ខេត្តកំពង់ស្ពឺ ៖ យុវជនមួយក្រុម បានជួបជុំគ្នាផឹកស៊ីរហូតដល់ស្រវឹងធ្លាក់ភ្នែក ស្រាប់តែយុវជនម្នាក់ក្នុងចំណោមនោះ ចេះតែនិយាយអួតពីនេះពីនោះមិនឈប់ ទើបធ្វើឱ្យកើតមានជំលោះពាក្យសម្តីតឹងសរសៃកដាក់គ្នា រហូតដល់ភាគីម្ខាងទប់ចិត្តមិនបាន ក៏ស្ទុះទាញកាំបិតប៉័ងតោ កាប់ប្រហារទៅលើគូទំនាស់ បណ្តាលឱ្យរយះមាត់ និងរយះដៃរងរបួសធ្ងន់។
ករណីក្មេងស្ទាវផ្ទុះហិង្សាក្នុងវង់ផឹកស៊ីនេះ បានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៨ នៅចំណុចភូមិថ្មីទំលាប់ ឃុំចាន់សែន ស្រុកឧដុង្គ។
ជនដៃដល់ដែលកាប់ប្រហារគូទំនាស់រយះមាត់ ខឹងពូកែអួត មានឈ្មោះហីម រស់ អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅក្នុងភូមិ ក្រាំងត្រប់ ឃុំត្រាចទង ស្រុកឧដុង្គ។ ចំណែកជនរងគ្រោះ មានឈ្មោះឌុន ត្មោល អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅក្នុងភូមិឃុំកើត ហេតុខាងលើ។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញក្មេងស្ទាវមួយក្រុម បានអង្គុយផឹកស៊ីជុំគ្នា ដោយផឹកបណ្តើរជជែកគ្នាលេង សើចសប្បាយបណ្តើរ រហូតដល់វេលាម៉ោងកើតហេតុខាងលើ ដោយសារតែជនរងគ្រោះស្រវឹងស្រាខ្លាំងពេក ទើបចេះតែនិយាយអួតរឿងនេះ រឿងនោះមិនចេះចប់ រហូតធ្វើឱ្យជនដៃដល់ទ្រាំមិនបានក៏លូកមាត់ ធ្វើឱ្យកើតជាជំលោះតឹងសរសៃកដាក់គ្នា ហើយភ្លាមនោះ ជនដៃដល់បានស្ទុះទៅទាញកាំបិតប៉័ងតោ មកកាប់ប្រហារទៅលើជនរងគ្រោះចំមាត់ បណ្តាលឱ្យរយះមាត់ និងរយះដៃ រងរបួសធ្ងន់តែម្តង។
ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីព្យាបាល។ ចំណែកជនដៃដល់ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន នាំយកទៅសាកសួរ និងចាត់ការតាមនីតិវិធី៕