Sunday, December 22, 2024
Homeព័ត៌មានជាតិមេម៉ាយស្នេហ៍កំលោះ អស់ក្បាលជ្រូក១

មេម៉ាយស្នេហ៍កំលោះ អស់ក្បាលជ្រូក១

បន្ទាប់ពីលួចវាយឆ្មក់រាល់ យប់ បណ្តាលឱ្យដៃគូស្នេហ៍ ខាងស្រីមានផ្ទៃពោះ ភ័យខ្លាច ខុសចាស់ទុំ ទើបមេម៉ាយស្នេហ៍កំលោះនេះ នាំគ្នាទៅទិញក្បាលជ្រូក១ មាន់ស្ងោរ១គូ នំអន្សម ១គូ នំគមខ្លះ ផ្លែឈើខ្លះ មករៀបដាក់លើហ៊ឹង អុជធូបសំពះ សុំខមាទោសខ្មោចជីដូនជីតា សុំយកគ្នាជាប្តីប្រពន្ធ ក៏បានសុខរហូតមក ទាស់ត្រង់ក្រពេក មិនដឹងបានលុយឯណាទុកដល់ ថ្ងៃឆ្លងទន្លេ…។

លោកង៉ែត ណាក់ អាយុ៣៣ឆ្នាំ រស់នៅភូមិ ត្រពាំងខ្ចៅ ឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ បានរៀបរាប់ថា រូបលោកជាកូនទី៣ ក្នុងចំណោម បងប្អូន៥នាក់ ឪពុកឈ្មោះអ៊ុង ងឹម អាយុ៧៥ឆ្នាំ ម្តាយឈ្មោះឈឹម ស៊យ អាយុ៧០ឆ្នាំ។ លោកបាន រៀនសូត្រចេះដឹងល្មមអានសរសេរបាន ហើយតាំងពី ចូលវ័យកំលោះមក លោកកម្រចេញទៅណាឆ្ងាយ ពីផ្ទះណាស់ ព្រោះមានមុខរបរធ្វើស្រែចម្ការល្មមចិញ្ចឹម ជីវិតបានទៅហើយ ចាំបាច់អីទៅស៊ីឈ្នួលគេនាំពិបាក ខ្លួននោះ? ផ្ទុយទៅវិញ ប្អូនស្រីរបស់លោកដោយខ្ជិល ធ្វើស្រែ ក៏បានចេញទៅធ្វើការរោងចក្រកាត់ដេរនៅ ភ្នំពេញ ដោយជួលបន្ទប់ស្នាក់នៅជាមួយមិត្តស្រីម្នាក់ មកពីខេត្តព្រៃវែង។ នាងជាស្រីមេម៉ាយកូន១ឈ្មោះជា ណារិន អាយុប្អូនលោក២ឆ្នាំ បន្ទាប់ពីលែងលះប្តីមក បានមករកការងារ ធ្វើនៅភ្នំពេញ និងបានធ្វើនៅរោងចក្រជាមួយប្អូនស្រីរបស់លោក ស្រាប់តែពួកគេរាប់អានគ្នាចាក់ទឹកមិនលិច តែងនាំគ្នាមក លេងស្រុកជារឿយៗ។

លោកង៉ែត ណាក់

លោកង៉ែត ណាក់ បន្តទៀតថា ថ្ងៃមួយ ប្អូនស្រីនោះ បាននាំ អ្នកមេម៉ាយក្តៅស្រួយឈ្មោះជា ណារិន មកលេងដល់ផ្ទះ មាន ទាំងទិញនំប៉័ងមកផ្ញើផង។ លោកមិនដែលស្គាល់អ្នកមេម៉ាយ នេះទេ ស្មានថា ក្រមុំ និងឃើញភ្លាមស្រលាញ់ភ្លែត ខណៈដែល វ័យរបស់លោកក្លាយជាកំលោះចាស់ទៅហើយ។ លុះសាកសួរ ទៅនាងណារិន ប្រាប់ត្រង់ៗថា នាងជ្រុលចាញ់បោកប្រុស ក្លាយជា ប្រពន្ធចុងគេ រហូតបានកូន១ ទើបដឹងការពិត ក៏លែងលះប្តីព្រាននារីនោះទៅ រួចផ្ញើកូនឱ្យម្តាយថែទាំ និងចេញមកធ្វើការនៅភ្នំពេញ។ ពេលនាងប្រាប់ការពិត មិនលាក់លៀមបែបនេះ ធ្វើឱ្យលោកអាណិតនាងណាស់ ហើយក្តីអាណិតនេះ បានក្លាយទៅ ជាសេចក្តីស្នេហាដ៏បរិសុទ្ធ កប់យ៉ាងជ្រៅក្នុង

នាងជា ណារិន

ជម្រៅបេះដូង។ ដោយសាររោងចក្រនោះ បិទទ្វារមួយរយៈ ទើបប្អូនស្រី និង អ្នកមេម៉ាយត្រូវស្នាក់នៅក្នុងផ្ទះរួមគ្នាមួយរយៈសិន ចំណែក លោកក៏ព្យាយាមឃាត់ដែរ ព្រោះមិនចង់ឱ្យស្រីជាទីស្រលាញ់ ទៅណាឆ្ងាយឡើយ។
លោកង៉ែត ណាក់ បន្តទៀតថា ពេលនៅផ្ទះជាមួយគ្នាបាន ១អាទិត្យ លោកក៏សាកល្បងលួងលោមសុំស្នេហ៍ពីនាងណារិន ដែលមុនដំបូង នាងប្រកែកដែរ លុះលោកអង្វរយូរៗទៅក៏ព្រម។ យប់មួយ ពេលប្អូនស្រី និងឪពុកម្តាយរវល់ចេញទៅក្រៅ លោក ក៏លូនចូលមុងអ្នកមេម៉ាយ សុំរួមមេត្រី រហូតដល់បានសម្រេច ដោយទទួលស្គាល់ថា រសជាតិស្នេហ៍រវាងកំលោះមិនដែលស្គាល់ កាមតណ្ហាអ្វីសោះ ប៉ះជាមួយមេម៉ាយក្តៅស្រួយពិតជាឈ្ងុយឆ្ងាញ់ជាប់មាត់មែន។ តាំងពីពេលនោះមក លោកនិងនាង តែងលួចជួបគ្នាជួននៅក្នុងផ្ទះ ជួនកាលនៅឯស្រែ និងព្យាយាម

លោកង៉ែត ណាក់ និងនាងជា ណារិន

ឃាត់នាងមិន ឱ្យទៅធ្វើការវិញទេ រហូតដល់នាងមានផ្ទៃពោះ បែកការណ៍ ធ្វើឱ្យឪពុកម្តាយ ព្រួយបារម្ភខ្លាំងណាស់ ក្រែងខ្លាចមេបាកាច់។ ប្រឈមបញ្ហានេះ លោក និងស្រីស្នេហ៍ក៏បានសុំខមាទោសពីឪពុកម្តាយ និងបាននាំគ្នាទៅផ្សារ ទិញបានក្បាលជ្រូក១យកមកស្ងោរ និងកាប់មាន់ឯផ្ទះ១គូ ដាក់ស្ងោរដែរ អមដោយនំអន្សម១គូ នំគម១ចាន ផ្លែឈើ នំចំណីផ្សេងៗ ដាក់លើហ៊ឹង អុជធូបបន់ស្រន់ជីដូនជីតាកុងម៉ា សុំយកគ្នាជាប្តីប្រពន្ធទៅ។ ឥឡូវលោកលែងបារម្ភទៀតហើយ ព្រោះខ្មោចមេបាមិនប្រកាន់ ខឹងអ្វីទេ តែអ្វីដែលសំខាន់ត្រង់ប្រពន្ធមានផ្ទៃពោះគ្រប់ខែហើយ មិនដឹងបានលុយឯណាត្រៀមទុកដល់ថ្ងៃសម្រាលនោះទេ។

ដោយឡែក នាងជា ណារិន អាយុ៣១ឆ្នាំ ជាប្រពន្ធ បានឱ្យដឹង ថា នាងមានស្រុកកំណើតនៅភូមិបឹងផ្សោត ឃុំពាមមានជ័យ ស្រុកពាមរក៍ ខេត្តព្រៃវែង។ កាលនៅក្រមុំ នាងផុងខ្លួនចាញ់បោកបុរសម្នាក់ ឈ្មោះអ៊ឹម ច្រឹន សព្វថ្ងៃអាយុ៤៤ឆ្នាំ ក្លាយជាប្រពន្ធចុងរបស់គេ រហូតបានកូន១ ទើបដឹងថា គេបោកប្រាស់ នាងក៏សម្រេចចិត្តដើរចេញពីជីវិតស្នេហ៍ប្តីគេនោះទៅ។ ក្រោយមេម៉ាយមួយរយៈ នាងបានចេញមកធ្វើការ រោងចក្រកាត់ដេរនៅភ្នំពេញ ក៏បានជួបនាងង៉ែត រិទ្ធ ដែលធ្វើការរោងចក្រកាត់ដេរនៅភ្នំពេញ ជាមួយគ្នា និងបានជួលបន្ទប់ស្នាក់នៅជាមួយគ្នា។ ពេលនាងរិទ្ធ នាំទៅលេងផ្ទះគេឯស្រុកត្រាំកក់ ក៏បានជួបបងប្រុស បង្កើតរបស់មិត្តស្រីឈ្មោះង៉ែត ណាក់ ផ្ទុះជាសេចក្តីស្នេហា ដូចអ្វីដែលខាងប្រុសរៀបរាប់ស្រាប់ មិនបំផ្លើសទេ។ ពួកនាងមិនបានរៀបការអ្វីទេ ដោយចំណាយអស់តែក្បាលជ្រូក១ មាន់ស្ងោរ១គូ ជាការស្រេច ព្រោះខ្មោចមេបាអត់ប្រកាន់ខឹងអ្វីទេ ដែល ពេលនេះ នាងកំពុងតែខ្វល់ខ្លាចអត់លុយដល់ពេលសម្រាលកូន។

លោកយាយឈឹម ស៊យ

លោកយាយឈឹម ស៊យ អាយុ៧០ឆ្នាំ និងនាងង៉ែត រិទ្ធ អាយុ៣២ឆ្នាំ ជាម្តាយ និងជាប្អូនស្រីខាងប្រុស និងលោកនាង សារី អាយុ៣៦ឆ្នាំ ជាអ្នកភូមិ បានឱ្យដឹងស្របគ្នាថា គូស្វាមីភរិយានេះ គ្មានខាន់ស្លាទេ ដោយគ្រាន់តែទិញក្បាលជ្រូកមកសែនកុងម៉ាប៉ុណ្ណោះ។ ចង់មានខាន់ស្លា លុះត្រាតែរៀបការ ឬសែនព្រេន អញ្ជើញ អាចារ្យមកបង្វិលពពិលទើបបាន ប៉ុន្តែទោះជាយ៉ាងណា ក៏ពួកគេស្រលាញ់គ្នាណាស់ ដោយសន្យាគ្នាថា នឹងខំរកលុយមកបំពេញខាន់ស្លាទាល់តែបាន។

នាងង៉ែត រិទ្ធ

គួរបញ្ជាក់ថា រឿងស្នេហាដោយចៃដន្យនេះ មកពីអ្នកមេម៉ាយមានសម្រស់ទាក់ទាញខ្លាំងជាងក្រមុំទៅទៀត បានជាភាគីកំលោះទប់អារម្មណ៍មិនបាន ក៏លង់ស្នេហ៍នាង។ លុះនាងឱ្យភ្លក្សរសជាតិតណ្ហាម្តង ក៏ញៀនញ៉ាមដូចស៊ីក្តាមដុត ដែលស្តែងឱ្យឃើញថា មកពីអ្នកកំលោះចាស់នេះ មិនធ្លាប់ឆ្លងកាត់រសជាតិតណ្ហា លុះស្គាល់ម្តង ក៏ដកខ្លួនមិនរួច។ ទោះយ៉ាងណា គួរតែពួកគេព្យាយាមបំពេញខាន់ស្លាឱ្យ បានទើបកូនដែលកើតមកនោះគេចផុតពីឈ្មោះថា “កូនអត់ខាន់ស្លា”។ បើត្រឹមតែសែនក្បាលជ្រូក មាន់ស្ងោរ គ្មានរៀបផ្កាស្លា សូត្រធម៌ជយន្តោ បាចផ្កាស្លាពីចាស់ទុំទេនោះ មិនមានឈ្មោះថា ជាគូស្វាមី ពេញសិទ្ធិនោះទេ”៕

RELATED ARTICLES