ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់ ក្រោយពីផឹកស្រាស្រវឹងជោកជាំ ក៏ដើរទៅរករឿងក្មេងស្រីម្នាក់ រស់នៅក្បែរផ្ទះគ្នា រួចក៏ទាញកាំបិត ផ្គាក់កាប់ប្រហារក្មេងស្រីរងគ្រោះ បណ្តាលឱ្យរយះចិញ្ចើមដេរ៥ថ្នេរ កាលពីវេលាម៉ោង៩ និង៣០នាទីព្រឹក ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៨ នៅចំណុចភូមិស្ពានក្មេង ឃុំភ្នំដី ស្រុកភ្នំស្រុក។
ជនបង្កដែលផឹកប៉ះស្រាកាច កាប់ក្មេងស្រីម្នាក់ឱ្យរងរបួសរយះចិញ្ចើម មានឈ្មោះឡាន សាលឿម ហៅឃើល អាយុ៣៥ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។ ចំណែកក្មេងស្រីរងគ្រោះ មានឈ្មោះ សឿម សិញ អាយុ១៦ឆ្នាំ រងរបួសត្រង់ចិញ្ចើមខាងស្តាំ ដេរ៥ថ្នេរ។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា ជនបង្កគឺជាមនុស្សប្រមឹក តែងដើរផឹកស្រាស្រវឹងអួទីនួ ជារៀងរាល់ថ្ងៃ និងតែងបង្ករឿង ឈ្លោះប្រកែកជាមួយនឹងអ្នកជិតខាងសឹងគ្រប់គ្នា។
នៅមុនពេលកើតហេតុ គេឃើញជនបង្កហេតុខាងលើ ទើបនឹងត្រឡប់មកពីផឹកស្រាស្រវឹង ធ្លាក់ភ្នែក រួចក៏កាន់កាំបិតផ្គាក់ ដើរសំដៅទៅផ្ទះស្ត្រីឈ្មោះហ៊ូវ សោត ភេទស្រី អាយុ៣៦ឆ្នាំ (ផ្ទះក្បែរគ្នា)។ លុះទៅដល់ ជនបង្កក៏បានរករឿង ក្មេងស្រីរងគ្រោះរួចហើយ ក៏ទាញកាំបិតកាប់ប្រហារទៅលើក្មេងស្រីរងគ្រោះចំចិញ្ចើម បណ្តាលឱ្យរងរបួសជាទំងន់។
ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានក្រុមគ្រួសារ ដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកស្រុកភ្នំស្រុក ដើម្បីព្យាបាលរបួស និងត្រូវក្រុមគ្រូពេទ្យដេរមុខរបួស៥ថ្នេរ។ ចំណែកជនបង្ក ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន នាំយកសួរនាំនៅប៉ុស្តិ៍រដ្ឋបាលឃុំភ្នំដី ដើម្បីសួរនាំ។
ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលស្រុកភ្នំស្រុក ដើម្បីចាត់ការបន្ត តាមនីតិវិធី៕