ភ្នំពេញ ៖ ស្ត្រីជាអ្នករើសអេតចាយម្នាក់ កំពុងឈឺពោះសម្រាលកូន ដោយបណ្តោយឱ្យកូនស្រីតូចៗ២នាក់ដើររើសអេតចាយតាមផ្លូវ ស្រាប់តែអកុសលត្រូវរថយន្តបុក បណ្តាលឱ្យកូនស្រីម្នាក់ស្លាប់ លុះលឺដំណឹងអកុសលនេះភ្លាម ស្ត្រីជាម្តាយដែលកំពុងសម្រាលកូនមិនទាន់រួចផង ក៏សន្លប់បាត់ស្មារតី ធ្វើឱ្យកើតមានការផ្អើលឆោឡោ ប្រញាប់ដឹកបញ្ជូនស្ត្រីរងគ្រោះទៅកាន់មន្ទីរពេទ្យ ដើម្បីឱ្យក្រុមគ្រូពេទ្យជំនាញជួយសង្គ្រោះ។
ហេតុការណ៍ដ៏រន្ធត់ខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង១ និង១០នាទីរសៀល ថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៨ នៅចំណុច កូនខ្ទមសង់ជាប់មាត់ទន្លេ ស្ថិតក្នុងភូមិឌួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ។
ក្មេងស្រីរងគ្រោះ ដែលត្រូវរថយន្តបុកស្លាប់ មានឈ្មោះសេន ទីណូត អាយុ៧ឆ្នាំ។ ចំណែកស្ត្រីជាម្តាយដែលកំពុងឆ្លងទន្លេ ស្រាប់តែលឺដំណឹង ថាកូនស្រីត្រូវរថយន្តបុកស្លាប់ ក៏សន្លប់បាត់មាត់បាត់ក មានឈ្មោះសេន សាលីថុល មុខរបររើសអេតចាយ មានប្តីឈ្មោះសេន សុផល។ ក្រុមគ្រួសារទុរគតខាងលើនេះ ស្នាក់នៅក្នុងកូនខ្ទមរខេករខាកមួយ ស្ថិតជាប់មាត់ទន្លេ ក្នុងភូមិសង្កាត់កើតហេតុខាងលើ។
គួរបញ្ជាក់ថា កាលពីវេលាម៉ោង១រសៀល ថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៨ ក្មេងស្រីរងគ្រោះឈ្មោះសេន ទីណូត ត្រូវបានរថយន្តទំនើបមួយគ្រឿងបុកបណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័ម នៅតាមបណ្តោយផ្លូវជាតិលេខ៥ ត្រង់ចំណុចមុខឃ្លាំងសាំងសូគីមិច ស្ថិតក្នុងភូមិឌួង សង្កាត់ ព្រែកព្នៅ ខណ្ឌព្រែកព្នៅ ខណៈដែលក្មេងស្រីរងគ្រោះ កំពុងដើរឆ្លងផ្លូវ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ក្មេងស្រីរងគ្រោះ រួមនឹងបងស្រីម្នាក់ទៀត បាននាំគ្នាដើររើសអេតចាយនៅតាមដងផ្លូវជាតិលេខ៥។ ខណៈកំពុងតែដើររើសស្រាប់តែក្មេងស្រីរងគ្រោះ បានដើរឆ្លងផ្លូវ ហើយភ្លាមនោះក៏ត្រូវរថយន្តស៊េរី ទំនើប១គ្រឿង ម៉ាកអាល់ផាត ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2A-V7998 បើកដោយបុរសម្នាក់ និងមានរួមដំណើរជាមួយនឹងមនុស្សប្រុសស្រី៣នាក់ទៀត កំពុងធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន ពេលឃើញក្មេងស្រីរងគ្រោះដើរឆ្លងថ្នល់ ជាន់ហ្វ្រាំងមិនទាន់ ក៏ជ្រុលទៅបុកក្មេងស្រីរងគ្រោះ យ៉ាងពេញទំហឹង បណ្តាលឱ្យក្មេងស្រីរងគ្រោះប៉ើងអូសនឹងផ្លូវរបួសធ្ងន់បាក់ដៃ បាក់ជើង។
ប្រភពដដែលបន្តថា ក្រោយពេលបើកបុកក្មេងស្រីរងគ្រោះហើយ រថយន្តខាងលើបានបើកបន្តទៅមុខទៀត រហូតដល់ចំណុចក្បែរផ្សារ ព្រែកព្នៅ ក៏ត្រូវបានសមត្ថកិច្ច និងប្រជាពលរដ្ឋឃាត់បាននៅនិងកន្លែងតែម្តង។ ចំណែកក្មេងស្រីរងគ្រោះ ត្រូវបានគេដឹកយកទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យភ្លាមៗដែរ តែអកុសលដោយសារស្ថានភាពរបួសធ្ងន់ធ្ងរពេក ទើបក្មេងស្រីបានដាច់ខ្យល់ស្លាប់យ៉ាងអាណោចអាធ័ម។
តាមប្រភពពីក្រុមគ្រួសារក្មេងស្រីរងគ្រោះខាងលើ បានបញ្ជាក់ថា នៅពេលដែលក្មេងស្រីរងគ្រោះជួបគ្រោះថ្នាក់ចរាចរណ៍ត្រូវរថយន្ត បើកបុកនោះ ស្ត្រីជាម្តាយរបស់ក្មេងស្រីរងគ្រោះ កំពុងតែឈឺពោះសម្រាលកូនដែរ ដោយបានហៅឆ្មបប្រចាំភូមិមកជួយសម្រាល លុះសម្រាលកូនមិនទាន់រួចផង ក៏ស្រាប់តែមានអ្នករត់មកប្រាប់ដំណឹងថា កូនស្រីរបស់គាត់ត្រូវរថយន្តបុកស្លាប់ទៅហើយ ធ្វើឱ្យស្ត្រីរងគ្រោះរន្ធត់ចិត្តខ្លាំងពេក ក៏សន្លប់បាត់ស្មារតីឈឹងតែម្តង។
ក្រោយកើតហេតុ អ្នកជិតខាង ព្រមទាំងសាច់ញាតិ បាននាំគ្នាជួយបីស្ត្រីរងគ្រោះខាងលើ ដាក់រថយន្ត ដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីឱ្យក្រុមគ្រូពេទ្យជំនាញ ជួយសង្គ្រោះភ្លាមៗដែរ៕