ខេត្តកំពង់ធំ ៖ បុរសជាឪពុកចិត្តកំណាច ឃោរឃៅម្នាក់នេះ ខឹងនឹងកូនស្រីតូច ទើបនឹងមានអាយុ៦ខែ យំខ្លាំងពេក លួងមិនបាត់ ស្រាប់តែចាប់កូនស្រីបោះចុះពីលើផ្ទះទៅដល់ដី បណ្តាលឱ្យបែកមុខមាត់ រងរបួសធ្ងន់ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីព្រឹកថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចភូមិក្រសាំង ឃុំសណ្តាន់ ស្រុកសណ្តាន់។
ជនកំណាចដែលចាប់កូនស្រីតូចបោះពីលើផ្ទះ គ្រាន់តែខឹងកូនតូចយំលួងមិនបាត់នោះ មានឈ្មោះសុខ ម៉ៅ អាយុ២២ឆ្នាំ មានប្រពន្ធឈ្មោះសា ផល្លី អាយុ២០ឆ្នាំ។ ចំណែកក្មេងស្រីរងគ្រោះ មានឈ្មោះណាំង ម៉ាលីស ទើបតែមានអាយុ៦ខែប៉ុណ្ណោះ។ ក្រុមគ្រួសារខាងលើ មានលំនៅក្នុងភូមិកើតហេតុខាងលើ។
តាមសម្តីស្ត្រីជាប្រពន្ធជនដៃដល់ និងត្រូវជាម្តាយក្មេងស្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនកើតហេតុ នាងបានក្រោកពីដេក និងឃើញប្តីដេកមិនទាន់ក្រោក ក៏ដាក់កូនស្រីដែលទើបនឹងមានអាយុ៦ខែ ឱ្យដេកក្នុងផ្ទះ រួចក៏ចុះដើរទៅរកដងទឹកយកមកប្រើប្រាស់។ លុះមួយសន្ទុះក្រោយមក ក៏ស្រាប់តែឮអ្នកជិតខាងផ្អើលស្រែកឆោឡោថា អាម៉ៅ (ប្តីរបស់នាង) បានបោះកូនពីលើផ្ទះ របួសធ្ងន់ណាស់ ទើបនាងប្រញាប់ស្ទុះរត់ទៅមើលកូន ក៏ឃើញកូនស្រីមានស្នាមរបួសបែកមុខបែកមាត់ និងយំឡើងគាំង ហើយភ្លាមនោះ នាងនិងអ្នកភូមិក៏ប្រញាប់ដឹកបញ្ជូនកូនស្រីតាមម៉ូតូ ទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះជីវិត និងបានរួចផុតពីគ្រោះថ្នាក់ដល់ជីវិតហើយ។ ចំណែកប្តីកំណាចរបស់នាង មិនដឹងជារត់គេចខ្លួនបាត់ទៅណាទេ ក្រោយពេលចាប់បោះកូនស្រីទម្លាក់ពីលើផ្ទះរួច។
សមត្ថកិច្ចមូលដ្ឋាន បានបញ្ជាក់ប្រាប់ថា តាមការសាកសួរស្ត្រីជាប្រពន្ធ ក្រុមគ្រួសាររបស់នាងមិនមានទំនាស់អ្វីនឹងគ្នាទេ គ្រាន់តែប្តីនាងគឺជាមនុស្សប្រមឹក និងគ្រាន់តែខឹងរឿងកូនស្រីយំលួងមិនបាត់ ហើយពេលរកនាងជាប្រពន្ធឱ្យមកលួងកូនស្រីក៏មិនឃើញទៀត ទើបផ្ទុះកំហឹង ចាប់បោះកូនស្រីពីលើផ្ទះតែម្តង។
ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើការស្រាវជ្រាវ រហូតឈានដល់ការចាប់ឃាត់ខ្លួន ជនសង្ស័យជាឪពុកតិរច្ឆានខាងលើបាន នៅវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃដដែល និងបាននាំយកមកសាកសួរ។
នៅចំពោះមុខសមត្ថកិច្ច ជនកំណាចរូបនេះ បានឆ្លើយសារភាពថា តាមពិតរូបគេបានផឹកស្រាស្រវឹងស្រឿងៗ តាំងពីវេលាទៀបភ្លឺ រួចក៏ឡើងទៅសម្ងំដេកនៅលើផ្ទះ លុះពេលកំពុងតែដេកលក់ស្រួល ស្រាប់តែឮសំឡេងកូនយំយ៉ាងខ្លាំង ថ្លង់រកតែដេកមិនបាន ហើយទោះជាលួងយ៉ាងណាក៏មិនបាត់ ណាមួយរកមើលប្រពន្ធក៏មិនឃើញ មិនដឹងថា ដើរបាត់ទៅណា ធ្វើឱ្យរូបគេខឹង ក៏ចាប់កូនគ្រវែងពីលើផ្ទះមកដីតែម្តង។
ជនកំណាចខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕