រឿង«ក្រមុំចាស់ប៉ះក្មេងស្ទាវ»នេះបានបើកសម្ភោធនៅរោងកុនក្នុងផ្សារទំនើបសុវណ្ណា ដែលមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់ក្រុមផលិតករ តារាសម្ដែង ដៃគូសហការ ភ្ញៀវកិត្តយស និងក្រុមអ្នកសារព័ត៌មានជាដើម។
លោកអ៊ិន សុភិន ថៅកែផលិតកម្មមហាហង្សបានថ្លែងឲ្យដឹងថា រឿង«ក្រមុំចាស់ប៉ះក្មេងស្ទាវ»ដែលតួឯកស្រីសម្ដែងដោយអ្នកនាងសុខ សោម៉ាវត្តី ប៉ះជាមួយតួឯកប្រុសលោកខេ គឺជារឿងបែបកំប្លែង កាច់កុង ឌឺដង និងមនោសញ្ចេតនាចាក់ដោតអារម្មណ៍ទស្សនិកជន ជាពិសេសស្រទាប់យុវវ័យ។លោកថា រឿងនេះបានសម្រិតសម្រាំងការផលិតយ៉ាងយកចិត្តទុកដាក់បំផុត ដោយផ្ដោតលើគុណភាពជាចំបងដែលបានចំណាយអស់ជាង៤ម៉ឺនដុល្លារ។
ផលិតកម្មមហាហង្សបានជោគជ័យលើការផលិតភាពយន្តទាំងភាពយន្តខ្នាតធំ និងរឿងភាគជាច្រើនមកហើយ ហើយរឿងខ្លះទាញបានផលចំនេញជាង១០ម៉ឺនដុល្លារទៀតផង ។សម្រាប់ស្នាដៃថ្មីនេះលោកអ៊ិន សុភិន បានបង្ហាញពីជំនឿចិត្តថា ភាពយន្តនេះនឹងទទួលបានការគាំទ្រខ្លាំងពីទស្សនិកជនព្រោះជាភាពយន្តដែលមានឈុតឆាកប្រទាក់ក្រឡាគ្នាគួរឲ្យចង់ទស្សនាតាំងពីដើមរហូតដល់ចប់។ជាពិសេសឈុតឆាកតួឯកប្រុសស្រីប៉ះគ្នា កាច់កុងគ្នាឌឺដងគ្នា បង្កើតជាកំប្លែងផ្ទុះសំណើចតាំងពីដើមរហូតដល់ចប់។
លោកអ៊ិន សុភិន អះអាងថា ដើម្បីតម្រូវទីផ្សារមហាហង្សបានពង្រឹងការផលិតជាខ្លាំងដោយផ្ដោតលើគុណភាពខណៈដែលមហាហង្សមិនផ្ដោតលើការចំនេញជាធំនោះទេគឺមានឆន្ទះក្នុងការលើកស្ទួយវិស័យភាពយន្តខ្មែរឲ្យមានភាពរីកចម្រើន។
បន្ទាប់ពីរឿង«ក្រមុំចាស់ប៉ះក្មេងស្ទាវ»ផលិតកម្មមហាហង្សបានត្រៀម៦រឿងសម្រាប់ដាក់បញ្ចាំងនៅឆ្នាំ២០១៨ នេះមានដូចជារឿង«អនុស្សាវរីយ៍ថ្ងៃចូលឆ្នាំ»«ផ្លូវមរណៈ»«កញ្ចក់»«ផ្ទះចុងភូមិ»«ព្រលឹង»និងរឿងណូលីណូឡា»ជាដើមគឺបានផលិតរួចរាល់ហើយដោយត្រៀមតែថ្ងៃដាក់បញ្ចាំងតែប៉ុណ្ណោះ។
សូមបញ្ជាក់ថា រឿង«ក្រមុំចាស់ប៉ះក្មេងស្ទាវ»នឹងចាប់ផ្ដើមដាក់បញ្ចាំងចាប់ពីថ្ងៃទីថ្ងៃទី១ ខែមីនា ឆ្នាំ២០១៨ តទៅនៅគ្រប់រោងភាពយន្តទំនើបទាំងអស់ទាំងនៅរាជធានីភ្នំពេញនិងខេត្តសៀមរាប៕