Sunday, November 24, 2024
Homeបរិយាយស្អប់ជំពប់លើ

ស្អប់ជំពប់លើ

សុភាសិតខ្មែរថាស្រលាញ់ពេញប្រាស ស្អប់ណាស់ជំពប់លើ” បើពិនិត្យតាមដានទៅ គ្មានខុសទេ ទាំងរបត់សង្គម និង របត់នយោបាយ។ គូសង្សារដែលស្រលាញ់គ្នាក្នុងវ័យសិក្សា ជួនកាលក៏ព្រាត់ប្រាសនិរាសគ្នា រីឯយុវវ័យដែលស្អប់គ្នា ឱ្យតែ ជួប ជេរគ្នាប្រាវ ជួនកាលបែរជាបានជួបគ្នាជាគូជីវិតទៅវិញ។ នេះជារឿងសង្គមធ្លាប់ឃើញក្នុងខ្សែភាពយន្ត ឬប្រលោមលោកកាច់កុងគ្នា ចំណែករឿងនយោបាយសព្វថ្ងៃ ការបំផុសឱ្យអ្នកគាំទ្របក្សកាន់អំណាច ស្អប់អាមេរិក និងការបំផុស អាណិកជនខ្មែរ នៅអាមេរិក អឺរ៉ុប អូស្ត្រាលី ឱ្យស្អប់បក្សកាន់អំណាច កំពុងដើរជាន់ប្រវត្តិសាស្ត្រ និងសុភាសិតខាងលើ ដែល “នគរធំ” សូមលើកមកធ្វើប្រធានបទបរិយាយថ្ងៃនេះ

នៅក្នុងរឿងផ្កាស្រពោន” របស់អ្នកនិពន្ធនូ ហាច” ក៏ដូចជារឿង “ទុំទាវ” របស់ “ព្រះបទុមត្ថេរ សោម” ដែលតួអង្គ ប្រុសស្រីព្រាត់ប្រាសនិរាសគ្នាដល់ស្លាប់នោះ បានបង្ហាញពី “ស្រលាញ់ពេញប្រាស”។ ចំណែករឿង “កុលាបប៉ៃលិន” របស់ អ្នកនិពន្ធ “ញ៉ុក ថែម” បានបង្ហាញពីលក្ខណៈ “ស្អប់ជំពប់លើ” ដោយលើកឡើងពីចរិតឆ្មើងឆ្មៃរបស់នាងឃុននារី” មើល ងាយ “ចៅចិត្រ” ថាស្គមកំព្រឹង គ្មានកម្លាំងជីកដី ប៉ុន្តែ ទីបំផុត ដោយសារពលិកម្មដ៏ធំធេងរបស់ចៅចិត្រ ហ៊ានយកអាយុ ជីវិតទៅប្តូរជួយឪពុក និងរូបនាង ឱ្យផុតពីអំពើចោរកម្ម ធ្វើឱ្យឃុននារី ទន់ចិត្តដូចក្រមួនត្រូវថ្ងៃ រត់ចូលក្នុងរង្វង់ដៃឱបត្រកង របស់ចៅចិត្រ អតីតកម្មកររបស់នាង។

នេះជារឿងពាក់ព័ន្ធនឹងសង្គម ស្តែងចេញតាមរឿងប្រលោមលោក ហើយក៏មានរឿងពិតរបៀបនេះជាច្រើនរាប់មិនអស់ ដែលបង្ហាញពីកំលោះក្រមុំ ស្អប់គ្នាដូចសត្រូវស៊ីសាច់។ ដូចរឿងកំលោះម្នាក់ នៅខេត្តកំពត ចងគំនុំនឹងពួកខ្មែរក្រហម ដែល សម្លាប់ឪពុកម្តាយខ្លួន ក៏ព្យាយាមចាប់នាងក្រមុំម្នាក់ ដែលជាកូនរបស់អតីតប្រធានភូមិខ្មែរក្រហម ទៅសងសឹក រហូតចាប់ រំលោភនាងយ៉ាងព្រៃផ្សៃ។ លុះឃើញលោហិតព្រហ្មចារីនាងដាមប្រឡាក់ភ្លៅ និងទឹកភ្នែកនាងហូរសស្រាក់ជោកផែនថ្ពាល់ ដ៏ផូរផង់ បណ្តាលឱ្យចិត្តកំលោះនោះ ទោរទន់ដូចក្រមួនត្រូវថ្ងៃ ក៏យកនាងនោះធ្វើប្រពន្ធ កើតជាកូនពូនជាចៅរហូតសព្វថ្ងៃ។ បើនិយាយពីរឿងនយោបាយវិញស្អប់ជំពប់លើ” កើតឡើងទៀតហើយ ប៉ុន្តែ ព្រឹត្តិការណ៍នានា មិនទាន់ដល់វគ្គបញ្ចប់។ ករណីមន្ត្រីបក្សកាន់អំណាច រំព្ញកខួបរដ្ឋប្រហារ ថ្ងៃ១៨ មីនា ១៩៧០ ដោយឆក់យកព្រឹត្តិការណ៍អតីតកាលវាយប្រហារ ថ្កោលទោសអាមេរិក ថាជាដើមភ្លើងនាំឱ្យផ្ទុះសង្គ្រាមនៅកម្ពុជា គឺមានន័យអូសទាញអ្នកគាំទ្របក្សកាន់អំណាច ឱ្យ “ស្អប់ អាមេរិក”។ ចំណែកអតីតមន្ត្រីបក្សប្រឆាំង ដែលរត់ទៅក្រៅប្រទេស ក៏បានបំផុសកំហឹងអូសទាញអាណិកជនខ្មែរ នៅអាមេរិក អឺរ៉ុប ពិសេស នៅអូស្ត្រាលី ដែលមាននិន្នាការប្រឆាំង ឱ្យធ្វើបាតុកម្ម និងដុតរូបទីងមោងសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាការសងសឹក បន្ទាប់ពីបក្សកាន់អំណាច ប្តឹងផ្តល់រំលាយអតីតគណបក្សសង្គ្រោះជាតិ។

ករណីស្អប់អាមេរិក បំផុសសកម្មភាពប្រឆាំងអាមេរិក” ធ្លាប់មានកាលពីសម័យសង្គមរាស្ត្រនិយម ដែលយើងព្យាយាមស្រាវជ្រាវរាវរកឯកសារផ្សេងៗ មកបង្ហាញជូនដូចខាងក្រោម 

កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ១៩៦៤ ក្រុមនិស្សិត បញ្ញវន្ត ដោយមានអ្នកនយោបាយពីក្រោយ បានធ្វើបាតុកម្ម វាយស្ថានទូតអាមេរិក ដើម្បីប្រឆាំងនឹងរដ្ឋាភិបាលអាមេរិក ដែលកាន់ជើងអាយ៉ងព្រៃនគរ។

នៅថ្ងៃទី២៦ ខែមីនា ជាការឆ្លើយតបនឹងបាតុកម្មនេះ រថក្រោះ និងយន្តហោះវៀតណាមខាងត្បូង មានអាមេរិក នៅពី ក្រោយ បានទម្លាក់គ្រាប់បែក និងចូលលុកលុយភូមិចន្ទ្រា ខេត្តស្វាយរៀង បណ្តាលឱ្យពលរដ្ឋខ្មែរ ស្លាប់និងរបួសជាច្រើននាក់។

ថ្ងៃ២០ តុលា ឆ្នាំ១៩៦៤ យន្តហោះអាមេរិក បានទម្លាក់គ្រាប់បែក នៅភូមិអន្លង់ក្រឹស ខេត្តកំពង់ចាម បណ្តាលឱ្យ ពលរដ្ឋស្លូតត្រង់ស្លាប់យ៉ាងច្រើន។

ថ្ងៃ២៤ តុលា ឆ្នាំ១៩៦៤ ឧទ្ធម្ភាគចក្រអាមេរិក ហោះមកបាញ់រះលើប៉ុស្តិ៍ព្រំដែននៅដាក់ដាំ ខេត្តមណ្ឌលគិរី បណ្តាលឱ្យឆេះខ្ទេចខ្ទី។

ថ្ងៃ២៦ មេសា ឆ្នាំ១៩៦៥ ផ្ទុះបាតុកម្មប្រឆាំងអាមេរិក ជាថ្មីនៅភ្នំពេញ។

ថ្ងៃ០៣ ឧសភា ឆ្នាំ១៩៦៥ ផ្តាច់ចំណងការទូត ជាមួយអាមេរិក ទាំងស្រុង។

ការលើកឡើងដោយត្រួសៗនេះ បង្ហាញពីព្រឹត្តិការណ៍ស្អប់អាមេរិក” រហូតដល់រាជរដ្ឋាភិបាលសង្គមរាស្ត្រនិយម ផ្តាច់ ចំណងទាក់ទង ឈប់ទទួលជំនួយអាមេរិក អស់ជាច្រើនឆ្នាំ។ ជម្លោះនោះ គឺមកពីអាមេរិក កាន់ជើងរបបក្រុងព្រៃនគរ ចំណែកអាមេរិក ក៏ចោទរដ្ឋាភិបាលកម្ពុជា ថាបានអនុញ្ញាតឱ្យពួកវៀតកុង វៀតណាមខាងជើង ចូលជ្រកកោនក្នុងទឹកដីខ្មែរ។ ការផ្តាច់ជំនួយនោះ ធ្វើឱ្យជីវភាពប្រជាពលរដ្ឋខ្មែរមានបញ្ហា រហូតមានការបះបោររបស់កសិករនៅស្រុកសំឡូត ខេត្តបាត់ដំបង ព្រោះតែពួកទាហានចុះ ទិញស្រូវឱ្យតម្លៃថោក ដើម្បីកិនជាអង្ករ រត់ពន្ធយកទៅលក់ឱ្យពួកវៀតកុង វៀតណាមខាងជើង បានចំណេញកប់ក្តោង។ ការ បង្ក្រាបកសិករបះបោរនៅសំឡូត ធ្វើឱ្យសម្តេចឪ ព្រះនរោត្តម សីហនុ ប្តូរព្រះទ័យ ងាកទៅចាប់ដៃអាមេរិកវិញ ដោយភ្ជាប់ចំណង ការទូត និងទទួលជំនួយអាមេរិកវិញ នៅថ្ងៃទី១៩ កុម្ភៈ ឆ្នាំ១៩៦៨។ សម្រេចទៅ “ស្អប់អាមេរិក” បែរជា “ជំពប់លើ” គឺជំពប់ត្រង់ខ្មែរក្រ” បើដាច់ជំនួយអាមេរិក ដែលកាលនោះ ទោះជាមហាមិត្តចិន ដែលមានលោកប្រធានម៉ៅ សេទុង និងនាយករដ្ឋមន្ត្រីជូ អេនឡាយ ជួយយ៉ាងណាក៏ចៀសមិនផុតពីឱនភាពថវិកា” ទើបសម្តេចឪ ប្តូរព្រះទ័យចាប់ដៃអាមេរិកវិញ ព្រោះមិនចង់ឱ្យរាស្ត្រ បះបោរ ព្រោះរឿងស្រូវចុះថោក ឯឈ្មួញរត់ពន្ធអង្ករ ភាគច្រើនជានាយទាហាន បានចំណេញកប់ក្តោង។

ក្រឡេកមើលបច្ចុប្បន្នវិញ យើងឃើញថា បក្សកាន់អំណាច កំពុងបំផុសអ្នកគាំទ្រឱ្យស្អប់អាមេរិក” ព្រោះតែអាមេរិក កាន់ជើងពួកប្រឆាំង។ រឿងស្អប់អាមេរិក ស្រលាញ់ដុល្លារអាមេរិក” មិនសូវស្រួលទេ ព្រោះបើជ្រុលជាស្អប់អាមេរិកទៅហើយ គួរស្អប់លុយអាមេរិកទៀត ទើបសម ប៉ុន្តែ តាមដានមើលចុះ ក្នុងពិធីរៀបការកូនមន្ត្រីធំៗ គេនិយមចងដៃជាលុយដុល្លារអាមេរិក បើមានអ្នកចងដៃលុយរៀល គេមិនសូវឱ្យតម្លៃទេ។ ចំណែកពួកប្រឆាំង ដែលបំផុសអាណិកជនខ្មែរ នៅអាមេរិក អឺរ៉ុប អូស្ត្រាលី ឱ្យស្អប់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន រហូតដុតរូបទីងមោង បាចអង្ករ បាចអំបិលនោះ គឺស្អប់សម្តេច តែស្រលាញ់អង្គរវត្ត ស្រលាញ់ដើមត្នោត ស្រលាញ់ទឹកដីខ្មែរ ដែលគ្រប់គ្រងដោយសម្តេច”។ បើអ៊ីចឹងនោះ អាចនឹងជាន់ដានប្រវត្តិសាស្ត្រទៀតហើយ ខណៈដែលកម្ពុជា ផ្តាច់ទំនាក់ទំនងការទូតជាង៣ឆ្នាំ ជាមួយអាមេរិក ស្រាប់តែស្អប់ជំពប់លើ” បានន័យថា អ្នកស្អប់អាមេរិក នឹងស្រលាញ់អាមេរិកវិញ ព្រោះ “មិនដាច់ចិត្តពីដុល្លារអាមេរិក”។ ចំណែកអ្នកស្អប់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងប្តូរចិត្ត ស្រលាញ់សម្តេចវិញ បើសិនជាសម្តេចធ្វើកំណែទម្រង់បានល្អ” ជាពិសេស អភិវឌ្ឍន៍មាតុភូមិឱ្យដល់កម្រិត។

ទោះយ៉ាងណា ករណី “ស្អប់ជំពប់លើ” ក្នុងនយោបាយ ពុំមែនជាសម្អប់ដល់ថ្នាក់កាប់សម្លាប់គ្នាដូចរបបប៉ុល ពត នោះ ទេ អាចថា មកពីបក្សកាន់អំណាច បង្កឱ្យមានបញ្ហាស្អប់អាមេរិក ដើម្បីគាបអាមេរិក យកជំនួយតែប៉ុណ្ណោះ ព្រោះអាមេរិក ខ្លាចចាញ់ប្រៀបចិន លុះត្រាតែបន្តជួយកម្ពុជា។ ចំណែកអ្នកស្អប់បក្សកាន់អំណាច ក៏មិនដល់ថ្នាក់កាប់សម្លាប់នោះដែរ អាចថា ពួកប្រឆាំងធ្វើបែបនេះ ដើម្បីបានចូលស្រុកវិញ ធ្វើនយោបាយដូចដើមតែប៉ុណ្ណោះ ព្រោះជនជាតិខ្មែរ តែប៉ុណ្ណឹង ឈ្លោះគ្នាមិនដែលបានយូរទេ តូងតាងតែដំបូង លុះចុងបញ្ចប់ក៏ឱបរឹតជល់កែវគ្នា។

សរុបទៅស្អប្អ់ជំពប់លើ” ជាទស្សនៈបែបសច្ចភាព ឬមិនខុស ដោយសារអ្វីៗដែលអ្នកនយោបាយបង្កើតឡើងជាន់ដាន ប្រវត្តិសាស្ត្ររហូត។ ប្រវត្តិសាស្ត្របានបង្ហាញពីសម្អប់គ្នាតែមួយខ្យល់ប៉ុណ្ណោះ ក៏ត្រូវរ៉ូវគ្នាវិញ ដូច្នេះអ្នកស្អប់អាមេរិក ចៀស មិនផុតពីជំពប់លើ ស្រលាញ់អាមេរិកវិញ ព្រោះឥទ្ធិពលលុយដុល្លារ ឯអ្នកស្អប់បក្សកាន់អំណាច ចៀសមិនផុតពីស្រលាញ់ សម្តេចហ៊ុន សែន នៅពេលឃើញស្រុកទេសរីកចម្រើន និងកំណែទម្រង់បានល្អ៕

ដោយ អាចារ្យថាំ

RELATED ARTICLES