ភ្នំពេញ ៖ ជារឿងគួរឱ្យសោកសង្រេងមួយសម្រាប់ជីវិតគូស្នេហ៍មួយនេះ ស្រលាញ់គ្នាជាច្រើនឆ្នាំមំកហើយ ខាងស្រីចេះតែសួរទៅប្រុសស្នេហ៍ថា ពេលណារៀបការ តែត្រូវខាងប្រុសប្រាប់ថា ចាំបងមានលុយសិន ព្រោះអត់ចង់យកលុយម៉ាក់ប៉ាទេ ទីបំផុត នៅសុខៗខាងប្រុសបានកើតមានអាការគាំងបេះដូងស្លាប់យ៉ាងអាណោចអាធ័មអំឡុងពេលកំពុងលេងបាល់ទាត់ ជាហេតុធ្វើឱ្យខាងស្រី ទួញយំសោកបោកខ្លួន ទាមទារសន្យាត្រឡប់មកវិញ។
គូស្នេហ៍ដ៏អភ័ព្វខាងលើនេះ ខាងប្រុសត្រូវបានស្គាល់ឈ្មោះពៅ វិសាល អាយុ២៥ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុនឯកជន RAPID មានឪពុកឈ្មោះពៅ សាវ៉ន ម្តាយឈ្មោះស៊ុន សារ៉ន និងមានលំនៅផ្ទះលេខ B1 ផ្លូវ២៣ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ខាងក្រោយមន្ទីរពេទ្យរ៉ូយ៉ាល់ រតនៈ។ ចំណែកនារីជាគូស្នេហ៍មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា មានគណនីហ្វេសប៊ុកឈ្មោះ Dada Lolion។
យោងតាមគណនីហ្វេសប៊ុក នារីជាគូស្នេហ៍ឈ្មោះ Dada Lolion កាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៨ បានបង្ហោះសារទុក្ខសោក រៀបរាប់ថា “បីឆ្នាំ អូនខំចាំបង តែបងធ្វើបែបនេះដាក់អូនសមទេ បងយាយមើល? ពាក្យចុងក្រោយ “បងទៅលេងបាល់ហើយនៅជិតផ្ទះអូន បាច់ សុំបងទេ បងមិនឱ្យទៅទេ” បងដឹងទេ បងចិត្តអាក្រក់មួយអូនណាស់ មុខបងចុងក្រោយក៏ បងមិនឱ្យអូនឃើញដែរ អូនស្អប់បងណាស់បងចាំទេ បងថាមានពេលនាំអូនទៅ Movie ថ្ងៃ៨មីនា បងអត់ធ្វើការទេ បងទំនេរ ហើយនាំអូនទៅ ok? បងថាទៀត ពេលបងមានលុយនាំអូនទៅញាំរបស់ដែលអូនចូលចិត្ត ហេតុអីបងធ្វើមិនបាន ហេតុអីសុខៗក៏ទៅ អូនប្រាប់ ហើយបងជាក្តីសង្ឃឹម និងជាជីវិតអូន បងធ្វើអ៊ីចឹង អូនមានអីខុសពីស្លាប់ទាំងរស់ អូនមិន សុខចិត្តទេ បងត្រូវសងអូនវិញគ្រប់ៗជាតិ…”។
ម្ចាស់គណនីខាងលើបន្តថា “អូនសួរ កាលបងការមួយអូន បងថាបងគ្មានអីទេ ចាំបងមានលុយុសិន អត់ចង់យកលុយប៉ាម៉ាក់ទេ អូនខំចាំបង ហើយលូវបងធ្វើអ៊ីចឹង hate b ខ្លាំងណាស់ មកយកអូនទៅផង អូនទ្រាំមិនបានយូរទេ…” “ហេតុអីព្រាត់ស្លាប់ ហេតុអីអ្នកដែលស្លាប់មិនមែនជាខ្ញុំមកយកខ្ញុំវិញទៅ ឱ្យគាត់មកវិញមកបានទេ?…” “បងគេងយូម៉េស ដល់ម៉ោងទៅធ្វើការហើយណា…”។
ក្រោយទទួលដំណឹងមរណភាពរបស់យុវជន ពៅ វិសាល គេឃើញសាច់ញាតិមិត្តភក្តិ ក៏ដូចជាអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើន បានចូលរួមសម្តែងនូវក្តីអាណិតអាសូរ រំលែកទុក្ខជាមួយក្រុមគ្រួសារសព ហើយក៏មានមិត្តភក្តិជាច្រើនបានបង្ហាញពីអារម្មណ៍សោកសៅ នៅពេលដែលបាត់បង់យុវជន ពៅ វិសាល ផងដែរ។
ក្នុងនោះម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Sok Luging បានបង្ហោះសារមួយថា “សូមចូលរួមរំលែកទុកជេ vouch voucha វិសាល បានទៅសុខហើយ ជេគួរតែកាត់ចិត្តរឹងមាំ ដើម្បីឱ្យវិសាលទៅបានស្ងប់ចិត្ត គេមិនចង់ឃើញជេ ទន់ជ្រាយនោះទេ ព្រោះគ្រួសារទាំងមូល ត្រូវមើលថែរក្សាជំនួសគេ ទើបគេស្ងប់ចិត្តណាជេ សូមជាតិក្រោយកុំជីវិតខ្លីបែបនេះទៀត Visal Pov លាហើយ លារហូតគ្មានថ្ងៃត្រលប់ទៅឱ្យបានស្ងប់ចិត្តចុះ សង្ឃឹមថា ជាតិក្រោយនឹងអាចល្អជាងនេះ ខ្ញុំមិនបានទៅចូលរួមជូនដំណើរទេ ដោយមានធុរៈ មិនអាចទៅបាន ហេតុនេះ ៧ថ្ងៃនឹងទៅចូលរួម ស៊ូស៊ូណាជេ ជូនដំណើរពីចម្ងាយ វិសាល…”។
ចំណែកម្ចាស់គណនី Ta Van បានសរសេរសារថា “សាលហាស ថ្ងៃនឹងជាថ្ងៃចុងក្រោយ ហើយណាម៉េចក៏លឿនម៉្លេះហាស យើងទាំងអស់គ្នាទទួលយកមិនបានទេ ណាខ្ញុំសោកស្តាយណាស់ ក្នុងនាមយើងជាបុគ្គលទាំងអស់គ្នា ក៏ដូចជាគ្រួសារតែមួយ បងប្អូនល្អនៃក្រុមហ៊ុន RAPID សូមចូលរួមសោកស្តាយជាមួយក្រុមគ្រួសារសាលផងណាយើងនឹងចងចាំរឿងល្អៗ ដែលបានធ្វើការរួមគ្នាកើតជាតិណាៗកុំឱ្យដូចជាតិនេះណាតិចទៀតយើងទាំងអស់គ្នានឹងជូនដំណើរសាល សូមទៅកាន់សុគិតិភពR.I.P…”។
ជាមួយនេះ ម្ចាស់គណនី Rith Vorn បានសរសេរសារថា “អនុស្សាវរីយ៍មានច្រើនហូរហែ រាប់មិនអស់ ម៉េចក៏ឯងដាច់ចិត្តទៅចោលអញ អាក្លើសម្លាញ់ Visal Pov ឱ្យអញធ្វើចិត្តម៉េច បានភ្លាមៗមនុស្សធ្លាប់និយាយគ្នារាល់ថ្ងៃតាមឆាត ម្សិលម៉្ងៃទើបជួបគ្នាហើយទៀត ព្រហ្មលិខិតពិតជាលេងសើចមែនទែន ត្រឹមម៉ោង៣រសៀលនេះទៅ គឺយើងលែងបានឃើញឯងជារៀងរហូត ហើយគេងលក់ឱ្យស្រួលណាសម្លាញ់ កុំគិត កុំខ្វល់ទៀតអី អញនិងមិត្តទាំងអស់នឹងចងចាំឯងរហូតទៅ Good Bye Forever…”។
ដោយឡែកម្ចាស់គណនី Vutneang Chhun បានសរសេរថា “ទោះយើងមិនបានរៀនសាលាជាមួយគ្នា ថ្នាក់ជាមួយគ្នា តែយើងក្លាយជាមិត្ត ដោយការស្គាល់គ្នាតាមមិត្តម្នាក់ទៀត ហើយការរាប់អានរវាងយើងទាំងពីរគឺល្អណាស់។ តែគ្នាសោកស្តាយណាស់ ដែលបាត់បង់មិត្តដែល ល្អហើយស្លូត សុភាព និងចូលចិត្តធ្វើឱ្យអ្នកនៅជិតឯងសប្បាយចិត្ត។ ស្នាមញញឹមរបស់ឯង គឺមាននៅក្នុងចិត្តពួកម៉ាក់ដែលស្គាល់ឯងទាំងអស់។ គ្នានៅតែទទួលយករឿងនេះ អត់បានទេ ហើយបើជាតិក្រោយគឺយើងនៅតែជាមិត្តល្អនឹងគ្នា Visal Pov…”។
ម្ចាស់គណនី Nemoz បានសរសេរថា “មនុស្សល្អដូចឯងឆាប់បានទៅខាងលើមុនអ៊ីចឹង ហើយសម្លាញ់សាលជាមិត្តម្នាក់ដ៏ល្អបំផុត ជួបពេលណាមានតែសើចសប្បាយ ស្មោះត្រង់ មិនត្រឹមជាមិត្តទេ ជាមិត្តតាំងពីសាលាមត្តេយ្យ ជាអ្នកជិតខាងជាមិត្តរួមក្រុមបាល់ទាត់តាំងពីតូចរហូតដល់ធំ ធ្លាប់តែហៅស៊ីអី ទើបមួយ រយៈនេះរវល់មិនបានហៅស៊ី ហើយទើបមកការអញខែមុនសោះ ចង់ប្រាប់ឯងថា អញនឹកណាស់ សាល បើឯងដឹង ឬឃើញហើយត្រលប់មកវិញមកបើចង់រៀបរាប់ពីទំនាក់ទំនងយើង ទោះ១០-២០ឆ្នាំ ក៏និយាយមិនអស់ដែរ ផ្លូវ ដែលឯងទៅ សូមឱ្យដល់សុគតិភព ចុះសូមឱ្យ ជាតិក្រោយជាមិត្តបែបនេះ ជាមិត្តកូរ មិត្តរួមក្រុម មិត្តសម្លាញ់ មិត្តយល់ចិត្ត និងមិនឱ្យឆាប់ ទៅចោលគ្នាដូចជាតិនេះនោះទេ មិត្តសម្លាញ់ បងប្អូនល្អ…”។
ម្ចាស់គណនី Bong Yet បានសរសេរថា “អាប្អូនប្រុសអើយ បងពិតជាពិបាកនឹងទទួលយកខ្លាំងណាស់ ពេលដែលបងបានទទួលដំណឹងនេះ រឿងនេះវាដូចជាលឿនពេកហើយ ម៉ោង៤ៈ៣០នាទីល្ងាចមិញ ប្អូននិយាយជាបងម៉ាល្ងាចហេតុអីពេលនេះប្អូនទៅចោលបងលឿនម៉្លេះប្អូន ងើបមកស្អែកយើងប្រកួតផង សមាជិកក្រុមខ្វះប្អូនមិនបានទេ ងើបមក បើប្អូនដាច់ចិត្តទៅចោលក្រុមយើង ហើយសូមទៅឱ្យសុខណា តែបងៗនិងមិត្តរួមក្រុម ពិតជាសោកស្តាយខ្លាំង ពេលដែលបាត់បង់ប្អូនដែលជាមនុស្សល្អ ស្លូតត្រង់ ហើយចេះគោរពចាស់ទុំទៀត បងពិតជាមានការសោកស្តាយខ្លាំងណាស់ ទៅឱ្យបានសុគតិភពណាប្អូនប្រុស…”។
គួរបញ្ជាក់ថា យុវជន ពៅ វិសាល បានទទួលមរណភាព កាលពីវេលាម៉ោង៧និង៤៥នាទីយប់ ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៨កន្លងទៅ ដោយសារអាការជំងឺគាំងបេះដូង ខណៈដែលយុវជនរូបនេះ កំពុងលេងបាល់ទាត់ជាមួយមិត្តភក្តិ លុះហត់ខ្លាំងពេក ក៏ឈប់សម្រាកបន្តិចសិន ស្រាប់តែសន្លប់បាត់មាត់ឈឹង ធ្វើឱ្យមិត្តភក្តិបាននាំគ្នាជួយធ្វើចលនាសង្គ្រោះបឋម រួចប្រញាប់ដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះជីវិតភ្លាមៗដែរ តែអកុសល ពេលបញ្ជូនដល់មន្ទីរពេទ្យ និងបន្ទាប់ពីគ្រូពេទ្យពិនិត្យ រួចរាល់ក៏ប្រាប់ថាជនរងគ្រោះបានបាត់បង់ ជីវិតទៅហើយ។ ការចាកចេញទៅរបស់យុវជនរូបនេះបានធ្វើឱ្យឪពុកម្តាយ សាច់ញាតិ បងប្អូន មិត្តភក្តិ ពិសេសនារីជាទីស្រលាញ់ ទទួលរងនូវទុក្ខសោកសង្រេងរកទីបំផុតគ្មាន៕