ខេត្តត្បូងឃ្មុំ ៖ បុរសម្នាក់ បានកើតមានទំនាស់ពាក្យសម្តីជាមួយនឹងគ្រួសារមួយរស់នៅក្បែរផ្ទះគ្នាជាយូរមកហើយ ហើយក៏បានចងគំនុំ ទុកក្នុងចិត្ត លុះពេលឃើញភាគីទំនាស់ដើរកាត់មុខផ្ទះស្រាប់តែច្រឡោតខឹង ស្ទុះទាញព្រនង់ដើរតាមពីក្រោយបំណងវាយដើម្បីស្រាយគំនុំចាស់ ចេញម្តង តែដើរជិតដល់បែរជាខ្លាចមិនហ៊ានវ៉ៃមនុស្ស ក៏ស្ទុះទៅសំពងកូនគោ១ក្បាលរបស់គូទំនាស់ បណ្តាលឱ្យប្រកាច់ងាប់ភ្លាមៗនៅនឹងកន្លែង ជាហេតុធ្វើឱ្យម្ចាស់គោ កើតទុក្ខមិនសុខចិត្តដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចចាប់ខ្លួនជនដៃដល់នាំយកទៅចាត់ការតាមច្បាប់។
ករណីបុរសចិត្តក្តៅ កាន់ដំបងសំដៅវ៉ៃគូទំនាស់ តែខ្លាចជាប់គុក ងាកទៅវ៉ៃកូនគេរបស់គេឱ្យងាប់វិញនេះ បានកើតឡើងកាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៨ នៅចំណុចភូមិ សង្កែថ្មី ឃុំមេមង ស្រុកមេមត់។ លុះម្ចាស់គោដាក់ពាក្យបណ្តឹង ក៏ត្រូវសមត្ថកិច្ចចុះឃាត់ខ្លួនជនសង្ស័យ កាលពីវេលាម៉ោង៤ និង៣០នាទីរសៀល ថ្ងៃដដែល ខណៈដែលជនសង្ស័យកំពុងដេកក្នុងអង្រឹងក្រោមផ្ទះរបស់ខ្លួន។
ជនសង្ស័យដែលខឹងមនុស្សបែរជាទៅវ៉ៃកូនគេងាប់នេះ មានឈ្មោះសាន ស៊ង អាយុ៥០ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។ ចំណែកម្ចាស់គោ មានឈ្មោះចន ជឿន ភេទប្រុស អាយុ៣៨ឆ្នាំ មានលំនៅក្នុងភូមិជាមួយួគ្នា ក្បែរផ្ទះគ្នា។
សមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា នៅមុនពេលកើតហេតុ បុរសឈ្មោះចន ជឿន បានមកដាក់ពាក្យបណ្តឹង ដោយចោទប្រកាន់ទៅលើបុរសឈ្មោះសាន ស៊ង ពីបទបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរបស់ខ្លួន ដោយប្រើនូវព្រនង់ឈើវាយទៅលើកូនឈ្មោល១ក្បាល បណ្តាលឱ្យងាប់នៅនឹង កន្លែង កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី២ ខែមីនា ឆ្នាំ២០១៨។
ក្រោយពីបានទទួលពាក្យបណ្តឹងភ្លាមកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលមេមង បានចុះទៅដល់កន្លែងកើតហេតុ និងធ្វើការស្រាវជ្រាវរកមុខសញ្ញាសង្ស័យ ហើយឃាត់ខ្លួនបាននៅវេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃដដែល ខណៈដែលជនសង្ស័យកំពុងដេកលើអង្រឹងក្រោមផ្ទះរបស់ខ្លួននៅចំណុចភូមិឃុំកើតហេតុខាងលើ រួចបញ្ជូនទៅឱ្យជំនាញផែនយុត្តិធម៌នៃអធិការដ្ឋាននគរបាលស្រុកមេមត់ ដើម្បីសាកសួរ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះសាន ស៊ង បានឆ្លើយសារភាពថា ខ្លួនបានកើតមានការខឹងគុំគួនទៅនឹងក្រុមគ្រួសាររបស់ឈ្មោះចន ជឿន យូរហើយ រហូតមកថ្ងៃកើតហេតុ ក៏បានឃើញឈ្មោះចន ជឿន ដើរកាត់មុខផ្ទះ ក៏ផ្ទុះកំហឹងនឹកឃើញគំនុំចាស់ឡើងមក។ ភ្លាមនោះ ខ្លួនក៏បានទាញព្រនង់ឈើបួនជ្រុងប្រវែង០,៤៥ម៉ែត្រ បំណងទៅវាយឈ្មោះចន ជឿន ដើម្បីស្រាយគំនុំចាស់ តែដោយនឹកគិតថា ខ្លាចមានទោសទណ្ឌជាប់គុក ទើបមិនហ៊ាន ក៏ងាកទៅវាយកូនគោ១ក្បាលរបស់ឈ្មោះចន ជឿន បណ្តាលឱ្យប្រកាច់ងាប់ភ្លាមនៅនឹងកន្លែងតែម្តង រួចក៏ដើរត្រលប់ទៅផ្ទះវិញ ក្រោយមកក៏មានសមត្ថកិច្ចចុះចាប់ខ្លួនដល់ផ្ទះតែម្តង។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី៕