សុភាសិតបារាំង ១ឃ្លាថា “មនុស្សស្លាប់មិនចេះតដៃ” (Homme mort ne fait querre) មានអត្ថន័យផ្តោតទៅលើ មនុស្សដែលក្លាយជាខ្មោចទៅហើយ ទោះបីកាលនៅរស់សាហាវយង់ឃ្នងយ៉ាងណា ក៏មិនអាចធ្វើសង្គ្រាមតតាំងជាមួយ គូប្រជែងបានឡើយ ប៉ុន្តែ តាមជំនឿបុរាណ ខ្មោចដែលព្រលឹងនៅវិលវល់ នៅតាមចងពៀរមិនឈប់។ ខណៈដែលមន្ត្រីបក្ស កាន់អំណាច លើកឡើងថា គណបក្សសង្គ្រោះជាតិ ស្លាប់បាត់ទៅហើយ រីឯមន្ត្រីបក្សប្រឆាំងបាត់បង់សិទ្ធិធ្វើនយោបាយ មិន អាចតតាំងតទៅទៀតបាននោះ ស្រាប់តែពួកប្រឆាំងនៅតែជេរមិនឈប់ រិះគន់មិនប្រណី
តែក៏មិនអាចតតាំងនៅក្នុងស្រុកបាននោះ គឺស្របនឹងសុភាសិតខាងលើ ដែល “នគរធំ” សូមលើកមកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។
ពាក្យថា “មនុស្សស្លាប់” គឺសំដៅដល់ “ខ្មោច” នេះឯង ដែលបាត់រូបបាត់ប្រាណ សំងំក្នុងផ្នូរ ឬក្លាយជាធាតុ ១កញ្ចប់ ដាក់ក្នុងកោដ្ឋ មិនអាចតតាំងច្បាំងជាមួយមនុស្សនៅរស់បានឡើយ។ ខ្មោច ចែកជា២ប្រភេទ គឺ “ខ្មោចជា” និង “ខ្មោចតៃ- ហោង”។ “ខ្មោចតៃហោង” សំដៅដល់មនុស្សស្លាប់ដោយហេតុច្រើនយ៉ាង ដូចជា ដំរីជាន់, ខ្លាខាំ, ពស់ចឹក, រន្ទះបាញ់, សម្រាល កូនមិនរួច, ចងក, លង់ទឹក, ក្របីវ័ធ, ក្រពើគោះ, គេសម្លាប់ និងគ្រោះថ្នាក់ចរាចរណ៍ជាដើម។ រីឯ “ខ្មោចជា” ជាមនុស្ស ថ្លៃថ្នូរមានគុណធម៌ អស់អាយុសង្ខារដោយរោគាពាធ និងជរាពាធ ពេលរៀបស្លាប់ មានព្រះសង្ឃសូត្រធម៌កាវតារ និងមាន កូនចៅអង្គុយគាល់ យំសោកទ្រហឹងពេញផ្ទះ ខណៈដែល “ខ្មោចតៃហោង” ស្លាប់ដោយ “កម្មក្ខ័យមរណៈ” ឬមានកម្មពៀរ តាមផ្តន្ទា គ្មានព្រះសង្ឃ ឬតាអាចារ្យឱ្យ “ធម៌អរហំ” មុនដាច់ខ្យល់។
មនុស្សខ្លះ កាលនៅរស់ប្រព្រឹត្តអំពើអាក្រក់ឃោរឃៅ បានធ្វើសង្គ្រាម ឬបង្កជម្លោះជាមួយភាគីម្ខាងទៀត លុះក្លាយទៅ ជាខ្មោច ក៏លែងធ្វើសកម្មភាពបាន ប៉ុន្តែ ជំនឿបុរាណថា ព្រលឹងខ្មោចនោះនៅតែតាមចងពៀរនឹងគូប្រជែងរបស់ខ្លួនជានិច្ច ទោះសុភាសិតថា “ខ្មោចស្លាប់មិនចេះតដៃ” ក៏នៅ “ព្រលឹងអរូប” អន្ទោលតាមប្រាណគូបដិបក្ខជានិច្ច ដែលយើងសូមលើក អក្សរសិល្ប៍ខ្មែរ មកធ្វើជាទឡ្ហីករណ៍ ៖
នៅក្នុងរឿង “អាសុខស្លូត អាសុខកាច” បានតំណាលពីក្មេងប្រុស ២នាក់ មួយឈ្មោះ “អាសុខស្លូត” មួយទៀតឈ្មោះ “អាសុខកាច” តែងតែឈ្លោះគ្នាតាំងពីនៅកុមារ រហូតពេញកំលោះក៏នៅតែឈ្លោះ។ ថ្ងៃមួយ អាសុខកាច បបួលអាសុខស្លូត ទៅកាប់ប្ញស្សធ្វើរនាប ស្រាប់តែអាសុខកាច ទាញកាំបិតចាក់ភ្នែកអាសុខស្លូត ខ្វាក់ទាំងសងខាង រួចច្រានទម្លាក់ទឹកស្ទឹង។ អាសុខស្លូត ចេះតែអណ្តែតតាមទឹក ទន្ទេញតែ “ពុទ្ធោ!ៗ” រហូត ក៏ជួបក្រពើអ្នកតា បម្រុងខាំស៊ី ប៉ុន្តែ ក្រពើខ្លាចពាក្យ “ពុទ្ធោ!” ក៏ហែលកៀរជនរងគ្រោះ ឱ្យជិះលើខ្នង យកទៅថ្វាយអ្នកតា។ ឯអ្នកតានោះអាណិតពេក ក៏សូត្រទិព្វមន្តផ្លុំភ្នែកអាសុខស្លូត ឱ្យជាដូចដើមវិញ រួចផ្លុំដីខ្សាច់ដាក់បាតដៃកំលោះរងគ្រោះនោះ ដោយបង្គាប់ឱ្យវិលទៅផ្ទះ ជួបជីដូនវិញ។ ពេលទៅដល់ផ្ទះ អាសុខស្លូត ក៏យកដីខ្សាច់បាចទៅលើកន្ទេល ក៏ក្លាយទៅជាមាស ពេជ្រ ឡើងជាអ្នកមានស្តុកស្តម្ភដាច់គេក្នុងភូមិនោះ។ ថ្លែងពីអាសុខកាច នឹកស្មានថា អាសុខស្លូត ត្រូវក្រពើស៊ីទៅហើយ លុះឃើញក្លាយជាអ្នកមាន ក៏ចូលទៅសុំខមាទោស និងអង្វរឱ្យជូនទៅព្រៃដូចមុន។ លុះទៅដល់ព្រៃ អាសុខកាច ក៏ប្រាប់អាសុខស្លូតឱ្យចាក់ឆ្កៀលភ្នែកវា និងច្រានទម្លាក់ទឹក ទោះជាអាសុខស្លូត ប្រកែកយ៉ាងណា ក៏អាសុខកាច មិនព្រម។ ទីបំផុត អាសុខកាច ត្រូវកាំបិតឆ្កៀលភ្នែកមើលអ្វីមិនឃើញ ចេះតែរសាត់តាមទឹក រហូតលង់ស្លាប់ទៅ និងរលេះរលួយសាច់ នៅសល់តែលលាដ៍ក្បាល អណ្តែតទៅទើរនឹងកំពង់ផែ មហាសេដ្ឋី ក៏លងបន្លាចគេឯង ដោយស្រែកថា “ពុទ្ធោ!ៗ”។ មហាសេដ្ឋី ក៏ប្រើបាវព្រាវឱ្យស្រង់ក្បាលខ្មោចនោះទៅដាក់ ក្នុងវិមាន ក្បាលខ្មោចនោះនៅស្រែកពុទ្ធោៗ រហូត ទើបមហាសេដ្ឋី បែកគំនិតបបួលនាហ្មឺនឯទៀតភ្នាល់គ្នាថា គាត់មាន ក្បាលខ្មោចចេះស្រែកពុទ្ធោ! នាហ្មឺនឯទៀតមិនជឿ ក៏ព្រមភ្នាល់។ លុះពេលសេដ្ឋីប្រើក្បាលខ្មោចឱ្យស្រែកពុទ្ធោ បែរជាខ្មោច អាសុខកាច សំងំស្ងៀមឈឹង បណ្តាលឱ្យសេដ្ឋីចាញ់ភ្នាល់គេធ្ងន់ក ទើបចាប់ក្បាលខ្មោចនោះ ទៅសំពងនឹងខ្នងពូថៅ ទម្លាក់ ទឹក។ ឯលលាដ៍ក្បាលនោះក៏អណ្តែតទឹកស្រែកពុទ្ធោៗដដែល និងរសាត់ទៅដល់កំពង់វត្ត ត្រូវបានលោកគ្រូចៅអធិការឱ្យ ស្រង់យកទៅដាក់កុដិ រួចធ្វើបុណ្យឱ្យ ដោយដុតក្បាលខ្មោចនោះ យកកម្ទេចឆ្អឹងទៅខ្មុកម្រ័ក្សណ៍ លាបសសរព្រះវិហារ ហើយនៅសល់ប៉ុន្មាន បានយកទៅលាបលនរទេះ ដើម្បីឧទ្ទិលកុសលដល់ខ្មោច។ ដឹងអី! ពេលលោកគ្រូសង្គ្រាជជិះរទេះគោ ទៅណាម្តងៗ បើជួបស្រីៗដើរតាមផ្លូវ ក៏ឮរទេះនោះស្រែកជេរស្រីៗថា “មេចោរៗ” ញាប់ស្មិញ បណ្តាលឱ្យឧបាសិកាទាំង នោះខឹងលោកគ្រូចៅអធិការថា ជេរពួកនាង។ ឯលោកគ្រូដឹងមូលហេតុថា មកពីព្រលឹងអាសុខកាច នៅចងពៀរមិនឈប់ ក៏យករទេះនេះ ទៅដុតចោល ស្រាប់តែកន្លែងដុតរទេះនោះដុះ “ស្មៅកន្ត្រើយ” ជាប់សំពត់ខោមនុស្សរហូតសព្វថ្ងៃ…។
អត្ថន័យរបស់រឿង “អាសុខស្លូត អាសុខកាច” ចង់បង្ហាញពី “មនុស្សស្លាប់មិនចេះតដៃ” ប៉ុន្តែ នៅព្រលឹងអរូប ជេរបញ្ចោរមិនឈប់ លុះអស់ពីជេរ ក៏ក្លាយជាស្មៅកន្ត្រើយ ចងពៀរខោអាវ ឬសំពត់ដែលមនុស្សស្លៀក។ យ៉ាងណាមិញ បន្ទាប់ពីតុលាការកំពូល ចេញសាលដីការំលាយគណបក្សសង្គ្រោះជាតិ រួចមក បក្សកាន់អំណាចថា “បក្សប្រឆាំងងាប់បាត់ទៅហើយ ទាល់តែសេះដុះស្នែងទើបរស់វិញ”។ ករណីនេះ អ្នកឃ្លាំមើលស្ថានការណ៍ឃើញច្បាស់ថា អតីតបក្សប្រឆាំង ពិតជាស្លាប់មែន ហើយ ប៉ុន្តែ “ព្រលឹងបក្សប្រឆាំង” នៅវិលវល់ ស្រែកជេរមិនឈប់ដូចខ្មោចអាសុខកាច។ ធម្មតាខ្មោច មិនអាចប្រើគ្រឿង អាវុធតតាំងជាមួយមនុស្សបានឡើយ ប៉ុន្តែ ព្រលឹងដែលមើលរូបមិនឃើញនោះ “លងសាហាវណាស់”។
សព្វថ្ងៃ យើងឃើញហើយ ថ្ងៃណាក៏ពួកប្រឆាំងវាយប្រហារតាមយូធូប ហ្វេសប៊ុក រហូតដល់ធ្វើបាតុកម្មក្រៅប្រទេស និងដុតរូបទីងមោងសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ទោះជាសម្តេច វាយបកថា ឱ្យដុតរូបនាគនៅតាមវត្តអារាមនានា ក៏ពួកប្រឆាំងមិនធ្វើតាមនោះទេ ព្រោះបើដុតនាគ គឺដូចជាដុត “មនុស្សកើតឆ្នាំរោង មួយពិភពលោក”។ រឿងជេរបញ្ចោរ មួលបង្កាច់តាមប្រព័ន្ធអេឡិចត្រូនិកយូរៗទៅ អាចនាំឱ្យថយសិរីសួស្តីអ្នកដែលត្រូវគេជេរនោះ ដូចរឿងចៅអធិការវត្ត យក ឆ្អឹងខ្មោចអាសុខកាច ទៅខ្មុកម្រ័ក្សណ៍លាបរទេះ ស្រាប់តែរទេះជេរស្រីៗ “មេចោរៗ!” ជាហេតុនាំឱ្យលោកគ្រូថយសិរីសួស្តី ឧបាសក-ឧបាសិកាខឹងសម្បា។
ដូច្នេះ “មនុស្សស្លាប់មិនចេះតដៃ” គឺសំដៅដល់អតីតមន្ត្រីបក្សប្រឆាំង ដែលត្រូវដកសិទ្ធិធ្វើនយោបាយ ៥ឆ្នាំ ក៏ដូចជា ស្លាប់អ៊ីចឹង មិនអាចតតាំងច្បាំងជាមួយរដ្ឋាភិបាល ដោយគ្រឿងអាវុធបានឡើយ ប៉ុន្តែ បើបក្សកាន់អំណាច គ្មានយុទ្ធសាស្ត្រ “ទប់ទល់ជាមួយខ្មោច” នឹងថយសិរីសួស្តី។ បើចង់ឈ្នះខ្មោចដែលកំពុងជេរញាប់ស្មិញនោះ លុះត្រាតែ “សែនត្រូវ” ពោលគឺ ត្រូវស្រាវជ្រាវឱ្យច្បាស់ថា ខ្មោចណាត្រូវការសំណែនអ្វី? ដូចជាក្បាលជ្រូក មាន់ស្ងោរ មាន់ឆ្កាង បាយស បាយក្រហម ញាំភ្លា ជាដើម ខណៈដែលខ្មោចខ្លះ លុះត្រាតែ “ដុតក្រដាសប្រាក់ដុល្លារ” សែនឧទ្ទិស ទើបខ្មោចនោះឈប់យាយីមនុស្ស ដែលជាបរិបទ សម្រាប់មនុស្សដែល “ខ្មោចធ្វើ” ពិចារណា។
សរុបទៅ “មនុស្សស្លាប់មិនចេះតដៃ” សំដៅដល់អតីតគណបក្សសង្គ្រោះជាតិ ដែលត្រូវរំលាយចោលទៅហើយ ប៉ុន្តែ ព្រលឹងពួកប្រឆាំង នៅវិលវល់ តាមយាយីបក្សកាន់អំណាច។ ទោះជាមិនអាចតដៃដោយគ្រឿងអាវុធយុទ្ធោបករណ៍ ក៏ការ ដុតរូបទីងមោង រូបថត ជេរប្រទេចបង្កាច់បង្ខូចតាមហ្វេសប៊ុក យូធូប រាល់ថ្ងៃនេះ អត់ស្រួលទេ តម្រូវឱ្យបក្សកាន់អំណាច រៀបពិធី “លៀងមេមត់” ទើបបាន…៕
ដោយ អាចារ្យថាំ