ភ្នំពេញ ៖ ស្ត្រីជាមេជាងកាត់ដេរនៅក្នុងហាងកាត់ដេរល្បីឈ្មោះមួយ បានរួមគំនិតគ្នាជាមួយនឹងកូនជាងស្រីៗចំនួន៦នាក់ទៀត លួចលាក់ទាក់ទងភ្ញៀវ ដោយទទួលកាត់ដេរឱ្យភ្ញៀវក្នុងតម្លៃថោក ដោយមិនចាំបាច់ចូលទៅដល់ក្នុងហាងនោះទេ (លួចលាក់ស៊ីក្រៅ) និងទទួលបានអតិថិជនជាបន្តបន្ទាប់ មើលទៅកាក់កបគ្រាន់បើ ស្រាប់តែចុងក្រោយ ម្ចាស់ហាងដឹង ខឹងសម្បាក៏ដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ ពីបទលួច និងរំលោភលើទំនុកចិត្ត។
ករណីម្ចាស់ហាងកាត់ដេរ ប្តឹងសមត្ថកិច្ចចាប់មេជាង និងកូនជាងកាត់ដេរ៧នាក់ ដែលលួចលាក់ស៊ីក្រៅកាត់ដេរឱ្យភ្ញៀវក្នុងតម្លៃទាបជាងហាងនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាព្រឹក ថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៨ នៅចំណុចផ្ទះជួលលេខ៩៩អា ផ្លូវ១៩៩០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
ស្ត្រីសង្ស័យជាមេជាងដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះជៀម ស្រីម៉ិច អាយុ៣២ឆ្នាំ មុខរបរមេជាងកាត់ដេរប្រចាំហាងកាត់ដេរសម្លៀកបំពាក់ យីហា អេលីត ឡាហ្គា មានទីតាំងផ្ទះលេខ២៦ ផ្លូវ១៩៨៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ស្នាក់នៅផ្ទះជួលដែលសមត្ថកិច្ចចុះ ឃាត់ខ្លួនខាងលើ។ ចំណែកកូនជាងស្រីៗទាំង៦នាក់ទៀត មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ គ្រាន់តែដឹងថា អ្នកទាំងនោះបម្រើការជាជាងកាត់ ដេរសម្លៀកបំពាក់ក្នុងហាងកាត់ដេរ យីហោ អេលីត ឡាហ្គា។
សមត្ថកិច្ចបានបញ្ជាក់ថា ការឃាត់ខ្លួនក្រុមជនសង្ស័យខាងលើនេះធ្វើឡើងដោយយោងតាមពាក្យបណ្តឹងចុះថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨ របស់ម្ចាស់ហាងកាត់សម្លៀកបំពាក់ អេលីត ឡាហ្គា មានទីតាំងផ្ទះលេខ២៦ ផ្លូវ១៩៨៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
ប្រភពដដែលបន្តថា កាលពីអំឡុងខែធ្នូ ឆ្នាំ២០១៧ ស្ត្រីសង្ស័យឈ្មោះជៀម ស្រីម៉ិច និងកូនជាងទាំង៦នាក់ទៀត ដែលបម្រើការងារ នៅក្នុងហាងកាត់សម្លៀកបំពាក់ អេលីត ឡាហ្គា បាននាំគ្នា លួចយកសម្ភារកាត់សម្លៀកបំពាក់ជាច្រើនមុខ ចេញពីក្នុងហាងរបស់ជនរងគ្រោះ និងបានយកទៅកាត់ដេរសម្លៀកបំពាក់ឱ្យភ្ញៀវ ជាលក្ខណៈឯកជននៅក្នុងផ្ទះជួល ដែលម្ចាស់ហាង អេលីត ឡាហ្គា ជួលឱ្យឈ្មោះ ជៀម ស្រីម៉ិច ជាមេការនិងបក្ខពួកស្នាក់នៅ ដោយយកម៉ូតតាមហាង អេលីត ឡាហ្គា ប៉ុន្តែយកតម្លៃធូរថ្លៃជាង ធ្វើឱ្យប៉ះពាល់ដល់ចំណូលរបស់ហាង។
សមត្ថកិច្ចបន្ថែមថា ជនសង្ស័យឈ្មោះ ជៀម ស្រីម៉ិច និងបក្ខពួកបានធ្វើសកម្មភាពលួចយកសម្ភារកាត់ដេរសម្លៀកបំពាក់របស់ហាង អេលីត ឡាហ្គា ទៅលួចដេរសម្លៀកបំពាក់ឱ្យភ្ញៀវ យកតម្លៃទាបជាងហាងតាំងពីអំឡុងឆ្នាំ២០១៤ មកម៉្លេះ ប៉ុន្តែម្ចាស់ហាងអាណិត និងហៅធ្វើកិច្ចសន្យាជាច្រើនលើកច្រើនសារ ឱ្យពួកគេឈប់ធ្វើបែបនោះតទៅទៀតដែរ តែក្រុមជនសង្ស័យ នៅតែបន្តធ្វើដដែល ទើបម្ចាស់ហាងដាច់ចិត្តប្តឹង សមត្ថកិច្ចឱ្យឃាត់ខ្លួនតែម្តង។
បច្ចុប្បន្នក្រុមជនសង្ស័យ ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ តាមនីតិវិធី៕