តាំងពីសម័យអង្គរ លង្វែក ឧដុង្គ រហូតដល់បច្ចុប្បន្ន ប្រទេសកម្ពុជា ទោះជាមានសុខសន្តិភាព ក៏នៅតែមាន “ចលនា ឧទ្ទាម” មិនសូវខានឡើយ ដែលចលនាខ្លះឈានដល់ការផ្តួលរំលំរដ្ឋាភិបាល យកអំណាចបានក៏សឹងមាន។ សព្វថ្ងៃ អតីតមន្ត្រី បក្សប្រឆាំង ដែលរត់ទៅក្រៅស្រុក កំពុងធ្វើសកម្មភាពប្រឆាំងលើសដើមនោះ ត្រូវបានមន្ត្រីរាជរដ្ឋាភិបាល ដាក់ឈ្មោះឱ្យ ថា “ឧទ្ទាមក្រៅច្បាប់” ដែលមិនខុសពីសម័យមុន ទើប “នគរធំ” សូមលើកករណី “កម្ពុជា មិនដែលអត់ឧទ្ទាម” មកធ្វើ ប្រធានបទបរិយាយថ្ងៃនេះ…។
យោងតាមវចនានុក្រមខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត បានពន្យល់ពាក្យ “ឧទ្ទាម” ថា “ដែលអស់ទូន្មានបាន ដែល បង្វឹកមិនកើត ដែលឡើងកម្លាំងឡើងចិត្ត ទ្រើសឃ្នងទ្រើសចិត្ត ឡើងចាងមិនស្តាប់ឱវាទ មិនស្តាប់ច្បាប់…” សត្វពាហនៈ ដែលក្រាញពិបាកផ្សាំង ហៅថា “ក្របីឧទ្ទាម សេះឧទ្ទាម” ដែលជួនកាលវាវ័ធ ឬធាក់ម្ចាស់ក៏សឹងមាន។ បើជា “មនុស្ស ឧទ្ទាម” គឺពួននៅតែក្នុងព្រៃ តាំងខ្លួនជាថ្លើងបះ ប្រឆាំងរាជការផែនដី។
យោងតាមឯកសារប្រវត្តិសាស្ត្របានចារទុកថា ព្រះរាជាណាចក្រកម្ពុជា ទោះបីជារីកចម្រើនថ្កុំថ្កើងរុងរឿងយ៉ាងណា ក៏នៅតែមាន “ចលនាឧទ្ទាម ឬមនុស្សឧទ្ទាម” មិនសូវខានទេ។ ឧទាហរណ៍ ក្នុងរជ្ជកាល “ព្រះបាទជយវរ្ម័នទី៧” មាន ចលនាឧទ្ទាមកើត ឡើង ដោយមានមេឧទ្ទាមឈ្មោះ “រាហូ” ដែលកាលនោះព្រះមហាក្សត្រ បានចាត់ព្រះរាជបុត្រព្រះនាម “ស្រិន្ទ្រកុមារ” និងមេពល៤នាក់ទៅបង្ក្រាប ជាអកុសល ព្រះរាជបុត្រអង្គនោះ និងសញ្ជកទាំង៤ (មេពល) បានពលីព្រះជន្ម និងជីវិត លើសមរភូមិ។ លុះចលនាបះបោរនោះស្ងប់ស្ងាត់ទៅ ព្រះនរបតី បានត្រាស់បង្គាប់ឱ្យកសាង “ប្រាសាទបន្ទាយឆ្មារ” ដើម្បីឧទ្ទិសដល់ព្រះវិញ្ញាណក្ខន្ធព្រះស្រិន្ទ្រកុមារ និងសញ្ជកទាំង៤រូបនោះ។ នៅក្នុងរជ្ជកាល “ព្រះបាទស្រីសុរិយោពណ៌” និង “ព្រះបាទជ័យជេដ្ឋាទី២” ក៏មានចលនាឧទ្ទាម ដឹកនាំដោយ “ព្រះបាទជាន់ជុំ ព្រះរាមទ្រាំង ស្តេចសំរែ ស្តេចបាលីកងចក្រ” កើតឡើង ហើយត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់ “តេជោមាស និងតេជោយ៉ត” ទៅបង្ក្រាប។ នាសម័យសង្គមរាស្ត្រ និយម ក៏មាន “ចលនាខ្មែរសើរ” ដឹកនាំដោយសឺង ង៉ុកថាញ់ និង “ចលនាខ្មែរក្រហម” ដឹកនាំដោយប៉ុល ពត កើតឡើង ត្រូវបានបង្ក្រាប ជាបន្តបន្ទាប់ ប៉ុន្តែ មិនផុតពូជនោះទេ ព្រោះក្រោយមក មេខ្មែរសេរី សឺង ង៉ុកថាញ់ បានក្លាយជានាយករដ្ឋមន្ត្រី ក្នុងរបបសាធារណរដ្ឋខ្មែរ ខណៈដែលមេខ្មែរក្រហម ប៉ុល ពត ក្លាយជានាយករដ្ឋមន្ត្រី លេខាបក្សនៃរបបកម្ពុជា ប្រជាធិបតេយ្យ។
ដោយឡែក របបលន់ នល់ បានចាត់ទុកពួកខ្មែរក្រហម ឬ “រណសិរ្សរួបរួមជាតិកម្ពុជា” ជា “ចលនាឧទ្ទាម” រីឯរបប ប៉ុល ពត បានចាត់ទុកចលនាបះបោររបស់ “រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា” ដែលមានសម្តេចហេង សំរិន សម្តេចជា ស៊ីម សម្តេចហ៊ុន សែន ជាអ្នកដឹកនាំថា ជា “ចលនាឧទ្ទាម”។ ចំណែករបប “សាធារណរដ្ឋប្រជាមានិតកម្ពុជា” ក៏បានចាត់ ទុក ពួក “សេរីកា ម៉ូលីណាកា ប៉ារ៉ា” ថា ជា “ឧទ្ទាម” ដែរ រហូតដល់មានសមាហរណកម្ម ទើបឈប់ចោទប្រកាន់។
សម្រេចទៅ រជ្ជកាលណា របបណា ក៏មាន “ចលនាឧទ្ទាម” ដែលពីបុរាណថា “ថ្លើងបះ” នេះដែរ។ ក្រុមឧទ្ទាមខ្លះមាន ការគាំទ្រពីប្រជាពលរដ្ឋច្រើន ក៏វាយដណ្តើមអំណាចមកកាន់កាប់ ដូច “រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា” ដែលប៉ុល ពត ព្យាយាមបង្ក្រាបយ៉ាងបង្ហូរឈាមនោះ ដណ្តើមអំណាចបាននៅថ្ងៃ៧ មករា ឆ្នាំ១៩៧៩។ រីឯក្រុមឧទ្ទាមខ្លះទៀត ត្រូវរលាយ បាត់រូបបាត់ឈ្មោះ ចាញ់រដ្ឋាភិបាល ដូចពួកប៉ារ៉ា ម៉ូលីណាកា ជាដើម។
ឥឡូវអតីតមន្ត្រីគណបក្សសង្គ្រោះជាតិ ដែលរត់ទៅក្រៅស្រុក ក្រោមការដឹកនាំរបស់លោកសម រង្ស៊ី បានធ្វើសកម្មភាព ប្រឆាំងរាជរដ្ឋាភិបាលយ៉ាងជូរចត់ រហូតដល់មន្ត្រីរដ្ឋាភិបាល ឬបក្សកាន់អំណាច ដាក់ឈ្មោះឱ្យថា ជា “ឧទ្ទាមក្រៅច្បាប់”។ កាលពីពេលថ្មីៗនេះ លោកសុខ ឥសាន បានចំអកឱ្យលោកសម រង្ស៊ី ពាក់ព័ន្ធដល់បំណងចង់ជួបចរចាជាមួយសម្តេចនាយករដ្ឋមន្ត្រី ថា “ពិតជាយល់សប្តិមែន! អតីតមេបក្សប្រឆាំង និងជាទណ្ឌិត កំពុងឆ្លេឆ្លាខ្លាំងណាស់ ដោយចង់ឱ្យមានរបស់ ដែលហៅថា ការចរចាថ្នាក់ជាតិមួយ… ដើម្បីឱ្យការស្រមើស្រមៃរបស់ទណ្ឌិត និងជាឧទ្ទាមក្រៅច្បាប់នេះ បានសម្រេច មាន បក្សពួករបស់ទណ្ឌិត និងឧទ្ទាម បានរួមមតិយោបល់ថា បើសិនជាមានជំនួបគ្នារវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជា និងទណ្ឌិត ពិភាក្សាគ្នាក្នុងនាមជាខ្មែរ និងខ្មែរ ហើយបើបានហូបបាយជាមួយគ្នាទៀតជាការកាន់តែល្អ ហើយសង្ឃឹម ថា នឹងអាចរកដំណោះស្រាយបាន”។ ការបដិសេធជំនួបនេះ ក៏ត្រូវបានលោកសម រង្ស៊ី “មេចលនាសង្គ្រោះជាតិ” ឆ្លើយ បំភ្លឺថា “ដើម្បីបញ្ចៀសទណ្ឌកម្មពីអន្តរជាតិ”។
ការឆ្លើយឆ្លងរវាងពួកប្រឆាំងដែល CPP ឱ្យឈ្មោះថា “ឧទ្ទាម” កាន់តែធ្ងន់ទៅៗ ប៉ុន្តែ បើឧទ្ទាមក្នុងស្រុក ងាយបង្ក្រាប ទេ ទាស់ត្រង់ “ឧទ្ទាមនៅក្រៅស្រុក” ពិបាកបង្ក្រាបបំផុត សូម្បីតែមានការបំផុសអាណិកជនខ្មែរនៅក្រៅប្រទេស ឱ្យដុត រូបទីងមោងសម្តេចហ៊ុន សែន ក៏មិនដឹងបង្ក្រាបយ៉ាងម៉េច រហូតដល់សម្តេច វាយបកថា “ឆ្កែខាំជើង បើយើងខាំជើងឆ្កែ វិញវាពិបាក”។
ចលនាឧទ្ទាម គ្មានទេនៅបណ្តាប្រទេសខ្លះ ដូចជាប្រទេសស្វីស ន័រវេយ៍ ដាណឺម៉ាក ជាដើម គឺមានតែបក្សប្រឆាំង ស្របច្បាប់ ដោយសារប្រទេសគេជឿនលឿន និងសុខស្ងប់។ ផ្ទុយទៅវិញ នៅហ៊្វីលីពីន មានពួកឧទ្ទាមអាប៊ូសៃយ៉ាស់ នៅ អាហ្វហ្គានីស្ថាន មានពួកឧទ្ទាមតាលីបង់ (ពីមុនតាលីបង់ ធ្លាប់កាន់អំណាច ប៉ុន្តែ សព្វថ្ងៃបាត់បង់អំណាច ក្លាយជាឧទ្ទាម) នៅស៊ីរី មានពួកឧទ្ទាម ISIS នៅបណ្តាប្រទេសអាហ្វ្រិក ក៏សុទ្ធតែមានឧទ្ទាមដូចគ្នា។
ជាទូទៅ ចលនាឧទ្ទាម សុទ្ធតែមានខ្នងបង្អែកទើបធ្វើសកម្មភាពបាន ដូច “ចលនាសង្គ្រោះជាតិ” ដែល CPP ថា ជាឧទ្ទាម នោះ មានអាមេរិក និងសហភាពអឺរ៉ុប ផ្តល់ជំនួយគាំទ្រទៀត ព្រោះបើគ្មានជំនួយ ពួកឧទ្ទាមមិនអាចធ្វើអ្វីកើតទេ។ បើជា ឧទ្ទាមក្នុងស្រុក លុះត្រាតែមានព្រៃព្រឹក្សាសម្រាប់លាក់ខ្លួនពួនអាត្មា ដែលពួកឧទ្ទាមអាចរស់ដោយសារ ផ្លែឈើព្រៃ និង បរបាញ់សត្វ ដាំស្រូវជាដើម ប៉ុន្តែ សព្វថ្ងៃ នៅកម្ពុជា បាត់បង់គម្របព្រៃជាងពាក់កណ្តាលទៅហើយ ពួកឧទ្ទាមមិនអាច លាក់ខ្លួនបានឡើយ ចាំបាច់ត្រូវតែធ្វើសកម្មភាពពីក្រៅស្រុក។
“តើត្រូវធ្វើយ៉ាងណាកុំឱ្យមានឧទ្ទាម?” សំណួរនេះ មិនពិបាកឆ្លើយទេ គឺ “ត្រូវបង្ក្រាប” ប៉ុន្តែ បង្ក្រាបរបៀបណា បើ ពួកឧទ្ទាមនៅរំលងទ្វីបបែបនេះ? តាមការកត់សម្គាល់ កាលណាឧទ្ទាមកើតឡើងខ្លាំង ចោរកម្មក៏កើតឡើងព្រមគ្នានៅក្នុង ប្រទេស លុះអស់ឧទ្ទាម ទើបចោរកម្មរាបទាបទៅឯងៗ មិនចាំបាច់បង្ក្រាប។ សព្វថ្ងៃ នៅហ៊្វីលីពីន ដែលមានសុខសន្តិភាព ឃើញមានពួកឧទ្ទាមអាប៊ូសៃយ៉ាស់ ធ្វើសកម្មភាពប្រឆាំងរបបលោកប្រធានាធិបតីឌូតឺតេ តម្រូវឱ្យកងទ័ពចេញបង្ក្រាប រាល់ថ្ងៃ ខណៈដែលចលនាគ្រឿងញៀនកើតឡើងខ្លាំង រហូតដល់លោកប្រធានាធិបតី ប្រើច្បាប់អាជ្ញាសឹក បាញ់សម្លាប់ រាប់ពាន់នាក់មកហើយ។ ចោរកម្ម និងគ្រឿងញៀន វាផ្តើមចេញពីឧទ្ទាម នេះឯង ដូច្នេះបើចង់ឱ្យអស់ចោរកម្ម គ្រឿងញៀន ល្បែងអបាយមុខ លុះត្រាតែអស់ពួកឧទ្ទាម។ ចង់អស់ពួកឧទ្ទាម មិនអាចប្រើគ្រឿងអាវុធបានឡើយ ប៉ុន្តែ តាមការកត់សម្គាល់ ប្រទេសណាក៏ដូចប្រទេសណាដែរ “អស់ចលនាឧទ្ទាម ដោយការចរចាសន្តិភាព”។
សរុបទៅ “កម្ពុជា មិនដែលអត់ឧទ្ទាម” ជាបរិបទមួយសម្រាប់យកមកពិចារណា ធ្វើយ៉ាងណាកុំឱ្យមានពួកឧទ្ទាមកើត ឡើងបាន។ ដូចលើកឡើងរួចមកហើយថា នៅកម្ពុជា មានឧទ្ទាមគ្រប់ជំនាន់ គ្រប់រជ្ជកាល សូម្បីរជ្ជកាលព្រះបាទជយវរ្ម័ន ទី៧ ព្រះចៅអធិរាជនៃចក្រភពអង្គរ ក៏មានពួកឧទ្ទាម “រាហូ” ធ្វើសកម្មភាពដែរ។ ប្រាសាទបន្ទាយឆ្មារ គឺជានិមិត្តរូបនៃការ បង្ក្រាបពួកឧទ្ទាមនេះឯង ប៉ុន្តែ សម័យអង្គរ ការបង្ក្រាបឧទ្ទាមដោយប្រើកម្លាំងទ័ព ព្រោះជាឧទ្ទាមក្នុងស្រុក។ រីឯឧទ្ទាម ក្រៅស្រុក ដូចសព្វថ្ងៃ តម្រូវឱ្យមេដឹកនាំបក្សកាន់អំណាច ត្រូវរកយុទ្ធសាស្ត្រនយោបាយមកប្រើ ដើម្បីបំបាត់ពួកឧទ្ទាម៕
ដោយ អាចារ្យថាំ