ខេត្តបាត់ដំបង ៖ យុវជនឈាមរាវម្នាក់ បានទាក់ទងស្នេហាជាមួយនារីវ័យក្មេងម្នាក់ មួយរយៈមកហើយ លុះក្រោយមកក៏លួងលោម ហៅនារីជាសង្សារ មកលេងបន្ទប់ជួលរបស់ខ្លួន រួចក៏ធ្វើសកម្មភាពចាប់បង្ខំរួមរ័កក្នុងមួយយប់បានសម្រេចដល់ទៅ៣ដង ស្រាប់តែក្រោយមក ឪពុកម្តាយនារីរងគ្រោះមានការសង្ស័យ ក៏ហៅកូនស្រីមកឈ្លេចសួរ រហូតបែកធ្លាយថានាងធ្លាប់ត្រូវសង្សារបង្ខំរួមរ័កដល់ទៅ៣ដង ទើបធ្វើឱ្យបុរសជាឪពុកខឹង ក៏ដាក់ពាក្យបណ្តឹងរហូតឈានដល់ការចាប់ខ្លួនយុវជនជាសង្សារ នាំយកមកចាត់ការតាមច្បាប់។
ករណីប្រុសស្នេហ៍ ល្បួងសង្សាររបស់ខ្លួនទៅលេងបន្ទប់ជួល រួចធ្វើសកម្មភាពបង្ខំរួមរ័ករហូតបានសម្រេចដល់ទៅ៣ដងនេះ បានកើតឡើងតាំងពីអំឡុងពាក់កណ្តាលខែកុម្ភៈ ឆ្នាំ២០១៨កន្លងទៅ នៅចំណុចបន្ទប់ជួលជនសង្ស័យ ស្ថិតក្នុងភូមិច្រាបបាល ឃុំអន្លង់វិល ស្រុកសង្កែ។ លុះរឿងរ៉ាវបែកធ្លាយ ក៏ត្រូវសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនជនសង្ស័យបាន កាលីវេលាម៉ោង៦ និង៣០នាទីព្រលប់ ថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៨ នៅចំណុចភូមិអូសទូក ឃុំកំពង់ព្រៀង ស្រុកសង្កែ។
យុវជនដែលបង្ខំរួមរ័កជាមួយសង្សារដល់ទៅ៣ដង រហូតត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួននេះ មានឈ្មោះអ៊ួ ឆៃ អាយុ២១ឆ្នាំ មុខរបរលក់ផលិតផលឱ្យក្រុមហ៊ុនឯកជនមួយ ស្នាក់នៅបន្ទប់ជួលក្នុងភូមិច្រាបបាល ឃុំអន្លង់វិល ស្រុកសង្កែ និងមានស្រុកកំណើតនៅភូមិដង្កៀបក្តាម ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់។ ចំណែកនារីរងគ្រោះ មានឈ្មោះ ម.គ.ឡ អាយុ១៧ឆ្នាំ មុខរបរសិស្ស មានលំនៅក្នុងសង្កាត់អូរចារ ក្រុងបាត់ដំបង។
តាមប្រភពពីសមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា នៅមុនពេលកើតហេតុ បុរសជាឪពុករបស់នារីរងគ្រោះ បានដាក់ពាក្យបណ្តឹងសុំអន្តរាគមន៍ពីសមត្ថកិច្ច ដោយបានចោទប្រកាន់ថា យុវជនឈ្មោះអ៊ួ ឆៃ បានរំលោភកូនស្រីរបស់គាត់ដល់ទៅ៣ដង ចំណែកកូនស្រីមិនហ៊ានទម្លាយប្រាប់គាត់ឱ្យដឹងឡើយ រហូតដល់មួយរយៈចុងក្រោយនេះ គាត់មានការសង្ស័យដោយឃើញអាការៈកូនស្រីខុសប្រក្រតី ក៏ហៅនាងមកសួរនាំ ទើបបែកធ្លាយរឿងរ៉ាវឡើង។
ប្រភពដដែលបន្តថា ក្រោយទទួលបានពាក្យបណ្តឹងពីឪពុកនារីរងគ្រោះរួចហើយ សមត្ថកិច្ច បានចុះធ្វើការស្រាវជ្រាវ និងតាមប្រមាញ់ ចាប់ខ្លួនជនសង្ស័យ រហូតមកដល់វេលាម៉ោង៦និង៣០នាទីព្រលប់ ថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៨ សមត្ថកិច្ចក៏បានប្រទះឃើញជនសង្ស័យ ដែលកំពុងដើរលក់ផលិតផលរបស់ក្រុមហ៊ុន នៅចំណុចភូមិអូសទូក ឃុំកំពង់ព្រៀង ស្រុកសង្កែ ក៏សម្រេចចាប់ឃាត់ខ្លួននាំយកមកសាកសួរតែម្តង។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះអ៊ួ ឆៃ បានឆ្លើយសារភាពថា រូបគេពិតជាធ្លាប់បានរួមរ័កនឹងនារីរងគ្រោះចំនួន៣ដងប្រាកដមែន។
ជនសង្ស័យបានបន្តសារភាពថា តាមពិតរវាងរូបគេ និងនារីរងគ្រោះ គឺមានទំនាក់ទំនងស្នេហានឹងគ្នាអស់រយៈពេលជាយូរមកហើយ ប៉ុន្តែទើបតែរយៈពេលប្រមាណកន្លះខែមុននេះ ពោលគឺនៅអំឡុងពាក់កណ្តាលខែកុម្ភៈ ឆ្នាំ២០១៨ រូបគេបានបបួលនារីរងគ្រោះជាសង្សារ មកលេងបន្ទប់ជួលរបស់គេ រួចហើយរូបគេក៏ចាប់បង្ខំសង្សាររួមភេទរហូតដល់បានសម្រេចដល់ទៅ៣ដង ក្នុងមួយយប់។ ក្រោយពេលបានខ្លួនប្រាណខាងស្រី ហើយនាងក៏មិនមាត់កអ្វីដែរ ហើយពួកគេនៅតែមានទំនាក់ទំនងស្នេហាគ្នាតាមទូរស័ព្ទដដែល រហូតមកដល់ព្រលប់ថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៨ ខណៈដែលរូបគេកំពុងដើរលក់ផលិតផលឱ្យក្រុមហ៊ុន ក៏ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនតែម្តង។
ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនទៅកាន់ការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីចាត់ការបន្ត តាមនីតិវិធី៕