Thursday, January 16, 2025
Homeសង្គម និងជីវិតប្រពន្ធសរសៃខ្ចី ប្តីចាប់រំលោភប្អូនស្រីក្នុងខ្ទមស្រែ

ប្រពន្ធសរសៃខ្ចី ប្តីចាប់រំលោភប្អូនស្រីក្នុងខ្ទមស្រែ

ខេត្តក្រចេះ ៖ បុរសល្មោភកាមម្នាក់ ដោយសារប្រពន្ធទើបនឹងសម្រាលកូនរួចថ្មីៗ សរសៃនៅខ្ចីនៅឡើយ មិនទាន់អាចបំពេញចំណង់តណ្ហារបស់ខ្លួនបាន ក៏បែកគំនិត ដើរទៅផឹកស្រាស្រវឹង រួចក៏លួងលោមប្អូនស្រីជីដូនមួយរបស់ខ្លួនម្នាក់ ដែលទើបនឹងមានវ័យ១៥ឆ្នាំ ឱ្យជូនទៅមើលស្រែខាងក្រោយភូមិបន្តិច លុះពេលទៅដល់ខ្ទមស្រែ ស្រាប់តែជនល្មោភកាម បានធ្វើសកម្មភាពចាប់រំលោភប្អូនស្រីជីដូនមួយខ្លួនឯង រហូតដល់បានសម្រេច បន្ទាប់មកក៏រត់គេចខ្លួនបាត់ស្រមោល។

ករណីបងជីដូនមួយល្មោភកាមចាប់រំលោភប្អូនស្រីនេះ បានកើតឡើងកាលពីល្ងាច ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៨ នៅចំណុចខ្ទមស្រែ ខាងក្រោយភូមិ ស្ថិតក្នុងស្រុកសំបូរ។

ជនសង្ស័យល្មោភកាម មិនត្រូវបានសមត្ថកិច្ចបង្ហើបឱ្យដឹងពីអត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា ជាបុរសមានប្រពន្ធរួចទៅហើយ ហើយប្រពន្ធកំពុងតែសរសៃខ្ចី (ទើបសម្រាល) មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។ ចំណែកក្មេងស្រីរងគ្រោះ មានអាយុ១៥ឆ្នាំ មានលំនៅក្នុងភូមិជាមួយគ្នា។ រវាងក្មេងស្រីរងគ្រោះ និងជនសង្ស័យ ត្រូវជាបងប្អូនជីដូនមួយួនឹងគ្នា ដោយឪពុករបស់ជនសង្ស័យ ត្រូវជាបងបង្កើតរបស់ម្តាយក្មេងស្រីរងគ្រោះ។

តាមសម្តីក្មេងស្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីល្ងាចថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៨ ខណៈដែលនាងកំពុងនៅផ្ទះតែម្នាក់ឯង ស្រាប់តែលេចមុខជនសង្ស័យជាបងប្រុសជីដូនមួយ ដែលមើលទៅស្ថានភាពទំនងជាស្រវឹងស្រាផង បានជិះម៉ូតូចូលមករកនាងដល់ផ្ទះ និងបានពឹងឱ្យនាងជួយជូនទៅមើលស្រែ នៅខាងក្រោយភូមិ។ ពេលនោះនាងក៏បានយល់ព្រមជិះម៉ូតូទៅជាមួយនឹងជនសង្ស័យ លុះពេលដឹកនាងទៅដល់រោងស្បូវខ្ទមស្រែ ទីតាំងកើតហេតុ ជនសង្ស័យក៏បានធ្វើសកម្មភាពចាប់អូសដៃនាងចូលខ្ទមស្រែនោះ រួចក៏ធ្វើសកម្មភាពចាប់នាង រំលោភទាំងកំរោល រហូតដល់បានសម្រេច ហើយទោះជានាងប្រឹងស្រែកហៅគេឱ្យជួយយ៉ាងណា ក៏គ្មានអ្នកបានលឺដែរ។

ក្មេងស្រីរងគ្រោះបន្តថា ពេលដែលជនសង្ស័យកំពុងធ្វើសកម្មភាពចាប់រំលោភនាងនោះ នាងបានអង្វរជនសង្ស័យថា កុំធ្វើបែបនេះអ្វី ព្រោះពួកយើងត្រូវជាសាច់ញាតិនឹងគ្នា តែជនសង្ស័យមិនព្រមស្តាប់ នៅតែបន្តរំលោភនាងរហូតដល់បានសម្រេចតែម្តង។ លុះពេលធ្វើសកម្មភាពរួចរាល់ ជនសង្ស័យបានជិះម៉ូតូគេចខ្លួនចេញពីកន្លែងកើតហេតុ បាត់ស្រមោល ចំណែកនាងបានស្លៀកពាក់ខោអាវវិញ រួចដើរត្រឡប់មកផ្ទះ រៀបរាប់រឿងរ៉ាវទាំងអស់ឱ្យឪពុកម្តាយបានដឹង រួចក៏នាំគ្នាទៅដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍តែម្តង។

លោកវរសេនីយ៍ត្រី នួន សារិន អធិការរងទទួលបន្ទុកព្រហ្មទណ្ឌស្រុកសំបូរ បានឱ្យដឹងថា ជនសង្ស័យគឺជាមនុស្សមានប្រពន្ធកូនរួចទៅហើយ ដោយសព្វថ្ងៃស្ត្រីជាប្រពន្ធរបស់ជនសង្ស័យកំពុងសរសៃខ្ចី ព្រោះទើបនឹងសម្រាលកូនរួចថ្មីៗ។

លោកអធិការង បានអះអាងថា ជុំវិញករណីខាងលើនេះ កម្លាំងនគរបាលបានកំណត់អត្តសញ្ញាណជនសង្ស័យ រួចរាល់ហើយ និងកំពុងតែស្រាវជ្រាវ ដើម្បីចាប់ខ្លួនជនសង្ស័យ នាំយកមកចាត់ការតាមច្បាប់៕

RELATED ARTICLES