយកកៅអី CPP ទៅចែកឱ្យគេ ដើម្បីកំដរ ប្រជាធិបតេយ្យក្លែងក្លាយ”។
ការរិះគន់នេះលេចចេញតាមមាត់ក្អែក មាត់ព្រាប របស់អ្នកមាននិន្នាការប្រឆាំងនៅក្នុងប្រទេស នៅពេលជួបជុំគ្នាស៊ី ផឹកក្នុងឱកាសបុណ្យចូលឆ្នាំចិន។ ដូចអ្វីដែល “នគរធំ” ធ្លាប់លើកឡើងរួចមកហើយថា ពួកប្រឆាំងក្នុងស្រុក ស្ងាត់មាត់ឱ្យ ឈឹង ព្រោះខ្លាចជាប់គុក ប៉ុន្តែ “និន្នាការប្រឆាំងនៅដដែល” ហើយបើមាននិន្នាការប្រឆាំង ច្បាស់ជាមានការរិះគន់តាមវិធី ខ្សឹបខ្សៀវមិនខានឡើយ។
ដូច្នេះការឆ្លើយតបដោយប្រើវិចារណញ្ញាណ ជារឿងសំខាន់បំផុត ពោលគឺអ្នកនាំពាក្យត្រូវឆ្លើយឱ្យបានមុនថ្ងៃបោះឆ្នោត ពាក់ព័ន្ធដល់បក្សអត់អង្គបោះឆ្នោតផង បែរជាបានកៅអីនឹងគេដែរ។ បើចាំបោះឆ្នោតរួចរាល់ទើបឆ្លើយនោះ មិនសូវល្អទេ ចាំបាច់ត្រូវតែឆ្លើយការពារខ្លួនទុកជាមុន ទើបពួករិះគន់អាចទទួលយកបានខ្លះ។ ឧទាហរណ៍បើគេរិះគន់ថា “មានអង្គបោះឆ្នោត តែ៣នាក់ ហេតុអ្វីបានកៅអី?” អាចឆ្លើយបានថា “ក្រុមប្រឹក្សាជាអង្គបោះឆ្នោត CPP អាណិតអាសូរបក្សតូចមួយហ្នឹង ក៏នាំគ្នាបោះឆ្នោតឱ្យខ្លះទៅ” ឬអាចឆ្លើយថា “មកពីគេអាណិតក៏បេះពីមាត់ពីកឱ្យ តាមរយៈការគូសសន្លឹកឆ្នោត មិនមែនបាន មកដោយសារ គ.ជ.ប កាត់ឱ្យនោះទេ”។ នៅមានចម្លើយច្រើនទៀត ដែលអ្នកនាំពាក្យ អាចយកមកឆ្លើយល្មមស្តាប់បាន ដោយប្រើ “វិចារណញ្ញាណ សមឋានៈជាបណ្ឌិត” ខណៈដែលការបោះឆ្នោតព្រឹទ្ធសភា នៅសល់តែ៥ថ្ងៃទៀត។
សរុបទៅ “គេត្រូវប្រើវិចារណញ្ញាណ ប្រយុទ្ធទប់ទល់នឹងមតិ” មានខ្លឹមសារអប់រំអ្នកនយោបាយ ជាពិសេស អ្នកនាំពាក្យតែម្តង បើឆ្លើយដដែលៗ មិនហៅថា “ប្រើវិចារណញ្ញាណ” នោះទេ។ ហេតុនេះគួរតែមន្ត្រី គ.ជ.ប ក៏ដូចមន្ត្រីបក្សកាន់អំណាច រកស្នៀតថ្មី មកប្រើឱ្យមានប្រសិទ្ធភាព ដើម្បីបកស្រាយបំភ្លឺឆ្លើយតបចំពោះការរិះគន់ពីគ្រប់ទិសទី ដោយចៀសវាងចម្លើយដដែលៗពេក ព្រោះចម្លើយចាស់ ឬបទចម្រៀងចាស់ដដែលៗ គេមិនចង់ស្តាប់ ត្រូវតែ ដូរបទថ្មី ចង្វាក់ថ្មី ទើបទទួលបានការគាំទ្រខ្ពស់៕
ដោយ អាចារ្យថាំ