តារាចម្រៀងសុខ ពិសី , អ៊ីវ៉ា , លីនដា, ឆាយ សុវណ្ណារី, ឆាយ វីរៈយុទ្ធ, មាស សាលី ព្រមទាំងតារាសម្ដែងជាច្រើនដួងទៀត ដែលបានស្លៀកសម្លៀកបំពាក់ប្រពៃណីខ្មែរ ដ៏ស្រស់ស្អាតនោះ បង្ហាញខ្លួនព្រមគ្នាក្នុងកម្មវិធីថតចម្រៀង និងសម្ដែងបទជាប្រពៃណីខ្មែរ នៅទន្លេបាទី ខេត្តតាកែវ កាលពីរសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨ ដើម្បីអរអបបុណ្យចូលឆ្នាំខ្មែរ ដែលកាន់តែខិតចូលមកដល់នេះ។
បើតាមតារាសម្ដែងដែលបានទៅចូលរួមការថត MV នោះ បានឲ្យដឹងថា ការថតរបស់ផលិតកម្មសាន់ដេ ឆ្នាំនេះ ធ្វើតូចជាងឆ្នាំមុន ព្រោះការថតជុំគ្នានោះ មានតែខ្ទង់១០បទទេ ដោយសារតែផលិតកម្មនេះបានយកបទចម្រៀងមួយចំនួនទៀតថតនៅតាមជនបទ និងទីតាំងផ្សេងៗអស់ហើយ។
លោកគឹម ផល្លី អ្នកដឹកនាំសម្ដែងរបស់ផលិតកម្មសាន់ដេ បានឲ្យដឹងថា “ការថតនៅទន្លេបាទី យប់មិញនេះ បានបញ្ចប់ទៅដល់រំលងអាធ្រាត ម៉ោងវេលា១យប់ ហើយបទចម្រៀងទាំងនោះនឹងចេញអំឡុង១សប្ដាហ៍ខាងមុខនេះហើយ”។
លោកផល្លី ថ្លែងថា ”យើងថតនៅទន្លេបាទី ហ្នឹង ខ្ទង់៥ទៅ៦បទ ហើយយើងមកថតបន្ដនៅផ្ទះបុរាណនៅក្បែរសារមន្ទីរបឹងជើងឯក ៥ទៅ៦បទទៀត ហើយចប់នៅម៉ោង១យប់។ ចំពោះមូលហេតុដែលយើងធ្វើតូចជាងឆ្នាំមុននោះ គឺដោយសារតែបទចម្រៀងមួយចំនួន យើងបានថតនៅតាមភូមិអស់ហើយ ដូចជា បទនាយចឺម ជាដើម អីចឹងហើយបានជាយប់មិញ មិនឃើញគាត់ទៅ។ ការថតយប់មិញនេះ គឺសុទ្ធតែជាបទចម្រៀងប្រពៃណីខ្មែរ សម្រាប់ចូលឆ្នាំថ្មីនេះទាំងអស់ ហើយយើងនឹងចេញជា Full MV នៅ១សប្ដាហ៍ទៀត នាពេលខាងមុខនេះ”។
ការថត MV របស់ផលិតកម្មសាន់ដេ នោះដែរ ក៏លេចមុខតារាចម្រៀងអ៊ីវ៉ា ដែរ ដែលបញ្ជាក់ថា អ្នកចម្រៀងវ័យក្មេងដែលល្បីដោយសារតែផលិតកម្មសាន់ដេ រូបនេះ នៅតែច្រៀងឲ្យសាន់ដេ នៅឡើយ បើទោះជាមុននេះលេចឮថា អ៊ីវ៉ា អាចនឹងទៅចូលរួមជាមួយផលិតកម្មហង្សមាស ឬថោន ក្រោយពេលដែលនាងផុតកុងត្រាជាមួយសាន់ដេ ក៏ដោយ៕