Thursday, January 16, 2025
Homeសង្គម និងជីវិតឪទាញកាំបិតកាប់ម៉ែ! កូនប្រុសស្ទុះច្រានឪធ្លាក់ពីលើផ្ទះបាក់កស្លាប់

ឪទាញកាំបិតកាប់ម៉ែ! កូនប្រុសស្ទុះច្រានឪធ្លាក់ពីលើផ្ទះបាក់កស្លាប់

ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់ក្រោយពីផឹកស្រាស្រវឹងធ្លាក់ភ្នែក ត្រឡប់មកដល់ផ្ទះវិញ ក៏រករឿងឈ្លោះប្រកែគជាមួយប្រពន្ធ រួចទាញកាំបិតស្ទុះសំដៅទៅចាក់ប្រពន្ធ តែត្រូវកូនប្រុសឃើញទាន់ ក៏ស្ទុះទៅច្រានឪពុកបង្កើតរបស់ខ្លួន ទម្លាក់ពីលើផ្ទះ បណ្តាលឱ្យដួលបាក់ក និងជុងជាមួយកាំបិតដែលជនរងគ្រោះកាន់ជាប់នឹងដៃ បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័ម។ បន្ទាប់មក ជនដៃដល់ជាកូនប្រុស បានដឹកសពឪពុកទៅប្លុងចោលកណ្តាលព្រៃ ដោយមានការជួយលាក់បាំងពីស្ត្រីជាម្តាយផងដែរ។ លុះជិត២ឆ្នាំកន្លងទៅ ទើបសមត្ថកិច្ចសមត្ថកិច្ចព្រហ្មទណ្ឌខេត្តបន្ទាយមានជ័យបានធ្វើការស្រាវជ្រាវ បំបែកសំណុំរឿងក្តីបានដោយជោគជ័យ និងឈានដល់ការចាប់ខ្លួនជនដៃដល់ជាឃាតករបាន កាលពីរសៀល ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៨។

ជនសង្ស័យជាឃាតករដែលសម្លាប់ឪពុកបង្កើតខ្លួនឯង មានឈ្មោះសូ វុធ អាយុ២៩ឆ្នាំ រស់នៅភូមិភូមិទ្រលោកលិច ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ។ ចំណែកជនរងគ្រោះ មានឈ្មោះនិប អឺត អាយុ៥៥ឆ្នាំ មានប្រពន្ធឈ្មោះអាន តឹក អាយុ៥៧ឆ្នាំ រស់នៅផ្ទះជាមួយគ្នា។

សមត្ថកិច្ចបានបញ្ជាក់ឱ្យដឹងថា ការបង្ក្រាបចាប់ខ្លួនជនសង្ស័យក្នុងសំណុំរឿងព្រហ្មទណ្ឌអំពើឃាតកម្មអាថ៌កំបាំងរយៈពេលជិត២ឆ្នាំមុននេះ ធ្វើឡើងក្រោមការអនុវត្តតាមបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដែលបានចាត់លោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការរងទទួលផែនព្រហ្មទណ្ឌ ដឹកនាំកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ខេត្ត សហការជាមួយនគរបាលស្រុកព្រះនេត្រព្រះ លោកអធិការវរសេនីយ៍ទោ មាស រិទ្ធី ដោយមានការសម្របសម្រួលនីតិវិធីពីលោកមាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលា ដំបូងខេត្តបន្ទាយមានជ័យ ធ្វើការស្រាវជ្រាវស៊ើបអង្កេតជាប្រចាំ ទើបកម្លាំងនគរបាលឈានដល់កំណត់បានមុខសញ្ញាជនសង្ស័យ និងធ្វើការឃាត់ខ្លួនតែម្តង។

យោងតាមរបាយការណ៍ស៊ើបអង្កេតរបស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ទាក់ទងនឹងសំណុំរឿងឃាតកម្មខាងលើនេះ បានបង្ហាញថា កាលពីវេលាម៉ោង១០យប់ ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៦ ឈ្មោះនិប អឺត ភេទប្រុស បានទៅចូលរួមពិធីឡើងផ្ទះថ្មីរបស់អ្នកភូមិជាមួយគ្នា ដោយបានផឹកស្រារហូតដល់ស្រវឹង លុះពេលត្រឡប់មកដល់ផ្ទះវិញ ក៏កើតមានជំលោះជាមួយប្រពន្ធឈ្មោះអាន តឹក និងកូនប្រុសឈ្មោះសូ វុធ (ជនសង្ស័យជាឃាតករ)។ បន្ទាប់ពីពេលនោះមក ស្រាប់តែអ្នកភូមិបាត់ជនរងគ្រោះ ឈ្មោះនិប អឺត មិនដឹងទៅណា តែត្រូវបានស្ត្រីជ្រាប្រពន្ធ ជនរងគ្រោះ និងកូនប្រុសបានអះអាងប្រាប់គេឯងក្នុងភូមិថា ឪពុក និងប្តីរបស់ខ្លួន ចេញទៅធ្វើការនៅទីក្រុងភ្នំពេញទាំងយប់បាត់ហើយ។

របាយការណ៍ដដែលបន្តថា លុះរំលងរយៈពេលជិតមួយឆ្នាំ គឺនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៧ មានអ្នកភូមិម្នាក់បានដើរដាក់អង្គប់រកសត្វកណ្តុរ ក៏បានប្រទះឃើញគ្រោងឆ្អឹងសាកសពមួយ និងសម្លៀកបំពាក់ជាប់ខ្លួន នៅចំណុចវាលស្រែខាងលិចបឹងខ្លាស្លាប់ ហើយក៏បានរាយការណ៍ទៅអាជ្ញាធរភូមិ និងសមត្ថកិច្ចពាក់ព័ន្ធចុះមកត្រួតពិនិត្យ។ ក្រោយមកសមត្ថកិច្ច ក៏ដូចជាអ្នកភូមិ មានការសង្ស័យថា ជាសាកសពជនរងគ្រោះឈ្មោះនិប អឺត ដែលអ្នកភូមិចំណាំទៅលើសម្លៀកបំពាក់ជនរងគ្រោះ ប៉ុន្តែទោះជាយ៉ាងនេះក្តី ក៏ប្រពន្ធជនរងគ្រោះ រួមនឹងកូនប្រុសបង្កើតជាជនសង្ស័យ បានព្យាយាមឆ្លើយបដិសេដប្រាប់សមត្ថកិច្ច និងអ្នកភូមិថា សាកសពនោះមិនមែនជាប្តី និងឪពុករបស់ខ្លួនឡើយ។

របាយការណ៍ខាងលើបញ្ជាក់ថា ទោះបីមានការបដិសេដពីសំណាក់ជនសង្ស័យម្តាយនិងកូននោះក៏ដោយ ក៏សមត្ថកិច្ចបានធ្វើការស្រាវជ្រាវស៊ើបអង្កេតយ៉ាងម៉ឺងម៉ាត់បន្តទៀត រហូតឈានដល់ការចាប់ខ្លួនជនសង្ស័យជាកូនប្រុស និងម្តាយយកមកសាកសួរ កាលពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៨។

នៅចំពោះសមត្ថកិច្ច ជនសង្ស័យជាកូនប្រុសឈ្មោះសូ សាវុធ បានឆ្លើយសារភាពថា រូបគេពិតជាបានសម្លាប់ឪពុករបស់ខ្លួនដោយអចេតនាមែន ដោយសារខឹងឪពុករូបនោះផឹកស្រាស្រវឹងមករឿងម្តាយរបស់ខ្លួន ដោយថែមទាំងយកកាំបិតបម្រុងកាប់ និងចាក់ម្តាយដែលជាប្រពន្ធជនរងគ្រោះ ទើបរូបគេស្ទុះទៅច្រានឪពុកធ្លាក់ពីលើផ្ទះបាក់ក ហើយជុងនឹងកាំបិតចុងស្រួចរហូតដល់ស្លាប់។ ក្រោយកើតហេតុ រូបគេក៏ដឹកសពឪពុកតាមគោយន្តទៅចោលទាំងយប់នៅព្រៃមួយកន្លែងកណ្តាលវាលស្រែចម្ងាយពីភូមិ៣០គីឡូម៉ែត្រ។

ក្រោយពីជនសង្ស័យសារភាពកម្លាំងនគរបាលការិយាល័យជំនាញខេត្តក៏បាននាំជនសង្ស័យរូបនេះ ទៅធ្វើតម្រាប់អំពីសកម្មភាពដែលរូបគេបានសម្លាប់ឪពុក និងយកសពដឹកតាមគោយន្ត ទៅប្លុងចោលនៅក្នុងព្រៃ។ បន្ទាប់មក ក៏រៀបចំកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យជាកូន ប្រុសដៃដល់ទៅកាន់សាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនីតិវិធី។

ចំណែកស្ត្រីជាម្តាយបង្កើតរបស់ជនសង្ស័យ និងត្រូវជាប្រពន្ធរបស់ជនរងគ្រោះ ដែលមានការួមចំណែកពីបទផ្សំគំនិតបិទបាំងមិនរាយការណ៍ប្រាប់សមត្ថកិច្ចដែរនោះ ត្រូវបានតុលាការសម្រេចយោគយល់ ដោយអនុញ្ញាតឱ្យត្រឡប់ទៅផ្ទវិញ បន្ទាប់ពីរកឃើញថា ស្ត្រីរូបនេះ មានអាការៈជម្ងឺប្រចាំកាយធ្ងន់ធ្ងរ៕

RELATED ARTICLES