ខេត្តកណ្តាល ៖ ជារឿងគួរឱ្យសង្វេគ និងរន្ធត់ចិត្តបំផុត សម្រាប់ក្រុមគ្រួសារមួយនេះ ខណៈដែលស្ត្រីជាម្តាយ ទើបនឹងសម្រាលកូនទី២ បានរយៈពេលប្រមាណ២ម៉ោង ក៏ដាច់ខ្យល់ស្លាប់យ៉ាងអាណោចអាធ័ម បន្សល់ទុកកូន២នាក់រស់នៅកំព្រោវទនាគ្មានទីពឹង និងត្រូវបានអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក នាំគ្នាចែករំលែកដំណឹង និងសម្តែងនូវអារម្មណ៍តក់ស្លុត ខ្លោចចិត្តអាណិតអាសូរ ចំពោះកូនតូចទាំង២ ដែលពុំទាន់ដឹងក្តីនៅឡើយ ស្រាប់តែត្រូវម្តាយចាកឆ្ងាយគ្មានថ្ងៃត្រឡប់។
ហេតុការណ៍ដ៏សង្វេគខាងលើនេះ បានកើតឡើង កាលពីថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៨ នៅចំណុចឃុំសារិកាកែវ ស្រុកល្វាឯម។
ស្ត្រីអភ័ព្វដែលសម្រាលកូនបាន២ម៉ោង បែរជាដាច់ខ្យល់ស្លាប់ចោលកូននេះ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា មានវ័យ២៨ឆ្នាំ និងមានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។
យោងតាមគណនីហ្វេសប៊ុករបស់ព្រះតេជគុណមួយអង្គ ដែលដាក់ឈ្មោះ Nhaok Bora កាលពីរសៀលថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៨ បានបង្ហោះរូបភាពដ៏គួរឱ្យសង្វេគចំនួន២សន្លឹក ដោយ១សន្លឹកបង្ហាញពីរូបភាពសពស្ត្រីជាម្តាយដែលទើបនឹងស្លាប់ក្រោយសម្រាលកូនរួច២ម៉ោង ចំណែក១សន្លឹកទៀត បង្ហាញពីសកម្មភាពក្មេងប្រុសម្នាក់ ដេកឱបប្អូនដែលទើបនឹងសម្រាល ត្រូវម្តាយស្លាប់ចោល ដែលមើលទៅគួរឱ្យរន្ធត់ចិត្ត រហូតដល់មានអ្នកស្រក់ទឹកភ្នែកដោយមិនដឹងខ្លួនទៀតផង។
ជាមួយនឹងរូបភាពបង្ហាញពីភាពទុក្ខសោកទាំង២សន្លឹកខាងលើ ម្ចាស់គណនី Nhaok Bora ក៏បានបង្ហោះសារមួយថា “ថ្ងៃឆ្លងទន្លេ ថ្ងៃដែលម៉ែលាចាកលោក កូនកើតបានពីរម៉ោង ម្តាយក៏លាចាកលោកនេះ អាយុរបស់ម៉ែមិនទាន់ដល់ពេលស្លាប់ទេ តែគ្រាន់តែបុណ្យកុសលរបស់ម៉ែកសាងពីបុព្វេមកមានតែត្រឹមនេះ ម្តាយសង្ឃឹមថាកូនចងចាំថ្ងៃនេះរហូត ហើយកូនត្រូវតែជាមនុស្សល្អក្នុងសង្គម។ រឿងដែលស្លាប់ មិនមែនមានតែចំពោះគ្រួសារគាត់ទេ គឺមានគ្រប់គ្រួសារ តែគ្រាន់មុន និងក្រោយតែប៉ុណ្ណោះ សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ…”។
ដោយឡែក ម្ចាស់គណនីហ្វេសប៊ុកខាងលើ ក៏បានបង្ហោះសារមួយបន្ថែមទៀតថា “ការជួយគ្នាសូម្បីតែបន្តិច ក្នុងពេលដែលត្រូវការ គឺជាការជួយដ៏ប្រសើរ ព័ត៌មានបន្ថែម ពិតជាអាសូរណាស់ កូនកើតមកមិនទាន់បានឃើញមុខអ្នកម្តាយច្បាស់ផង ត្រូវម្តាយស្លាប់ចោលបាត់ បើកូនដឹងថាថ្ងៃដែលកូនកើតម្តាយត្រូវបាត់បង់ជីវិត តើកូនខ្លោចផ្សារបែបណាទៅ? បញ្ជាក់ បងស្រីម្នាក់អាយុ២៨ឆ្នាំ ដែលស្លាប់បន្ទាប់ពីសម្រាលកូនបាន២ម៉ោង នៅសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្តាល។ ចូលរួមចែករំលែក ដើម្បីឱ្យអ្នកសប្បុរសមានសទ្ធាឃើញផង…”។
ជុំវិញរឿងរ៉ាវស្ត្រីសម្រាលកូនបាន២ម៉ោង បែរជាដាច់ខ្យល់ស្លាប់ចោលកូននេះ “នគរធំ” នៅមិនទាន់ដឹងពីមូលហេតុពិតប្រាកដ ដែលនាំឱ្យស្ត្រីរងគ្រោះបាត់បង់ជីវិតនោះទេ ព្រោះមិនទាន់អាចសុំការបញ្ជាក់ពីក្រុមគ្រួសារសពបាននៅឡើយ។ យ៉ាងណា យើងរង់ចាំការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕