Thursday, January 16, 2025
Homeសង្គម និងជីវិតខឹងប្រពន្ធដកហូតម៉ូតូ វ៉ៃកូនប្រុសរបួសពងស្វាស

ខឹងប្រពន្ធដកហូតម៉ូតូ វ៉ៃកូនប្រុសរបួសពងស្វាស

ភ្នំពេញ ៖ បុរសម្នាក់ បានកើតមានជំលោះជាមួយប្រពន្ធ និងត្រូវប្រពន្ធដកហូតយកម៉ូតូទុកលែងឱ្យជិះ លុះពេលទៅរកប្រពន្ធបំណងសុំយកម៉ូតូជិះវិញ តែមិនជួបបែរជាទៅជួបនឹងយុវជនជាកូនដើមរបស់ប្រពន្ធ រួចក៏កើតជាជំលោះពាក្យសម្តី រហូតឈានដល់អំពើហិង្សា វាយទៅលើយុវជនរងគ្រោះ បណ្តាលឱ្យរងរបួសពងស្វាស លុះស្ត្រីអ្នកជិតខាងម្នាក់ចូលមកឃាត់ ក៏ត្រូវជនបង្កវ៉ៃឱ្យរងរបួសថែមម្នាក់ទៀត។

ករណីហិង្សា ឪចុងវ៉ៃកូនប្រុសរបួសពងស្វាសនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៥ និង៤០នាទីល្ងាច ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៨ នៅចំណុចសួនច្បារសូគីមិច តាមបណ្តោយផ្លូវជាតិលេខ៥ ក្រុម០៤ ភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។

ជនបង្កហេតុ មានឈ្មោះអ៊ុក ចន្ធូ អាយុ៤៧ឆ្នាំ មុខរបររត់ម៉ូតូឌុប មានលំនៅផ្ទះជួល តាមផ្លូវលំ ក្រុម០៣ ភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។ ចំណែកជនរងគ្រោះទាំង២នាក់ រួមមាន ទី១-ឈ្មោះពៅ ក្រពុំ ភេទស្រី អាយុ៥០ឆ្នាំ មុខរបរលក់ដូរ មានលំនៅផ្ទះលេខ ៣៧C ផ្លូវជាតិលេខ៥ ក្រុម០៤ ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ (រងរបួសពកចុងភ្នែកខាងស្តាំ ជាំភ្លៅ និងជង្គង់ខាងឆ្វេង) និងទី២-ឈ្មោះយិន សុធី ហៅមេឃ អាយុ២១ឆ្នាំ មុខរបរលក់ដូរ មានលំនៅផ្ទះលេខ១៥៦ ផ្លូវជាតិលេខ៥ ក្រុម០៥ ភូមិស្ពានខ្ពស់ សង្កាត់គីឡូ ម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ (រងរបួសត្រង់ក ដើមដៃ មេជើង និងពងស្វាស)។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនបង្កឈ្មោះអ៊ុក ចន្ធូ បានកើតមានទំនាស់ជាមួយប្រពន្ធឈ្មោះអ៊ឹន សុធារី ដែលត្រូវជាម្តាយរបស់យុវជនរងគ្រោះឈ្មោះយិន សុធី។ លុះឈ្លោះប្រកែកគ្នារួចហើយ ស្ត្រីជាប្រពន្ធឈ្មោះអ៊ឹន សុធារី បានដកហូតយកម៉ូតូពីប្តីដែលជាជនបង្កឈ្មោះអ៊ុក ចន្ធូ យកមកទុកមិនឱ្យជិះតទៅទៀត។ ក្រោយមកជនបង្ក បានទៅរកប្រពន្ធ បំណងសុំយកម៉ូតូមកជិះវិញ ស្រាប់តែមិនបានជួបប្រពន្ធ ក៏ជួបជាមួយនឹងយុវជនរងគ្រោះឈ្មោះយិន សុធី ត្រូវជាកូនដើមរបស់ស្ត្រីរងគ្រោះ ក៏កើតជាជំលោះរហូតឈានដល់ ការប្រើអំពើហិង្សាវាយទៅលើជនរងគ្រោះឱ្យរងរបួស។ ឃើញបែបនេះ ស្ត្រីរងគ្រោះឈ្មោះពៅ ក្រពុំ ក៏ចូលមកឃាត់ ស្រាប់តែត្រូវជនបង្ក វាយឱ្យរងរបួសថែមម្នាក់ទៀត។

ក្រោយកើតហេតុ ជនបង្កត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួននាំយកទៅសាកសួរ និងរៀបចំកសាងសំណុំរឿង បញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមនីតិវិធី៕

RELATED ARTICLES