ខេត្តរតនគិរី ៖ បុរស៤នាក់បាននាំគ្នាជិះទូកឆ្លងទន្លេ ពីត្រើយម្ខាង ឆ្ពោះទៅត្រើយម្ខាង ដើម្បីដើរប្រមាញ់សត្វពស់ ចៃដន្យអាក្រក់ ឆ្លងបានត្រឹមពាក់កណ្តាលទន្លេ ក៏ត្រូវទឹកកួចខ្លាំងធ្វើឱ្យលិចទូកកណ្តាលទន្លេ បណ្តាលឱ្យបុរសម្នាក់លង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម ចំណែក៣នាក់ទៀត ប្រឹងប្រវេប្រវាតោងទូក បណ្តែតខ្លួនទៅរកកន្លែងមានសុវត្ថិភាព រហូតរួចផុតពីការស្លាប់។
ហេតុការណ៍លិចទូចកណ្តាលទន្លេបណ្តលឱ្យមនុស្សស្លាប់នេះ បានកើតឡើងកាលពីវេលាម៉ោង១១និង២០នាទីព្រឹក ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចទឹកជួរលាវ ស្ថិតក្នុងភូមិអូកាន ឃុំជ័យឧត្តម ស្រុកលំផាត់។
បុរសរងគ្រោះដែលលង់ទឹកស្លាប់ មានឈ្មោះសយ ស៊្រី អាយុ២៥ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។
សមត្ថកិច្ចស្រុកលំផាត់ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះរួមនឹងមិត្តភក្តិ៣នាក់ទៀត សរុប៤នាក់ បានបបួលគ្នាជិះទូកចេញទៅរកសត្វពស់នៅត្រើយម្ខាងទន្លេ លុះពេលអុំទូកដល់ពាក់កណ្តាលទន្លេ ស្រាប់តែមានទឹកហូរកួចខ្លាំងពេក ធ្វើឱ្យទូករេទៅបុកនឹងថ្ម បណ្តាល ឱ្យក្រឡប់ទូកលិចតែម្តង។ ភ្លាមៗនោះ ជនរងគ្រោះ៣នាក់ បាននាំគ្នាខណៈតោងចាប់ទូកបណ្តែតខ្លួនរកកន្លែងមានសុវត្ថិភាព ដោយឡែកជនរងគ្រោះឈ្មោះសយ ស៊្រី បានប្រឹងហែលចេញពីទូក ទើបបណ្តាលឱ្យលង់ទឹកស្លាប់យ៉ាងអាណោចអាធ័មតែម្តង។
ក្រោយពីទទួលបានព័ត៌មាន ជំនាញស្រុកសហការកម្លាំងប៉ុស្តិ៍ចុះពិនិត្យស្រាវជ្រាវ និងរកសាកសពលិចក្នុងទឹក ។
ក្រោយកើតហេតុ សាកសពជនរងគ្រោះ មិនដឹងជាត្រូវទឹកកួចលិចបាត់ដល់ណា ទើបក្រុមគ្រួសារ រួមនឹងអ្នកភូមិ ព្រមទាំងសមត្ថកិច្ច ប្រឹងចុះរាវយ៉ាងណា ក៏មិនឃើញសោះ រហូតមកដល់វេលាម៉ោង៨ព្រឹក ថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៨ ក៏ប្រទះឃើញសាកសពជនរងគ្រោះ អណ្តែតនៅក្នុងទឹកទន្លេង ត្រង់ចំណុចកំពង់ទឹករបស់ឈ្មោះវី ដែលមានចំងាយពីកន្លែងកើតហេតុប្រមាណ៤០០ម៉ែត្រ។
សាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចពិនិត្យ និងធ្វើកោសល្យវិច័យរួចបញ្ជាក់ ពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន រួចក៏ប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕