Sunday, November 24, 2024
Homeបរិយាយបុណ្យនយោបាយ

បុណ្យនយោបាយ

ប្រជាពលរដ្ឋខ្មែរ ដែលកាន់ព្រះពុទ្ធសាសនាតាំងពីបុរាណកាលមកនោះ តែងប្រារឰពិធីបុណ្យផ្សេងៗ ទាំងសមូហភាព និងឯកជន ដូចជាបុណ្យកឋិន បុណ្យផ្កា មាឃបូជា ពិសាខបូជា ចូលឆ្នាំ ភ្ជុំបិណ្ឌ (សមូហភាព) និងបុណ្យទក្ខិណានុប្បទាន បច្ច័យបួន កតញ្ញូ (ឯកជន)។ បុណ្យទាំងអស់នេះ ពេលប្រមូលបច្ច័យបាន ក៏យកទៅកសាងសមិទ្ធផលនានា ប្រគេនព្រះសង្ឃ ជូនមាតាបិតា ជាកិច្ចតបគុណ។ នៅមានបុណ្យពិសេសមួយទៀត សន្មតថា ជា “បុណ្យនយោបាយ” ដែលយុវវ័យ ស្រករក្រោយមិនសូវដឹង ទើប “នគរធំ” សូមលើកមកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។

កាលពីពេលថ្មីៗនេះ កញ្ញាកឹម មនោវិទ្យា កូនស្រីច្បងលោកកឹម សុខា និងលោកយ៉ែម បុញ្ញប្ញទ្ធិ អតីតមន្ត្រីគណបក្សសង្គ្រោះជាតិ ដែលកំពុងរស់នៅក្រៅប្រទេស បានចែកប្រូក្រាម “បុណ្យផ្កាប្រាក់សាមគ្គី” ដែលសរសេរជាអាទិ៍ថា “ក្រុម អ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ប្រចាំទីក្រុង Lowell រដ្ឋ Masachusetts សហរដ្ឋអាមេរិក មានកិត្តិយស សូមគោរព អញ្ជើញបងប្អូនរួមជាតិខ្មែរទាំងអស់ ចូលរួមបុណ្យផ្កាប្រាក់សាមគ្គី និងវេទិកាសាធារណៈ ជាមួយលោកយ៉ែម បុញ្ញប្ញទ្ធិ និង កញ្ញាកឹម មនោវិទ្យា”។ ប្រូក្រាមនោះ បានដាក់កាលបរិច្ឆេទ ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៨ ត្រូវប្រារឰពិធីបុណ្យនៅវត្ត សំពៅមាស ទឹកដីអាមេរិក ប៉ុន្តែ មិនបានប្រកាសថា ប្រមូលបច្ច័យយកទៅកសាងអ្វីនោះទេ។

ដោយសារយើងធ្លាប់ឆ្លងកាត់របបសង្គមជាច្រើនជំនាន់ ជាពិសេស ធ្លាប់រត់លូនក្រោមអំបែងគ្រាប់ផ្លោង ស្ទើររស់ស្ទើរ ស្លាប់កាលពីសម័យសង្គ្រាម ក៏យល់ថា “បុណ្យផ្កាប្រាក់សាមគ្គី” គឺជា “បុណ្យនយោបាយ” ដែលយើងធ្លាប់ឃើញធ្វើកាលពី អំឡុងឆ្នាំ១៩៧២-១៩៧៣។

សូមរំព្ញកថា ក្រោយរដ្ឋប្រហារ ឆ្នាំ១៩៧០ សម្តេចឪ ព្រះបរមរតនកោដ្ឋ បានបាត់បង់អ្វីៗទាំងអស់ ដូចជាមុខតំណែង ជាព្រះប្រមុខរដ្ឋ ព្រះបរមរាជវាំង ព្រះរាជដំណាក់តាមខេត្តនានា វិមានរដ្ឋចម្ការមន ព្រមទាំងអចលនវត្ថុផ្សេងៗទៀត ត្រូវ តុលាការរបបលន់ នល់ បញ្ជាឱ្យរឹបអូសទុកជាសម្បត្តិរដ្ឋទាំងអស់។ ប្រឈមបញ្ហានេះ សម្តេចឪ ដែលមានអន្តរាគមន៍ពី មេដឹកនាំចិន បានបង្កើត “រណសិរ្សរួបរួមជាតិកម្ពុជា” ដោយមានព្រះអង្គផ្ទាល់ជាព្រះប្រធាន សម្តេចប៉ែន នុត ជានាយករដ្ឋមន្ត្រី លោកខៀវ សំផន ជាអគ្គបញ្ជាការកងទ័ព។ បន្ទាប់ពីមានការអំពាវនាវតាមវិទ្យុក្រុងប៉េកាំង ពីសំណាក់ព្រះប្រធាន រណសិរ្សរួបរួមជាតិ ក៏មានយុវជន-យុវនារី ស្មគ្រ័ចិត្តចូលបម្រើកងទ័ពរាប់ម៉ឺននាក់ ដោយបំពាក់អាវុធនាំមកពីប្រទេសចិន ប៉ុន្តែ ស្បៀងអាហារសម្រាប់ចិញ្ចឹម “កងទ័ពរំដោះ” នៅលើប្រជាពលរដ្ឋជាអ្នកដោះស្រាយ។ អំឡុងឆ្នាំ១៩៧២-១៩៧៣ របបប្រធានាធិបតីលន់ នល់ ដែលមានអាសនៈនៅអង្គការសហប្រជាជាតិ (ស្របច្បាប់) បានចាត់ទុកកងទ័ពរំដោះជា “ពួកឧទ្ទាម” បានទាំងហៅយន្តហោះ បេ៥២របស់អាមេរិក មកទម្លាក់គ្រាប់បែកទៀតផង។

ជំនាន់នោះ នៅចាយលុយកាក់ មានព្រះសង្ឃ និងមានការធ្វើបុណ្យទានតាមមាគ៌ាព្រះពុទ្ធសាសនា ជាហេតុនាំឱ្យកម្មាភិបាលរណសិរ្ស បែកគំនិតបង្កើតជា “បុណ្យមេទិញ” ឬ “បុណ្យមីទ្ទិញ” (Meeting) ដើម្បីប្រមូលបច្ច័យក៏ដូចជាអង្ករ បន្លែ ត្រីងៀត ប្រហុក ផ្អក អំបិល សម្រាប់យកទៅឧបត្ថម្ភកងទ័ព។ ជាកិច្ចចាប់ផ្តើមបុណ្យនេះ ប្រធានភូមិត្រូវដឹកនាំសង់រោងបុណ្យ នៅកណ្តាលវាលស្រែដែលទើបច្រូតកាត់រួចរាល់ ដោយប្រក់ស្លឹកដូង ចងស្លឹកទន្សែតាមសសររោង និងតាំងអាសនៈព្រះពុទ្ធរូប គ្រែព្រះសង្ឃគង់ យ៉ាងមានរបៀប។ នៅពីមុខរោងដែលបែរទៅកើត គេយកដីខ្សាច់មកពូនជាផ្នូរសិប្បនិម្មិត បួនប្រាំ ដោយធ្វើរាជវ័ត ពីចម្រៀកប្ញស្សី ព័ទ្ធជុំវិញផ្នូរផង។ អ្វីដែលមិនអាចអត់បាននោះ គឺគេជីករណ្តៅដី ដែលមានមុខកាត់កន្លះ ម៉ែត្រ ជម្រៅជិត១ម៉ែត្រ សម្រាប់ “លាក់ចង្កៀងម៉ាំងសុង កុំឱ្យយន្តហោះមើលឃើញ”។

វេលាម៉ោង៤រសៀល ចាប់ផ្តើមប្រារឰវិធី គេឃើញគណៈឃុំឡើងចាប់ក្បាលមីក្រូ និយាយហូរហែត្រប៉ែលត សរសើរ វីរភាពយុទ្ធជន យុទ្ធនារីដ៏ក្លាហានដែលបានពលីជីវិតនៅសមរភូមិ ដើម្បី “ដេញចក្រពត្តិអាមេរិក និងបរិវារ”។ បាឋកថា របស់ គណៈឃុំ ធ្វើឡើងបន្ទាប់ពីសង្កេតឃើញថា មានប្រជាជនបានយកលុយកាក់ អង្ករ បន្លែ ត្រីងៀត មកចូលបុណ្យបានច្រើន សន្ធឹក និងធ្វើពិធី “គោរពវិញ្ញាណក្ខន្ធ” រួចរាល់។ លុះពេលរាត្រី គេនិមន្តព្រះសង្ឃចម្រើនព្រះបរិត្ត ទេសនា ហើយចំពោះ ការទេសនានោះទៀតសោត “ធម្មកថិក” បានបំផុសប្រជាពលរដ្ឋ “ឱ្យចងកំហឹងនឹងខ្មាំង” មិនដែលលើករឿងជាតក បុណ្យ បាប នរកសួគ៌អ្វីមកទេសនា អប់រំញាតិញោមនោះទេ។ លុះព្រះសង្ឃទេសនាចប់ ក៏មាន “កម្មវិធីសិល្បៈ” ដោយគេជ្រើស កុមារកុមារីក្នុងភូមិ ឡើងសម្តែងរបាំ “ពូកងឈ្លបអើយ”, “កុមារឈានមុខ” និងច្រៀងទោល បន្ទរដោយទ្រសោ នូវបទ “ឱ! វាលស្រែអើយ”។ បទនោះ យើងនៅចងចាំច្បាស់ណាស់ មានទំនុកថា “ឱ! វាលស្រែអើយ ច្រូតកាត់រួចហើយ គ្មាននៅ សល់អ្វី សល់តែដើមកាត់ខ្លី ហើយនិងផ្ទៃដី ត្រូវថ្ងៃហែងហួត។ អាសូរកសិករ ក្រអើយសែនក្រ ក្រតលាលួត ទឹកមុខអ្នក ក្រៀមស្ងួត ត្រូវខ្មាំងត្រាត្រួត បង្ហួតស្គមស្គាំង។ ដើមដុះឯស្រែ ពេលទុំបែកបែរ ទៅក្រុងចូលឃ្លាំង ស្រែសល់តែជញ្ជ្រាំង អ្នកស្រែផ្កាប់ឆ្នាំង ទៅចាំងឈើភ្នំ”។ នៅពេលសិល្បៈកំពុងសម្តែង ស្រាប់តែឮសន្ធឹកយន្តហោះ B52 របស់អាមេរិក ជិតមក ដល់ អ្នកទទួលខុសត្រូវខាងពន្លឺ ក៏សម្រូតចង្កៀងម៉ាំងសុង ដាក់ទៅក្នុងរណ្តៅ យកចង្អេរគ្របពីលើ ងងឹតឈឹង លុះយន្ត ហោះទៅបាត់ ទើបគេលើកចង្កៀងមកបំភ្លឺវិញ ឃើញថា “មិនខុសពីកណ្តុរខ្លាចឆ្មា”។ ព្រឹកឡើង គេប្រគេនចង្ហាន់ព្រះសង្ឃ ប្រកាសពីបច្ច័យដែលប្រមូលបាន ដោយប្រគេនព្រះសង្ឃខ្លះ ប៉ុន្តែ “ព្រះសង្ឃបដិវត្តន៍” មិនយកទេ បានបង្វែរទៅឧបត្ថម្ភ កងទ័ពវិញ។ បន្ទាប់មក គេចាត់តាំងយុវជន យុវនារី រាប់សិបនាក់ឱ្យជញ្ជូនស្បៀងដែលបានពី “បុណ្យនយោបាយ” នោះ យកទៅសមរភូមិ ដោយសារគ្មានរថយន្តដឹកជញ្ជូន ហើយទោះជាមានឡានក៏មិនហ៊ានដឹកដែរ ព្រោះខ្លាចយន្តហោះមើលឃើញ។

ការលើកឡើងដោយត្រួសៗខាងលើនេះ មិនបំផ្លើសទេ ប៉ុន្តែ “ព្រះសង្ឃបដិវត្តន៍” លុះចូលដល់ឆ្នាំ១៩៧៥ ត្រូវអង្គការ ផ្សឹកគ្មានសល់ បើរឹងទទឹងមិនព្រមសឹក ច្បាស់ជាចូលរណ្តៅដូចចង្កៀង។ កាលនោះ សម្តេចឪ ជាព្រះប្រធានរណសិរ្សមែន ប៉ុន្តែកិច្ចការនីតិប្រតិបត្តិ នៅលើប៉ុល ពត អៀង សារី នួន ជា ខៀវ សំផន ឯណោះទេ ទើបក្រោយផ្តួលរំលំរបបលន់ នល់ រួច កម្ពុជា បានក្លាយទៅជាវាលពិឃាត ដែលយើងមិនបាច់សរសេរវែងឆ្ងាយ។

ឥឡូវពួកប្រឆាំងនៅក្រៅប្រទេស បានបំផុស “បុណ្យផ្កាប្រាក់សាមគ្គី” ហាក់យកគំរូតាម “បុណ្យមេទិញ” សម័យឆ្នាំ ១៩៧២-១៩៧៣ តែម្តង។ បច្ច័យដែលប្រមូលបានពីបុណ្យប្រភេទនេះ បើប្រគេនព្រះសង្ឃ ហើយប៉ះព្រះសង្ឃមាននិន្នាការ នយោបាយដូចគ្នា ច្បាស់ជា “បង្វែរឧបត្ថម្ភការតស៊ូ” មិនខានឡើយ។ ដូច្នេះ “បុណ្យផ្កាប្រាក់សាមគ្គី” នៅរដ្ឋម៉ាសសាឈូសេត នាថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៨ នោះ ច្បាស់ណាស់ថា នឹងប្រមូលបច្ច័យបែងចែកទៅអ្នកនយោបាយ ដែលកំពុង ធ្វើសកម្មភាព “ប្រឆាំងរាជរដ្ឋាភិបាល” តែម្តង។ បច្ច័យបុណ្យនយោបាយ សម្រាប់យកទៅធ្វើនយោបាយ មិនមែនយកទៅ កសាង កុដិ ព្រះវិហារ សាលាឆាន់នោះទេ ឯអ្នកចូលរួមបុណ្យ ឬ “ចាប់កុសល” ទៀតសោត ក៏មានបំណងឱ្យយកលុយនេះ ទៅឧបត្ថម្ភអ្នកនយោបាយដែលកំពុងអត្តខាត់ផងដែរ។

សរុបទៅ “បុណ្យនយោបាយ” មិនមែនជាបុណ្យកសាងវត្តអារាមនោះទេ ប៉ុន្តែ តម្រូវឱ្យមានព្រះសង្ឃបង្សុកូល ជយន្តោ ដារ ឆាន់ ដូចបុណ្យឯទៀតដែរ ខុសគ្នាត្រង់ប្រមូលបច្ច័យឧបត្ថម្ភកងទ័ព ឬអ្នកនយោបាយ។ អាស្រ័យហេតុនេះ សូម យុវវ័យស្រករក្រោយ ដែលមិនធ្លាប់ឆ្លងកាត់ “បុណ្យនយោបាយ” មេត្តាជ្រាប និងពិចារណាតាមការគួរ ព្រោះអ្វីៗ លុះត្រាតែ ធ្លាប់មានធ្វើពីមុន ទើបអ្នកនយោបាយប្រឆាំងជំនាន់ក្រោយនេះធ្វើតាម ឬ “ជាន់ដានប្រវត្តិសាស្ត្រ” នេះឯង៕

ដោយ អាចារ្យថាំ

RELATED ARTICLES