Monday, December 23, 2024
Homeព័ត៌មានជាតិបក្ស​ប្រឆាំង​ត្រៀម​ខ្លួន​ដឹក​នាំ​ប្រទេស​ប្រកាស​បង្កើត​រដ្ឋា​ភិបាល​ស្រមោល

បក្ស​ប្រឆាំង​ត្រៀម​ខ្លួន​ដឹក​នាំ​ប្រទេស​ប្រកាស​បង្កើត​រដ្ឋា​ភិបាល​ស្រមោល

ភ្នំពេញ ៖ គណបក្សសង្គ្រោះជាតិ ដែល ជាបក្សប្រឆាំង បានប្រកាសបង្កើតរដ្ឋាភិបាល ស្រមោល ដើម្បីត្រៀមខ្លួនដឹកនាំប្រទេស នៅ ពេលឈ្នះឆ្នោត និងបានត្រៀមរៀបចំច្បាប់ ចំនួន៣ សម្រាប់ស្នើធ្វើវិសោធនកម្ម ច្បាប់៣ ពាក់ព័ន្ធប្រព័ន្ធតុលាការ បន្ទាប់បានធ្វើសិក្ខាសាលា អស់រយៈពេល១ថ្ងៃកន្លះរួចមក។

ច្បាប់ចំនួន៣ ដែលគណបក្សសង្គ្រោះជាតិ ស្នើធ្វើវិសោធនកម្មនោះ រួមមាន ទី១ច្បាប់ ស្តីពីការរៀបចំ និងប្រព្រឹត្តទៅនៃក្រុមប្រឹក្សា នៃអង្គចៅក្រម ទី២ច្បាប់ស្តីពីព្រះរាជអាជ្ញា កែលម្អនូវមាត្រា៤០ ដែលមានចែងក្នុងច្បាប់ ចាស់ និងទី៣ច្បាប់រៀបចំតុលាការ កែសម្រួល មាត្រា៣០ ដែលច្បាប់ទាំងនេះ បានរៀបចំ រួចរាល់ហើយ។

អភិបាលនៃក្រុមសមាជិកសភាគណបក្ស សង្គ្រោះជាតិ លោកសុន ឆ័យ បានថ្លែងនៅ ក្នុងសន្និសីទសារព័ត៌មាន កាលពីព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៦ ថា ច្បាប់ទាំងនេះ នឹងត្រូវ បានអនុម័តដោយក្រុមសភាគណបក្សសង្គ្រោះជាតិ ហើយនឹងផ្ញើទៅរដ្ឋសភា នៅពេលខាង មុខ។

ជាមួយគ្នានោះដែរ លោកសុន ឆ័យ ក៏ បានប្រកាសថា គណបក្សសង្គ្រោះជាតិ បាន សម្រេចបង្កើតរដ្ឋាភិបាលស្រមោល ដែលមាន ១០គណៈកម្មការជំនាញ ដើម្បីទទួលខុសត្រូវ និងផ្តោតទៅលើវិស័យមួយចំនួន ដើម្បីត្រៀម ដឹកនាំប្រទេសនៅពេលខ្លួនឈ្នះឆ្នោត។

លោកសុន ឆ័យ បានឱ្យដឹងថា ការបង្កើត គណៈកម្មការជំនាញនេះ ក្នុងគោលបំណងធ្វើឱ្យ មានអ្នកទទួលខុសត្រូវទៅតាមជំនាញរបស់ខ្លួន ក្នុងការស្រាវជ្រាវទាក់ទងនឹងបញ្ហាដែលខ្លួន ទទួលខុសត្រូវ ដើម្បីត្រៀមសម្រាប់ឱកាស ដែលគណបក្សនេះបានឈ្នះឆ្នោត នៅពេល ខាងមុខ។

លោកសុន ឆ័យ បានមានប្រសាសន៍ថាបំណងដែលយើងបង្កើតក្រុមជំនាញនេះហើយ ដែលមានឈ្មោះដូចគ្នាទៅនឹងក្រុមជំនាញនៅ ក្នុងរដ្ឋសភានេះ គឺជាការចាប់ផ្តើមមួយ ជាដំណាក់កាលដំបូងមួយ ដើម្បីឱ្យក្រុមសភា យើង និងអ្នកជំនាញដែលមាននៅក្នុងគណបក្ស នេះ អាចបង្កើតជាក្រុមស្រាវជ្រាវបច្ចេកទេស ទៅលើវិស័យទាំងឡាយដែលមាននៅក្នុងព្រះ រាជាណាចក្រកម្ពុជាយើង ក្នុងគោលបំណង រៀបចំខ្លួននៅក្នុងកាលៈទេសៈណាដែលយើង ជឿថាដែលគណៈបក្សសង្គ្រោះជាតិឈ្នះឆ្នោត នឹងទៅគ្រប់គ្រងប្រទេស 

គួរបញ្ជាក់ផងដែរថា គណបក្សប្រឆាំង ធ្លាប់បានលើកឡើងពីការបង្កើតរដ្ឋាភិបាល ស្រមោលនេះ នៅពេលចរចាជាមួយគណបក្ស កាន់អំណាច មុនពេលខ្លួនសភាផងដែរ ប៉ុន្តែមិន ទាន់មានការឯកភាពពីគណបក្សប្រជាជនកម្ពុជា នោះទេ។

លោកសុន ឆ័យ មានប្រសាសន៍បន្ថែម ថាក្នុងចំនួន១០ហ្នឹង គឺគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹងនិងអង្កេត រដ្ឋសភា គឺមានឯកឧត្តមកែត ឃី ជាប្រធាន នៅក្នុង នោះ មានឯកឧត្តមងឹម ញេង ដែរ ដែលជា សមាជិកជាន់ខ្ពស់។ ចំពោះគណៈកម្មការទី២ គណៈកម្មការហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម ដឹកនាំដោយឯកឧត្តមឡុង ប៊ុន្នី និងឃី វណ្ណដេត។ គណៈកម្មការទី៣ គឺគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និង ធនធានទឹក ដឹកនាំដោយឯកឧត្តមអ៊ុច សេរីយុទ្ធ ដែលជាប្រធាន។ គណៈកម្មការទី៤ គឺគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារ សាធារណៈ ដឹកនាំដោយឯកឧត្តមជាម ច័ន្ទនី។ គណៈកម្មការទី៦ គឺគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និង ព័ត៌មាន ដឹកនាំដោយឯកឧត្តមកែវ ភីរម្យ។ គណៈកម្មការបន្ទាប់ទៀត គឺគណៈកម្មការនីតិកម្ម និងយុត្តិធម៌ ដឹកនាំដោយឯកឧត្តមគីម សួរភីរិទ្ធ។ បន្តទៀត គឺគណៈកម្មការអប់រំ យុវជន ធម្មការ សាសនា ទេសចរណ៍ និងវប្បធម៌ ដឹកនាំដោយអតីតរដ្ឋមន្ត្រីក្រសួងអប់រំពីដើម គឺ ឯកឧត្តមឡុង ប៊ុត្តា។ គណៈកម្មការទី៨ សុខាភិបាល សង្គមកិច្ច អតីតយុវជន នីតិសម្បទា ការងារ និងកិច្ចការនារី ដឹកនាំដោយឯកឧត្តម មែន សុថាវរិន្ទ្រ។ គណៈកម្មការសាធារណៈដឹកជញ្ជូន ទូរគមនគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម  រ៉ែ និងថាមពល ពាណិជ្ជកម្ម រៀបចំដែនដិ នគរូបនីយកម្ម និងសំណង់ ដឹកនាំដោយឯកឧត្តមទួត ឃឿត។ គណៈកម្មការទី១០ គឺជា គណកម្មការអង្កេត បោសសម្អាត និងប្រឆាំង អំពើពុករលួយ អនុប្រធានរបស់គណៈកម្មការ ឯកឧត្តមនុត រំដួល៕

ដោយ ៖ កុលបុត្រ

RELATED ARTICLES