ខេត្តបាត់ដំបង ៖ បុរសល្មោភកាមម្នាក់ បានធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈកូនស្រីបង្កើតខ្លួនឯងដល់ទៅ២នាក់ (ម្នាក់អាយុ១០ឆ្នាំ ម្នាក់អាយុ៦ឆ្នាំ) រហូតដល់បានសម្រេចជាបន្តបន្ទាប់ចំនួន៣ដង លុះរឿងរ៉ាវបែកធ្លាយ ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន ស្រាប់តែឪពុកអប្រិយបានប្រកែកថា ធ្លាប់រំលោភតែកូនស្រីច្បងតែ២ដងប៉ុណ្ណោះ ប៉ុន្តែកូនស្រីពៅនៅតែអះអាងថា ឪពុកធ្លាប់ចាប់រំលោភនាងម្តង និងថែមទាំងគំរាមសម្លាប់នាងចោលទៀតផង។
ប្រតិបត្តិការបង្ក្រាប ចាប់ខ្លួនជនល្មោភកាមដែលធ្វើសកម្មភាពចាប់រំលោភកូនស្រីបង្កើតខ្លួនឯងដល់ទៅ២នាក់នេះ បានធ្វើឡើងឡើងកាលពីវេលារសៀល ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៨ នៅចំណុចផ្ទះរបស់ជនសង្ស័យ ស្ថិតក្នុងភូមិអូរមុនី២ ឃុំអន្លង់វិល ស្រុកសង្កែ។
ជនសង្ស័យល្មោភកាម ដែលចាប់រំលោភកូនស្រីបង្កើត២នាក់ រហូតបែកធ្លាយរឿងរ៉ាវត្រូវសមត្ថកិច្ចចាប់ខ្លួននេះ មានឈ្មោះខន ពុំ អាយុ៣៥ឆ្នាំ មុខរបរកសិករ ជាបុរសមានប្រពន្ធ២ និងមានកូនសរុបចំនួន៥នាក់ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។ ចំណែកក្មេងស្រីរងគ្រោះទាំង ២នាក់ រួមមានកូនស្រីច្បង មានអាយុ១០ឆ្នាំ ចំណែកកូនស្រីពៅ ទើបនឹងមានអាយុ៦ឆ្នាំប៉ុណ្ណោះ។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា ជនល្មោភកាមឈ្មោះខន ពុំ នេះ មានប្រពន្ធដល់ទៅ២នាក់ ដោយក្នុងនោះប្រពន្ធដើមមានកូន២នាក់ រស់នៅភូមិឃុំកើតហេតុខាងលើខាងលើ ។ ចំណែកប្រពន្ធចុងមានកូន៣នាក់ (ប្រុស១ ស្រី២) ហើយកូនស្រីទាំង២នាក់ ដែលជនល្មោភ កាមចាប់រំលោភនោះ គឺជាកូនរបស់ខ្លួនជាមួយប្រពន្ធចុងដែលមានលំនៅក្នុងភូមិក្រពើ ឃុំភ្នំសំពៅ ស្រុកបាណន់។
ប្រភពដដែលបន្តថា ក្រោយពីរួមរស់នឹងប្រពន្ធចុងបានកូន៣នាក់មក ប្តីប្រពន្ធរបស់ជនសង្ស័យក៏បែកបាក់គ្នាវិញ ដោយស្ត្រីជាប្រពន្ធចុងនោះបានប្រុសថ្នីម្នាក់ទៀត ហើយក៏រត់ចោលប្តីនិងកូនបាត់ ទើបធ្វើឱ្យជនសង្ស័យបានសម្រេចនាំកូនទាំង៣ វិលមករស់នៅជុំគ្នាជាមួយប្រពន្ធ ដើមវិញ។ រហូតមកដល់អំឡុងខែធ្នូ ឆ្នាំ២០១៧កន្លងទៅ ជនសង្ស័យក៏ឆ្លៀតឱកាសចាប់រំលោភកូនស្រីបង្កើតខ្លួនឯងទាំង២នាក់ជាបន្តបន្ទាប់ រហូតដល់បានសម្រេចចំនួន៣ដង។
ប្រភពខាងលើបានបញ្ជាក់ថា លុះមកដល់ពេលថ្មីៗនេះ រឿងរ៉ាវត្រីឆ្តោស៊ីកូនឯងនេះ បានបែកធ្លាយដឹងដល់អ្នកភូមិ ទើបអ្នកភូមិសម្រេចទូរស័ព្ទប្តឹងសមត្ថកិច្ចឱ្យជួយអន្តរាគមន៍ ចុះឃាត់ខ្លួនជនសង្ស័យជាឪពុកល្មោភកាម យកទៅសួរនាំតែម្តង។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះខន ពុំ បានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តនូវទង្វើដ៏គម្រក់ចាប់រំលោភកូនស្រីបង្កើតខ្លួនឯងមែន។ យ៉ាងណាក្តី ជនសង្ស័យបានទទួលស្គាល់ត្រឹមថា ខ្លួនបានចាប់រំលោភកូនស្រីច្បងដែលមានអាយុ១០ឆ្នាំប៉ុណ្ណោះ ដោយធ្លាប់ចាប់រំលោភកូនស្រីនេះចំនួន២ដង ប៉ុន្តែរឿងថា ខ្លួនបានចាប់រំលោភកូនស្រីពៅដែលមានអាយុ៦ឆ្នាំនោះ គឺមិនពិតទេ ខ្លួនមិនបានប្រព្រឹត្តទេ។
បើទោះជាជនសង្ស័យខាងលើ បានព្យាយាមបដិសេធថាមិនបានចាប់រំលោភកូនស្រីពៅក្តី ប៉ុន្តែក្មេងស្រីរងគ្រោះជាកូនស្រីពៅ ទើបនឹងមានអាយុ៦ឆ្នាំ បានអះអាងថា នាងធ្លាប់ត្រូវឪពុកចាប់រំលោភបានម្តងដែរ នៅលើផ្ទះ ហើយក្រោយពេលធ្វើសកម្មភាពរួច ឪពុកបានគំរាមនាង មិនឱ្យនិយាយរឿងនេះប្រាប់អ្នកណាទៀតផង ពុំនោះទេ គាត់នឹងសម្លាប់ចោល។
ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕